Paris Peace Accords 23 Oct. 1991

Saturday, July 25, 2015

[Vietnamization] លោក ហ៊ុន សែន ប្រាប់​មន្ត្រី​ ត្រៀម​ទទួល​យក​ ផែនទី​ ពី​អង្គការ​ សហប្រជាជាតិ | Hun Sen tells officials to be ready to receive map from UN

លោក ហ៊ុន សែន ប្រាប់​មន្ត្រី​ ត្រៀម​ទទួល​យក​ ផែនទី​ ពី​អង្គការ​ សហប្រជាជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ កក្កដា ២០១៥

ព្រំដែន កោះធំ ៦២០
សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Rann Samnang

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ ​ឲ្យ​អ្នក​ជំនាញ រួម​នឹង​សាក្សី​ផង ឲ្យ​ត្រៀម​ខ្លួន​ ទទួល​យក ​ផែន​ទី​ ចំនួន ១៨​ផ្ទាំង ដែល​អង្គការ ​សហប្រជាជាតិ​ គ្រោង ​នឹង​ប្រគល់​ ឲ្យ​កម្ពុជា ទៅ​តាម​ ការ​ស្នើ​សុំ ​របស់​ រដ្ឋាភិបាល។

បើ ​ទោះ​ជា​មាន​បញ្ជា ​ពី​ប្រមុខ​រដ្ឋាភិបាល​អោយ​ត្រៀមខ្លួន​យ៉ាង​នេះ​ក្ដី ក៏​រដ្ឋាភិបាល​នៅ​មិន​ទាន់​ដឹង​ពី​ពេល​វេលា​ជាក់លាក់ ដែល​ផែនទី​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា នៅ​ឡើយ។

ក្រុម​ដែល​លោក​នាយករដ្ឋមន្ត្រី ប្រាប់​អោយ​រង់ចាំ​ទទួល​យក​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​នោះ​រួម​មាន ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន និង​ផែនទី រួម​នឹង​រាជបណ្ឌិត្យសភា​ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​ទទួល​យក​ដើម្បី​ធ្វើ​ ការងារ​បន្ត។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឈឺ​ឆ្អាល​រឿង​នេះ ក៏​អាច​ចូលរួម​ធ្វើ​ជា​សាក្សី​ដែរ។

ការ​ដាក់​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា បន្ទាប់​ពី​រដ្ឋាភិបាល​ទទួល​បាន​ដំណឹង​ថា អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ផែនទី​ចំនួន ១៨​ផ្ទាំង ជា​ផែន​ទី​កម្ពុជា។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ផែនទី​ដែល​អង្គការ​សហប្រជាជាតិ​នឹង​ផ្ញើ​មក​អោយ​កម្ពុជា នោះ គឺ​ជា​ផែនទី​ដែល​កម្ពុជា ធ្លាប់​ប្រើប្រាស់​សម្រាប់​តតាំង​នឹង​បញ្ហា​ព្រំដែន ក្នុង​របប​ដឹក​នាំ​ដោយ​ព្រះ​បរម​រតនកោដ្ឋ សម្ដេច​ព្រះ​នរោត្តម សីហនុ។

លោក ផៃ ស៊ីផាន បន្ត​ថា គឺ​ផែនទី​ដូច​គ្នា​នោះ​ហើយ ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ក្នុង​ដំណើរការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស ​ជិតខាង។ លោក​ថា រដ្ឋាភិបាល​ពុំ​បាន​ប្រើប្រាស់​មាន​ផែនទី​ណា ដែល​បោះ​ពុម្ព​ដោយ​វៀតណាម​ឡើយ។

ទាក់ទង​នឹង​ការ​បញ្ជូន​ផែនទី​មក​កម្ពុជា អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អ្នកស្រី អ៊ីរី កានិកូ (Eri Kaneko) បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គេ​បាន​ចែក​រំលែក​ផែនទី​ចំនួន ១៨​ផ្ទាំង​ជាមួយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ហើយ​អង្គការ​សហ​ប្រជាជាតិ​នឹង​បន្ត​ស្វែង​រក​ឯកសារ​ផ្សេង​ទៀត។

ការ​ឆ្លើយ​តប​របស់​អង្គការ​សហប្រជាជាតិ​នេះ គឺ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​ស្នើ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដោយ​ស្នើ​សុំ​ផែន​ទី​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។

ករណី​នេះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​បាន​សាទរ ប៉ុន្តែ​ក៏​ទាមទារ​អោយ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ជំហាន​បន្ទាប់​ក្នុង​ការ​ ផ្ទៀងផ្ទាត់​ផែនទី ដើម្បី​បន្ត​ទៅ​ផ្ទៀងផ្ទាត់​ការ​បោះ​បង្គោល​ព្រំដែន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​តែង​ឈឺ​ឆ្អាល​បញ្ហា​ព្រំដែន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បង្កើត​អោយ​មាន​គណៈកម្មការ​មួយ ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​រួម​គ្នា​លើ​បញ្ហា​ ព្រំដែន។

មិន​ខុសគ្នា​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ទិប ទាវ មាន​ប្រសាសន៍​ដែរ​ថា រដ្ឋាភិបាល​មិន​ត្រូវ​បញ្ចប់​ត្រឹម​តែ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ឡើយ គឺ​ចាំបាច់​ត្រូវ​ផ្ទៀងផ្ទាត់​ស្ថានភាព​លើ​ដី ដើម្បី​អោយ​ប្រាកដ​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​ចំពោះ​ការ​មិន​បាត់បង់​ដី​ទៅ​អោយ​ប្រទេស​ជិត​ខាង ​នោះ​ជា​ការពិត។

បើ​ទោះ​ជា​មាន​សំណូមពរ​បែប​នេះ​ក្ដី ក៏​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នៅ​មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ នៅ​ក្រោយ​ពេល​កម្ពុជា ទទួល​បាន​ផែនទី​នោះ​នៅ​ឡើយ៕



No comments:

Post a Comment