Paris Peace Accords 23 Oct. 1991

Tuesday, July 7, 2015

[Vietnamization] នាយក​រដ្ឋមន្ត្រី​ សូម ខ្ចី​ផែនទី ដើម​ ពី​អង្គការ​ សហប្រជាជាតិ​ ដើម្បី​ ផ្ទៀងផ្ទាត់​ ផែនទី ​បច្ចុប្បន្ន | PM asks to borrow original map from UN

នាយក​រដ្ឋមន្ត្រី​ សូម ខ្ចី​ផែនទី ដើម​ ពី​អង្គការ​ សហប្រជាជាតិ​ ដើម្បី​ ផ្ទៀងផ្ទាត់​ ផែនទី ​បច្ចុប្បន្ន

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ កក្កដា ២០១៥

ហ៊ុន សែន ៦២០
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​លិខិត​ សូម ខ្ចី​ផែនទី​ ដើម​ ដែល​កម្ពុជា តម្កល់​នៅ​អង្គការ​ សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤ ដើម្បី​ យក​មក​ ផ្ទៀងផ្ទាត់ ​នឹង​ផែនទី​ ដែល​រដ្ឋាភិបាល​ កំពុង​ប្រើប្រាស់​ នា​ពេល​ បច្ចុប្បន្ន ក្នុង​ការ​កំណត់​ ព្រំដែន​ ជាមួយ​ ប្រទេស ​ជិត​ខាង។

ការ​ស្នើសុំ​នេះ នៅ​ក្រោយ​ពេល​គណបក្ស​ប្រឆាំង បាន​បដិសេធ​មិន​ទទួល​ស្គាល់​ផែនទី​ដែល​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ផែនទី​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។

ទន្ទឹម​នឹង​នេះ គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ផ្អាក​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដោយ​ចោទ​ថា​ផែនទី​ដែល​កំពុង​ប្រើ​សព្វថ្ងៃ​នេះ ជា​ផែនទី​ក្លែងក្លាយ និង​ស្នើសុំ​បង្កើត​គណៈកម្មាធិការ​ព្រំដែន​ជាតិ​ថ្មី​មួយ​ដែល​មាន​សមាសភាព​ ចម្រុះ ដើម្បី​ធ្វើ​ការងារ​នេះ​ដោយ​តម្លាភាព។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ស្វាគមន៍​ចំពោះ​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ និង​ចាត់​ទុក​ជា​លទ្ធផល​ល្អ​មួយ ដែល​បក្ស​ប្រឆាំង​តែង​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​ជាច្រើន​លើក​មក ​ហើយ។

ទន្ទឹម​នឹង​ការ​ស្វាគមន៍​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ថ្លែង​ភ្លាមៗ​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា នៅ​ពេល​ផែនទី​នោះ​មក​ដល់ រដ្ឋាភិបាល​ត្រូវ​តែ​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​គ្នា​នឹង​ផែនទី​ដែល​កំពុង​នៅ​ ក្នុង​ដៃ​រដ្ឋាភិបាល ដោយ​មាន​ភាគី​ចម្រុះ​ចូលរួម​ដូចជា​តំណាង​រដ្ឋាភិបាល គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល អ្នក​ជំនាញ​ព្រំដែន និង​មាន​តំណាង​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ចូលរួម​ផង​ដែរ ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ទាំងអស់​គ្នា៖ «បើ ​សិន​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​តែ​ម្នាក់​ឯង យើង​ម៉េច​ដឹង​ថា​ផែនទី​នោះ​ត្រឹមត្រូវ។ អ៊ីចឹង​ពេល​យក​មក​បាន យើង​ត្រូវ​តែ​ផ្ទៀងផ្ទាត់​មើល​ដែរ​ថា តើ​ផែនទី​របស់ លោក វ៉ា គឹមហុង ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ជា​ផែនទី​ពិត​ប្រាកដ​ត្រឹមត្រូវ ឬ​ក៏​ជា​ផែនទី​ក្លែងក្លាយ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​លិខិត​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន នៅ​ថ្ងៃ​ទី​៦ កក្កដា ដើម្បី​សុំ​ខ្ចី​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​កម្ពុជា បាន​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤។ ក្នុង​លិខិត​នោះ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ស្នើសុំ​នេះ​ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ ប្រើប្រាស់​បច្ចុប្បន្ន និង​ដើម្បី​បញ្ចៀស ឬ​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិ​ជ្រុល​និយម និង​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ក្នុង​ចំណោម​សាធារណមតិ​ជាតិ និង​អន្តរជាតិ ដើម្បី​កេង​ចំណេញ​នយោបាយ ដែល​ជា​ប្រការ​អាច​បង្កើត​គ្រោះ​មហន្តរាយ​ធំធេង​ដល់​កម្ពុជា ទាំង​មូល។

