មន្ត្រី កាំកុងត្រូល ខេត្ត ព្រះសីហនុ ចុះចាប់ ចាហួយ និងតំណាប់ដូង ផលិត នៅវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១៤ សីហា ២០១៥
មន្ត្រី សាខា កាំកុងត្រូល ខេត្តព្រះសីហនុ បើកយុទ្ធនាការ រឹបអូស ចាហួយ និងតំណាប់ដូង ម៉ាក ថាញ់ប៊ីញ (Thanh Binh) ផលិត នៅប្រទេស វៀតណាម ដែលមាន ផ្ទុកសារធាតុ នាំឲ្យប៉ះពាល់ សុខភាព អ្នកទទួលទាន ពីក្រុម អាជីវករ លក់ដូរ នៅតាមផ្សានានា ទូទាំងខេត្ត ទេសចរ ណ៍មួយនេះ យកទៅ បំផ្លាញចោល។
មន្ត្រីជំនាញខេត្តនេះ ក៏បានអំពាវនាវដល់អាណាព្យាបាល ពិសេសក្រុមអាជីវករនៅទូទាំងប្រទេស ពិសេសខេត្តព្រះសីហនុ មិនត្រូវនាំចូលប្រភេទចាហួយដូង និងតំណាប់ដូង មានសរសេរអក្សរវៀតណាម កម្ពុជា និងឡាវ មានឈ្មោះ ថាញ់ ប៊ីញ បន្តទៀត ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរ។
ប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា យុទ្ធនាការចុះឆែកឆេរ ឬពិនិត្យមុខទំនិញចាហួយ និងតំណាប់ដូង ម៉ាក ថាញ់ ប៊ីញ នាំចូលពីប្រទេសវៀតណាម នៅតាមទីផ្សារប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសមុខទំនិញទាំងនេះបានរាប់រយកញ្ចប់យកទៅរក្សាទុក និងត្រៀមកប់ ឬដុតកម្ទេចចោល។
លោកបន្តថា គិតមកដល់ថ្ងៃទី១៤ ខែសីហា នេះ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តរឹបអូសចាហួយដូង និងតំណាប់ដូង ម៉ាក ថាញ់ ប៊ីញ មានសរសេរជាអក្សរខ្មែរ វៀតណាម និងឡាវ ដាក់លើកញ្ចប់ ដាក់លក់នៅតាមផ្សារមួយចំនួន មានផ្សារលើ និងផ្សារពាណិជ្ជកម្មជាដើម ដោយរកឃើញមុខទំនិញទាំងនេះជាច្រើនកញ្ចប់ទៀត។
លោក ម៉ាង ស៊ីណេត បញ្ជាក់ថា យុទ្ធនាការនេះ មន្ត្រីជំនាញលោកបានអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ ព្រោះរកឃើញថា មុខទំនិញនេះមានសារធាតុនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ធ្ងន់ធ្ងរ៖ «យុទ្ធនាការនេះ យើងចាប់បានចាហួយហួសកាលបរិច្ឆេទប្រើប្រាស់ និងប្រភេទចាហួយ និងតំណាប់ដូងម៉ាក ថាញ់ ប៊ីញ ផលិតនៅវៀតណាម បានចន្លោះពី ៥០ ទៅ ៦០កញ្ចប់ នៅតាមទីផ្សារមួយចំនួននាខេត្តព្រះសីហនុ យកទៅរក្សាទុក និងត្រៀមដុត ឬកប់បំផ្លាញចោល។ តំណាប់ដូង និងចាហួយដូង ដែលថ្នាក់ដឹកនាំកាំកុងត្រូលដាក់បទបញ្ជាឲ្យរឹបអូសនេះ មានឈ្មោះថា ថាញ់ ប៊ីញ។»
ផ្ដើមពីផលប៉ះពាល់នេះ លោក ម៉ាង ស៊ីណេត បានអំពាវនាវដល់អាណាព្យាបាល ក្រុមអាជីវករនៅទូទាំងប្រទេស ពិសេសអាជីវករខេត្តព្រះសីហនុ ត្រូវឈប់នាំចូល ឬទិញចាហួយដូង និងតំណាប់ដូង ម៉ាក ថាញ់ ប៊ីញ ផលិតនៅប្រទេសវៀតណាម តទៅទៀត។
