Paris Peace Accords 23 Oct. 1991

Monday, July 6, 2015

[Vietnamization] វៀតណាម​ ដោះ​លែង ​ប្រធាន ​អង្គការ ​សិទ្ធិ​កុមារ​ ស៊ី ​រ៉ៃត៍​ ឲ្យ​មក​ កម្ពុជា​វិញ | Vietnam releases Khmer leader of NGO C Rights back to Cambodia

វៀតណាម​ ដោះ​លែង ​ប្រធាន ​អង្គការ ​សិទ្ធិ​កុមារ​ ស៊ី ​រ៉ៃត៍​ ឲ្យ​មក​ កម្ពុជា​វិញ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ កក្កដា ២០១៥

ព្រំដែន​ស្វាយរៀង ៦២០
ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។  Photo Provided

ប្រធាន​ មជ្ឈមណ្ឌល​ អន្តរជាតិ ​ជប៉ុន ដើម្បី ​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ (C Rights) ដែល​វៀតណាម ចាប់​ខ្លួន ខណៈ​ដឹក​នាំ​ សិស្ស​ក្មេងៗ​ ធ្វើ​ទស្សនកិច្ច​ នៅ​តំបន់​ ព្រំដែន​នោះ ត្រូវ​ បាន​អាជ្ញាធរ​ វៀតណាម បញ្ជូន​មក​ កម្ពុជា វិញ​ហើយ ​នៅ​ថ្ងៃ ​ទី​៥ ខែ​កក្កដា។

ការ​ដោះ​លែង​នេះ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង។ ទាក់ទិន​នឹង​បញ្ហា​វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នេះ ទាំង​បក្ស​ប្រឆាំង និង​រដ្ឋាភិបាល កំពុង​រក​មធ្យោបាយ​ដោះស្រាយ។

អាជ្ញាធរ​វៀតណាម នៃ​ខេត្ត​ឡុងអាន (Long An) បាន​បញ្ជូន​ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន ដើម្បី​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ លោក ផែន ប៊ុនធឿន មក​ឲ្យ​កម្ពុជា វិញ​ហើយ​នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា តាម​ច្រក​ព្រំដែន​បាវិត បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ខន ស្នើ​ឲ្យ​ភាគី​វៀតណាម ប្រគល់​មក​វិញ ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​ខ្មែរ​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​នោះ គ្មាន​គោល​បំណង​អាក្រក់​អ្វី​នោះ​ទេ ព្រោះ​គ្មាន​សព្វាវុធ​ក្នុង​ដៃ​ឡើយ។

យ៉ាង​ណា​ក៏ដោយ ក្រោយ​បញ្ជូន​មក​ដល់​ទឹក​ដី​ខ្មែរ​វិញ​នោះ លោក​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង រូប​នេះ បាន​សួរ​នាំ និង​អប់រំ​ណែនាំ​ប្រមាណ ១៥​នាទី​ដល់​ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន ដើម្បី​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ នេះ៖ «គ្មាន​អី​ទេ យើង​គ្រាន់​តែ​ប្រាប់​គាត់​ថា កុំ​ឲ្យ​ដើរ​ទៅ​ណា​គ្មាន​ច្បាប់​ទម្លាប់​ទៀត។ ថ្ងៃ​ក្រោយ​មុន​ទៅ​ណា ត្រូវ​ប្រាប់​អាជ្ញាធរ​ដែន​ដី​ឲ្យ​ដឹង​ផង។»

មួយ​រយៈ​ចុង​ក្រោយ​នេះ វិវាទ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម កំពុង​ឡើង​កម្តៅ​គគុក ដោយ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ញឹកញយ នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​បង្គោល​ព្រំដែន​ម្តងៗ។

ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន ដើម្បី​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ លោក ផែន ប៊ុនធឿន និយាយ​ថា អាជ្ញាធរ​វៀតណាម បាន​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា និង​ធ្វើ​កំណត់​ហេតុ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​តំបន់​ ព្រំដែន​នោះ មុន​នឹង​ឈាន​ដល់​ការ​ដោះ​លែង។ លោក​បញ្ជាក់​ថា នៅ​ប្រទេស​វៀតណាម ពេញ​មួយ​យប់ គឺ​អាជ្ញាធរ​វៀតណាម មិន​បាន​ធ្វើ​អំពើ​ហិង្សា​លើ​រូប​គាត់​នោះ​ទេ៖ «ពលរដ្ឋ​វៀតណាម ជា​អ្នក​វាយ ហើយ​អាជ្ញាធរ​ឃាត់​គេ​ជួយ​ឃាត់ ហើយ​គេ​សួរ​យើង​ថា ចូល​មក​ធ្វើ​អី​អ៊ីចឹង​ណា។ ក្រោយ​មក​គេ​ឲ្យ​ធ្វើ​កំណត់​ហេតុ និង​ទទួល​ស្គាល់​ថា ពិត​ជា​បាន​ឆ្លង​ចូល​ទៅ​មែន។»

