នាយករដ្ឋមន្ត្រី ព្រមាន រំលាយ វប្បធម៌សន្ទនា ប្រសិនបើ បក្សប្រឆាំង ប្ដឹងលោក ហេង សំរិន
RFA / វិទ្យុ អាស៊ី សេរី | ១៧ កក្កដា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែកក្កដា ព្រមាន បញ្ចប់ វប្បធម៌សន្ទនា រវាង លោក និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ជាថ្មី ម្ដងទៀត បន្ទាប់ ពីតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ព្រមាន ប្ដឹងលោក ហេង សំរិន ប្រធាន រដ្ឋសភា ករណី មិនបញ្ជូន លិខិត តំណាងរាស្ត្រ ទៅរដ្ឋាភិបាល។ មន្ត្រី គណបក្ស ប្រឆាំង បញ្ជាក់ថា, វប្បធម៌សន្ទនា មិនទាក់ទង នឹងការងារ របស់ តំណាងរាស្ត្រ ឡើយ។
តំណាងរាស្ត្រ បក្សប្រឆាំងនឹងបន្តធ្វើការស្របច្បាប់ និងមិនភ័យខ្លាចការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីឡើយ។
លោក ហ៊ុន សែន ប្រកាសថា លោកសង្ស័យពីភាពស្មោះត្រង់របស់លោក សម រង្ស៊ី ចំពោះការអនុវត្តវប្បធម៌សន្ទនាក្រោយពីតំណាងរាស្ត្រគណបក្សប្រឆាំង ចោទលោក ហេង សំរិន ដែលមិនព្រមបញ្ជូនសំណើតំណាងរាស្ត្រសុំឲ្យរដ្ឋាភិបាល ផ្អាកការបោះបង្គោលព្រំដែនជាមួយវៀតណាម ជាបណ្ដោះអាសន្ន។ អ្នកតំណាងរាស្ត្រចាត់ទុកថា ករណីនេះ លោក ហេង សំរិន បានរំលោភរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
លោក ហ៊ុន សែន បានប្រៀបគម្រោងប្ដឹងរបស់គណបក្សប្រឆាំងនេះ ទៅនឹងការរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នា៖ «នេះ ជាចំណោទចោទសួរ។ វាទាមទារនូវការជឿទុកចិត្តគ្នា។ ឥឡូវមានសញ្ញានៃការសង្ស័យក្រែងឯកឧត្ដម សម រង្ស៊ី ដើរតួស្លូតជាមួយនឹង ហ៊ុន សែន ហើយទុកមនុស្សមួយចំនួនឲ្យបំផ្លាញ។»
លោកបន្ថែមទៀតថា លោកក៏មិនខ្លាចនឹងប្រើប្រាស់អំពើហិង្សាក្នុងករណីដោះស្រាយបញ្ហា មួយចំនួនដែរ ក៏ប៉ុន្តែបច្ចុប្បន្នលោកមិនចង់ឲ្យមានវប្បធម៌សងសឹកឡើយ៖ «បែបនេះ អូខេបាន! ហ៊ុន សែន ទទួលបានទាំងអស់ ក្បាច់រាំមួយណា? ក្បាច់សន្ទនា? ក្បាច់វ៉ៃគ្នាក៏បាន?»
ប្រតិកម្មចំពោះការគំរាមរបស់លោក ហ៊ុន សែន នេះ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា វប្បធម៌សន្ទនាមិនជាប់ពាក់ព័ន្ធនឹងការងារតំណាងរាស្ត្រ និងគណបក្សឡើយ៖ «ឯកឧត្ដម សម រង្ស៊ី ស្លូតទាំងពីដើម ទាំងពីសំដី មិនមែនសំដែងទេ ហើយបញ្ហាប្រទេសជាតិក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រៀបចំកិច្ចការព្រំដែន បរិស្ថាន និងពុករលួយហ្នឹងគឺយើងចែកការងារធ្វើ។»
ទោះបីជាយ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា វប្បធម៌សន្ទនាកំពុងមានផលជាវិជ្ជមាននៅឡើយ។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (Licadho) លោក អំ សំអាត ស្វាគមន៍ជំហររបស់គណបក្សសង្គ្រោះជាតិ ដែលបែងចែកពីវប្បធម៌សន្ទនា និងកិច្ចការគណបក្ស និងតំណាងរាស្ត្រ៖ «គោលការណ៍ច្បាប់គឺច្បាប់ហើយ ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូវបានប្រកាន់ច្បាប់។»
ប្រតិកម្មរបស់លោក ហ៊ុន សែន គំរាមបញ្ឈប់វប្បធម៌សន្ទនានេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក និងលោក សម រង្ស៊ី ព្រមទាំងសមាជិកក្រុមកូនចៅលោក បានជួបគ្នាបរិភោគបាយជាលក្ខណៈគ្រួសារនិងបានថតរូបជាច្រើនសន្លឹក ដ៏កម្របង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook)៕
No comments:
Post a Comment