ព្រះមហាក្សត្រ ប្រកាស ឲ្យប្រើច្បាប់ ស្ដីពី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល
RFA / វិទ្យុ អាស៊ី សេរី | ១៣ សីហា ២០១៥
ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃ ទី១២ សីហា បានឡាយ ព្រះហស្តលេខា ប្រកាស ឲ្យប្រើច្បាប់ ស្ដីពី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ដ៏ចម្រូងចម្រាស។ ការឡាយ ព្រះហស្តលេខា ប្រកាស ឲ្យប្រើ ធ្វើឡើង ក្នុងថ្ងៃ ជាមួយគ្នា បន្ទាប់ ពីក្រុមប្រឹក្សា ធម្មនុញ្ញ បានពិនិត្យ និងប្រកាសថា ច្បាប់នេះ គឺ ស្រប នឹងរដ្ឋធម្មនុញ្ញ កម្ពុជា។
ច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលព្រះមហាក្សត្រទើបប្រកាសឲ្យប្រើនេះ មានទាំងអស់ ៩ជំពូក និងចែកជា ៣៩មាត្រា។ ច្បាប់នេះចែងពីការបង្កើត ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ពីធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ពីសិទ្ធិផលប្រយោជន៍ និងកាតព្វកិច្ចរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលពីការផ្អាកសកម្មភាព ការរំលាយ ការបញ្ចប់សុពលភាពអនុស្សរណៈ ការចាត់ចែងធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអំពីវិធានការរដ្ឋបាល ឬទោសបញ្ញត្តិ ជាដើម។
រដ្ឋាភិបាលអះអាងថា ច្បាប់នេះតាក់តែងឡើង គឺដើម្បីបម្រើផលប្រយោជន៍របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាង ៥.០០០ នៅកម្ពុជា។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មើលឃើញថា មាត្រាមួយចំនួននៅក្នុងច្បាប់នេះ រឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលទៅវិញ ក្នុងនោះដូចជាសេរីភាពខាងការបង្កើតអង្គការសមាគម សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងជួបប្រជុំ សិទ្ធិក្នុងការចូលរួមក្នុងជីវភាពសាធារណៈ ព្រមទាំងការរឹតបន្តឹងទៅលើមតិប្រឆាំង ជាដើម៕
No comments:
Post a Comment