Paris Peace Accords 23 Oct. 1991

Thursday, July 16, 2015

[Vietnamization] បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល ​រិះគន់ ​ការ​កំណត់​ព្រំដែន​ តាម​ខ្សែ​ ទឹក​ព្រែក ​វិញតេ​ ខេត្ត​កំពត | Opposition party, civil society criticize border demarcation along ponds/rivers in Kampot

បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល ​រិះគន់ ​ការ​កំណត់​ព្រំដែន​ តាម​ខ្សែ​ ទឹក​ព្រែក ​វិញតេ​ ខេត្ត​កំពត

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ កក្កដា ២០១៥

ព្រំដែន តន់ហន់ ៦២០
១៤-ឧសភា-២០១៥៖ ព្រែក​វិញតេ ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់ ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម ហើយ​នៅ​មុន​ឆ្នាំ​១៩៧៩ គឺ​ពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​បាន ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ ជា​កម្មសិទ្ធិ​វៀតណាម ផ្តាច់​មុខ។  RFA/Tha Kitya

មន្ត្រី ​រដ្ឋាភិបាល ​ទទួល​បន្ទុក ​កិច្ចការ​ព្រំដែន ទទួល​ស្គាល់​ ថា, ការ​កំណត់​ ព្រំដែន ​តាម​រយៈ ​ខ្សែ​ទឹក ​នៅ​ចំណុច ​ព្រែក​វិញតេ ឬ​ព្រែក​ក្រប៉ៅ គឺ​ កម្ពុជា មិន​ធ្វើ​អ្វី​ បាន​ ក្រៅ​ពី​តាម​ ការ​បញ្ជា របស់​ វៀតណាម នោះ​ឡើយ។  ជុំវិញ​រឿង​នេះ ទាំង​គណបក្ស ​ប្រឆាំង និង​ក្រុមប្រឹក្សា​ ឃ្លាំ​មើល ​កម្ពុជា រិះគន់​ ថា, ទាំង​នេះ គឺ​ ជា​ចំណុច​ខ្សោយ ​របស់​ កម្ពុជា, ហើយ​ ការ​កំណត់​ព្រំដែន​ ជាមួយ ​វៀតណាម នេះ នឹង​រឹត​តែ ​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ បាត់​បង់ ​ទឹក​ដី​ បន្ថែម​ទៀត​ ទៅ​ភាគី​ វៀតណាម។

គណបក្ស​ ដែល​មាន​សំឡេង​ ភាគ​តិច​ នៅ​ក្នុង​រដ្ឋសភា និង​អង្គការ​សង្គម​ស៊ីវិល ហៅ​ភាព​មិន​ស្វាហាប់​របស់​រដ្ឋាភិបាល​លើ​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​គោក​ តាម​រយៈ​ខ្សែ​ទឹក ដែល​មាន​ភាព​ចម្រូងចម្រាស​នៅ​ត្រង់​ព្រែក​វិញតេ ថា​ជា​ការ​ដែល​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​លើស​ពី​ការ​រំពឹង​ទុក ដែល​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល តែង​ចោទ​ប្រកាន់​ក្នុង​ពេល​កន្លង​ទៅ។
ប្រតិកម្ម​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ ១​ថ្ងៃ បន្ទាប់​ពី លោក វ៉ា គឹមហុង សារភាព​ថា លោក​មិន​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​ភាគី​វៀតណាម ឲ្យ​អនុវត្ត​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ បាន​ទេ។

នៅ​ក្នុង​បទ​អន្តរាគមន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ របស់​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បញ្ជាក់​ថា កម្ពុជា ពិត​ជា​ពិបាក​ធ្វើ​ការ​ជាមួយ​វៀតណាម ណាស់ ក្នុង​ការ​កំណត់​ព្រំដែន​គោក​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ ក្នុង​ខេត្ត​កំពត នេះ។ លោក វ៉ា គឹមហុង អះអាង​ថា ការ​ខ្វែង​គំនិត​គ្នា​នេះ ដោយសារ​កម្ពុជា ទាមទារ​ការ​កំណត់​ព្រំដែន​ដោយ​ផ្អែក​លើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​ សហប្រជាជាតិ ក៏ប៉ុន្តែ​ភាគី​វៀតណាម ជំទាស់ ហើយ​បង្ខំ​ឲ្យ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨៥។ លោក​បន្ត​ថា «វៀតណាម គេ​មិន​ទទួល​ស្គាល់​ទេ គេ​ទាញ​តាម​ខ្សែ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​គូស​ច្បាស់​ថា​ខ្សែ​ព្រំដែន​ឃ្លាត​ចេញ​ពី​ច្រាំង​ព្រែក​វិញតេ ១៥០​ម៉ែត្រ កន្លែង​ខ្លះ​ជិត ២០០​ម៉ែត្រ។ គេ​ដាច់​ខាត​គេ​មិន​ទទួល​យក​ខ្សែ​ទម្លាក់​កណ្ដាល​ខ្សែ​ទឹក​ទេ»

