គណបក្សប្រឆាំង ប្រកាស ធ្វើពហិការ, មិនចូលរួម ប្រជុំសភា អនុម័ត សេចក្ដីព្រាង ច្បាប់អង្គការ
RFA / វិទ្យុ អាស៊ី សេរី | ១២ កក្កដា ២០១៥
រដ្ឋសភា គ្រោង នឹងបើក កិច្ចប្រជុំ អនុម័ត លើសេចក្តីព្រាង ច្បាប់ ស្ដីពី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល នៅព្រឹកថ្ងៃ ទី១៣ កក្កដា។ គណបក្ស ប្រឆាំង ដែលជាគណបក្ស ដៃគូសន្ទនានោះ បែរ ជាចេញ សេចក្ដីប្រកាស ថា, ខ្លួន នឹងមិនចូលរួម ក្នុងកិច្ចប្រជុំ នេះ ទៅវិញ ខណៈ ដែលអង្គការ សង្គមស៊ីវិល ជាច្រើន នឹងប្រមូល ផ្តុំគ្នា តវ៉ា ទាមទារ ឲ្យរដ្ឋសភា ទម្លាក់ចោល សេចក្តីព្រាង ច្បាប់ ដ៏ចម្រូងចម្រាស នេះ។
តើ មូលហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ សម្រេចចិត្តមិនចូលរួមប្រជុំសភាអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ?
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ប្រកាសធ្វើពហិការមិនចូលរួមប្រជុំពិភាក្សា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលសភាគ្រោងនឹងប្រជុំនៅថ្ងៃទី១៣ កក្កដា។
សេចក្តីថ្លែងការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១២ កក្កដា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បង្ហាញជំហរមិនគាំទ្រឲ្យមានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងដំណាក់កាលបច្ចុប្បន្ន និងស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការកែសម្រួលសេចក្តី ព្រាងច្បាប់នេះ។
គណបក្សសង្គ្រោះជាតិ បង្ហាញការសោកស្ដាយ និងខកចិត្តចំពោះរដ្ឋសភា ដែលមិនទទួលយកគំនិតយោបល់ស្ទើរតែទាំងស្រុងរបស់គណបក្ស និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងបានប្រញាប់ប្រញាល់ក្នុងការប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាសនេះ។
ទាក់ទងនឹងកិច្ចប្រជុំសភានៅថ្ងៃទី១៣ កក្កដា មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានថ្លែងថា អង្គការសង្គមស៊ីវិលជាច្រើននឹងជួបជុំគ្នា ដើម្បីទាមទារឲ្យរដ្ឋសភា ទម្លាក់ចោលការអនុម័តច្បាប់នេះ។ លោកបន្តទៀតថា តាមគម្រោង ការប្រមូលផ្តុំគ្នានឹងចាប់ផ្ដើមនៅម៉ោង ៧កន្លះព្រឹក នៅមុខរដ្ឋសភា តែបើមានការរារាំង នឹងត្រូវធ្វើនៅកន្លែងផ្សេងទៀត បើសិនជារដ្ឋសភានៅតែបន្តអនុម័តសេចក្ដីព្រាងច្បាប់នេះតាមការ គ្រោងទុកនោះ។
លោក អំ សំអាត ក៏បានបញ្ជាក់ជំហរថា អង្គការសង្គមស៊ីវិលនឹងបន្តការទាមទាររបស់ខ្លួនតទៅទៀត បើទោះជាក្នុងលក្ខខណ្ឌដែលច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភា ក៏ដោយ៖ «យើងនៅតែបន្តធ្វើ ទោះបីជាសភាអនុម័តក៏ដោយ ក៏យើងនៅមានព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញទៀត។ បើសិនជាច្បាប់នេះវាផ្ទុយអំពីរដ្ឋធម្មនុញ្ញ ផ្ទុយអំពីបទដ្ឋានអន្តរជាតិ យើងនឹងតស៊ូមតិតទៅទៀត គឺសុំឲ្យព្រឹទ្ធសភា ធ្វើការទម្លាក់ចោល ឬក៏ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយអំពីធម្មនុញ្ញភាព ដើម្បីកុំឲ្យមានការបញ្ជូនច្បាប់នេះទៅថ្វាយព្រះករុណា (ព្រះមហាក្សត្រ) ដើម្បីឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ។»
ទាក់ទងនឹងពហិការរបស់គណបក្សប្រឆាំង និងគម្រោងតវ៉ារបស់អង្គការសង្គមស៊ីវិលនេះ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា នៅរសៀលថ្ងៃទី១២ កក្កដា លោកមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយលោកបញ្ជាក់ថា ជាថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាករបស់លោក។
កន្លងមក អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន រួមទាំងគណបក្សប្រឆាំងផង បានធ្វើការរិះគន់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ថាមានលក្ខណៈគាបសង្កត់ និងជាចេតនារបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអង្គការសង្គមស៊ីវិល៕
No comments:
Post a Comment