ប្រធាន អង្គការខ្មែរ ម្នាក់ ត្រូវ វៀតណាម ចាប់ខ្លួន ពេលទៅមើល ព្រំដែន នៅស្វាយរៀង
RFA / វិទ្យុ អាស៊ី សេរី | ៤ កក្កដា ២០១៥
ជនជាតិ វៀតណាម នៃខេត្ត ឡុងអាន (Long Ann) បានចាប់បុរស ម្នាក់ ជាប្រធាន អង្គការ សិទ្ធិកុមារ ស៊ី រ៉ៃត៍ (C Rights) កាលពីរសៀល ថ្ងៃទី៤ ខែកក្កដា នេះ។
ការចាប់ខ្លួននេះ ធ្វើឡើង នៅពេល ដែលលោក ផែន ប៊ុនធឿន បាននាំកុមារ និងយុវជន ប្រមាណ ៤០នាក់ ចុះមើល បង្គោលព្រំដែន លេខ២០៣ នៅចំណុច ភូមិ ធ្លកថ្មី, ឃុំ ត្នោត, ស្រុក កំពង់រោទិ៍, ខេត្ត ស្វាយរៀង។
យុវជនឈ្មោះ យឺន និវត្តន៍ ដែលបានចូលរួមទៅតំបន់ព្រំដែននោះ បានឲ្យដឹងថា ពលរដ្ឋវៀតណាមបាននាំគ្នាមួយក្រុមចូលមកវាយពួកគេក្នុងទឹកដី ខ្មែរ។ ក្រុមជនជាតិវៀតណាម ទាំងនោះ បានប្រើដំបង និងដុំដីក្នុងពេលប៉ះទង្គិចនោះ ហើយពលរដ្ឋវៀតណាម មួយចំនួនកាន់កាំបិតនៅនឹងដៃផង។ បន្ទាប់ពីដេញវាយ ត្រូវក្បាលប្រធានអង្គការនោះហើយ ជនជាតិវៀតណាម បាននាំបុរសនោះចូលក្នុងទឹកដីរបស់គេបាត់ទៅ។ ទោះយ៉ាងណាករណីនេះពួកគេបានប្ដឹងទៅអាជ្ញាធរខ្មែរ តែរហូតមកដល់ម៉ោងប្រមាណ ៧យប់ថ្ងៃដដែល ពួកគេនៅពុំទាន់ទទួលបានដំណឹងថា យ៉ាងណានៅឡើយ។
ចំណែកអាជ្ញាធរក្នុងមូលដ្ឋានក៏ពុំទាន់អាចទាក់ទងដើម្បីបញ្ជាក់ព័ត៌មានបន្ថែមបាននៅឡើយដែរ។
ទីតាំងដែលពលរដ្ឋវៀតណាម ចាប់ខ្លួនប្រធានអង្គការខ្មែរនេះ គឺជាទីតាំងតែមួយដែលពលរដ្ឋខ្មែរ និងវៀតណាម បានប៉ះប្រយុទ្ធគ្នាមួយប្រាវបណ្ដាលឲ្យរបួសរៀងៗខ្លួន កាលពីថ្ងៃទី២៨ ខែមិថុនា។ ការប៉ះទង្គិចគ្នានេះ នៅពេលដែលពលរដ្ឋវៀតណាម រារាំងមិនឲ្យខ្មែរចូលទៅពិនិត្យព្រំដែន៕
No comments:
Post a Comment