Paris Peace Accords 23 Oct. 1991

Monday, July 6, 2015

លោក សម រង្ស៊ី ថា​, មិន​ចង់​ឃើញ ​ព្រឹត្តិការណ៍​ ថ្ងៃ​៥-៦ ​កក្កដា កើត​ឡើង​ សាជាថ្មី | Sam Rainsy doesn't want to see repeat of July 5-6 (1997) events

លោក សម រង្ស៊ី ថា​, មិន​ចង់​ឃើញ ​ព្រឹត្តិការណ៍​ ថ្ងៃ​៥-៦ ​កក្កដា កើត​ឡើង​ សាជាថ្មី

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ កក្កដា ២០១៥

ខួប​១៨​ឆ្នាំ​រដ្ឋប្រហារ ១៩៩៧ ៦២០
ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​ស្លាប់​ដោយ​ រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Uon Chhin

អង្គការ​ មិន​មែន ​រដ្ឋាភិបាល ​យល់​ឃើញ​ ថា, ព្រឹត្តិការណ៍ ​រដ្ឋ​ប្រហារ​ ដោយ​យោធា​ កាល​ពី​ថ្ងៃ​ ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គួរ​ ត្រូវ​ បាន​បើក​ការ ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ ​ដោយ​ម៉ត់ចត់ ដើម្បី​ រក​អ្នក ​ដែល​ស្ថិត​នៅ​ ពី​ក្រោយ​ នៃ​ព្រឹត្តិការណ៍​នេះ ​ឲ្យ​មក ​ទទួល​ ខុស​ត្រូវ និង​យក​ទៅ ​ផ្ដន្ទាទោស។

ការ​ទាមទារ​ របស់​ អង្គការ​ មិន​មែន​ រដ្ឋាភិបាល​នេះ ធ្វើ​ឡើង ​ស្រប​ពេល ​គណបក្ស ​នយោបាយ ដែល​ធ្លាប់​ ជា​គូបដិបក្ខ​ នឹង​គ្នា ​កាល​ពី​ប្រមាណ ១៨​ឆ្នាំ​មុន បន្ត​រក្សា​ភាព​ ស្ងប់ស្ងាត់ ​រៀងៗ​ខ្លួន​ជុំវិញ​ ព្រឹត្តិការណ៍​ ថ្ងៃ​៥-៦ កក្កដា។

សម្រាប់​ការ​រំឭក​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ដោយ​យោធា​កាល​ពី​ឆ្នាំ​១៩៩៧ គឺ​មាន​តែ​គណបក្ស​នយោបាយ​មួយ​ប៉ុណ្ណោះ​ដែល​បាន​រៀបចំ​ឡើង គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ​ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​ថា អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ គួរ​បញ្ឈប់​ការ​ចង​គំនុំ​សង​សឹក​គ្នា​ដោយ​ជ្រើសរើស​ការ​បង្ហូរ​ឈាម ដើម្បី​ដោះស្រាយ​បញ្ហា​ដូច​ព្រឹត្តិការណ៍​កាល​ពី ១៨​ឆ្នាំ​មុន​ត​ទៅ​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ថ្វី​បើ​ព្រឹត្តិការណ៍​កាល​ណោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ក៏​ពិត​ មែន ក៏​សំណុំ​រឿង​មួយ​នេះ​បង្កប់​ន័យ​យ៉ាង​ជ្រៅ​មួយ​កម្រិត​ទៀត គឺ​បទ​ឧក្រិដ្ឋ ដែល​អ្នក​នយោបាយ​រុញ​ច្រាន​ឲ្យ​សភាពការណ៍​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ធ្វើ​ឲ្យ​មាន​ជន​ស្លូត​ត្រង់​ជាច្រើន​នាក់ ត្រូវ​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​កាល​ណោះ។ ហេតុ​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ជា​ចាំបាច់​ណាស់ គឺ​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​មួយ​នេះ ដែល​គេ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ចៀស​ពុំ​បាន​ឡើយ។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្លែង​ថា ជា​ចាំបាច់ អ្នក​នយោបាយ​ត្រូវ​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​ដ៏​ប្រល័យ​ មួយ​នេះ។ មួយ​វិញ​ទៀត គេ​មិន​អាច​យក​រឿង​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ ហើយ​ព្យាយាម​លុប​បំបាត់ លាក់​បាំង​ការ​ស្លាប់​ជន​រងគ្រោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​បាន​ទេ។ លោក​បន្ត​ថា ភាព​ស្ងប់ស្ងាត់​នេះ​ហាក់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា គណបក្ស​នយោបាយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២ គឺ​កំពុង​តែ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។