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ដោយ​ចាត់​ទុក​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ នេះ ថា​ជា​សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​ស​ឲ្យ​ឃើញ​ពិត​ប្រាកដ​នូវ​សកម្មភាព​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹក​ដី តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់ និង​ជា​ការ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ដល់​សាធារណជន​ទូទៅ ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​ថែម​ទៀត​ជុំវិញ​រឿង​ព្រំដែន​នេះ៖ «នេះ​ជា​ ប្រវត្តិសាស្ត្រ​ទី​មួយ​របស់​ពិភពលោក ដែល​យើង​យក​អ្វី​ដែល​ជាក់លាក់​របស់​ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​ សហប្រជាជាតិ យក​មក​នាំ​គ្នា​ពិនិត្យ ហើយ​នៅ​ក្នុង​សំបុត្រ​ហ្នឹង​ដែរ យើង​បាន​ឃើញ​សម្ដេច​បើក​ចំហ​ដល់​ភាគី​ដែល​កំពុង​អង្គុយ​ក្នុង​រដ្ឋសភា ដើម្បី​ចូលរួម​បង្កើត​គណៈកម្មការ​ពិនិត្យ​មើល​ទាំងអស់​គ្នា បញ្ចប់​សាច់​រឿង​ទាំងអស់​គ្នា ដើម្បី​បញ្ចៀស​នូវ​រាល់​ការ​ដាក់​ទម្ងន់​មាក់ងាយ​ដល់​នាយក​រដ្ឋមន្ត្រី»

គណបក្ស​ប្រឆាំង មិន​ចាត់​ទុក​សកម្មភាព​ការពារ​ព្រំដែន ការ​ទាមទារ​ឲ្យ​មាន​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលោភ​ពី​អ្នក​ជិត​ខាង​នោះ ជា​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិ​ជ្រុល​និយម ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ឈឺ​ឆ្អាល​ពី​បញ្ហា​ព្រំដែន គឺ​ដើម្បី​ការពារ​កេរ​ដូនតា​ជា​ប្រយោជន៍​រួម​ទាំងអស់​គ្នា។ ក្រៅ​ពី​នេះ​ទៀត តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ ព្រំដែន​ជាមួយ​ភាគី​វៀតណាម កន្លង​មក ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​នោះ ជា​ផែនទី​គូស​ដោយ​វៀតណាម។

វ៉ា គឹមហុង បង្ហាញ​ផែនទី ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​ បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Rann Samnang

