Paris Peace Accords 23 Oct. 1991

Friday, July 3, 2015

[Vietnamization] តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ នៅ​តែ​ ថា, ​រដ្ឋាភិបាល​ មិន​ប្រើ​ ផែនទី​ តម្កល់ នៅ​អង្គការ​ សហប្រជាជាតិ | CNRP parliamentarians still say govt not using the map given to UN

តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ នៅ​តែ​ ថា, ​រដ្ឋាភិបាល​ មិន​ប្រើ​ ផែនទី​ តម្កល់ នៅ​អង្គការ​ សហប្រជាជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ កក្កដា ២០១៥

វ៉ា គឹមហុង ៦២០ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

ចំណែក​មួយ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang


បញ្ហា​ព្រំដែន​ រវាង ​កម្ពុជា និង​វៀតណាម នៅ​តែ​ ជា​រឿង​ ដ៏​រសើប និង​មាន​ភាព ​ចម្រូងចម្រាស បើ ​ទោះ​ជា​ គណៈកម្មាធិការ ​នៃ​ប្រទេស​ពីរ កំពុង​បន្ត​ បោះ​បង្គោល ​ព្រំដែន ​ក៏ដោយ។

គណៈកម្មាធិការ​ ព្រំដែន ​របស់ ​រដ្ឋាភិបាល បាន​បង្ហាញ ​ពី​ភាព​ស្អាតស្អំ​ របស់​ខ្លួន ជុំវិញ​ ការ​បោះ​បង្គោល​ ព្រំដែន ដោយ​យោង​ លើ​ផែនទី​ ដែល​តម្កល់​ នៅ​អង្គការ ​សហប្រជាជាតិ នៅ​ព្រឹក​ថ្ងៃ​ ទី​២ ខែ​កក្កដា, ប៉ុន្តែ​ ខាង​គណបក្ស​ ជំទាស់​វិញ នៅ​តែ ​បដិសេធ​ ថា, ការ​បោះ​បង្គោល​ ព្រំដែន​នេះ រដ្ឋាភិបាល ​ពុំ ​បាន​ប្រើប្រាស់​ ខ្នាត​ផែនទី ១/១០០.០០០ ដែល​តម្កល់​ នៅ​អង្គការ​ សហប្រជាជាតិ ទេ។

មន្ត្រី​ ជាន់​ខ្ពស់ ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ក្នុង​ការ​កំណត់​ខណ្ឌ​សីមា​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​សំអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ គឺ​ផ្អែក​លើ​ផែនទី​ដែល​កម្ពុជា បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​គោល។
ការ​បញ្ចេញ​ឯកសារ​ដ៏​កម្រ ជុំវិញ​ការ​កំណត់​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស​ជាមួយ​វៀតណាម នេះ គឺ​រដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ និង​ចេះ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​រឿង​ព្រំដែន​នេះ​ត​ទៅ​ទៀត។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ថា ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម នេះ គឺ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​ជា​មូលដ្ឋាន ក្នុង​ការ​វាស់វែង​ខណ្ឌ​សីមា​ជាមួយ​វៀតណាម។ លោក​បន្ត​ថា «ផែនទី ​ទី​ពីរ​ដែល​យើង​ខ្ញុំ​ចង់​បង្ហាញ​ជូន​នៅ​ពេល​នេះ គឺ​ជា​ផែនទី​ដែល​យើង​បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជ​បញ្ជា​របស់​សម្ដេច​ព្រះ​នរោត្ដម សីហនុ។ ពេល​នោះ ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ។ ផែនទី​នេះ​យើង​មក​ពី​សហរដ្ឋ​អាមេរិក ពី​អង្គការ​សហប្រជាជាតិ ហើយ​និង​ផែនទី​មួយ​ទៀត យើង​ខ្ញុំ​នឹង​លា​ជូន​បន្តិច​ទៀត​នេះ គឺ​ជា​ផែនទី​ដែល​រក្សា​ទុក​នៅ​នាយកដ្ឋាន​ភូមិសាស្ត្រ​កម្ពុជា យើង​នៅ​ទីក្រុង​ភ្នំពេញ​នេះ។»

