លោក ហ៊ុន សែន បញ្ជា ឲ្យចាប់ខ្លួន សមាជិក ព្រឹទ្ធសភា កូតា គណបក្ស សម រង្ស៊ី ចោទក្លែងឯកសា
RFA / វិទ្យុ អាស៊ី សេរី | ១៣ សីហា ២០១៥
ប្រមុខដឹកនាំ រដ្ឋាភិបាល លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យសមត្ថកិច្ច ចាប់ខ្លួន សមាជិក ព្រឹទ្ធសភា មួយរូប កូតា ពីគណបក្ស សម រង្ស៊ី ដោយចោទប្រកាន់ ថា, ក្បត់ជាតិ។ ការបញ្ចេញ ប្រតិកម្ម របស់ លោក ហ៊ុន សែន ជាថ្មីទៀត នៅពេលនេះ អំពី បញ្ហាព្រំដែន កម្ពុជា-វៀតណាម គឺ បន្ទាប់ ពីលោក ហុង សុខហួរ បង្ហោះវីដេអូ ក្នុងបណ្ដាញ សង្គមហ្វេសប៊ុក (Facebook) របស់ខ្លួន ពាក់ព័ន្ធ នឹងបញ្ហាផែនទី និងរឿងព្រំដែន។
ប្រធាន គណបក្ស សម រង្ស៊ី លោក គង់ គាំ ច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលទៅលើសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដោយចាត់ទុកការបកស្រាយរបស់ លោក ហុង សុខហួរ ថាគ្រាន់តែជាការបញ្ចេញមតិយោបល់។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ទង្វើរបស់ លោក ហុង សុខហួរ ដែលបានប្រើឯកសារមិនផ្លូវការ និងការបកស្រាយរបស់គាត់ មិនមែនជាអំពើក្បត់ជាតិដូចការចោទប្រកាន់ឡើយ។ គណបក្សដដែលលើកឡើងថា ប្រសិនបើការប្រើឯកសារ និងការបកស្រាយមិនត្រឹមត្រូវ លោក ហុង សុខហួរ អាចធ្វើការកែតម្រូវចំពោះសាធារណមតិឡើងវិញបាន។
សេចក្ដីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី នេះ បានចេញភ្លាមក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែសីហា បញ្ជាឲ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភា ដោយចោទប្រកាន់ថា មានទោសក្បត់ជាតិដោយបានក្លែងឯកសារជាតិ ពាក់ព័ន្ធនឹងការបង្ហាញចំណុចមួយនៃសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៧៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរតាមចាប់ខ្លួនសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពាក់ព័ន្ធនឹងការក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី បានចេញបញ្ជាផ្ទាល់មាត់នៅក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី ១៣ សីហា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សមាជិកព្រឹទ្ធសភារូបនោះ គឺជាអ្នកញុះញង់ឲ្យមានចលាចលក្នុងប្រទេស។ លោកបន្តថា «ឥឡូវនេះមកបង្ហោះផែនទី អានេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងហើយ តើចង់ឲ្យជាតិច្របូកច្របល់ដល់ណាទៀត? សូមស្ថានទូតនានាកុំទទួលយកមនុស្សណាដែលរត់ចូលស្ថានទូត។»
ដោយឡែក លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាវិញបញ្ជាក់ថា ប្រតិកម្មរបស់ លោក ហ៊ុន សែន ប្រឆាំងទង្វើរបស់ លោក ហុង សុខហួរ នេះ គឺមិនប៉ះពាល់ដល់វប្បធម៌សន្ទនា ដែលគណបក្សទាំងពីរបានឯកភាពគ្នាហើយនោះទេ។ គិតមកដល់ពេលនេះ កម្លាំងនគរបាលទាំងឯកសណ្ឋាន និងស៊ីវិលជាច្រើននាក់ ត្រូវបានគេដាក់ឲ្យតាមឃ្លាំមើលនៅខាងមុខស្ថានទូតបារាំង ដែលសង្ស័យថា លោក ហុង សុខហួរ អាចបន្តជ្រកកោននៅទីនោះ។
ក្រោយ លោក ហ៊ុន សែន ចេញបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនភ្លាម ជំនួយការរបស់ លោក ហុង សុខហួរ គឺលោក សម្បត្តិ ដាវីឌ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១៣ សីហា ថា ឥឡូវនេះសមាជិកព្រឹទ្ធសភារូបនេះកំពុងស្ថិតនៅទីសុវត្ថិភាព ហើយថែមទាំងអះអាងថា ពុំមានការចាប់ខ្លួនដូចការចុះផ្សាយរបស់បណ្ដាញព័ត៌មាននោះទេ។
ការប្រកាសបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់ពីមានការបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែល លោក ហុង សុខហួរ បានបកស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងបញ្ហាផែនទី និងរឿងព្រំដែន។ ក្នុងនោះ លោក ហុង សុខហួរ ក៏បានលើកប្រការ៤ នៃសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ១៩៧៩។ លោកបន្តថា «គាត់បាន ចុះហត្ថលេខាថា ឯកភាពគ្នាថាប្រទេសទាំងពីរ ឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំងពីរ។ សូមឲ្យយកសន្ធិសញ្ញាហ្នឹងមកមើល បើឥតមើលឥតជឿទេ។ និយាយឲ្យត្រង់ក៏ខ្ញុំឥតជឿដែរ ទាល់តែខ្ញុំបានមើល បានខ្ញុំជឿ។»
ចំណុចដែលលើកឡើងពីការរំលាយព្រំដែនជាតិរវាងប្រទេសទាំងពីរនោះ ហើយដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាចេតនាញុះញង់។ លោកបន្តថា «ដល់ថ្នាក់ ហេង សំរិន ចុះហត្ថលេខារំលាយព្រំដែនរដ្ឋចោលហើយ។ ដល់គេយកអាហ្នឹង ដោយសាររំលាយព្រំដែនរដ្ឋហ្នឹងហើយ បាន ៨២ ៨៣ ៨៤ ៨៥ ដើម្បីតម្រូវចិត្ត ៧៩។ អ៊ីចឹងតគ្នាជាគន្លាក់មើលការបកស្រាយរបស់គេ ហើយនេះចាំតទល់ក្តីគ្នានៅតុលាការចុះ។»
ភ្លាមៗនោះដែរ រដ្ឋាភិបាលបានប្រកាសថ្កោលទោស លោក ហុង សុខហួរ ថាជាទង្វើធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យភាព និងបូរណភាពទឹកដី។ សេចក្ដីថ្លែងការណ៍នោះពន្យល់ថា ខ្លឹមសារពិតនៃមាត្រា៤ នៃសន្ធិសញ្ញាសន្តិភាពឆ្នាំ១៩៧៩ បានចែងថា ភាគីទាំងពីរសន្យាថា នឹងដោះស្រាយរាល់ទំនាស់អាចកើតឡើងតាមរយៈការចរចាដោយសន្តិវិធី។ ភាគីទាំងពីរនឹងចរចា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញារួមកំណត់នូវព្រំដែនរដ្ឋរវាងប្រទេស ទាំងពីរ លើមូលដ្ឋានខ្សែព្រំដែននាពេលបច្ចុប្បន្ន ហើយប្ដេជ្ញាចិត្តកសាងខ្សែព្រំដែននោះទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
Where is the COD [Culture of Dialogue]? Is there anything new about HUN SEN? No! When the going gets tough, the tough resorts to his 'White Woods hotel's doctrine'.
ReplyDeleteគ្មានអ្វីប្លែកទេ។ ដល់ពេលទាល់ច្រក លោក ហ៊ុនសែន យក លទ្ធិ ព្រៃ ស មកអនុវត្ត [ប្រើ]!។
Rien de nouveau pour HUN SEN: recourir à sa doctrine d'hôtel de la 'Forêt blanche' au moment de désespoir!