Paris Peace Accords 23 Oct. 1991

Wednesday, July 22, 2015

[Vietnamization] ពលរដ្ឋ​ ខេត្ត​ ស្វាយរៀង ​អះអាង​ ថា, ​វៀតណាម​ ឲ្យ​គាស់ ​ឆ្អឹង​ដូនតា ​ចេញ ​ពី​តំបន់ ​ទួល​តា​ព្រាប | Svay Rieng residents claim Vietnam ordering them to remove ancestoral bones from Ta Preap mound

ពលរដ្ឋ​ ខេត្ត​ ស្វាយរៀង ​អះអាង​ ថា, ​វៀតណាម​ ឲ្យ​គាស់ ​ឆ្អឹង​ដូនតា ​ចេញ ​ពី​តំបន់ ​ទួល​តា​ព្រាប

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ កក្កដា ២០១៥

ព្រំដែន ស្វាយរៀង ទួល​តា​ព្រាប ៦២០
ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Tha Kitya

ពលរដ្ឋ​ខ្មែរ ​បដិសេធ​ មិន​ព្រម ​គាស់​ឆ្អឹង​ សព​ដូនតា​ របស់ ​ពួក​គាត់ ចេញ​ពី​តំបន់ ​ទួល​តា​ព្រាប អតីត​ ទឹក​ដី​ខ្មែរ ដែល​បច្ចុប្បន្ន​ គ្រប់គ្រង ​ដោយ​វៀតណាម និង​កំពុង​ ធ្វើ​ផ្លូវ​ នៅ​ក្បែរ ​នោះ​ទេ។  ការ​អះអាង​ បែប​នេះ បន្ទាប់ ​ពី​អាជ្ញាធរ ​វៀតណាម បាន​ទាមទារ​ ឲ្យ​ពួក​គាត់ ​គាស់​ឆ្អឹង ​ដូនតា​ ចេញ​ទៅ​ដាក់​ នៅ​វត្ត ដោយ​ជួយ​ ឧបត្ថម្ភ​ ជា​លុយ​ខ្លះ។


ទាក់ទង​បញ្ហា​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ២​ពាន់​នាក់ ទៅ​ទស្សនកិច្ច​ព្រំដែន​មាន​ជម្លោះ​នៅ​ស្រុក​កំពង់រោទិ៍ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក៏​មិន​បាន​ទៅ​ដល់​តំបន់​ផ្នូរ​បុរាណ​របស់​ខ្មែរ និង​កន្លែង​វៀតណាម កំពុង​ធ្វើ​ផ្លូវ​ក្បែរ​ព្រំដែន​តាម​ក្តី​ប្រាថ្នា​ដែរ ដោយសារ​វៀតណាម មិន​អនុញ្ញាត។

ទួល​តា​ព្រាប ដែល​ជា​កន្លែង​បញ្ចុះ​សាកសព​បុព្វបុរស​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​មក ស្ថិត​នៅ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ប្រទេស​វៀតណាម។ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​ទាំង​នោះ ប្រកែក​ដាច់​អហង្ការ មិន​ព្រម​គាស់​ឆ្អឹង​ដូនតា​របស់​ពួក​គាត់​ចេញ​ពី​ទួល​តា​ព្រាប តាម​បង្គាប់​របស់​អាជ្ញាធរ​វៀតណាម នោះ​ទេ។ ពួក​គាត់​អះអាង​ថា ដី​ទីនោះ គឺ​ជា​ដី​កេរ​ដូនតា​ខ្មែរ​ជាច្រើន​ជំនាន់​មក​ហើយ មិន​មែន​ជា​ដី​របស់​វៀតណាម នោះ​ទេ។