សន្និសីទ​កាសែត​ដែល​រៀបចំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វ៉ា គឹមហុង បាន​បង្ហាញ​ផែនទី​ចំនួន ២៦​ផ្ទាំង ដែល​សំអាង​ថា ជា​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​ឆ្នាំ​១៩៦៤។ មួយ​វិញ​ទៀត ផែនទី​ស​ដែល​ពុំ​មាន​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ជា​ផែនទី​បាន​ឯកភាព​ជាមួយ​វៀតណាម ក៏​ត្រូវ​បាន លោក វ៉ា គឹមហុង បង្ហាញ​ជា​សាធារណៈ​ផង​ដែរ។ ក្រៅ​ពី​នេះ នៅ​មាន​ផែនទី​ស​ខ្មៅ​ដែល លោក វ៉ា គឹមហុង បញ្ជាក់​ថា កំពុង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ សព្វថ្ងៃ​ថែម​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ផែនទី​ដែល​បាន​បង្ហាញ​នេះ គឺ​ជា​ផែនទី​ដែល​ផលិត​ដោយ​វៀតណាម ពុំ​មែន​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទេ។ ដោយ​ហេតុ​ថា ផែនទី​ដែល​បាន​បង្ហាញ​ទាំង​នេះ គឺ​ពុំ​មាន​ត្រា​ដែល​បញ្ជាក់​ដូច​ដែល​ផែនទី​តម្កល់​នៅ​អង្គការ​ប្រជាជាតិ ឡើយ។

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំអាន ថ្លែង​ថា លោក​មាន​ផែនទី​នៅ​ក្នុង​ដៃ​ទទួល​បាន​ពី​ប្រទេស​បារាំង ហើយ​អាច​បញ្ជាក់​បាន​ថា ផែនទី​ដែល លោក វ៉ា គឹមហុង បង្ហាញ​នេះ​មិន​ពិត​នោះ​ទេ។

យ៉ាង​ណា ភាព​តានតឹង និង​ការ​ខ្វែង​គំនិត​គ្នា ក៏​បាន​ចាប់​ផ្ដើម​ឡើង​ភ្លាមៗ​បន្ទាប់​ពី​បទ​បង្ហាញ​របស់ លោក វ៉ា គឹមហុង ពន្យល់​ពី​ច្រក​តន់​ហន់ ខេត្ត​កំពត និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ លោក វ៉ា គឹមហុង បាន​ស្ដី​បន្ទោស​គណបក្ស​ប្រឆាំង​រឿង​ព្រំដែន​នេះ​ថា ធ្វើ​ឡើង​ដើម្បី​ប្រជាប្រិយភាព និង​ទាក់ទាញ​ផ្នែក​នយោបាយ។ ដោយឡែក​គណបក្ស​ប្រឆាំង​វិញ ចាត់​ទុក​សកម្មភាព​នេះ គឺ​ពុំ​មែន​ដើម្បី​ហេតុផល​នយោបាយ​ទេ ក៏ប៉ុន្តែ​ថា​ជា​រឿង​ជាតិ​ទាំង​មូល។

