រដ្ឋាភិបាល នឹងបង្ហាញ ផែនទី ផ្លូវការ ប្រើក្នុងការងារ បោះបង្គោល ព្រំដែន ជាមួយ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២ កក្កដា ២០១៥
អាជ្ញាធរ ជាតិ ទទួលបន្ទុក កិច្ចការព្រំដែន ប្រកាសថា នឹងបង្ហាញ ផែនទីផ្លូវការ ដែលរដ្ឋាភិបាល ប្រើប្រាស់ ក្នុងការងារ ខណ្ឌសីមា និងបោះបង្គោល ព្រំដែន គោក រវាង ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋ សង្គមនិយម វៀតណាម។
ចំណែក ប្រមុខការ ទូត កម្ពុជា ក៏បានដាក់កំណត់ទូតជាថ្មីទៀតប្រាប់ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់រាល់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមខ្សែ បន្ទាត់ព្រំដែន ដែលមិនទាន់បោះបង្គោលព្រំសីមា។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង រំពឹងថា ការបង្ហាញផែនទីដែលរដ្ឋាភិបាលនឹងអាចជួយដោះស្រាយបញ្ហាស្មុគស្មាញ ដែលចោទប្រកាន់រដ្ឋាភិបាលថាធ្វើឲ្យបាត់ដីទៅឲ្យវៀតណាម នៅក្នុងការបោះបង្គោលព្រំដែន។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ថ្លែងដែរថា ភាគីដែលតែងចង់ដឹងចង់បានព័ត៌មានទាក់ទងនឹងផែនទី នឹងបានដឹងនៅក្នុងសន្និសីទព័ត៌មាននៅព្រឹកស្អែក៖ «បើមានផែនទី ល្អជាហ្នឹង ដែលត្រឹមត្រូវជាងហ្នឹងយកមកបង្ហាញមក គឺគ្មានហាមឃាត់ទេ កុំចេះតែថា កុំចេះតែចោទគេ ចឹងបានយើងបង្ហាញអស់ចិត្តផង បើយើងមិនដែលឃើញ ឥឡូវខ្ញុំបង្ហាញឲ្យឃើញ។»
ការប្រកាសបង្ហាញផែនទីរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ ព្រំដែននេះ ធ្វើឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានទាមទារជាច្រើនលើកច្រើនសាឲ្យរដ្ឋាភិបាល បង្ហាញផែនទីដែលប្រើប្រាស់សម្រាប់ការបោះបង្គោលព្រំដែន។ លើសពីនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថែមទាំងបានអះអាងថា នឹងប្រើប្រាស់ផែនទីដែលក្រុមរបស់លោកបាននាំមកពីប្រទេសបារាំង ដើម្បីស្រាវជ្រាវបញ្ហាចម្រូងចម្រាសនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម។ ផែនទីនោះ ក្រុមរបស់លោកបានទិញពីបណ្ណាល័យមួយនៅក្នុងប្រទេសបារាំង ដែលជាផែនទីគ្របដណ្ដប់តាមព្រំដែនប្រទេសកម្ពុជា-វៀតណាម មានខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់)។
ទាក់ទិននឹងបញ្ហាផែនទីនេះ តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា ការបង្ហាញផែនទីរបស់រដ្ឋាភិបាល នឹងបានជាមូលដ្ឋានសម្រាប់ក្រុមរបស់លោកក្នុងការផ្ទៀងផ្ទាត់ផែនទី បន្តទៀត។ លោក ម៉ៅ មុនីវណ្ណ បន្តថា ការរកឃើញរបស់ក្រុមលោកនាពេលកន្លងទៅ គឺរដ្ឋាភិបាលបានប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥ ដើម្បីបោះបង្គោលព្រំដែនទៅវិញទេ៖ «វាភ្ជាប់នូវផែនទីមួយដែល ធ្វើដោយឯកតោភាគីរបស់យួន គេធ្វើតែឯង ដល់ចឹងហើយបានមានបន្ទាត់ព្រំដែនថ្មីដូចរាល់ថ្ងៃហ្នឹង។»
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលថ្មីៗនេះបានដឹកនាំអ្នកគាំទ្រ និងយុវជន រួមនឹងព្រះសង្ឃផង ចុះទៅពិនិត្យព្រំដែនឃើញថា មានចំណុចព្រំដែនចំនួន ៧ យ៉ាងតិច ដែលវៀតណាម បានរំលោភបំពានចូលដីខ្មែរ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះដែរ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានដាក់លិខិតជំនួយស្មារតីមួយទៅរដ្ឋសភា កាលពីថ្ងៃទី២៩ ខែមិថុនា ដោយបញ្ជាក់ថា ការលើកឡើងរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងថា កម្ពុជា បាត់ដីជាង ៣០ហិកតារនៅចន្លោះបង្គោលព្រំដែនលេខ១៤៧ និង១៤៨ ក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង នោះគឺជាព័ត៌មានមិនពិត។ ផ្ទុយទៅវិញ លោកថា ពលរដ្ឋខ្មែរនៅទីនោះនៅបង្កបង្កើនផលធម្មតា។
