អង្គការ ជាតិ, អន្តរជាតិ រិះគន់ លើការ កាត់ទោស សកម្មជន បក្សប្រឆាំង ១១នាក់
RFA / វិទ្យុ អាស៊ី សេរី | ២២ កក្កដា ២០១៥
ការកាត់ទោស សកម្មជន គណបក្សប្រឆាំង ទាំង១១នាក់ ឲ្យជាប់ពន្ធនាគារ របស់ សាលាដំបូង រាជធានីភ្នំពេញ ទទួល រងការ រិះគន់ ខ្លាំងៗ និងថ្កោលទោស ជាបន្តបន្ទាប់ ទាំងមជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ។ ពួកគេ លើកឡើង ថា, រដ្ឋាភិបាល កំពុងតែ ប្រើប្រព័ន្ធ តុលាការ ធ្វើជាឈ្នាន់ ដើម្បី បំភ័យ គណបក្ស សង្គ្រោះជាតិ។ បណ្ដាមជ្ឈដ្ឋាន ទាំងនោះ ក៏បានអំពាវនាវ កុំឲ្យ តុលាការ ក្លាយជាឧបករណ៍ នយោបាយ និងទាមទារ ឲ្យដោះលែង សកម្មជន បក្សប្រឆាំង ទាំង១១ រូបនោះ មកវិញ ជាបន្ទាន់។
ទាំងសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ព្រមទាំង បក្សប្រឆាំង ចោទប្រកាន់ ចំពោះ ការចាប់ឃុំខ្លួនសកម្មជនបក្ស ប្រឆាំងដាក់ពន្ធនាគារកាលពីថ្ងៃទី២១ ខែកក្កដា ថាគ្មានមូលដ្ឋានត្រឹមត្រូវ និងជារឿងនយោបាយសុទ្ធសាធ។
ការរិះគន់ និងថ្កោលទោសជាបន្តបន្ទាប់របស់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងបក្សប្រឆាំងនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១រូប ឲ្យជាប់ពន្ធនាគារពី ៧ ដល់ ២០ឆ្នាំ ពីបទជាប់ពាក់ព័ន្ធនឹងការធ្វើកុប្បកម្មដែលនាំឲ្យកើតអំពើហិង្សា នៅស្ពាននាគ កាលពីឆ្នាំ២០១៤ កន្លងទៅ។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ក្រោយការចាប់ខ្លួនសកម្មជនរបស់ខ្លួនមួយ ថ្ងៃ ដែលចេញផ្សាយនៅថ្ងៃទី២២ កក្កដា ចាត់ទុកថា រដ្ឋាភិបាលកំពុងតែធ្វើឲ្យមានភាពតានតឹងខាងនយោបាយឡើងវិញ និងជាការអនុវត្តផ្ទុយទៅនឹងស្មារតីកិច្ចព្រមព្រៀងនយោបាយកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ដែលគណបក្សទាំងពីរមានអាសនៈក្នុងរដ្ឋសភាបានព្យាយាមជំរុញឲ្យ កម្ពុជា ឈានទៅបញ្ចប់ភាពចម្រូងចម្រាសខាងនយោបាយនោះ។
សេចក្ដីថ្លែងការណ៍នោះក៏បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដា នេះគឺជាខួប ១ឆ្នាំនៃកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ជាងនេះទៀត គណបក្សសង្គ្រោះជាតិ កំពុងបន្តព្យាយាមគោរពស្មារតីនៃកិច្ចព្រមព្រៀងនយោបាយប្រកបដោយ សុឆន្ទៈ ដើម្បីសហការគ្នាជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហានានាជាប្រយោជន៍ជាតិ។
ទន្ទឹមនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងនៅថ្ងៃទី២២ ខែកក្កដា នេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏បានចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យតុលាការខ្មែរដោះលែងសកម្មជន គណបក្សប្រឆាំងទាំង ១១រូបដោយគ្មានលក្ខខណ្ឌ។ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកការសម្រេចរបស់តុលាការនៅពេលនេះ ថាជារឿងអយុត្តិធម៌ ព្រោះសកម្មជនគណបក្សប្រឆាំង ១១រូបនោះ មិនបានញុះញង់ ឬចូលរួមក្នុងការប្រើហិង្សាលើកម្លាំងសន្តិសុខកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នោះឡើយ។ ជាងនេះទៀត ការផ្ដន្ទាទោសរបស់តុលាការគ្រាន់តែជារឿងនយោបាយប៉ុណ្ណោះ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នេះថា ការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង គឺបង្ហាញឲ្យឃើញច្បាស់ថា ការសន្យារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រើប្រាស់វប្បធម៌សន្ទនាជំនួសការប្រឈមមុខដាក់គ្នា គឺគ្មានន័យនោះទេ។ លើសពីនេះ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាអំណាចរបស់លោក។
លើសពីនេះទៀត មន្ត្រីការពារសិទ្ធិមនុស្សអន្តរជាតិរូបនេះ កត់សម្គាល់ដែរថា ការកាត់ទោសលើសកម្មជនបក្សប្រឆាំង និងការបង្កើតច្បាប់រឹតបន្តឹងលើអង្គការមិនមែនរដ្ឋាភិបាល គឺជាការបង្ហាញនូវការគាបសង្កត់របស់លោក ហ៊ុន សែន លើក្រុមមនុស្សដែលប្រឆាំងទៅនឹងរបបដឹកនាំរបស់លោក។
ទាក់ទងនឹងការរិះគន់លើការចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំង ១១រូបនេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ក៏បានចាត់ទុកថា ការសម្រេចភ្លាមៗរបស់តុលាការបានបង្ហាញយ៉ាងច្បាស់ថា សវនាការនេះគ្រាន់តែជាការសម្ដែង និងគិតជាមុន បង្កើតឡើងដើម្បីគំរាមកំហែងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តស្វាយរៀងកាលពីចុងសប្ដាហ៍មុន ដែលមនុស្សពីរនាក់ក្នុងចំណោមមនុស្សទាំងបីនាក់ដែលត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារ មានវត្តមាននៅក្នុងព្រឹត្តិការណ៍នៅព្រំដែនខេត្តស្វាយរៀង។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បានបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍នោះដែរថា ការផ្ដន្ទាទោសដ៏អយុត្តិធម៌លើសកម្មជនបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីការធ្វើពហិការរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ ទាំង ៥៥នាក់ កាលពីសប្ដាហ៍មុននៅក្នុងអង្គប្រជុំវិសាមញ្ញដែលបានស្នើឡើងដោយ គណបក្សកាន់អំណាច ដើម្បីធ្វើការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ជាងនេះទៀត ទាំងមជ្ឈដ្ឋានជាតិ ទាំងអន្តរជាតិ និងបក្សប្រឆាំង ក៏អំពាវនាវកុំឲ្យរដ្ឋាភិបាលយកតុលាការធ្វើឧបករណ៍នយោបាយ ហើយនិងស្នើទៅតុលាការត្រូវតែដោះលែងសកម្មជនទាំង ១១រូបនោះ ដោយគ្មានលក្ខខណ្ឌ។
ឆ្លើយតបលើការរិះគន់ទាំងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បានប្រតិកម្មលើសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិល និងបក្សប្រឆាំង នៅថ្ងៃទី២២ ខែកក្កដា លោកចាត់ទុកថា ជារឿងដែលគួរឲ្យអាម៉ាស់ និងជាការប្រមាថមួយមកលើរដ្ឋាភិបាលកម្ពុជា។ លោកស្នើឲ្យសង្គមស៊ីវិលទាំងនោះពិចារណាឡើងវិញ ព្រោះថា តុលាការគឺជាស្ថាប័នឯករាជ្យ មិនពាក់ព័ន្ធនយោបាយនោះទេ៖ «ការចាប់ និងដាក់ពន្ធនាគារលើសកម្មជនរបស់គណបក្សសង្គ្រោះជាតិ លើកនេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម និងជាអំណាចផ្តាច់មុខរបស់តុលាការ មិនមានអំណាចណាមួយរារាំងបានឡើយ ចឹងហើយខ្ញុំសូមឲ្យអង្គការក្រៅរដ្ឋាភិបាលទាំងហ្នឹង ត្រូវតែពិចារណាចំណុចនេះឡើងវិញ។»
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា សេចក្ដីសម្រេចផ្ដន្ទាទោសរបស់តុលាការ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធតុលាការកម្ពុជា មានអំណាចឯករាជ្យពិតប្រាកដ មិនពាក់ព័ន្ធនឹងរឿងនយោបាយ បើទោះបច្ចុប្បន្ននេះមានវប្បធម៌សន្ទនារបស់ថ្នាក់ដឹកនាំគណបក្ស នយោបាយទាំងពីរក៏ដោយ ហើយកិច្ចការនយោបាយ គឺត្រូវដោះស្រាយដោយនយោបាយ រីឯសំណុំរឿងព្រហ្មទណ្ឌគឺត្រូវតែដោះស្រាយតាមផ្លូវច្បាប់ ដែលមានស្ថាប័នឯករាជ្យ គឺតុលាការជាអ្នកសម្រេច។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជន ២នាក់ទៀត ត្រូវបានតុលាការចោទពីបទចូលរួម និងដឹកនាំចលនាកុបកម្ម ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ។ ឯសកម្មជន ៨នាក់ទៀត ក្នុងនោះមានលោក អ៊ុក ពេជ្រសំណាង និងសកម្មជន ៧នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្ម ហើយផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ។ ទោះជាយ៉ាងណា អ្នកទាំងនោះត្រូវបានតុលាការបញ្ជូនទៅកាន់ពន្ធនាគារម១ ភ្លាមៗបន្ទាប់ពីផ្ដន្ទាទោសរួច។
យ៉ាងណាក៏គណបក្សសង្គ្រោះជាតិ បានអះអាងថា នឹងបន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយនូវបញ្ហារបស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេសនឹងបញ្ចប់នូវភាពតានតឹងនយោបាយ រួមទាំងសហការគ្នាធ្វើឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១រូបនេះឲ្យមានសេរីភាពឡើងវិញ៕
No comments:
Post a Comment