អ្នកស្រី សឿង ភារម្យ ដែល​មាន​សាច់ញាតិ​កប់​នៅ​ទួល​តា​ព្រាប នោះ​អះអាង​ថា វៀតណាម បាន​ឈ្លាន​ពាន​ចូល​ដី​ខ្មែរ​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​ឆ្នាំ​២០១៥ នេះ វៀតណាម បាន​បង្ខំ​ឲ្យ​ពួក​គាត់​យោង​ផ្នូរ​ខ្មោច​ចេញ​ពី​ទួល​តា​ព្រាប នោះ ទៅ​ដាក់​វត្ត ដើម្បី​ឲ្យ​វៀតណាម ធ្វើ​ផ្លូវ៖ «ទោះ​ឲ្យ​លុយ​កាក់​ ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ណា ក៏​ពួក​ខ្ញុំ​មិន​ទៅ​យោង​ផ្នូរ​ចេញ​មក​ដែរ ព្រោះ​ដូនតា​ខ្ញុំ​ស្លាប់​នៅ​លើ​ដី​ពួក​គាត់ កប់​នៅ​លើ​ដី​របស់​គាត់ ភូមិ​ស្រុក​របស់​គាត់។ មូលហេតុ​ដែល​ពួក​ខ្ញុំ​មិន​ចេញ​នោះ ដោយសារ​ខ្លាច​បាត់បង់​ទឹក​ដី និង​ខ្លាច​ត្រូវ​បណ្ដាសា​ដូនតា»

អ្នកស្រី​ថា ជា​រៀង​រាល់​ឆ្នាំ សាច់ញាតិ​នៃ​សាកសព​ទាំង​នោះ​តែង​តែ​ទៅ​បង្សុកូល​មិន​ដែល​ដាច់​ឡើយ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ វៀតណាម មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​បង្សុកូល​ទៀត​ឡើយ ក្រោយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​មិន​ប្រក្រតី​នៅ​តំបន់​នោះ។
ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា កន្លង​ទៅ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ ក៏​បាន​ស្នើ​ភាគី​វៀតណាម អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ចូល​ទៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ដូនតា​ ពួក​គាត់​ផង។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើក​ឡើង​ថា ផ្នូរ​ខ្មោច​នេះ​មិន​អាច​គាស់​ចេញ​បាន​ទេ ព្រោះ​វា​គឺ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្ដឹង​ទៅ​អង្គការ​ សហប្រជាជាតិ៖ «ផ្នូរ​ដូនតា​យើង​តាំង​ពី​ណា​ពី​ណី​មក​នៅ​លើ​ទួល​តា​ព្រាប ដូច្នេះ​ទាំង​នេះ​គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ ហើយ​បើ​រើ​គាស់​ចេញ​ទៅ តើ​បាន​អ្វី​ទៀត​ធ្វើ​ជា​ភស្តុតាង? ឲ្យ​លុយ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​អាច​កាត់​ថ្លៃ​ទឹក​ដី​ខ្មែរ​យើង​បាន​ដែរ។»

អ្នក​ភូមិ​នៅ​ជាប់​ព្រំដែន​នោះ​រៀបរាប់​ថា ទួល​តា​ព្រាប គឺ​ជា​ដី​របស់​តា​ព្រាប។ លុះ​ក្រោយ​មក តា​ព្រាប បាន​ស្លាប់​ទៅ កូន​ចៅ​របស់​គាត់​បាន​បញ្ចុះ​សាកសព​នៅ​លើ​ទួល​នោះ។ ក្រោយៗ​មក​ទៀត ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ ៤៣​គ្រួសារ​ផ្សេង​ទៀត បាន​បញ្ចុះ​សព​នៅ​លើ​ទួល​នោះ​ដែរ។

ដោយឡែក អ្នកស្រី សឿង ហ៊ុំ និយាយ​ថា លើស​ពី​នេះ ទឹក​បឹង និង​ដី​ស្រែ​ដែល​អ្នកស្រី​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក​នោះ ឥឡូវ​វៀតណាម ក៏​មក​ដណ្ដើម​យក​ដី​ស្រែ និង​ទឹក​បឹង​ពាក់​កណ្ដាល​ម្នាក់​ថែម​ទៀត។ អ្នកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ឲ្យ​ពួក​គាត់​បាន​ទទួល​ទី​កប់​សព​ដូនតា​មក​វិញ៖ «ហ្នឹង​ហើយ​គេ​ថា ​ដី​របស់​គេ​ដែរ។ គេ​ទើប​តែ​និយាយ​ថ្មីៗ​ហ្នឹង។ គាត់​ចង្អុល​ទៅ ហើយ​និយាយ​ថា នោះ​ឥឡូវ​ឃើញ​ដែរ ទាហាន​គេ​កំពុង​ឈរ​នៅ​លើ​ដី​របស់​ខ្ញុំ។»

