Paris Peace Accords 23 Oct. 1991

Saturday, July 18, 2015

[Vietnamization] វៀតណាម​ អះអាង​ថា, ​មិន​បាន​ សាងសង់​ សំណង់​ ចូល​ក្នុង​ដី​ ខ្មែរ ​នោះ​ទេ | Vietnam insists it did not build on Cambodian territory

វៀតណាម​ អះអាង​ថា, ​មិន​បាន​ សាងសង់​ សំណង់​ ចូល​ក្នុង​ដី​ ខ្មែរ ​នោះ​ទេ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ កក្កដា ២០១៥

ព្រំដែន កោះធំ ៦២០
ទីតាំង​អាជ្ញាធរ​វៀតណាម ជីក​លេណដ្ឋាន​ធ្វើ​ប៉ុស្តិ៍​យាម​ជា​សំណង់​រឹងមាំ នៅ​ព្រំដែន​ស្ថិត​ក្នុង​ភូមិ​ព្រែកស្បូវ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រដ្ឋាភិបាល​កម្ពុជា អះអាង​ថា តំបន់​​នោះ​ជា​តំបន់​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​ជា​ ផ្លូវ​ការ​នៅ​ឡើយ។ រូបថត​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Sek Bandith

រដ្ឋាភិបាល ​កុម្មុយនិស្ត​ វៀតណាម អះអាង​ ថា, គម្រោង​សំណង់​ ដែល​វៀតណាម បាន​សាងសង់ ​នៅ​តាម​ បណ្ដោយ​ព្រំដែន ​កម្ពុជា-​វៀតណាម ក្នុង​រយៈពេល ​ប៉ុន្មាន​ឆ្នាំ​ ចុង​ក្រោយ​នេះ គឺ​ ស្ថិត​នៅ​លើ​ទឹកដី ​របស់ ​វៀតណាម។

អ្នក​នាំ​ពាក្យ​ ក្រសួង ​ការបរទេស ​វៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បាន​ថ្លែង​ប្រាប់​ បណ្ដាញ​សារព័ត៌មាន​ វៀតណាម នៅ​ថ្ងៃ ​ទី​១៦ កក្កដា ថា, ប្រទេស ​វៀតណាម បាន​គោរព​ យ៉ាង​ខ្ជាប់ខ្ជួន​ នូវ​កិច្ច​ព្រមព្រៀង ​ដែល​បាន​ចុះ​ ជាមួយ​ កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ តំបន់​ព្រំដែន ​ក្នុង​អំឡុង​ពេល ​ដំណើរ​ការ​ បោះ​បង្គោល និង​ខណ្ឌសីមា​ ព្រំដែន ​រវាង​ ប្រទេស​ ទាំង​២។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម រូប​នេះ បញ្ជាក់​ដែរ​ថា ក្នុង​កំណត់​ទូត​របស់​ខ្លួន​ផ្ញើ​ទៅ​កាន់​ក្រសួង​ការបរទេស​កម្ពុជា និង​ទៅ​គណៈកម្មការ​កិច្ចការ​ព្រំដែន ក៏​ដូចជា​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា-​ វៀតណាម ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី​៩ ខែ​កក្កដា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជាក់​ច្បាស់​ហើយ​ថា រាល់​ការ​សាងសង់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម ទាំង​អស់ គឺ​សុទ្ធតែ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ ​វៀតណាម។

លោក ឡេ ហាយ ប៊ិញ ថ្លែង​បន្ត​ថា ភាគី​វៀតណាម ថែម​ទាំង​បាន​ស្នើ​ដល់​ភាគី​កម្ពុជា ជា​ផ្លូវការ​ឲ្យ​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​ យោគ​យល់​គ្នា ដែល​ប្រទេស​ទាំង​២ បាន​ចុះ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១១ ទៀត​ផង នោះ​គឺ​ការ​រក្សា​ស្ថានភាព​នៅ​តាម​ព្រំដែន​ឲ្យ​នៅ​ដដែល រហូត​ដល់​មាន​ការ​បោះ​បង្គោល​ព្រំដែន​ត្រឹមត្រូវ។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា ភាគី​កម្ពុជា មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​ប្រកប​ដោយ​សុឆន្ទៈ​របស់​វៀតណាម នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​វៀតណាម បាន​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម លើក​ឡើង​នៅ​ពេល​នេះ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​នៅ​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ ភាគី​វៀតណាម បាន​សន្យា​ថា នឹង​លុប​ស្រះ​ជីក​នៅ​ក្នុង​ខេត្ត​រតនគិរី ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​ផ្អាក​ការ​សាងសង់​ផ្លូវ​នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង តាម​ការ​តវ៉ា​របស់​កម្ពុជា។

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​វៀតណាម នេះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏ដោយ អ្នកស្រី​បញ្ជាក់​ថា ដរាប​ណា​ប្រទេស​វៀតណាម ធ្វើ​ការ​សាងសង់​សំណង់​រំលោភ​បំពាន​ចូល​ទឹក​ដី​កម្ពុជា នោះ​កម្ពុជា នឹង​នៅ​តែ​បន្ត​ការ​តវ៉ា៕



No comments:

Post a Comment