Paris Peace Accords 23 Oct. 1991

Sunday, July 5, 2015

លោក នី ចរិយា នឹង​ចូល​បំភ្លឺ​ តាម​ការ​កោះ​ហៅ​ របស់​ តុលាការ​ នៅ​ថ្ងៃ​ ១៣ កក្កដា | Ny Chakrya will appear according to summons of court on July 13

លោក នី ចរិយា នឹង​ចូល​បំភ្លឺ​ តាម​ការ​កោះ​ហៅ​ របស់​ តុលាការ​ នៅ​ថ្ងៃ​ ១៣ កក្កដា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ កក្កដា ២០១៥

នី ចរិយា ៦២០
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ដាក់​ពាក្យ​​ប្ដឹង​​មន្ត្រី​តុលាការ ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។  RFA/Leng Maly

សកម្មជន​ សិទ្ធិមនុស្ស លោក នី ចរិយា នឹង​ចូល​ខ្លួន ​តាម​ការ​កោះ​ហៅ ​របស់​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​ទី​១៣ ខែ​កក្កដា ខាង​មុខ​នេះ ដើម្បី​ បំភ្លឺ​ ជុំវិញ​ បទ​ចោទ​ប្រកាន់ ​ពី​បទ​បរិហារ​ បង្កាច់​កេរ្តិ៍ តប​តាម​បណ្ដឹង ​របស់​លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញា​រង និង​លោក គី រិទ្ធី ចៅក្រម​ នៃ​តុលាការ ​ខេត្ត​ សៀមរាប។  សកម្មជន​ សិទ្ធិមនុស្ស ​រូប​នេះ​ បង្ហាញ​ជំហរ​ បាន​ត្រៀម​ខ្លួន ដោយ​មិន​ភ័យ​ខ្លាច ​នោះ​ទេ។


សកម្មជន​សិទ្ធិមនុស្ស លោក នី ចរិយា បញ្ជាក់​ថា លោក​ត្រៀម​ភស្តុតាង​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ចូល​ខ្លួន​តាម​ការ​កោះហៅ​ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា វេលា​ម៉ោង ៨:០០​ព្រឹក។  លោក​ថា លោក​មិន​តក់ស្លុត ព្រោះ​អ្វី​ដែល​លោក​បាន​ធ្វើ​កន្លង​មក គឺ​ជា​កាតព្វកិច្ច​ការពារ​សិទ្ធិមនុស្ស មិន​មែន​ដើម្បី​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ថា តុលាការ​កោះ​ហៅ​បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដែល​បាន​រិះគន់​មន្ត្រី​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជម្លោះ​ដីធ្លី​មួយ​ រវាង​ប្រជាពលរដ្ឋ ១៩​គ្រួសារ​នៅ​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប និង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម។

​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូប​នេះ បាន​ចាត់​ទុក​ថា រាល់​ការ​កោះ​ហៅ​រូប​លោក គឺ​ជា​ការ​ប៉ុនប៉ង​បំបិទ​សិទ្ធិ​សេរីភាព​របស់​លោក​ដើម្បី​ចូល​រួម​សកម្មភាព​ ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក នី ចរិយា ប្រកាស​ថា លោក​នឹង​យក​ភស្តុតាង​ជុំវិញ​ការ​ចោទ​ប្រកាន់​លោក​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ នៅ​ពេល​ខាង​មុខ​នេះ៖ «នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​ សមាគម​អាដហុក និង​រូប​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​នោះ​ឡើយ ក្នុង​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នេះ ហើយ​ខ្ញុំ​ក៏​បាន​ត្រៀម​ភស្តុតាង​រួច​ហើយ​ដែរ។»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញា​រង និង​លោក គី រិទ្ធី ចៅក្រម​នៃ​តុលាការ​ខេត្ត​សៀមរាប ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បាន​នៅ​ឡើយ​ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។

ទន្ទឹម​នឹង​ការ​បង្ហាញ​ជំហរ​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក នី ចរិយា នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Frontline Defenders ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ឌុបលីន (Dublin) ប្រទេស​អៀរឡង់ (Ireland) បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា ទម្លាក់​ចោល​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​នូវ​បទ​ចោទ​ព្រហ្មទណ្ឌ​ចំពោះ​សកម្មជន​ការពារ​ សិទ្ធិមនុស្ស​ក្នុង​ស្រុក​រូប​នេះ។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ យុត្តិធម៌​នៅ​កម្ពុជា ដែល​រារាំង​ការងារ​ស្រប​ច្បាប់​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

ទាក់ទង​នឹង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​ដ៏​ចម្រូងចម្រាស និង​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់​ពី​សំណាក់​តុលាការ​ខេត្ត​សៀមរាប​ នេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា កន្លង​ទៅ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ដាក់​បណ្ដឹង​ទៅ​ឧត្ដមក្រុមប្រឹក្សា​អង្គ​ចៅក្រម តុលាការ​កំពូល និង​អគ្គព្រះរាជអាជ្ញា​ប្រឆាំង​នឹង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ទាំង​ពីរ​រូប​នោះ។

តែ​ទោះ​ជា​យ៉ាង​ណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មិន​ត្រូវ​បាន​ស្ថាប័ន​ទាំង​នោះ​ចាត់ការ​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ ផ្ទុយ​ទៅ​វិញ បណ្ដឹង​ប្រឆាំង​នឹង​រូប​លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​មុន​ទៅ​វិញ៕



No comments:

Post a Comment