កុយ ពិសី ៦១០
អនុប្រធាន​កិច្ចការ​ ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ដែល​ឮ​ព័ត៌មាន​រឿង​វៀតណាម ឲ្យ​ពលរដ្ឋ​ខ្មែរ​គាស់​ផ្នូរ​ដូនតា​ចេញ​នោះ​ទេ។ អ្នកស្រី​បន្ត​ថា មួយ​ខែ​ចុង​ក្រោយ​នេះ​មាន​ព័ត៌មាន​ថ្មីៗ​ប្លែកៗ បាន​កើត​ចេញ​ពី​តំបន់​បង្គោល​លេខ​២០៣ ជា​បន្តបន្ទាប់ ដោយ​អ្នកស្រី​ដាក់​ការ​សង្ស័យ​ថា អាច​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង៖ «ពលរដ្ឋ ​មាន​ច្រើន​ប្រភេទ​ណាស់ ពួក​គាត់​នោះ​មិន​ដឹង​ជា​ពលរដ្ឋ​ញុះញង់ ឬ​មិន​ដឹង​ថា​ជា​ពលរដ្ឋ​យ៉ាង​ម៉េច ព្រោះ​ពលរដ្ឋ​ធម្មតា​នៅ​ទីនោះ គាត់​ស្ងប់ស្ងាត់​យូរ​ហើយ។»

តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា កន្លង​មក​កង​កម្លាំង​វៀតណាម ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​៨៧៣ តែង​តែ​ប្រាប់​អាជ្ញាធរ​កម្ពុជា ឲ្យ​ណែនាំ​ទៅ​ប្រជាពលរដ្ឋ​យក​សព​ចេញ​ពី​ដី​ដែល​វៀតណាម កំពុង​គ្រប់គ្រង ហើយ​វៀតណាម ហ៊ាន​ផ្តល់​សំណង​ឲ្យ​ខ្លះ​ទៀត​ផង ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​បដិសេធ​រហូត។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ២​ពាន់​អង្គ និង​នាក់ ទៅ​ទស្សនកិច្ច​ព្រំដែន​ដែល​ធ្លាប់​មាន​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​វៀតណាម ជា​លើក​ទី​ពីរ ក្នុង​គោល​បំណង​ទៅ​ឲ្យ​ដល់​កន្លែង​ផ្នូរ​សព​ដូនតា​ខ្មែរ ផ្លូវ​វៀតណាម កំពុង​ធ្វើ និង​បង្គោល​ព្រំដែន​លេខ​២០៣ ប៉ុន្តែ​អាជ្ញាធរ​យល់ព្រម​ឲ្យ​តែ ១០០​នាក់​ប៉ុណ្ណោះ​បាន​ចូល​ដល់​បង្គោល​២០៣ ដោយឡែក​ទីតាំង​ផ្នូរ​ខ្មែរ និង​ផ្លូវ​វៀតណាម កំពុង​ធ្វើ​នោះ វៀតណាម ហាម​ដាច់​ខាត។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា បង្គោល​ព្រំដែន​លេខ​២០៣ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា​វៀតណាម នៅ​តែ​បន្ត​ធ្វើ​ស្រែ​នៅ​លើ​ដី​ខ្មែរ​ដដែល បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​ក្តី។ ករណី​នេះ លោក​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង កោះ​ហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ស្ដី​បន្ទោស​រឿង​វៀតណាម ចូល​វាយ​ខ្មែរ​ក្នុង​ទឹក​ដី​ខ្មែរ និង​បំភ្លឺ​អំពី​បញ្ហា​គ្រប់គ្រង​ដី​ខ្មែរ​នៅ​ទីនោះ៖ «ត្រូវ​ហៅ​មក​សួរ​ ឲ្យ​ច្បាស់​រឿង​វៀតណាម នៅ​តែ​ធ្វើ​ស្រែ​នៅ​លើ​ទឹក​ដី​ខ្មែរ និង​ហេតុ​អី​បាន​ជា​គ្រឿងចក្រ​សន្យា​ថា​ឈប់​ហើយ បែរ​ជា​មិន​ដក​ទៅ​វិញ ព្រោះ​ទាំង​នេះ​គឺ​ជា​បញ្ហា។ ម្យ៉ាង​វិញ​ទៀត មិន​ត្រូវ​កំណត់​បង្គោល​រណប​ព្រំដែន​តាម​ផ្លូវ​ដែល​វៀតណាម កំពុង​ធ្វើ​នៅ​នោះ​ទេ គឺ​ត្រូវ​កំណត់​តាម​ផែនទី​របស់​អង្គការ​សហប្រជាជាតិ។»

