ពលរដ្ឋ ខេត្ត ត្បូងឃ្មុំ ថា, ការបោះ បង្គោលរណប នៅតាម ព្រំដែន មិនមាន តម្លាភាព
RFA / វិទ្យុ អាស៊ី សេរី | ២៦ កក្កដា ២០១៥
ប្រជាពលរដ្ឋ នៅឃុំ ដា, ស្រុក មេមត់, ខេត្ត ត្បូងឃ្មុំ រិះគន់ អាជ្ញាធរ ខ្មែរ ការពារព្រំដែន ថា, បានរួមគ្នា ជាមួយ អាជ្ញាធរ វៀតណាម បោះបង្គោល រណប តាមព្រំដែន ដោយមិនមាន តម្លាភាព។ ពលរដ្ឋ បានលើកឡើង ថា, ប៉ូលិស ការពារ ព្រំដែន ខ្មែរ និងអាជ្ញាធរ វៀតណាម បានចុះ បោះបង្គោល រណប នៅចន្លោះ បង្គោល ព្រំដែន នៅទីនោះ កាលពីថ្ងៃ ទី២៤ កក្កដា, ប៉ុន្តែ ការកំណត់ បោះបង្គោល រណប ធ្វើឡើង ដោយមិនមាន ការចូលរួម ពីអាជ្ញាធរ មូលដ្ឋាន និងពលរដ្ឋ ជាម្ចាស់ដី នោះទេ។
ក្រោយពេលបោះបង្គោលរណបនៅឃុំដា ស្រុកមេមត់ បានមួយថ្ងៃ ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាស្រុកមកពីគណបក្សសង្គ្រោះជាតិ ស្នើឲ្យរាជរដ្ឋាភិបាលគប្បីផ្អាកការបោះបង្គោលមួយណាបន្ថែមទៀត។ ការស្នើនេះ ពីព្រោះពួកគេយល់ថា ការបោះបង្គោលរណបពីសំណាក់អាជ្ញាធរវៀតណាម និងមន្ត្រីប៉ូលិសព្រំដែនខ្មែរ ធ្វើឡើងកាលពីថ្ងៃទី២៤ កក្កដា មិនទាន់ត្រឹមត្រូវឡើយ ហើយក៏មិនមានការចូលរួមឲ្យបានទូលំទូលាយដែរ។
ពលរដ្ឋមានវ័យ ៧០ឆ្នាំ នៅភូមិដាកណ្ដាល លោក ប៊ុន យ៉ុង មានប្រសាសន៍ថា បង្គោលរណបលេខ១១០.៣ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ១១០ និង ១១១ នៅឃុំដា ត្រូវបានបោះជាប់ព្រំដីចម្ការម្រេចរបស់លោក និងជាដីរបស់លោកដែលធ្លាប់បង្កបង្កើនផលពីមុនមក។ លោកបន្តថា តាំងពីឆ្នាំ១៩៧៩ លោកបានធ្វើស្រែចម្ការលើដីទាំងនោះ ប៉ុន្តែក្រោយមក អាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យលោកបន្តធ្វើចម្ការលើដីនោះ ដោយបញ្ជាក់ថា ជាដីតំបន់ស ហើយលោកក៏សម្រេចទុកដីរបស់ខ្លួនប្រមាណ ១ហិកតារទំនេរចោល។ លោកស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា គប្បីធ្វើការងារនេះដោយតម្លាភាព៖ «ជាមុខជាមាត់រដ្ឋាភិបាលទៅ ដូចជា ហោ ណាំហុង ដើម្បីដោះស្រាយបញ្ហាព្រំដែនឲ្យច្បាស់លាស់ ថាត្រូវបោះត្រង់ណា ឲ្យបោះចំទិសដៅឲ្យប្រាកដទៅ។»
ការបោះបង្គោលព្រំដែនដែលជាប្រភេទបង្គោលរណបពេលនេះ ស្របពេលបញ្ហាព្រំដែននៃប្រទេសទាំងពីរ កំពុងតែឡើងកម្តៅខ្លាំង។ លើសពីនេះ ស្របពេលប្រទេសកម្ពុជា បានស្នើសុំផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក ដើម្បីយកផែនទីទាំងនោះមកផ្ទៀងផ្ទាត់ជាមួយផែនទីដែលប្រើប្រាស់ បច្ចុប្បន្ន ជៀសវាងការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថាបានប្រើប្រាស់ផែនទីក្លែងក្លាយ ដែលធ្វើឲ្យបាត់បង់ទឹកដី។
ទាក់ទងការបោះបង្គោលរណបនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកមេមត់ និងមន្ត្រីប៉ុស្តិ៍ការពារព្រំដែននៅឃុំដា បានទេនៅថ្ងៃទី២៥ កក្កដា។
ចំណែកអភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារព្រំដែន លោក លី ឡេង មានប្រសាសន៍ថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះទេ។
យ៉ាងណា មេឃុំដា លោក យិន សូផា មានប្រសាសន៍ថា ការបោះបង្គោលរណបពេលនេះ គឺខាងលោកមិនបានដឹង ព្រោះតែគេមិនបានប្រាប់។ លោកយល់ថា ប្រហែលជាមន្ត្រីកិច្ចការព្រំដែន គេមិនត្រូវការប្រាប់មន្ត្រីអាជ្ញាធរមូលដ្ឋាន ពីព្រោះជាការងាររបស់ពួកគេ។ លោកមិនបានដឹងពីរបៀបនៃការបោះបង្គោលរណបនោះយ៉ាងណាឡើយ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា ដីតំបន់នោះប្រជាពលរដ្ឋខ្មែរធ្លាប់កាន់កាប់ពីមុនមកប្រាកដមែន៖ «យើង មិនទាន់កំណត់យ៉ាងម៉េចដែលក្រែងលោការបោះហ្នឹង របៀបថាជាធ្មេញរណារហ្នឹង វាមានចូលខាងយើង។ ជួនកាលចូលខាងគេយើងមិនដឹងដែរ ព្រោះយើងឃុំគ្មានជំនាញណាទៅដឹងការងារហ្នឹងទេ។»
យ៉ាងណា សមាជិកក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សសង្គ្រោះជាតិ ដែលចុះទៅពិនិត្យមើលបញ្ហានេះ លោក គង់ សំអាន មានប្រសាសន៍ថា ការបោះបង្គោលរណបនោះ គឺនៅមិនទាន់ត្រឹមត្រូវ ហើយធ្វើឡើងនៅមានភាពលាក់លៀមទៀតផង។ លោកបន្តថា ជុំវិញបញ្ហានេះ លោកនឹងធ្វើរបាយការណ៍មួយផ្ញើទៅក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យពួកគេបានដឹង និងពិនិត្យមើលជាថ្មីលើការបោះបង្គោលនោះ៖ «យើងចាំបាច់លាក់លៀមអី យើងត្រូវប្រាប់គ្នាឲ្យដឹងទៅវិញទៅមកទៅ ថាប៉ះពាល់អី កុំឲ្យដូចសម្ដីឯកឧត្តម វ៉ា គឹមហុង គេប្រាប់ហើយ ប៉ុន្តែយើងមិនចូលរួម តែជាក់ស្តែងអាបោះថ្មីហ្នឹងបានប្រាប់អ្នកណាឲ្យគេបានដឹងឮ ខ្លះ?»
ទាក់ទងបញ្ហានេះ អ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ក្នុងកាលៈទេសៈប្រទេសកម្ពុជា នៅមិនទាន់ឯកភាពគ្នាចំពោះរឿងផែនទី ខាងអាជ្ញាធរវៀតណាម មិនត្រូវបន្តបោះបង្គោលព្រំដែនណាមួយឡើយ។ លើសពីនេះទៀត សមត្ថកិច្ច និងរាជរដ្ឋាភិបាលខ្មែរ ក៏មិនត្រូវអនុញ្ញាតឲ្យមានការបោះបង្គោលព្រំដែនបន្តទៀតដែរ។ លោក កែម ឡី មើលឃើញការបោះបង្គោលរណបនៅស្រុកមេមត់ ពេលនេះថា ជាឱកាសរបស់វៀតណាម ដើម្បីទាញប្រយោជន៍ពីប្រទេសកម្ពុជា៖ «វៀតណាម មើលឃើញចំណុចខ្សោយកម្ពុជា មានន័យថា កម្ពុជា បញ្ហាព្រំដែនហ្នឹងមិនទាន់មានឯកភាពផ្ទៃក្នុង ថាត្រូវធ្វើដូចម្តេច? អ៊ីចឹងគាត់បោះៗ បន្តៗរំកិលចូលបន្តៗ។»
អ្នកស្រាវជ្រាវដដែលបន្ថែមថា ស្ថានភាពដូចបច្ចុប្បន្ន រាជរដ្ឋាភិបាលគប្បីពង្រឹងផ្នែកសន្តិសុខនៅតាមព្រំដែនវៀតណាម ដូចគ្នាទៅនឹងការពង្រឹងសន្តិសុខជាមួយប្រទេសថៃ កាលពីពេលមានជម្លោះជាមួយគ្នា។ ជាងនេះទៀត រាជរដ្ឋាភិបាលគប្បីស្វែងរកយន្តការអន្តរជាតិបន្ថែម ដើម្បីឲ្យគេជួយដោះស្រាយ ប្រសិនបើមានការរំលោភបំពានលើអធិបតេយ្យភាពប្រទេសកម្ពុជា ទៀតនោះ៕
No comments:
Post a Comment