លោក សម រង្ស៊ី ទាមទារ ចូលរួម ដោះស្រាយ បញ្ហាព្រំដែន ជាមួយ រដ្ឋាភិបាល
RFA / វិទ្យុ អាស៊ី សេរី | ១១ កក្កដា ២០១៥
លោក សម រង្ស៊ី ប្រធាន គណបក្ស ក្រៅរដ្ឋាភិបាល ទាមទារ ឲ្យរដ្ឋាភិបាល ដាក់បញ្ចូល គណបក្សប្រឆាំង និងសង្គមស៊ីវិល ចូលរួម ដោះស្រាយ បញ្ហាព្រំដែន កម្ពុជា-វៀតណាម។ ផ្ដល់បទសម្ភាសន៍ ដល់អ្នក សារព័ត៌មាន នៅថ្ងៃ ទី១១ ខែកក្កដា, ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និយាយ ថា, បញ្ហាព្រំដែន លុះត្រា ខ្មែរ រួមគ្នា ទើប អាចដោះស្រាយ បាន។ ទោះ យ៉ាងនេះក្តី, មន្ត្រី រដ្ឋាភិបាល លើកឡើង ថា, បើ បក្សប្រឆាំង ចង់ចូលរួម ធ្វើការងារ លុះត្រា គណបក្ស ប្រឆាំង ចូលរួម ធ្វើជារដ្ឋាភិបាល ចម្រុះ ជាមួយ គណបក្ស ប្រជាជន កម្ពុជា។
លោក សម រង្ស៊ី លើកឡើងថា បញ្ហាព្រំដែនមិនមែនជារឿងរបស់រដ្ឋាភិបាលរបស់គណបក្សកាន់អំណាចទេ ប៉ុន្តែគឺជារឿងរបស់ខ្មែរទាំងអស់គ្នា។
ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ចង់មានវត្តមានចូលរួមដើម្បីស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម ខណៈគណបក្សសង្គ្រោះជាតិ នៅក្រៅរដ្ឋាភិបាល។ ប៉ុន្តែការចង់បាននេះ មិនទទួលបានការស្វាគមន៍ពីមន្ត្រីរដ្ឋាភិបាលទេ។ ចំណែកអ្នកវិភាគស្ថានការណ៍នយោបាយយល់ថា បញ្ហាព្រំដែនគួរដោះស្រាយនៅរដ្ឋសភា ជាជាងនាំគ្នាទៅដល់ព្រំដែនរួចហើយទើបហៅរដ្ឋាភិបាលឲ្យដោះស្រាយ។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ថ្លែងថា រឿងព្រំដែនបើមានតែរដ្ឋាភិបាលធ្វើការងារនេះមិនគ្រប់គ្រាន់ទេ គឺទាមទារមានការចូលរួមពីមជ្ឈដ្ឋានផ្សេងៗ។ ទាក់ទាងរឿងព្រំដែននេះដែរ លោក សម រង្ស៊ី ចង់ឃើញរដ្ឋាភិបាលយកផែនទីទៅដោះស្រាយបញ្ហាជាមួយប្រទេសវៀតណាម ជាផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយផែនទីនោះចម្លងតាមប្រព័ន្ធអេឡិចត្រូនិក៖ «យើងត្រូវចូលរួមឲ្យ គណបក្សមួយ រដ្ឋាភិបាលតែឯងធ្វើការងារនេះមិនគ្រប់គ្រាន់ទេ។ ការងារនេះជាការងាររបស់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋទាំងមូល។»
អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច យល់ថា គណបក្សសង្គ្រោះជាតិ អាចចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម តាមរយៈរដ្ឋសភា។ លោកបណ្ឌិត សុខ ទូច បន្ថែមទៀតថា ការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដែលត្រឹមត្រូវនោះ គណបក្សសង្គ្រោះជាតិ បង្ហាញអ្នកជំនាញរបស់ខ្លួនមកជជែកជាមួយមន្ត្រីរដ្ឋាភិបាល តាមរយៈកិច្ចប្រជុំនៅក្នុងសភាជាជាងតំណាងគណបក្សនេះចុះដល់ព្រំដែន មានបញ្ហារួចហើយ ទើបកោះហៅមន្ត្រីរដ្ឋាភិបាលមកដោះស្រាយ។
កាលពីថ្ងៃទី៦ ខែកក្កដា រដ្ឋាភិបាលកម្ពុជា ស្នើសុំផែនទីពីអង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ រឿងព្រំដែននេះ ធ្វើប្រធានគណបក្សប្រឆាំងទិញផែនទីពីប្រទេសបារាំង ដោយសំអាងថា មានខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ជាផែនទីគ្របដណ្ដប់តាមព្រំដែនប្រទេសកម្ពុជា-វៀតណាម។ ប៉ុន្តែលោក សម រង្ស៊ី ប្រាប់ថា លោកមិនទាន់បានយកផែនទីទៅនិយាយជាមួយលោក ហ៊ុន សែន នៅឡើយទេ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតបការលើកឡើងរបស់លោក សម រង្ស៊ី ថា រឿងព្រំដែនជាការងាររបស់រដ្ឋាភិបាល ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់ចូលរួមធ្វើការងារនេះ គណបក្សសង្គ្រោះជាតិ សុំចូលជារដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ផៃ ស៊ីផាន បន្តថា ការថ្លែងរបស់លោក សម រង្ស៊ី គ្រាន់តែជាសុបិនរបស់ លោក សម រង្ស៊ី ប៉ុណ្ណោះ៖ «ឯកឧត្ដម សម រង្ស៊ី ប្រហែលជាលោកសុបិនខ្លួនលោក។ ឲ្យលោកពិចារណាមើលប្រទេសជុំវិញនៅលើពិភពលោក មានគណបក្សប្រឆាំងណា សង្គមស៊ីវិលណាទៅដោះស្រាយបញ្ហាព្រំដែនទេ?»
បញ្ហាព្រំដែនកម្ពុជា-វៀតណាម ផ្ទុះឡើងជាថ្មីនៅរយៈពេលពេលចុងក្រោយនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះទៅតំបន់ព្រំដែនអង្កេតឃើញប្រទេសវៀតណាម រំលោភដែនដីកម្ពុជា។ ប្រទេសទាំងពីរបានជួបប្រជុំស្វែងរកដំណោះស្រាយ ជាលទ្ធផលភាគីកម្ពុជា អះអាងថា ភាគីវៀតណាម សន្យាលុបស្រះទឹកចំនួន៣ ក្នុងខេត្តរតនគិរី និងផ្អាកការសាងសង់សំណង់រឹងមាំ និងផ្លូវតាមព្រំដែនក្នុងខេត្តស្វាយរៀង៕
No comments:
Post a Comment