Paris Peace Accords 23 Oct. 1991

Thursday, July 16, 2015

[Vietnamization] អ្នក​ភូមិ​ នៅ​ខេត្ត ​រតនគិរី​ យល់ព្រម​ ទទួល​យក​ដី ​ទួល​សុវត្ថិភាព ​ពី​ក្រុមហ៊ុន ​វៀតណាម | Villagers in Ratanakiri agree to land in exchange for security from Vietnamese land concession company

អ្នក​ភូមិ​ នៅ​ខេត្ត ​រតនគិរី​ យល់ព្រម​ ទទួល​យក​ដី ​ទួល​សុវត្ថិភាព ​ពី​ក្រុមហ៊ុន ​វៀតណាម

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ កក្កដា ២០១៥

ជម្លោះ​ដី រតនគិរី ៦២០
ប្រជាពលរដ្ឋ​ភូមិ​ថ្មី ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ប្រមូលផ្តុំ​គ្នា​បោះ​បង្គោល​របង​ហ៊ុមព័ទ្ធ​ដី​ទួល​សុវត្ថិភាព ខណៈ​ក្រុមហ៊ុន ហ័ង អាញ លំផាត់ គ្រោង​កាន់​កាប់​ដោយ​សំអាង​ថា​ដី​សម្បទាន​ក្រុមហ៊ុន។  Adhoc

ជម្លោះ​ ទាមទារ​ដី​ ទួល​សុវត្ថិភាព​ ទំហំ ២០០​ហិកតារ​ របស់​ប្រជាពលរដ្ឋ​ ភូមិ​ ថ្មី, ឃុំ​ ជ័យឧត្ដម, ស្រុក​ លំផាត់, ខេត្ត ​រតនគិរី ជាមួយ​ ក្រុមហ៊ុន ​ដី​សម្បទាន ​សេដ្ឋកិច្ច​ វៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Hoang Ann LumPhat) ឈាន​ដល់​ ទី​បញ្ចប់ បន្ទាប់ ​ពី​អ្នក​ភូមិ ​យល់ព្រម​ ទទួល​យក ​ចំណែក​ដី ៥០​ភាគរយ​ នៃ​ដី​ទាមទារ​ ពី​ក្រុមហ៊ុន

មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ថ្មី ទទួល​យក​ដី ១០០​ហិកតារ​ពី​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ សម្រាប់​ធ្វើ​ទី​ទួល​សុវត្ថិភាព ដើម្បី​បញ្ចប់​ជម្លោះ​តវ៉ា​រឿង​ដីធ្លី​របស់​ពលរដ្ឋ។

ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​ដីធ្លី និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន មាន​ប្រសាសន៍​ថា កំណត់​ហេតុ​យល់ព្រម​រវាង​តំណាង​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​រួច​ហើយ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ក្រុម​ការងារ និង​ប្រជាពលរដ្ឋ​ជិត ៨០​គ្រួសារ បាន​នាំ​គ្នា​ទៅ​ទីតាំង​ដី​មាន​ទំនាស់​ជាក់ស្តែង ហើយ​សម្រប​សម្រួល​គ្នា​បញ្ចប់​បញ្ហា​នេះ៖ «ប្រជាជន​គាត់​ចង់​បាន​កន្លែង​ ណា យើង​វាស់​ឲ្យ​កន្លែង​ហ្នឹង​ទៅ។ ៧៤​នាក់​គាត់​ទៅ​វាស់វែង​ទាំងអស់​គ្នា ៤​នាក់​គាត់​ផ្ដិត​មេដៃ​ឲ្យ​យើង​យើង​បាន​ដាក់​លក្ខខណ្ឌ​ជាមួយ​ក្រុមហ៊ុន​ឲ្យ ​យក​តាម​គោលដៅ​ដែល​យើង​ចុច ជី.ភី.អែស (GPS) ឃើញ។»

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី ជាង ១០០​គ្រួសារ បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ដី ២០០​ហិកតារ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ សម្រាប់​ធ្វើ​ទី​ទួល​សុវត្ថិភាព បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​កាត់​ចេញ​ដី​ជាង ៧០០​ហិកតារ សម្រាប់​ទុក​ជា​ដី​ត្រៀម​បម្រុង​អ្នក​ភូមិ​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ដី​នោះ​គ្មាន​ទី​ទួល​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​គ្រា​មាន​ទឹក​ ជំនន់។