ទាក់ទង​បញ្ហា​នេះ ជា​ញឹកញយ គណបក្ស​ប្រឆាំង​តែង​ចោទ​ប្រកាន់​គណៈកម្មការ​ព្រំដែន​ថា ការ​កំណត់​បង្គោល​ព្រំដែន រដ្ឋាភិបាល​ពុំ​ដែល​បាន​អនុវត្ត​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​ សហប្រជាជាតិ ម្ដង​ណា​ទេ។ មួយ​វិញ​ទៀត នៅ​លើ​ទីតាំង​ដែល​កំពុង​មាន​ភាព​ប្រទាញប្រទង់​នេះ​ទៀត​សោត គឺ​រដ្ឋាភិបាល​តែង​ច្រាន​ចោល​ការ​រិះគន់​ជា​ហូរហែ​មក​ហើយ ក៏ប៉ុន្តែ​នៅ​ក្នុង​បទ​បង្ហាញ​ជាច្រើន​ម៉ោង​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ស្ដីពី​បច្ចុប្បន្ន​ភាព និង​ការ​ផ្សព្វផ្សាយ​រឿង​ព្រំដែន​នេះ​វិញ លោក វ៉ា គឹមហុង ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាព​ស្មុគស្មាញ និង​តានតឹង​ជាមួយ​វៀតណាម មែន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ស្ងប់ស្ងាត់ និង​លាក់​បំពួន​ភាព​អន់​ថយ​បែប​នេះ​ត​ទៅ​ទៀត នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ដី​លើស​ពី​អ្វី​ដែល​ពលរដ្ឋ​បាន​គិត​នោះ​ថែម​ទៀត។ លោក​ថ្លែង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​មួយ​នេះ ត្រូវ​លើក​វិវាទ​ដោះស្រាយ​នៅ​ថ្នាក់​អន្តរជាតិ​វិញ​ម្ដង។ លោក​បន្ត​ថា «រអ៊ូរទាំ ​របស់ លោក វ៉ា គឹមហុង ដោយសារ​គាត់​មិន​ព្រម​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បើ​ប្ដឹង​ទៅ​ប្រាកដ​ជា​ឲ្យ​ប្រើ​អ្វី​ដែល​ជា​ច្បាប់​អន្តរជាតិ ព្រោះ​តាម​ច្បាប់​អន្តរជាតិ គេ​ថា​ដើម្បី​សុខ​សន្តិភាព​របស់​ពិភពលោក ប្រទេស​ទាំងអស់​ត្រូវ​កំណត់​ព្រំដែន​ដោយ​អាណានិគម​និយម។ អាណានិគម​និយម គេ​សំដៅ​លើ​អាណានិគម​និយម​បារាំង ឬ​ក៏​អង់គ្លេស»

ជុំវិញ​វិវាទ​ព្រំដែន​នេះ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដាក់​លិខិត​កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ទៅ លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា ដោយ​ស្នើ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដោយ​ត្រូវ​រង់ចាំ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ រួច​សិន ឬ​ក្រោយ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ ព្រំដែន ដែល​មាន​សមាសភាព​ចម្រុះ​ចូលរួម គឺ​តំណាង​បក្ស​កាន់​អំណាច និង​គណបក្ស​ផ្សេង​ទៀត ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ព្រម​ទាំង​ក្រុម​អ្នក​ជំនាញ​ព្រំដែន​ផ្សេង​ទៀត។

អ៊ុំ សំអាន ព្រំដែន ៦២០
តំណាងរាស្ត្រ​គណបក្ស​ សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។ RFA/Tha Kitya

