លោក សម រង្ស៊ី ថា, វប្បធម៌សន្ទនា រវាង លោកនិងលោក ហ៊ុន សែន ធ្វើឡើង ដោយស្មោះត្រង់
RFA / វិទ្យុ អាស៊ី សេរី | ១៧ កក្កដា ២០១៥
ឆ្លើយតប ទៅនឹងការសង្ស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីវប្បធម៌សន្ទនារវាងលោកជាមួយមេបក្សប្រឆាំងនោះ លោក សម រង្ស៊ី វិញអះអាងថា វប្បធម៌សន្ទនាគឺគ្មានអ្វីប្រែប្រួលឡើយ ហើយក៏គ្មានអ្វីគួរឱ្យសង្ស័យនោះដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា លោកបានផ្សព្វផ្សាយព័ត៌មានឱ្យសាធារណជនទូទៅបានដឹងអំពីវប្បធម៌ សន្ទនារបស់លោក និងប្រធានគណបក្សប្រជាជនកម្ពុជា ថាមិនមានអ្វីដែលមិនទុកចិត្តគ្នានោះទេ។
លោកបន្ថែមថា ជៀសវាងការចោទប្រកាន់ ឬសង្ស័យគ្នាទៅវិញទៅមក ភាគីសន្ទនាត្រូវបង្ហាញរាល់ឯកសារ ឬព័ត៌មាននៅលើតុចរចាជាមួយគ្នា និងធ្វើការងារដោយតម្លាភាព។ លើសពីនេះ វប្បធម៌សន្ទនាមួយនេះ នឹងកាន់តែរឹងមាំថែមទៀត ដោយត្រូវចាក់ឬសចាក់គល់ថិតថេរជានិរន្តរ ពីព្រោះដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល។
លោក សម រង្ស៊ី៖ «រឹងមាំជានិច្ច ព្រោះវប្បធម៌សន្ទនាហ្នឹងមិនមែនសម្រាប់តែ ហ៊ុន សែន សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទេ គឺរៀបចំសម្រាប់ប្រទេសជាតិយើងសម្រាប់ខ្មែរជំនាន់ក្រោយៗទៀត។ ឱ្យខ្មែរយើងមានវប្បធម៌នេះ ឱ្យបានគង់វង្ស ដើម្បីធានាសុខសន្តិភាព ដើម្បីធានាការគោរពគ្នាទៅវិញទៅមក។ ធានាការប្រមូលកម្លាំងជាតិទាំងអស់។»
លោក សម រង្ស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មានដូចនេះ បន្ទាប់ពីលោកបានការជួបជុំប្រជាពលរដ្ឋចាម នៅភូមិអង្គរជា ឃុំស្រឡប់ ក្នុងឱកាសពិធីស្រាយបួស និងបន្ទាប់ពីលោកចុះពិនិត្យមើលស្ថានភាពដីទំនាស់នៅទីនោះ។
ការឆ្លើយតបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគេនសញ្ញាប័ត្រជូនព្រះសង្ឃកាលពីថ្ងៃទី១៦ ខែកក្កដា។ ក្នុងពិធីនោះ លោក ហ៊ុន សែន ថ្លែងដោយសង្ស័យថា វប្បធម៌សន្ទនារវាងលោក និងលោក សម រង្ស៊ី គឺអាចមានភាពមិនស្មោះត្រង់រវាងគ្នានិងគ្នា។ លើសពីនេះទៀត លោកថា ដៃគូសន្ទនារបស់លោក គឺលោក សម រង្ស៊ី ហាក់ជាអ្នកដើរតួស្លូត ហើយទុកឱ្យមនុស្សមួយចំនួនជាអ្នកបំផ្លាញវប្បធម៌សន្ទនាមួយនេះ។ លោកថែមទាំងព្រមានលុបចោលវប្បធម៌សន្ទនាទៀតផង ប្រសិនបើគណបក្សប្រឆាំងហ៊ានប្ដឹងប្រធានរដ្ឋសភា។
យ៉ាងណាក៏ដោយចុះ លោក សម រង្ស៊ី បញ្ជាក់ទៀតថា វប្បធម៌សន្ទនានឹងកាន់តែរីកចម្រើន ហើយនឹងរីកសាយភាយដល់មន្ត្រីថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋទូទៅដែលមាននិន្នាការគណបក្សនយោបាយខុសគ្នា គឺធ្វើយ៉ាងណាឱ្យពួកគេចេះយោគយល់អធ្យាស្រ័យគ្នា ចេះគោរពគ្នាទៅវិញទៅមក និងត្រូវចេះធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍ជាតិតែមួយ។