លោក វ៉ា គឹមហុង ដាក់ការសង្ស័យថា ការបំផ្លើសព័ត៌មានពីបញ្ហាព្រំដែន គឺជាចេតនាសើរើបញ្ហាបាត់បង់ដីកម្ពុជាក្រោម ទៅវិញទេ៖ «ទាមទារវាមិនកើត ទើបមកយកលេសរឿងព្រំដែនមក មិនចេះចប់ចេះហើយ គឺយើងធ្វើការមិនកើតទេ។»
ចំណែកប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី១ ខែកក្កដា នេះ បានចេញកំណត់ទូតជាថ្មីទៀតទៅរដ្ឋាភិបាលវៀតណាម បញ្ឈប់ជាបន្ទាន់រាល់គម្រោងសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅតាម ព្រំដែន ដែលមិនទាន់បោះបង្គោលកំណត់ព្រំសីមា រហូតដល់គណៈកម្មាធិការកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ បញ្ចប់ការបោះបង្គោលព្រំដែនដោយអនុលោមតាមផែនទីបោនខ្នាត ១/១០០.០០០។
ស្របគ្នានេះ ក៏ត្រូវផ្ដល់នូវផែនទីដែលបញ្ជាក់ពីទីតាំងដែលអាជ្ញាធរវៀតណាម កសាងផ្លូវនៅតាមបណ្ដោយព្រំដែនដែលបានបោះបង្គោលរួច ឬព្រមព្រៀងថានឹងបោះបង្គោល ឬសម្រេចថានឹងដោះដូរដីទៅតាមគោលការណ៍នៃកិច្ចព្រមព្រៀងឆ្នាំ ២០១១។
លើសពីនេះ កម្ពុជា ស្នើឲ្យបញ្ឈប់ការស្ថាបនាផ្លូវតាមព្រំដែនតាមទីតាំងជាក់លាក់មួយ ចំនួន ក្នុងខេត្តស្វាយរៀង ការស្ថាបនាផ្លូវតាមព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ១៩៤ និង ២០៣ ចន្លោះបង្គោលព្រំដែនលេខ២១១ និង ២១៣ និងចន្លោះបង្គោលព្រំដែនលេខ២១៣ និង ២២៧ ក្នុងស្រុកកំពង់រោទិ៍។
នេះជាកំណត់ទូតថ្មីមួយនៅក្រោយមានការប៉ះទង្គិចមួយរវាងពលរដ្ឋ ខ្មែរ ដឹកនាំដោយក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង ជាមួយពលរដ្ឋវៀតណាម នៅព្រំដែនវៀតណាម ក្នុងចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា។
កន្លងមក ក្រសួងការបរទេស អះអាងថា បានដាក់កំណត់ទូតទៅរដ្ឋាភិបាលវៀតណាម ចំនួនមិនតិចជាង ១១លើកឡើយ ក្នុងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ករណីនេះ អ្នកតំណាងរាស្ត្របក្សប្រឆាំង បានរិះគន់ថា រដ្ឋាភិបាលគួរពិចារណាជម្រើសផ្សេងពីនេះ៖ «បើ ភាគីណាមួយដោះស្រាយតែឯង ដោះស្រាយដោះមិនចេញទេ ចឹងត្រូវខ្មែរទាំងអស់ត្រូវរួបរួម។ បើការចរចាទ្វេភាគីមិនចេញទេ មានតែរុញទៅអន្តរជាតិហើយ។»
បើគិតត្រឹមខែមេសា មកដល់ពេលនេះ កម្ពុជា បានដាក់កំណត់ទូត ៣លើករួចមកហើយទាក់ទិននឹងការរំលោភចូលមកជីកស្រះក្នុងទឹកដី ខ្មែរ ក្នុងខេត្តរតនគិរី និងឲ្យផ្អាកធ្វើប៉ុស្តិ៍យាមព្រំដែនជាសំណង់រឹងមាំ និងជីកលេណដ្ឋាននៅតំបន់ដែលភាគីទាំងពីរមិនទាន់កំណត់ព្រំសីមា ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម គ្រោងនឹងជួបប្រជុំពិសេសនៅសប្ដាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងបាតុភាពនៅតាមព្រំដែន។ យ៉ាងណា តំណាងរាស្ត្របក្សប្រឆាំងបន្តរិះគន់ថា រដ្ឋាភិបាលគួរបង្កើតគណៈកម្មាធិការចម្រុះថ្មី ដែលមានសមាសភាពមកពីគណបក្សដែលមានអាសនៈក្នុងសភា និងមកពីតំណាងអង្គការសង្គមស៊ីវិលផងដែរ៕
No comments:
Post a Comment