ទាក់ទិន​ភាព​ចម្រូងចម្រាស​នៅ​ត្រង់​ចំណុច​ព្រែក​វិញតេ នេះ លោក វ៉ា គឹមហុង ថែម​ទាំង​បាន​បញ្ជាក់​ថា ការ​តវ៉ា​របស់​លោក គឺ​មិន​មែន​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​រស់នៅ​តាម​មាត់​ព្រែក​ទេ ក៏ប៉ុន្តែ​ការ​ទាមទារ​នោះ គឺ​សម្រាប់​ពលរដ្ឋ​វៀតណាម តាំង​ទី​លំនៅ​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​សូម​ជម្រាប​បន្តិច ដូច​ឯកឧត្ដម​អភិបាល​ខេត្ត​ជ្រាប​ហើយ បើ​ថា​ឯកឧត្ដម​ស្គាល់​ភូមិសាស្ត្រ​ខេត្ត​របស់​ឯកឧត្ដម​មាន​ច្រាំង​ទាំង​សង​ ខាង។ ច្រាំង​ព្រែក​វិញតេ សុទ្ធតែ​ភូមិ​វៀតណាម ទាំងអស់ ឥត​មាន​ភូមិ​ខ្មែរ​ណា​មួយ​ទេ។ ដូច្នេះ​បើ​ខ្ញុំ​ទាមទារ​បាន ក៏​មិន​មែន​ទាមទារ​ឲ្យ​ខ្មែរ​នៅ​ដែរ គឺ​ថា​ទាមទារ​ឲ្យ​វៀតណាម ដដែល​ទេ។»

ពាក់ព័ន្ធ​រឿង​នេះ ទាំង​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ថ្កោលទោស ហើយ​ចាត់​ទុក​ថា ការ​អនុវត្ត​គោល​នយោបាយ​ដូចនេះ បាន​ន័យ​ថា ជា​ការ​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​វៀតណាម បាន​ចិត្ត​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត ព្រែក​វិញតេ ដែល​មាន​ភាព​ចម្រូងចម្រាស​នេះ គណបក្ស​ប្រឆាំង​រក​ឃើញ​ថា គឺ​វៀតណាម ជីក​ជា​ឯកតោ​ភាគី​ក្រោយ​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សំអាង​ថា ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ គឺ​ពុំ​មាន​ព្រែក​វិញតេ នេះ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ទិប ទាវ ហៅ​ការ​លើក​ឡើង​របស់ លោក វ៉ា គឹមហុង នេះ ថា​ជា​ចេតនា​ចង់​ឲ្យ​កម្ពុជា រឹត​តែ​ប្រឈម​មុខ​បាត់​បង់​ទឹក​ដី​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ លោក​ថ្លែង​ថា បើ​ទោះ​ជា​សារ​នយោបាយ​រឿង​បូរណភាព​ទឹក​ដី​ដែល លោក វ៉ា គឹមហុង លើក​ឡើង​នោះ ថា​ជា​ការ​ព្យាយាម​ដើម្បី​ផល​ប្រយោជន៍​វៀតណាម ជា​រឿង​ដែល​ភាន់​ច្រឡំ​ក៏ដោយ​ចុះ ក៏​គេ​មិន​គួរ​ណា​ប្រកាស​ជា​សាធារណៈ​ដូច​នេះ​ដែរ។ ហេតុ​នេះ លោក ទិប ទាវ ចាត់​ទុក​ថា រដ្ឋាភិបាល​ពិត​ពុំ​មាន​គោល​នយោបាយ​ជាតិ​សម្រាប់​ទឹក​ដី​ទេ។ លោក​បន្ត​ថា «វា​មិន​ខុស​ពី​អ្វី​ដែល​ខ្មែរ​ចោទ​ថា ក្រុម​រដ្ឋាភិបាល គឺ​ជា​រដ្ឋាភិបាល​ដែល​ឲ្យ​យួន។ នេះ គឺ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ចោទ​បែប​ហ្នឹង​ទេ។»

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ពុំ​បាន​បកស្រាយ​អ្វី​ឡើយ​ជុំវិញ​ការ​រិះគន់​នេះ ដោយ​លោក​ឆ្លើយ​ថា ជាប់​រវល់​ប្រជុំ​មុន​ដាក់​ទូរស័ព្ទ​ចុះ។

អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ដោះស្រាយ​តាម​យន្តការ​ទ្វេ​ភាគី​បែប​នេះ​ត​ទៅ​ ទៀត ភាព​ចម្រូងចម្រាស​រឿង​ព្រំដែន​ជាមួយ​វៀតណាម នេះ នឹង​មិន​អាច​បញ្ចប់​ត្រឹម​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​នេះ​បាន​ទេ៕



No comments:

Post a Comment