អាជ្ញាធរ ខេត្តកោះកុង ចាប់ជនជាតិ វៀតណាម នេសាទ ខុសច្បាប់ ៣៩នាក់
RFA / វិទ្យុ អាស៊ី សេរី | ១៦ កក្កដា ២០១៥
កម្លាំង នគរបាល ខេត្តកោះកុង សហការ ជាមួយ ក្រុមចម្រុះ អធិការកិច្ចហត្ថ ពលកម្ម បរទេស នៃនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បើកយុទ្ធនាការ ចាប់ជនជាតិ វៀតណាម ដែលចូលមក រស់នៅ ឬធ្វើការងារ គ្មាន លិខិតស្នាម នាមូលដ្ឋាននេះ ជិត ៤០នាក់។
បច្ចុប្បន្នជនជាតិវៀតណាម ខុសច្បាប់ទាំងនោះ កំពុងនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានវិធានការបន្តតាមច្បាប់។
មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានការលាក់លៀមមិនចង់បង្ហាញអត្តសញ្ញាណជនជាតិវៀតណាម ចំនួនជិត ៤០នាក់ ដែលសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធខេត្តនេះចាប់ខ្លួន ដោយសារគ្មានលិខិតស្នាមត្រឹមត្រូវ ហើយចូលមករស់នៅ និងធ្វើរបរនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា។
ស្នងការនគរបាលខេត្តកោះកុង លោក សំ ឃិតវៀន បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការចាប់ខ្លួនជនជាតិវៀតណាម ជិត ៤០នាក់ នាមូលដ្ឋានខ្លួនទេ ដោយបានបង្វែរសំណួរឲ្យសួរទៅលោក ញ៉ែម តារា មានតួនាទីជាស្នងការរងទទួលបន្ទុកជនអន្តោប្រវេសន៍ជំនួសវិញ ប៉ុន្តែលោក ញ៉ែម តារា ឆ្លើយថា ជាប់រវល់ ហើយក្រោយមកមិនលើកទូរស័ព្ទ។
ទោះជាបែបនេះក្តី នៅក្នុងរបាយការណ៍ចុះថ្ងៃទី១៥ ខែកក្កដា មានចុះហត្ថលេខាដោយលោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ផ្ញើជូនលោកនាយឧត្ដមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបង្ហាញថា ប្រតិបត្តិការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា តាមគោលដៅចំនួនពីរនៅស្រុកមណ្ឌលសីមា និងស្រុកគីរីសាគរ បានឃាត់ខ្លួនជនជាតិវៀតណាម សរុបចំនួន ៣៩នាក់ និងទូកយន្តចំនួន ១១គ្រឿង។ របាយការណ៍ដដែលនោះបញ្ជាក់ថា ជនជាតិវៀតណាម ទាំង ៣៩នាក់នោះ បានចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនព្រែកចាក និងតាមសមុទ្រកោះត្រល់។ បច្ចុប្បន្នជនជាតិវៀតណាម ដែលសមត្ថកិច្ចចាប់ខ្លួនកំពុងប្រមូលផ្តុំនៅស្នងការដ្ឋាននគរបាល ខេត្តកោះកុង ដោយរង់ចាំសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យសម្រេច៖ «រឿងនេះសូមទាក់ទងទៅលោកស្នងការរងទទួលបន្ទុក អន្តោប្រវេសន៍ គឺលោក ញ៉ែម តារា វិញ ប្រសើរជាងខ្ញុំ ព្រោះអីគាត់កាន់ការងារនេះ។ ដូច្នេះ គាត់អាចបញ្ជាក់ព័ត៌មាននេះបានលម្អិតជាងខ្ញុំ។»
យ៉ាងណា រហូតមកដល់ល្ងាចថ្ងៃទី១៦ ខែកក្កដា នៅមិនទាន់មានការឆ្លើយតបបែបណាពីលោកនាយឧត្ដមសេនីយ៍អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ពីការសម្រេចលើករណីនេះឡើយទេ។
មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង បានសាទរចំពោះយុទ្ធនាការត្រួតពិនិត្យជនជាតិវៀតណាម ដែលចូលមករស់នៅ ឬធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា របស់កម្លាំងនគរបាលក្រោមឱវាទក្រសួងមហាផ្ទៃ ពេលនេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកោះកុង លោក អ៊ិន គង់ជិត ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើយុទ្ធនាការនេះជាប្រចាំដូចភ្លៀង រលឹម និងត្រូវអនុវត្តឲ្យស្របតាមច្បាប់អន្តោប្រវេសន៍ ពិសេសត្រូវជៀសឲ្យផុតពីអំពើពុករលួយដែលអាចនឹងកើតមានឡើង៖ «សង្គម ស៊ីវិល និងប្រជាពលរដ្ឋ បានស្វាគមន៍ទៅលើការធ្វើជំរឿនទៅលើជនអន្តោប្រវេសន៍នៅខេត្តកោះកុង ផ្ដើមដោយកម្លាំងសមត្ថកិច្ចក្រោមឱវាទក្រសួងមហាផ្ទៃ ២ថ្ងៃមកនេះ ហើយចាប់បានជនជាតិវៀតណាម អត់មានលិខិតស្នាមចំនួន ៣៩នាក់ និងកំពុងនាំមកស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ការចាប់ខ្លួននេះមានរយៈពេល ២ថ្ងៃមកហើយ ដោយខាងស្នងការនគរបាលខេត្តកោះកុង កំពុងរង់ចាំសេចក្តីសម្រេចពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សម្រេច។ ការពន្យារពេលបញ្ជូនជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលចាប់បាននៅកោះកុង នេះ អាចទំនងជាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអ្វីមួយ ទើបធ្វើឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនទាន់មានការសម្រេចបែបណានៅឡើយមកដល់ពេលនេះ។»
ចំណែកប្រជាពលរដ្ឋភាគច្រើននៅតាមមូលដ្ឋាននានា បង្ហាញការគាំទ្រ ប៉ុន្តែស្នើឲ្យការចុះអនុវត្តសកម្មភាពនេះមានលក្ខណៈប្រាកដប្រជា។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ និងសង្គមស៊ីវិល ខេត្តកោះកុង បានអះអាងថា ឃើញមានវត្តមានជនជាតិវៀតណាម បង្ហាញវត្តមានច្រើននាមូលដ្ឋាននេះ ហើយភាគច្រើនមានរបរជាជាងសំណង់ បើកហាងលក់កាហ្វេ និងធ្វើរបរនេសាទសមុទ្រជាដើម។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ ខេត្តកោះកុង ក៏បានស្នើដល់កម្លាំងនគរបាលត្រូវចុះពិនិត្យទៅលើជនជាតិវៀតណាម ដែលមានរបរជាអ្នកនេសាទ ជាងសំណង់ បុគ្គលិកក្រុមហ៊ុនបូមខ្សាច់ ជាងឈើ ឬជាងដែក និងបើកហាងកាហ្វេជាដើមឲ្យបានដិតដល់ ព្រោះភាគច្រើនទំនងជាគ្មានលិខិតស្នាមស្របច្បាប់ទេ៖ «ក្នុងនាម យើងសង្គមស៊ីវិល គឺអំពាវនាវដល់កម្លាំងសមត្ថកិច្ច ដែលបើកយុទ្ធនាការពិនិត្យ ឬស្រង់ទិន្នន័យទៅលើជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់នេះ ត្រូវអនុវត្តឲ្យមានតម្លាភាព និងបើកទូលាយឲ្យក្រុមអ្នកសារព័ត៌មាន និងសង្គមស៊ីវិលចូលរួមដឹងឮផង។»
ទាក់ទិនបញ្ហានេះ លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅដើមខែកក្កដា នេះ បានក្រើនរំលឹកសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធតាមមូលដ្ឋាននានា នៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងឲ្យបាននូវរាល់ការចេញចូល និងស្នាក់នៅរបស់ជនបរទេសខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment