Paris Peace Accords 23 Oct. 1991

Friday, August 14, 2015

[Vietnamization] ក្រុម​ស្រាវជ្រាវ​ ព្រំដែន ​កម្ពុជា​ ស្នើ​បក្ស​ប្រឆាំង​ ផ្ដល់​ផែនទី ​២​ផ្ទាំង ​បន្ថែម​ទៀត​ ដើម្បី ផ្ទៀងផ្ទាត់ | Cambodian Border Research Council requests from opposition party 2 more map panels for comparison

ក្រុម​ស្រាវជ្រាវ​ ព្រំដែន ​កម្ពុជា​ ស្នើ​បក្ស​ប្រឆាំង​ ផ្ដល់​ផែនទី ​២​ផ្ទាំង ​បន្ថែម​ទៀត​ ដើម្បី ផ្ទៀងផ្ទាត់

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ សីហា ២០១៥

ពិនិត្យ​ផែនទី សង្គ្រោះ​ជាតិ ប្រជាជន ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ណេង ចូល​រួម​ពិនិត្យ​ផែនទី​នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៥។  RFA/Yeang Socheametta

ក្រុម​ស្រាវជ្រាវ​ ព្រំដែន ​នៃ​រាជបណ្ឌិត្យ សភា​ កម្ពុជា ស្នើ​ឲ្យ​ គណបក្ស​ សង្គ្រោះ​ជាតិ រក​ផែនទី ​២​ផ្ទាំង​ បន្ថែម​ទៀត ដើម្បី​ ទៅ​ពិនិត្យ ផ្ទៀងផ្ទាត់​ ជាមួយ ​ផែនទី​ របស់ ​រដ្ឋាភិបាល​ សរុប​ ចំនួន ២៦​ផ្ទាំង។  ការ​ស្នើ​នេះ ធ្វើ​ឡើង​ នៅ​ក្នុង​សន្និសីទ​ សារព័ត៌មាន ស្ដីពី​ ការ​ផ្ទៀងផ្ទាត់​ ផែនទី​ ប្រទេស​ កម្ពុជា ជាមួយ ​ប្រទេស​ វៀតណាម នៅ​ព្រឹក ​ថ្ងៃ​ទី​១៤ ខែ​សីហា នា​រាជបណ្ឌិត្យ សភា​ កម្ពុជា។  រហូត​ មក​ទល់​ ពេល​នេះ ក្រុម​ស្រាវជ្រាវ ​ព្រំដែន ​កម្ពុជា ទទួល​ផែនទី​ ពី​គណបក្ស​ សង្គ្រោះ​ជាតិ បាន ២៤​ផ្ទាំង ​រួច​ហើយ។


ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ថា នឹង​ត្រូវ​យក​ផែនទី​របស់​រដ្ឋាភិបាល​ដើម្បី​ចុះ​ពិនិត្យ​មើល​ការ​បោះ​បង្គោល ​ព្រំដែន​ជាក់ស្ដែង។

​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពេល​នេះ​ការ​ផ្ទៀងផ្ទាត់​បង្ហាញ​ថា ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ២៤​ផ្ទាំង ដូច​គ្នា​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល និង​ផែនទី អាយ.ជី.អិន (IGN) ពី​ប្រទេស​បារាំង ក្តី ប៉ុន្តែ​ក្រុម​ការងារ​លោក​ត្រូវ​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​ រដ្ឋាភិបាល​នឹង​ទទួល​ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២០ សីហា បន្ថែម​ទៀត។

លើស​ពី​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​ផែនទី ២​ផ្ទាំង​បន្ថែម​ទៀត​ទៅ​ឲ្យ​ក្រុម​ស្រាវជ្រាវ​របស់​លោក​ដើម្បី​យក​មក​ ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​សរុប ២៦​ផ្ទាំង។ យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ក្រុម​លោក​មិន​អាច​កំណត់​ពេល​វេលា​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ប៉ុន្តែ​លោក​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ប្រគល់​ឲ្យ​នោះ​ទេ ក្រុម​លោក​សម្រេច​ថា នឹង​យក​ផែនទី​របស់​រដ្ឋាភិបាល​ទាំង ២៦​ផ្ទាំង ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ជាក់ស្ដែង​នៅ​តាម​ព្រំដែន។

​លោក​បណ្ឌិត សុខ ទូច៖ «តាម​ពិត​អង្គការ​សហប្រជាជាតិ​យើង​បាន​ជម្រាប​ ជូន​ហើយ ដែល​មាន ១៨​ផ្ទាំង លេខ​ដូច​គ្នា ដូច​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន ដូច​របស់ អាយ.ជី.អិន ដែរ គឺ​ដូច​គ្នា ប៉ុន្តែ​អ្វី​ដែល​បាត់​ឯកឧត្ដម​លោក​បាន​បង្ហាញ​ហើយ។ លោក​ថា លោក​ទៅ​រក​បង្គ្រប់ ហើយ​បើ​មិន​បង្គ្រប់ យក​របស់​រដ្ឋាភិបាល​ទៅ ពីព្រោះ​យើង​ទទួល​ស្គាល់​ការ​ពិត​ថា វា​ដូច​គ្នា​ហើយ ហើយ​សំខាន់​បំផុត គឺ​យើង​ទទួល​យក​ការ​ពិត​ថា ថ្ងៃ​នេះ យើង​អត់​មាន​បាន​ក្លែងបន្លំ យើង​អត់​មាន​បាន​ថ្ពឹនភ្នែក។»

