មតិ ជុំវិញ បញ្ហា វៀតណាម និងថៃ ពុំបាន សហការ ក្នុងការ ស៊ើបអង្កេត សំណុំរឿង ០០៣-០០៤
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៥
រឿងរ៉ាវ ឧក្រិដ្ឋកម្ម របស់ អតីត មេដឹកនាំ ខ្មែរក្រហម នៅក្នុង សំណុំរឿង លេខ ០០៣ និង០០៤ ដែលសហចៅក្រម ស៊ើបអង្កេតអន្តរជាតិបញ្ជាក់ថា ខ្វះកិច្ចសហការ ពីរដ្ឋាភិបាល ប្រទេស វៀតណាម និងថៃ នោះ នាំឲ្យមាន មតិ លើកឡើង ជុំវិញ បញ្ហានេះ។
តើ មតិទាំងនេះ មានដូចម្ដេចខ្លះ?
ការិយាល័យសហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ដែលចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃច័ន្ទ ទី២០ កក្កដា ហាក់បង្ហាញភាពខកចិត្តចំពោះរដ្ឋាភិបាលថៃ និងវៀតណាម ពេលមិនទាន់បានទទួលកិច្ចសហការក្នុងការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤។
សេចក្ដីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតបង្ហាញថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ទាំងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ពុំបានសហការទេ បន្ទាប់ពីការិយាល័យសហចៅក្រមស៊ើបអង្កេតដាក់លិខិតកាលពីឆ្នាំ២០១៣ ដើម្បីស្វែងរកឯកសារពាក់ព័ន្ធ និងការអនុញ្ញាតពីរដ្ឋាភិបាលទាំងពីរ ឲ្យអ្នកស៊ើបអង្កេតពីការិយាល័យសហចៅក្រមស៊ើបអង្កេត មានលទ្ធភាពចូលពិនិត្យប័ណ្ណសារ ដូចបានកំណត់យ៉ាងជាក់លាក់ដែលអាចមានឯកសារពាក់ព័ន្ធក្នុងសំណុំរឿង ០០៣ និង ០០៤។
ទាក់ទងនឹងបញ្ហាមិនទទួលបានកិច្ចសហការនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនបញ្ចេញមតិខុសៗគ្នា។
អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយរូបនៅប្រទេសបារាំង លោក ប្រាក់ ផាន ថ្លែងថា លោកគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្ដីខ្មែរក្រហម ដែលកំពុងស្វែងរកកិច្ចសហការពីប្រទេសវៀតណាម ជាពិសេសអំពីទំនាក់ទំនងជាមួយពួកខ្មែរក្រហម៖ «សូមបង្វែរអារម្មណ៍ មកស៊ើបអង្កេតអារឿងទំនាក់ទំនងហ្នឹងវិញទៅ។ ទំនាក់ទំនងយួន ជាមួយក្រុម ប៉ុល ពត និយម ហើយសួរថាចូលរួមឬទេ? ហើយទីពីរសួរថា យួន ណាមកផ្ដួលរំលំរបប ប៉ុល ពត យួន ណាដែលបញ្ចុះបញ្ចូល ចិញ្ចឹម ប៉ុល ពត គាំទ្រ ប៉ុល ពត? ខ្ញុំចង់បញ្ជាក់ធ្ងន់ថា អា ពត ធ្វើការនៅស្រុកខ្មែរ រត់ចេញពីស្រុកខ្មែរទៅនៅព្រំប្រទល់ជាមួយយួន។ល។ និង ។ល។ រហូតមកដល់ឆ្នាំ១៩៧៦ ដែល ប៉ុល ពត ចេញមុខទូទាំងប្រទេសនៅក្នុងប្រទេសខ្មែរ រូបមន្តរបបប្រល័យពូជសាសន៍ហ្នឹង។»
ដោយឡែកអនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភ្នំពេញ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា និងជាគ្រូបង្គោលថ្នាក់ជាតិផ្នែកប្រវត្តិសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា គឺលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា សំណើសុំរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម មិនមានទម្ងន់គ្រប់គ្រាន់ទេ ពីព្រោះសាលាក្ដីនេះមិនមែនជាសាលាក្ដីរបស់អង្គការសហប្រជាជាតិ ផ្ដាច់មុខ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ថ្លែងថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តកម្ពុជា និងវៀតណាម ដែលធ្លាប់មាន ជាទំនាក់ទំនងមុនរបបខ្មែរក្រហម គឺនៅសម័យប្រឆាំងនឹងអាណានិគមនិយម។ លោកសាស្ត្រាចារ្យបន្តថា មិនមានឯកសារពាក់ព័ន្ធរបស់វៀតណាម ទៅនឹងឧក្រិដ្ឋកម្មកាប់សម្លាប់ក្នុងរបបខ្មែរក្រហមទេ៖ «គេអាច ប្រកែកជាមួយយើង គេមិនចូលរួមជាមួយយើងត្រង់ថា រឿងទំនាក់ទំនងនៃការសហការគ្នារវាងគណបក្សកុម្មុយនិស្តទាំង ៣ប្រទេស បក្សពលករខ្មែរ បក្សវៀតណាម ឬបក្សឡាវ អីអ៊ីចឹងទៅ វាជារឿងមួយនៅក្នុងសម័យប្រឆាំងនឹងអាណានិគមទេតើ! មិនមែនជារឿងមួយទាក់ទងនឹងការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅ កម្ពុជា ទេ។ ត្រង់ហ្នឹងការសហការរបស់គេ អាចដកខ្លួនចេញបាន ហើយបើយើងនិយាយពីឯកសារ តើមានឯកសារឆ្នាំ១៩៧៥ ណា ដែលបង្ហាញថា វៀតណាម ហ្នឹង ចូលមកជួយក្នុងការអន្តរាគមន៍សម្លាប់ខ្មែរ ឬក៏ស្អី គឺយើងអត់មានផងហ្នឹង។»
លិខិតដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម បានបញ្ជូនទៅរដ្ឋាភិបាលប្រទេសថៃ និងវៀតណាម កាលពីឆ្នាំ២០១៣ គឺស្នើសុំផ្ដល់ឯកសារទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិនានាដែលប្រទេសកម្ពុជា ទទួលស្គាល់។ ការរំលោភយ៉ាងធ្ងន់ធ្ងរទាំងនេះ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
រហូតមកដល់ពេលនេះ ប្រទេសទាំងពីរខកខានពុំទាន់បានផ្ដល់ឯកសារពាក់ព័ន្ធ ឬការស៊ើបសួរណាមួយ ដែលអាចជួយដល់ការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ និង ០០៤ ឡើយ។ រដ្ឋាភិបាលប្រទេសថៃ និងវៀតណាម ក៏ពុំបានអនុញ្ញាតឲ្យអ្នកស៊ើបអង្កេតពីការិយាល័យសហចៅក្រមស៊ើប អង្កេតនៃសាលាក្ដីខ្មែរក្រហម មានលទ្ធភាពចូលពិនិត្យប័ណ្ណសារ ឬកន្លែងតម្កល់ឯកសារដូចបានកំណត់យ៉ាងជាក់លាក់ ដែលថា អាចមានឯកសារពាក់ព័ន្ធនឹងបទចោទនោះដែរ។