តំណាង​រាស្ត្រ​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ុំ សំអាន និង​លោក រៀល ខេមរិន្ទ្រ បាន​ជំទាស់​ភ្លាម​មួយ​រំពេច ដោយ​ច្រាន​ចោល​បទ​អន្តរាគមន៍​ជុំវិញ​ខ្សែ​បន្ទាត់​ព្រំដែន​លើ​គោលដៅ​ទាំង ២​ចំណុច​នេះ។ ការ​ជំទាស់​នេះ ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ចាត់​ទុក​ថា ផែនទី​ដែល​បាន​បង្ហាញ​នេះ គឺ​ជា​ការ​គូស​វាស​ដោយ​វៀតណាម ហើយ​ពុំ​អាច​ទទួល​យក​បាន ព្រោះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាតបង់​ទឹក​ដី​ជាច្រើន​ទៅ​វៀតណាម។
បើ​ទោះ​ជា​បែប​ណា លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក​មិន​ទទួល​ស្គាល់​ផែនទី​នេះ ហើយ​ថា មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ​ចំពោះ​ការ​បកស្រាយ​តាម​រយៈ​ការ​បង្ហាញ​ផែនទី​ នេះ។ លោក​បន្ថែម​ថា ផែនទី​ទាំង​អំបាលម៉ាន​ដែល លោក វ៉ា គឹមហុង លាត​ត្រដាង​ជា​សាធារណៈ ពុំ​មែន​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទេ។ លោក​បន្ត​ថា «មិន​អាច​ទទួល​យក​បាន​ទេ គឺ​សរុប​ទូទៅ ផែនទី​ហ្នឹង​គូស​ដោយ​យួន ក្នុង​សហស្សវត្ស​ឆ្នាំ​១៩៨០ ហើយ​ធ្វើ​ក្នុង​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៨៥ បាន​វៀតណាម ធ្វើ​សន្ធិសញ្ញា ហើយ​សម័យ​នោះ យើង​មិន​មាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ ទេ។ រដ្ឋាភិបាល​ត្រូវ​លើក​បន្តុប​ដោយ​វៀតណាម។ ដូច្នេះ វៀតណាម ធ្វើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ហើយ​ដល់​ហ្នឹង​ធ្វើ​ផែនទី​ភ្ជាប់​ទៀត។ ផែនទី​ភ្ជាប់​ហ្នឹង​មាន​ចំនួន ៦៦​ផ្ទាំង។»

ជុំវិញ​រឿង​ព្រំដែន​នេះ លោក វ៉ា គឹមហុង អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន គឺ​ពិត​ជា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាតបង់​ទឹក​ដី​ជាមួយ​វៀតណាម ទេ។ មួយ​វិញ​ទៀត ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួច​ជា​ស្ថាពរ នឹង​ដឹង​ថា ដី​កម្ពុជា នៅ​ត្រង់​ណា ហើយ​ដី​វៀតណាម នៅ​ត្រង់​ណា​ហើយ។ ដោយឡែក​ការ​រំកិល​ព្រំដែន​នោះ ភាគី​ទាំង​ពីរ​នឹង​ដោះស្រាយ​តាម​យន្តការ​សន្តិភាព និង​កែ​សម្រួល​នៅ​ពេល​នោះ​ដែរ។

បើ​ទោះ​ជា​បែប​ណា ក្រោយ​ពី​កិច្ច​អន្តរាគមន៍​របស់ លោក វ៉ា គឹមហុង ត្រូវ​បិទ​បញ្ចប់ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​កាសែត ត្រូវ​បាន​ក្រុម​សន្តិសុខ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បណ្ដេញ​ចេញ​មិន​ឲ្យ​ធ្វើ​បទសម្ភាសន៍​តំណាង​រាស្ត្រ​ក្នុង​បរិវេណ​ទីស្ដីការ​ ឡើយ។ បម្រាម​ដែល​ពុំ​បាន​បញ្ជាក់​ពី​ហេតុផល​នេះ ត្រូវ​បាន​ក្រុម​សន្តិសុខ​សំអាង​ថា ជា​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ។

ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​អ្នក​កាសែត និង​អ្នក​តំណាង​រាស្ត្រ​នេះ កម្ពុជា ស្ទើរ​ក្លាយ​ជា​វប្បធម៌​មួយ​ថ្មី​ទៀត​ទៅ​ហើយ​ក្នុង​បរិបទ​នយោបាយ​នៅ​កម្ពុជា ព្រោះ​ការ​បណ្ដេញ​នេះ នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​បណ្ដេញ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​កាសែត​ចេញ​ពី​បរិវេណ​សភា​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១ កក្កដា៕










No comments:

Post a Comment