​ផ្ទៀងផ្ទាត់​ផែនទី ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​ ៦២០
សន្និសីទ​ផ្ទៀងផ្ទាត់​ ផែនទី​ពី​ភាគី​ពាក់ព័ន្ធ រៀបចំ​ដោយ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា បក្ស​សង្គ្រោះជាតិ និង​សាធារណជន​ទូទៅ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
​នេះ​គឺ​លើក​ទី​២​ហើយ ដែល​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ពួកគេ​ទទួល​បាន​ពី​ភាគី​ នានា។ ក្នុង​ការ​ផ្ទៀងផ្ទាត់​ពេល​នេះ សមាជិក​ព្រឹទ្ធ​សភា រដ្ឋ​សភា​មក​ពី​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ព្រម​ទាំង​ព្រះសង្ឃ និង​អ្នក​ចូលរួម​មួយ​ចំនួន​ទៀត រួម​ទាំង​អ្នក​សារព័ត៌មាន​ផង ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា អនុញ្ញាត​ឲ្យ​ឡើង​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ផ្ទាំង​ផែនទី​ដែល​គេ​ដាក់​ បង្ហាញ​ម្តង​មួយៗ ទាំង​អស់ ២៦​ផ្ទាំង។ ក្នុង​ពេល​ផ្ទៀងផ្ទាត់​រយៈពេល​ជាង ១​ម៉ោង អ្នក​ឡើង​ពិនិត្យ​មើល​ទាំង​អស់​បាន​ទទួល​យល់​ព្រម​ថា ផែនទី​ដែល​ពួកគេ​ពិនិត្យ​នោះ​ពិត​ជា​មាន​លក្ខណៈ​ដូច​គ្នា ទាំង​កូអរដោនេ​ភូមិសាស្ត្រ ទាំង​លេខ​សន្លឹក​ផែនទី និង​ឆ្នាំ​ផលិត។

​យ៉ាងណាក៏ដោយ តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​បាន​ចូលរួម​ក្នុង​ការ​ផ្ទៀងផ្ទាត់​ដែរ​នោះ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​ចូល​រួម​ក្នុង​នាម​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្តី ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​នៅ​ឡើយ​ទេ នៅ​ពេល​នេះ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់ ហើយ​ចំពោះ​ផែនទី ២​ផ្ទាំង​ដែល​ខ្វះ លោក​ថា បក្ស​ប្រឆាំង​នឹង​ព្យាយាម​ស្វែង​រក​ឲ្យ​លឿន​បំផុត​ដែល​អាច​ធ្វើ​បាន​ដើម្បី​ ប្រគល់​ឲ្យ​ក្រុម​ស្រាវជ្រាវ​ព្រំដែន។

​លោក អ៊ូ ច័ន្ទឫទ្ធិ អះអាង​ដែរ​ថា ជា​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះ​ទេ៖ «គណបក្ស ​សង្គ្រោះ​ជាតិ មិន​ដែល​ចោទ​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ប្រើប្រាស់ ថា​ផែនទី​ក្លែងក្លាយ​នោះ​ទេ ហើយ​ខ្ញុំ​មិន​អាច​បញ្ជាក់​ជំហរ​ពេល​នេះ​ថា វា​យ៉ាង​ណា​នោះ​ទេ ខ្ញុំ​ត្រូវ​ការ​ជួប​ពិភាក្សា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លើ​បញ្ហា​នេះ។»

ចំណែក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​អះអាង​ថា គាត់​ចូល​រួម​ក្នុង​នាម​ជា​បុគ្គល​នោះ​យល់​ឃើញ​ថា ដំណាក់កាល​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពេល​នេះ​ជា​រឿង​សំខាន់ ដើម្បី​ឈាន​ដល់​ការ​ចុះ​ពិនិត្យ​លើ​ដី​ជាក់ស្ដែង​របស់​ក្រុម​ស្រាវជ្រាវ។

​លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ឯកភាព​ទៅ​លើ​ផែនទី​ហើយ ក្រុម​ការងារ​លោក​នឹង​យក​ផែនទី​ដែល​ឯកភាព​នោះ ចុះ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ជាក់ស្ដែង​នៅ​លើ​ដី​ទាំង​បង្គោល​ដែល​បាន​ បោះ​ហើយ​ចំនួន ៨៣​ភាគរយ និង​បង្គោល​ដែល​មិន​ទាន់​បោះ ព្រម​ទាំង​បង្គោល​ដែល​អាណានិគម​បារាំង បាន​បោះ​ទាំង ១២៤​បង្គោល​ផង​ដែរ។

​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុម​ការងារ​លោក​គ្រោង​ចំណាយ​ពេល ២​ឆ្នាំ ដើម្បី​ធ្វើ​ការងារ​ពិនិត្យ​បង្គោល​ព្រំដែន​នេះ ហើយ​ថា បើ​ពេល​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា មាន​កំហុស ក្រុម​លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​ឲ្យ​រដ្ឋាភិបាល៕



No comments:

Post a Comment