ក្នុង​រឿង​ព្រំដែន​នេះ​ដែរ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ សង្ឃឹម​ថា បើ​សិន​អង្គការ​សហប្រជាជាតិ ផ្តល់​ផែនទី​ដែល​កម្ពុជា តម្កល់​ទុក​ទី​នោះ​មែន គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ចិត្ត ធ្វើ​ឲ្យ​អស់​ការ​សង្ស័យ​នានា និង​អាច​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​ដោយសារ​តែ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ ខាង​នេះ៖ «ដោយសារ​អង្គការ​សហប្រជាជាតិ ជា​សមាគម​មួយ​ដែល​មាន​រដ្ឋ​ទាំងអស់​ជា​សមាជិក ដែល​បាន​យក​ឯកសារ​ផ្លូវ​ការ​របស់​ខ្លួន​ទៅ​តម្កល់​នៅ​ទីនោះ ដូច្នេះ​ឯកសារ​ផែនទី​ជា​ឯកសារ​ផ្លូវ​ការ​ដែល​ប្រជាជាតិ យើង​ឯកភាព និង​មាន​សេចក្តី​សង្ឃឹម​លើ​កន្លែង​ហ្នឹង។ យើង​គិត​ថា ព្រះរាជាណាចក្រ​កម្ពុជា ដែល​សល់​ប៉ុណ្ណា គឺ​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​នៅ​លើ​ផែនទី​ហ្នឹង។»

លោក​បន្ត​ថា ការ​តស៊ូ​មតិ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី និង​ជា​អធិបតេយ្យភាព​របស់​ជាតិ​សាសន៍​មួយ សុំ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ សុំ​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ឋានៈ​ជា​ប្រជាជាតិ​ជិត​ខាង​គ្នា​នោះ គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត ហើយ​រដ្ឋាភិបាល​គួរ​តែ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ទើប​ជា​ការ​ ប្រសើរ៖ «ខ្ញុំ​នៅ​តែ​កោត​សរសើរ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​មនសិការ​ខ្ពស់ ចេះ​គិតគូរ​ផល​ប្រយោជន៍​របស់​ជាតិ។ រដ្ឋាភិបាល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ ហើយ​បើ​ប្រជាពលរដ្ឋ​មាន​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​ជាតិ អ៊ីចឹង​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ត្រូវ​បង្ហាញ ពន្យល់​ឲ្យ​គេ​ជឿ ឲ្យ​គេ​សប្បាយ​ចិត្ត​ឡើង​វិញ។»

ទោះ​យ៉ាង​ណា នៅ​រសៀល​ថ្ងៃ​ទី​៦ កក្កដា ក្រុម​អ្នក​តំណាង​រាស្ត្រ​ដែល​សកម្ម​ក្នុង​កិច្ចការ​ឃ្លាំ​មើល​បញ្ហា​ ព្រំដែន បាន​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​រដ្ឋសភា គឺ​លោក ហេង សំរិន ដើម្បី​សុំ​ឲ្យ​គណៈកម្មាធិការ​ព្រំដែន ផ្អាក​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម បណ្ដោះអាសន្ន និង​ស្នើសុំ​បង្កើត​គណៈកម្មាធិការ​ព្រំដែន​ជាតិ​ថ្មី​មួយ ដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ព្រំដែន​មាន​វត្តមាន​ក្នុង​នោះ​ផង។ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា នៅ​ពេល​គណៈកម្មាធិការ​ព្រំដែន​ជាតិ​ថ្មី​នេះ​បង្កើត​ឡើង​ហើយ ទើប​អាច​ដំណើរ​ការ​បាន និង​មាន​ការ​ទទួល​ស្គាល់​ជា​សកល។

ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ ចាត់​ទុក​សំណើ​របស់​បក្ស​ប្រឆាំង​នេះ ថា​មាន​ចរិត​នយោបាយ និង​ជា​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ច្រើន​ហួសហេតុ។

ចាប់​តាំង​ពី​មាន​ការ​ឡើង​កម្ដៅ​ផ្ទុះ​អំពើ​ហិង្សា​នៅ​តាម​ព្រំដែន​ កម្ពុជា-វៀតណាម នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដាក់​លិខិត​ស្នើសុំ​ជាច្រើន​ទៅ​រដ្ឋាភិបាល ទាមទារ​ឲ្យ​បំភ្លឺ និង​ដោះស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លិខិត​មួយ​ចំនួន​បាន​ទទួល​ចម្លើយ​មក​វិញ​អវិជ្ជមាន ចំណែក​លិខិត​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ៕



No comments:

Post a Comment