ទាក់ទងវប្បធម៌សន្ទនានេះ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ មានប្រសាសន៍ថា វប្បធម៌សន្ទនាពុំមែនជាច្បាប់ឡើយ វាគ្រាន់តែជាការព្រមព្រៀងផ្ទាល់មាត់ ដើម្បីឈានទៅដោះស្រាយបញ្ហាដែលកើតឡើងប៉ុណ្ណោះ។
លោកបន្ថែមថា ដើម្បីឱ្យការសន្ទនានេះ អាចស្មើភាពគ្នាបាន គឺទាមទារឱ្យដៃគូសន្ទនាទាំងនោះមានភាពស្មោះត្រង់ជាមួយគ្នា បើពុំនោះទេ វប្បធម៌សន្ទនាក៏អាចរលាយទៅវិញដែរ៖ «វប្បធម៌សន្ទនា ហ្នឹង មិនមែនសិក្សាចំពោះតែគណបក្សនីមួយៗទេ គឺយើងសិក្សាតាំងពីផ្ទៃក្នុង ប្រជាពលរដ្ឋតូចឡើងទៅថ្នាក់ជាតិ។ អ៊ីចឹងវប្បធម៌សន្ទនាហ្នឹងភាគីទាំងពីរគប្បីបង្ហាញពីភាពស្មោះត្រង់ ពិសេសបំផុតនោះ គឺការសន្ទនាគ្នាដើម្បីរកដំដោះស្រាយឱ្យខ្មែរឯកភាពគ្នាតែមួយ។»
លោកបណ្ឌិត រស់ រ៉ាវុធ ឱ្យដឹងទៀតថា មិនត្រឹមតែទាមទារឱ្យភាគីទាំងពីរមានភាពស្មោះត្រង់ជាមួយគ្នា ប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យពួកគេធ្វើការងារដោយតម្លាភាព ជជែកដោះស្រាយបញ្ហាលើតុជាមួយគ្នាស្មើមុខស្មើមាត់ ពីព្រោះលោកថា អ្វីៗ គឺមិនស្ថិតនៅក្នុងភាពអាថ៌កំបាំងឡើយ។
លោក សម រង្ស៊ី គាំទ្ររាជរដ្ឋាភិបាលប្រកាសស្នើសុំផែនទីពីប្រទេសមហាអំណាច
នៅថ្ងៃនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើលិខិតទៅប្រទេសមហាអំណាច ដើម្បីស្នើសុំយកផែនទីមកផ្ទៀងផ្ទាត់ជាមួយផែនទីប្រើប្រាស់ បច្ចុប្បន្ន។ ការថ្លែងដូចនេះ បន្ទាប់ពីលោកចុះជួបពលរដ្ឋជនជាតិចាម នៅតាមតំបន់មួយចំនួន ដូចជានៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងនៅខេត្តក្រចេះ។
លោក សម រង្ស៊ី មានប្រសាសន៍ថា អ្វីដែលជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីស្វែងរកការពិតសម្រាប់ ដោះស្រាយបញ្ហានានា របស់ជាតិ គឺលោកគាំទ្រនូវរាល់សកម្មភាពទាំងនោះ៖ «បើយើងមិនដឹងការពិត ឬមិនទាន់ដឹងការពិត គឺមិនអាចសម្រេចអ្វីបានទេ។ ដូច្នេះការខិតខំរកការពិតរកឯកសាររកភស្តុតាងទំនាក់ទំនងជាមួយ ប្រទេសជាមិត្តក្នុងពិភពលោក មហាអំណាចដែលគេមានឥទ្ធិពលដែលគេអាចជួយយើងស្វែងរកការពិត។ ធានាការពារបូរណភាពទឹកដីប្រទេសកម្ពុជា គឺជាវិធានការដ៏ត្រឹមត្រូវ។»
កាលពីថ្ងៃទី១៥ ខែកក្កដា ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតចំនួនបីដាច់ដោយឡែកពីគ្នា ប៉ុន្តែមានអត្ថន័យដូចៗគ្នាទៅបណ្ដាប្រទេសមហាអំណាចធំៗ គឺប្រទេសបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ដើម្បីស្នើសុំផែនទីកម្ពុជា ខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ដែលប្រទេសទាំងនោះបានរក្សាទុកតាំងពីឆ្នាំ១៩៦៤ មក។ តាមរយៈលិខិតទាំងនោះ លោកនាយករដ្ឋមន្ត្រី បានស្នើសុំបណ្ដាមេដឹកនាំនៃប្រទេសមហាអំណាចទាំងនោះ ឲ្យកម្ពុជា ខ្ចីផែនទីខ្នាត ១/១០០.០០០ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការរៀបចំ និងអនុវត្តការងារក្នុងការកំណត់ និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាង៕
No comments:
Post a Comment