លោក ផែន ប៊ុនធឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​វៀតណាម ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង និង​កាំបិត​ជាដើម បាន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​វាយ​គាត់​យ៉ាង​ដំណំ ហើយ​នាំ​ខ្លួន​គាត់​ចូល​ទៅ​ទឹក​ដី​វៀតណាម កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ខណៈ​គាត់​ដឹក​នាំ​សិស្ស​សាលា​ក្មេងៗ​ប្រមាណ ៤០​នាក់ ចុះ​មើល​បង្គោល​ព្រំដែន​លេខ​២០២ នៅ​ចំណុច​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង គឺ​នៅ​ជិត​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ និង​វៀតណាម បាន​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​បាន​ចុះ​ទៅ​ជួប​សិស្ស​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន ដើម្បី​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ នោះ បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​ជនជាតិ​វៀតណាម ដែល​បន្ត​វាយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹក​ដី​ខ្មែរ។ ទន្ទឹម​នឹង​នេះ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ជជែក​ដោះស្រាយ​បញ្ហា​នេះ​កុំ​បង្អង់ បើ​ពុំ​នោះ​ទេ អំពើ​ហិង្សា​នឹង​នៅ​តែ​បន្ត​កើត​ឡើង ជាពិសេស​អាច​ឈាន​ដល់​ការ​រើសអើង​ពូជ​សាសន៍​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ កម្ពុជា និង​វៀតណាម នេះ​ដែរ រហូត​មក​ដល់​ពេល​នេះ ទាំង​បក្ស​ប្រឆាំង និង​រដ្ឋាភិបាល កំពុង​រក​មធ្យោបាយ​ដោះស្រាយ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា អះអាង​ថា លោក​កំពុង​ទាក់ទង​ជាមួយ​អ្នក​ជំនាញ​វាស់វែង​ផែនទី​នៅ​ប្រទេស​បារាំង ដើម្បី​បង្ហាញ​ពី​របៀប​កំណត់​ព្រំដែន​តាម​រយៈ​បច្ចេកទេស​ដ៏​ទំនើប​បំផុត។ លោក​បកស្រាយ​ថា បច្ចេកទេស​ទំនើប​ចុង​ក្រោយ​នេះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​វាស់វែង​កំណត់​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​បរទេស​មិន​អាច​ប្រកែក​បាន ជាពិសេស​ទៀត​នោះ វា​នឹង​ក្លាយ​ជា​ភស្តុតាង​ដ៏​សំខាន់​សម្រាប់​តវ៉ា​លើ​ឆាក​អន្តរជាតិ ប្រសិន​ភាគី​ម្ខាង​ទៀត​នៅ​តែ​ជំទាស់​នោះ៖ «ប្រព័ន្ធ​ឌីជីថល​ឡៃស៍ ហ្នឹង ( digital) គឺ​ជា​ផែនទី​ហ្នឹង វា​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ហើយ ដូច្នេះ​កុំព្យូទ័រ​នឹង​ធ្វើ​ការ​ឲ្យ​យើង​នៅ​លើ​ផែនទី​ហ្នឹង។ ឧទាហរណ៍​ថា យើង​ចង់​រក​ចំណុច​ណា​នៅ​លើ​ផែនទី យើង​ដឹង​ពី​និយាមកា ហើយ​យក​និយាមកា​បង្គោល​ព្រំដែន​ហ្នឹង ដាក់​ចូល​ក្នុង​កុំព្យូទ័រ​វិញ រួច​ហើយ​វា​ប្រាប់​យើង​ថា ចំណុច​បង្គោល​ព្រំដែន​នៅ​កន្លែង​ណា។»

ថ្លែង​បែប​នេះ​ក្នុង​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ កក្កដា។

នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ រួបរួម​គ្នា​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដោយ​ប្រមូល​ធនធាន​មនុស្ស ប្រមូល​ប្រាជ្ញា បទពិសោធន៍ បច្ចេកទេស ដើម្បី​ការពារ​ព្រំដែន​ខ្មែរ បញ្ឈប់​ការ​ឈ្លាន​ពាន​ពី​សំណាក់​បរទេស។

ដោយឡែក​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ចាប់​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​កក្កដា ដោយ​ផ្លាស់ប្ដូរ​ពី​ខេត្ត​សៀមរាប ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​នៅ​សេសសល់​កន្លង​មក៕



No comments:

Post a Comment