លោក ហ៊ុន សែន ឆ្លើយតប សំណើសុំ ឲ្យប្ដឹង បញ្ហាព្រំដែន ទៅតុលាការ អន្តរជាតិ
RFA / វិទ្យុ អាស៊ី សេរី | ២៩ កក្កដា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា នេះ បានផ្ញើលិខិត ជូនប្រធាន រដ្ឋសភា ជាការឆ្លើយតប នឹងសំណើ របស់ តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ កន្លងមក ដែលស្នើសុំ រដ្ឋាភិបាល លើកយកបញ្ហា ជម្លោះព្រំដែន ជាមួយ ប្រទេស វៀតណាម ប្ដឹងទៅតុលាការ យុត្តិធម៌ អន្តរជាតិ (ICJ)។
លិខិតចុះហត្ថលេខាកាលពីថ្ងៃ២៤ ខែកក្កដា របស់លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាព្រំដែនត្រូវបានគេយកមកធ្វើជាកម្មវត្ថុនៃអាជីវកម្មជាប់ជា ប្រចាំ ក្នុងទិសដៅកេងចំណេញខាងផ្នែកនយោបាយសម្រាប់ក្រុម និងគណបក្សរបស់ពួកគេ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រីឆ្លើយតបនឹងសំណើរបស់ក្រុម តំណាងរាស្ត្របក្សប្រឆាំងតាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យដឹងថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយម្ដងណាឡើយចំពោះរាល់បញ្ហាព្រំដែន ដែលកើតមានឡើងតាមបណ្ដោយព្រំដែន។ រាជរដ្ឋាភិបាលបានធ្វើលិខិតផ្លូវការ និងបានចេញកំណត់ការទូតតវ៉ាទៅភាគីវៀតណាម ជាច្រើនលើក។
លើសពីនេះទៀត នៅថ្ងៃទី៦ ខែកក្កដា និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានស្នើទៅអង្គការសហប្រជាជាតិ និងទៅប្រទេសមហាអំណាច បារាំង អាមេរិក និងអង់គ្លេស សុំខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជា ប្រគល់ឲ្យអន្តរជាតិទទួលស្គាល់ព្រំដែនរវាងកម្ពុជា និងវៀតណាម នៅឆ្នាំ១៩៦៤ ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយផែនទីដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់។
តបទៅនឹងលិខិតនោះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលសកម្មក្នុងការតវ៉ាអំពីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ថ្លែងថា រដ្ឋាភិបាលហាក់បន្ទន់ឥរិយាបថខ្លាំងក្នុងបញ្ហាព្រំដែនជាមួយវៀតណាម ជាងបញ្ហាព្រំដែនជាមួយថៃ។ លោកបន្តថា អស់រយៈពេល ៣៦ឆ្នាំហើយ បញ្ហាព្រំដែនមិនគួរនៅតែជាកម្មវត្ថុដែលត្រូវគោរពដឹងគុណវៀតណាម ដោយសារការចូលឈ្លានពានប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហមទៀតនោះទេ។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា និងវៀតណាម បានបោះបង្គោល និងកំណត់ខ្សែព្រំដែន បានប្រមាណ ៨៣% ហើយ៕
No comments:
Post a Comment