ទាក់ទិន​ករណី​នេះ​ដែរ តំណាង​អ្នក​ភូមិ លោក រឿន សាយខឿន រៀបរាប់​ថា អ្នក​ភូមិ​ភាគ​ច្រើន​បាន​យល់ព្រម​ទទួល​យក​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ មូលដ្ឋាន ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​តែ​ប្រកាន់​ជំហរ​មិន​ទទួល​យក​ដំណោះស្រាយ​នេះ​ទេ។ យ៉ាង​ណា លោក​ថា តំណាង​អ្នក​ភូមិ​យល់ព្រម​ផ្ដិត​មេដៃ​ទទួល​យក​ដី ដោយសារ​តែ​ការ​តវ៉ា​របស់​អ្នក​ភូមិ​អូស​បន្លាយ​កាន់​តែ​យូរ ចំណែក​មន្ត្រី​បរិស្ថាន ក៏​បាន​ប្ដឹង​តំណាង​អ្នក​ភូមិ ៤​នាក់ តាម​ផ្លូវ​តុលាការ​ទៀត​ផង៖ «ក្រុមហ៊ុន​ឲ្យ ១០០​ហិកតារ​ដី​ព្រៃ ព្រម​មិន​ព្រម​មិន​ដឹង​ធ្វើ​ម៉េច ប៉ុន្មាន​នាក់​ដែល​ទៅ​សាលា​ស្រុក​គេ​ព្រម​អស់​ហើយ។ ពី​មុន​ថា​ចាំ​ឯកឧត្តម លី ធុច គាត់​ចុះ​មក​កាត់​ដី​ឲ្យ​ប្រជាជន​កន្លែង​ពាក់ព័ន្ធ ប៉ុន្តែ​បាត់​គាត់​រហូត។»

កាល​ពី​ខែ​មិថុនា មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​រតនគិរី បាន​កោះ​ហៅ​តំណាង​អ្នក​ភូមិ​ចំនួន ៤​នាក់​មក​សាកសួរ​ពី​បទ​ដឹក​នាំ​អ្នក​ភូមិ ចូល​ទៅ​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ ក្នុង​គម្រោង​ដី​សម្បទាន​ដែល​ក្រសួង​បរិស្ថាន បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ់។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​សម្រប​សម្រួល​នេះ​ជា​ឆន្ទៈ​រួម​គ្នា​របស់​ភាគី​ទាំង​ពីរ ដើម្បី​បញ្ចប់​ជម្លោះ​ដែល​ជា​ប្រការ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ។ លោក​កត់​សម្គាល់​ថា ដី​ដែល​អ្នក​ភូមិ​ស្នើសុំ​នោះ​ទុក​ជា​ដី​ប្រើប្រាស់​រួម​របស់​អ្នក​ភូមិ ដី​នោះ​ក៏​មិន​មែន​ជា​កម្មវត្ថុ​សម្រាប់​អ្នក​ភូមិ​ចែក​គ្នា​យក​ជា​ កម្មសិទ្ធិ​បាន​ឡើយ។ ហេតុ​នេះ អ្នក​ភូមិ​ត្រូវ​រួម​គ្នា​ថែ​រក្សា​ដី​ឲ្យ​បាន​នៅ​គង់វង្ស៖ «បើ​សិន​ សហគមន៍ ហើយ​និង​ក្រុមហ៊ុន ព្រម​បញ្ចប់​រឿង​ហ្នឹង យើង​ក៏​បិទ​ការ​អង្កេត​របស់​សមាគម​អាដហុក ដែរ ព្រោះ​ជា​ការ​ព្រមព្រៀង​ដោយ​ឆន្ទៈ​រៀងៗ​ខ្លួន។ ជា​លទ្ធផល​ល្អ​ប្រសើរ​ដែរ ក្នុង​ការ​រក​ដំណោះស្រាយ​តាម​រយៈ​អាជ្ញាធរ​ខេត្ត។»

ជុំវិញ​រឿង​ក្តី​នេះ​ដែរ អតីត​អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ស្រុក និង​ខេត្ត បាន​សម្រប​សម្រួល​រក​ដំណោះស្រាយ​សន្តិភាព​ជូន​ពលរដ្ឋ។ ហេតុ​នេះ អាជ្ញាធរ​នឹង​សម្រប​សម្រួល​ឲ្យ​ភាគី​ពាក់ព័ន្ធ ដក​ពាក្យ​ប្ដឹង​តំណាង​អ្នក​ភូមិ​តាម​ផ្លូវ​តុលាការ​ចេញ​វិញ ដើម្បី​បញ្ចប់​បញ្ហា​ដូច​គ្នា៕



No comments:

Post a Comment