បន្ថែមលើនេះ លោក ឃុន បូរ៉េត អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលបានដឹកនាំមន្ត្រីជំនាញចុះតាមគោលដៅតាមផ្សារមួយចំនួន មានផ្សារលើ និងផ្សារពាណិជ្ជកម្មជាដើម នៅថ្ងៃសុក្រ ទី១៤ ខែសីហា មានប្រសាសន៍ថា យុទ្ធនាការចាប់យកចាហួយដូង និងតំណាប់ដូង ម៉ាក ថាញ់ ប៊ីញ នាំចូលពីវៀតណាមពេលនេះ ដោយសារមុខទំនិញប្រភេទនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។ មានដូចជារាករូសភ្លាមៗក្រោយទទួលទានជាដើម។
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពេលចុះត្រួតពិនិត្យទំនិញនៅទីប្រជុំជនផ្សារលើ ខេត្តព្រះសីហនុ លោក ឃុន បូរ៉េត បញ្ជាក់ថា ដោយពិនិត្យឃើញផលអវិជ្ជមាននៃប្រភេទចាហួយ និងតំណាប់ដូងម៉ាក ថាញ់ ប៊ីញ ទើបថ្នាក់ដឹកនាំស្ថាប័នខ្លួនប្រកាសឲ្យមន្ត្រីជំនាញរឹបអូសប្រភេទ មុខទំនិញនេះយកទៅកម្ទេចចោល៖ «ពេលក្រុមការងារយើងចុះពិនិត្យ និងឆែកឆេរនៅតាមទីផ្សាររួចហើយ នឹងចុះនៅតាមសាលានីមួយៗទៀត ព្រោះជាក់ស្ដែងផលប៉ះពាល់នៃការទទួលទានចាហួយ និងតំណាប់ដូង ម៉ាក ថាញ់ ប៊ីញ ផលិតនៅវៀតណាម នេះ គឺមានភាពមិនប្រក្រតីជាច្រើន។ ចាហួយនិងតំណាប់ទាំងនេះ ក្នុងមួយកញ្ចប់ធំ មានកញ្ចប់តូចៗនៅក្នុងនោះប្រមាណជា ២០កញ្ចប់។»
ត្រង់ចំណុចនេះ លោក ឃុន សាវឿន មន្ត្រីអង្កេតអង្គការលីកាដូ ខេត្តព្រះសីហនុ ហាក់មិនសូវមានជំនឿទៅលើយុទ្ធនាការចុះពិនិត្យគុណភាពទំនិញរបស់ មន្ត្រីជំនាញស្ថាប័នកាំកុងត្រូលនាមូលដ្ឋាននេះទេ។ ប៉ុន្តែលោកស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នកាំកុងត្រូល ត្រូវទប់ស្កាត់ការនាំចូលមុខទំនិញគ្មានគុណភាពនៅតាមព្រំដែនប្រទេស វៀតណាម ឬប្រទេសជិតខាងកម្ពុជា មានប្រសិទ្ធភាពជាងចុះរឹបអូសតាមទីផ្សារ។ ជាងនេះទៀត មន្ត្រីកាំកុងត្រូលនៅតាមច្រកព្រំដែន ក៏ត្រូវពិនិត្យអំពីគុណភាព ឬកាលបរិច្ឆេទប្រើប្រាស់រាល់មុខទំនិញនីមួយៗ ឲ្យបានត្រឹមត្រូវជាមុន មុននឹងអនុញ្ញាតឲ្យនាំចូលពីប្រទេសជិតខាងចូលមកកម្ពុជា។
លោក ឃុន សាវឿន៖ «ខ្ញុំសាទរចំពោះសកម្មភាពចុះពិនិត្យ ឬឆែកទំនិញនៅតាមទីផ្សារនានា របស់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ប៉ុន្តែសំខាន់ត្រូវឲ្យមន្ត្រីជំនាញទប់ស្កាត់ការនាំចូលទំនិញគ្មាន គុណភាពទាំងនេះនៅតាមព្រំដែនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។»
ទោះយ៉ាងណា លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ត្រីជំនាញស្ថាប័នខ្លួន នឹងចុះអនុវត្តជាប្រចាំនៅតាមផ្សារ ឬទីប្រជុំជននានា ដើម្បីពិនិត្យរាល់មុខទំនិញខូចគុណភាព ឬ ចាហួយ និងតំណាប់ដូង ម៉ាក ថាញ់ ប៊ីញ ដែលប៉ះពាល់ដល់សុខភាពមនុស្ស ជាបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខ៕
No comments:
Post a Comment