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អ្នកស្រី កុយ ពិសី បញ្ជាក់​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម មិន​ទាន់​បាន​កំណត់​ខណ្ឌ​សីមា ឬ​បង្គោល​បំពេញ​បន្ថែម​នៅ​ឡើយ មាន​ន័យ​ថា ភាគី​ទាំង​ពីរ​អាច​បន្ត​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ​បាន ដោយ​យោង​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឆ្នាំ​១៩៩៥។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​វៀតណាម ឲ្យ​ពលរដ្ឋ​ខ្មែរ​គាស់​ផ្នូរ​ខ្មោច​ចេញ ក៏​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​មិន​អនុញ្ញាត​ដែរ៖ «បច្ចុប្បន្ន ​នៅ​តាម​បណ្តោយ​ព្រំដែន គឺ​យើង​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ១៧ មករា ឆ្នាំ​១៩៩៥។ ដូច្នេះ ប្រសិន​បើ​ផ្នូរ​ខ្មោច​ខ្មែរ​នៅ​ទីណា គឺ​ត្រូវ​តែ​ទុក​នៅ​ទីនោះ ពោល​គឺ​អត់​មាន​វៀតណាម ណា​ហ៊ាន​មក​ឲ្យ​ខ្មែរ​យក​ចេញ​ទេ ព្រោះ​យើង​គោរព​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នោះ​រហូត​មក​ដល់​ បច្ចុប្បន្ន។ អ៊ីចឹង​ហើយ​បាន​ជា​វៀតណាម នៅ​តែ​ធ្វើ​ស្រែ​នៅ​លើ​ដី​នោះ​ដដែល ប៉ុន្តែ​អនាគត​នៅ​ពេល​យើង​កំណត់​ខណ្ឌ​សីមា​ហើយ​នោះ ដី​ទាំង​នោះ គឺ​មក​ខាង​កម្ពុជា វិញ។ សេចក្តី​ប្រកាស​នោះ​មាន​ន័យ​ថា ឲ្យ​រក្សា​ស្ថានភាព​ដដែល គឺ​អ្នក​ណា​នៅ​ទីណា​នៅ​ទីនោះ​សិន។»

ក្នុង​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ទាំង​មេឃ​ភ្លៀង​រលឹម​នោះ ក៏​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​ជន​ស្លៀក​ពាក់​ជា​ស៊ីវិល​ដែល​គេ​ស្គាល់​ថា ​ជា​ទាហាន មាន​គ្នា​ប្រហែល ១០០​នាក់ ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ ដើម្បី​ត្រៀម​សម្រាប់​រារាំង​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ជាង ២​ពាន់​នាក់ មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ នោះ។ ក្រៅ​ពី​នេះ ក៏​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បាន​ដាក់​ពង្រាយ​តាម​វាល​ស្រែ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក៏ដោយ ការ​យក​កម្លាំង​ពលរដ្ឋ​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​មក​រារាំង​ការ​ចុះ​ ពិនិត្យ​ព្រំដែន​នោះ ត្រូវ​បាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ថា​ជា​ល្បិច​យក​បន្លា​ជោះ​បន្លា ឬ​ជា​ល្បិច​ក្ដិច​សង្អារ​ប្រជល់​សង្អារ​របស់​អាជ្ញាធរ​នៅ​តំបន់​ព្រំដែន​ នោះ៕


No comments:

Post a Comment