ឆ្លើយ​តប​រឿង​នេះ លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ពិត​រឿង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បកស្រាយ​អស់​រួច​មក​ហើយ ក៏ប៉ុន្តែ​ការ​រំឭក​ព្រឹត្តិការណ៍​នេះ​ឡើង​វិញ​របស់​អ្នក​ពាក់ព័ន្ធ​មួយ​ ចំនួន គឺ​គ្រាន់​តែ​ដើម្បី​ហេតុផល​នយោបាយ និង​កំពុង​ធ្វើ​ជំនួញ​ពី​ព្រឹត្តិការណ៍​នេះ​ប៉ុណ្ណោះ។ អតីត​ធ្លាប់​ជា​បុគ្គលិក​អង្គការ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស មុន​នឹង​លោក​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​បង្វែរ​រឿង​នេះ​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ។ លោក ឈឹម ផលវរុណ ថ្លែង​ថា មាន​មន្ត្រី​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ជាច្រើន​នាក់​បាន​ដឹង​រឿង​នេះ។

ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បណ្ដាល​ឲ្យ​ជន​ស៊ីវិល និង​យោធា​ស្លាប់ និង​របួស​ជាច្រើន​នាក់ ក្នុង​នោះ​រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូចជា លោក ហូ សុខ ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជាដើម។ ទន្ទឹម​នឹង​នោះ មាន​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​មួយ​ចំនួន​ត្រូវ​បាត់បង់ និង​ខូចខាត​ថែម​ទៀត​ផង។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ណោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ រង​ការ​ចោទ​ថា បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ពី​នាយក​រដ្ឋមន្ត្រី​ទី​១។ ក្រោយ​បញ្ចប់​ជម្លោះ លោក អ៊ឹង ហួត កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​គេ​លើក​បន្តុប​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១ ដែល​ពុំ​មាន​សិទ្ធិ​អំណាច ដើម្បី​ជំនួស​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ភ្លាម​ដែរ។
បើ​ទោះ​ជា​បែប​ណា គិត​មក​ដល់​ពេល​នេះ ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ដោយ​យោធា​មាន​រយៈពេល ១៨​ឆ្នាំ​ហើយ ដែល​មិន​ទាន់​មាន​អ្នក​ទទួល​ខុស​ត្រូវ និង​មិន​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។ អំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​ផ្នែក​អាវុធ​នេះ មាន​គណបក្ស​ពីរ​ដែល​បង្ហាញ​ពី​អំណាច និង​ឥទ្ធិពល​រៀងៗ​ខ្លួន ក្នុង​ការ​វាយ​ប្រហារ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ គណបក្ស​ទាំង​ពីរ​នេះ ពុំ​បាន​ទាមទារ​រក​យុត្តិធម៌ ឬ​រំឭក​ព្រឹត្តិការណ៍​ដ៏​ប្រល័យ​នេះ​ទេ បើ​ទោះ​ជា​ទាំង​សង​ខាង សុទ្ធតែ​បាន​អះអាង​រៀងៗ​ខ្លួន​ថា ទទួល​រង​អយុត្តិធម៌​ក៏ដោយ​ចុះ។

ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ គេ​សង្កេត​ឃើញ​គណបក្ស​ប្រឆាំង តែង​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ជា​រៀង​រាល់​ឆ្នាំ។ មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ សម្រាប់​ការ​រំឭក​ខួប​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​វិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា នៅ​ទីស្នាក់ការ​ចាក់អង្រែ ថា លោក​នឹង​មិន​ចង់​ឃើញ​ព្រឹត្តិការណ៍​ដូច​នេះ​កើត​ឡើង​សាជាថ្មី​ទៀត​ទេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ លោក សម រង្ស៊ី ដែល​កន្លង​ទៅ​តែង​ទាមទារ​ប្ដឹងផ្ដល់ និង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នោះ ក៏ប៉ុន្តែ​លើក​នេះ​វិញ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ ហាក់​បន្ទន់​ឥរិយាបថ​ដោយ​ជំនួស​មក​វិញ​នូវ​ការ​អំពាវនាវ​ឲ្យ​គណបក្ស​នានា គួរ​ប្រើប្រាស់​យន្តការ​សន្តិវិធី ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​វិញ។

ជុំវិញ​រឿង​នេះ ចំពោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​ស្នើ​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​កត់ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​នៅ​ កម្ពុជា។ មជ្ឈមណ្ឌល​នេះ គឺ​ចាប់​ប្រមូល​ភស្តុតាង​ក្រោយ​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៤។

រយៈពេល ១៨​ឆ្នាំ​កន្លង​ផុត​ទៅ តែ​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មិន​ទាន់​រសាត់​ទៅ​ឆ្ងាយ​ឡើង រីឯ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ក៏​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​យុត្តិធម៌​សម្រាប់​សាច់ញាតិ​របស់​ពួក​គេ​យ៉ាង​ អន្ទះសា​ដែរ។ ប៉ុន្តែ​បញ្ហា​នេះ អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស ហាក់​មិន​ទទួល​ខុស​ត្រូវ​ឡើយ ទោះ​បី​ជា​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​បង្ហាញ​ពី​អ្នក​ពាក់ព័ន្ធ និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា យ៉ាង​ណា​ក្ដី៕



No comments:

Post a Comment