វៀតណាម ថ្កោលទោស បក្សសង្គ្រោះជាតិ ដឹកនាំយុវជន ពិនិត្យព្រំដែន បង្ក ឲ្យមានហិង្សា
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា ២០១៥
រដ្ឋាភិបាលវៀតណាម មិនបានឆ្លើយតបចំពោះកំណត់ទូតរបស់រដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការបង្ខិតព្រំដែនចូលមកទឹកដីកម្ពុជា របស់វៀតណាម នោះទេ ទោះបីជាក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតកំណត់ទូតជាច្រើនលើកទៅរដ្ឋាភិបាលវៀតណាម នោះក៏ដោយ។
ផ្ទុយទៅវិញ នៅថ្ងៃទី៣០ ខែមិថុនា ក្រសួងការបរទេសវៀតណាម បែរជាចេញលិខិតថ្កោលទោសគណបក្សប្រឆាំងដែលដឹកនាំប្រជាពលរដ្ឋ ព្រះសង្ឃ ទៅពិនិត្យមើលព្រំដែនដែលមានការប៉ះទង្គិចគ្នារវាងពលរដ្ឋទាំងពីរ ទៅវិញ។
តើក្រសួងការបរទេសវៀតណាម បញ្ចេញប្រតិកម្ម និងថ្កោលទោសដូចម្ដេចខ្លះ?
ក្រសួងការបរទេសវៀតណាម បានចេញប្រតិកម្មជាផ្លូវការ ដោយថ្កោលទោសគណបក្សប្រឆាំង ចំពោះការដឹកនាំពលរដ្ឋ ព្រះសង្ឃ ទៅពិនិត្យព្រំដែនខ្មែរ-វៀតណាម នៅខេត្តស្វាយរៀង ដែលមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែមិថុនា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី៣០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា មានពលរដ្ឋខ្មែរប្រហែល ២៥០នាក់ ដែលមានវត្តមានរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាអ្នកដឹកនាំនោះ បានចូលយ៉ាងជ្រៅក្នុងតំបន់បង្គោល២០៣ ក្រោមការគ្រប់គ្រងរបស់វៀតណាម។ សេចក្ដីប្រកាសព័ត៌មានដដែលបានសរសេរថា ឆ្លើយតបទៅនឹងសកម្មភាពដ៏ខុសឆ្គងនេះ សមត្ថកិច្ចវៀតណាម និងអ្នកភូមិមួយចំនួន បានរារាំង និងពន្យល់មិនឲ្យចូលទឹកដីវៀតណាម ប៉ុន្តែក្រុមជ្រុលនិយមកម្ពុជា បានសម្រុកចូលវាយប្រហារ នាំឲ្យជនជាតិវៀតណាម របួស ៧នាក់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បានថ្លែងនៅក្នុងសេចក្ដីប្រកាសនោះថា យើងខ្ញុំសូមរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពហិង្សា ដែលប្រព្រឹត្តដោយជនជ្រុលនិយមកម្ពុជា ដោយល្មើសច្បាប់ប្រទេសទាំងពីរ គឺសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសវៀតណាម និងកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះបង្គោលព្រំដែន និងទំនាក់ទំនងដ៏ល្អរវាងវៀតណាម និងកម្ពុជា។ ហើយលោកបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រូវមានវិធានការទប់ស្កាត់កុំឲ្យសកម្មភាពដដែលនេះកើតឡើងទៀត។
ឆ្លើយតបនឹងបញ្ហានេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ យុវជនកម្ពុជា មិនមែនជាជនជ្រុលនិយមដូចការចោទប្រកាន់របស់វៀតណាម នោះទេ។ ព្រះសង្ឃ តំណាងរាស្ត្រ យុវជនខ្មែរ គ្រាន់តែចង់ចុះទៅមើលព្រំដែនក្នុងទឹកដីខ្មែរប៉ុណ្ណោះ ហើយបើការបោះបង្គោលព្រំដែននោះមានតម្លាភាព ហេតុអីក៏ចាំបាច់ស្ទាក់ដំណើរនេះធ្វើអី៖ «សូមទៅមើលទៅលើរូបភាព តើទាហានវៀតណាម មានកាន់កាំភ្លើង ឬអត់? មានកាន់ដំបង ឬអត់? តើយុវជនខ្មែរដែលចូលរួមទាំងប៉ុន្មាន គាត់មានអាវុធ ឬក៏អត់? ដូច្នេះការចោទប្រកាន់នេះមិនត្រឹមត្រូវទេ។»
កាលពីថ្ងៃទី២៩ មិថុនា មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា តំបន់ដែលប៉ះទង្គិចគ្នានោះ គឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ មិនទាន់ដោះស្រាយចប់នៅឡើយទេ ហើយក្រសួងការបរទេសកម្ពុជា ក៏ធ្លាប់ធ្វើកំណត់ទូតទៅវៀតណាម ដែរ។ ទោះយ៉ាងនេះក្ដី លោកសោកស្ដាយ និងថ្កោលទោសចំពោះការប្រើអំពើហិង្សានៅជិតតំបន់ព្រំដែននោះ។ លោកកោតសរសើរចំពោះស្មារតីស្នេហាជាតិរបស់ពលរដ្ឋខ្មែរ ក្នុងការការពារព្រំដែន និងបូរណភាពទឹកដី ប៉ុន្តែការប្រើហិង្សា និងអាវុធ រឹតតែធ្វើឲ្យមានបញ្ហាស្មុគស្មាញមិនអាចដោះស្រាយបាន។ លោក ខៀវ សុភ័គ បន្តថា មានតែការចរចាតាមច្បាប់អន្តរជាតិទេ ដែលអាចដោះស្រាយបានប្រយោជន៍ជាតិរៀងខ្លួន។
កាលពីថ្ងៃទី២៨ មិថុនា លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម សហការជាមួយសម្ព័ន្ធយុវជនខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំយុវជន ព្រះសង្ឃ តំណាងរាស្ត្រ និងពលរដ្ឋប្រមាណ ២០០អង្គ និងនាក់ ទៅពិនិត្យបង្គោលព្រំដែនលេខ២០៣ ត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង ដែលគេសង្ស័យថា វៀតណាម រំកិលចូលដីខ្មែរប្រមាណ ១០គីឡូម៉ែត្រពីបង្គោលចាស់។ ចំណុចព្រំដែននេះ គឺនៅទល់មុខនឹងស្រុកម៉ុកហ័រ ខេត្តឡុងអាន (Moc Hoa district, Long An provine) ប្រទេសវៀតណាម។
ការប៉ះទង្គិចគ្នា គឺពេលដែលពលរដ្ឋ និងកងទ័ពវៀតណាម រារាំងពលរដ្ឋខ្មែរមិនឲ្យទៅមើលទីនោះ។ ក្រោយការប៉ះទង្គិចដោយវាយគ្នាទៅវិញទៅមក មានពលរដ្ឋខ្មែររងរបួសជាង ១០នាក់ និងវៀតណាម របួស ៧នាក់។ កាលពីថ្ងៃទី២៩ មិថុនា មន្ត្រីនយោបាយអង្គភាពការពារព្រំដែនខេត្តឡុងអាន ប្រទេសវៀតណាម លោក ង្វៀន វ៉ាន់គ្វាន់ (Nguyen Van Quan) ហៅការប៉ះទង្គិចនេះថាជាការមិនយល់គ្នា៕
Excellent T2P! keep on exposing/documenting the Vietnamization of Cambodia! The world should have seen the true color of the Viet/YUON by now!!!
ReplyDeleteKal[ខាល]