អនុប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលប្រទេសថៃ និងវៀតណាម មិនសហការជាមួយសាលាក្ដីខ្មែរក្រហមតាមការស្នើសុំរបស់សហចៅក្រម ស៊ើបអង្កេតអន្តរជាតិ មិនមានអ្វីខុសទេ៖ «ទីមួយ យើងដឹងហើយថា ថៃ និងវៀតណាម គេអត់បានចុះកិច្ចព្រមព្រៀងជាមួយ យូ.អិន (UN) ដើម្បីបង្កើតតុលាការកូនកាត់នេះទេ។ តុលាការកូនកាត់នេះ គឺជាតុលាការមួយដែលចេញមកអំពីភាគីកម្ពុជា និង យូ.អិន ហើយក្នុងនេះ ភាគីថៃ និងវៀតណាម គេអត់បានចូលរួមសហការជាមួយគ្នា គឺជាការត្រឹមត្រូវ យើងអត់អាចបន្ទោសគេបានទេ ពីព្រោះអត់បានធ្វើកិច្ចព្រមព្រៀងជាមួយភាគីនៃប្រទេសជិតខាង ឬប្រទេសដែលពាក់ព័ន្ធ។»
លោកបន្តថា មូលហេតុគ្មានកិច្ចព្រមព្រៀងនេះ នឹងមិនប៉ះពាល់ដល់ការទាក់ទងរវាងប្រទេសទាំងពីរ និងកម្ពុជា ឡើយ ប៉ុន្តែទោះជាដូច្នេះក្ដី លោកថា ជាការប្រសើរក្នុងការស្វែងរកយុត្តិធម៌ គឺត្រូវមានកិច្ចសហការពីប្រទេសជិតខាងទាំងពីរ ពីព្រោះប្រទេសទាំងនេះធ្លាប់មានទំនាក់ទំនងជាមួយពួកខ្មែរក្រហមរហូត មកដល់ដំណាក់កាលចុងក្រោយ៖ «វាលំបាកថា តើយុត្តិធម៌ហ្នឹងគ្រប់ជ្រុងជ្រោយ ឬក៏អត់? ពីព្រោះយើងដឹងហើយថា ខ្មែរក្រហមបានយកទឹកដីរបស់ថៃ ធ្វើជាជម្រកសម្រាប់ការពាររបបកម្ពុជាប្រជាធិបតេយ្យ តាំងពីឆ្នាំ១៩៧៩ រហូតដល់រចនាសម្ព័ន្ធរបស់ខ្មែរក្រហមចប់។ អ៊ីចឹងថៃ ក៏មានឯកសារច្រើននៅក្នុងរឿងខ្មែរក្រហមនេះដែរ ហើយយើងឃើញហើយថា ខ្មែរក្រហមរស់ដោយសារលក់ត្បូងលក់ឈើនៅប៉ៃលិន ហ្នឹងអស់។ លក់ទៅណា? លក់ឲ្យថៃ ហើយវៀតណាម ក៏ចូលរួមក្នុងហ្នឹងដែរ អ្នកណាដែលផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ គឺវៀតណាម នៅឆ្នាំ១៩៧៩។ អ៊ីចឹងខ្ញុំជឿថា ដើម្បីឲ្យមានគ្រប់ជ្រុងជ្រោយ គឺទាមទារការសហការពីប្រទេសជិតខាងហ្នឹង។»
ស្របពេលដែលមិនទាន់មានការឆ្លើយតបពីកិច្ចសហការ សហចៅក្រមស៊ើបអង្កេតអន្តរជាតិជំរុញឲ្យប្រទេសវៀតណាម និងថៃ អនុវត្តឲ្យបានពេញលេញតាមសំណើសុំការជួយជ្រោមជ្រែងចាំបាច់ទាំងនេះ។
ទាក់ទងនឹងកិច្ចប្រឹងប្រែងរកឯកសារពាក់ព័ន្ធក្នុងរឿងក្ដីនេះដែរ មេធាវីការពារក្ដីឲ្យជនជាប់សង្ស័យក្នុងសំណុំរឿងលេខ ០០៣ លោកមេធាវី អាង ឧត្ដម នៅស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយលើសំណើសុំសហការរបស់សហ ចៅក្រមស៊ើបអង្កេតទេ ព្រោះឯកសារពាក់ព័ន្ធទាំងនោះអាចជាភស្តុតាងដាក់បន្ទុក និងដោះបន្ទុកលើកូនក្ដី។ លោកក៏មិនអាចវាយតម្លៃចំពោះសំណើសុំនោះបានដែរ ព្រោះលោកមិនដឹងពីចំណុចខ្លឹមសារសុំសហការរបស់សហចៅក្រមស៊ើបអង្កេត ទៅប្រទេសទាំងនោះ។ លោកមេធាវី អាង ឧត្ដម យល់ថា ការមិនទាន់ឆ្លើយតប ឬនៅរក្សាភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលប្រទេសថៃ និងវៀតណាម ជួនកាលអាចមកពីការប៉ះពាល់ផលប្រយោជន៍ភាពសម្ងាត់នៃប្រទេសទាំងពីរ នោះ៕
No comments:
Post a Comment