នាយករដ្ឋមន្ត្រី ចាត់ឲ្យ រដ្ឋមន្ត្រី ក្រសួងដែនដី ឆ្លើយបំភ្លឺ នៅសភា តាមសំណើ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ២៩ សីហា ២០១៥
ប្រមុខរដ្ឋាភិបាលយល់ព្រមចាត់ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលឆ្លើយបំភ្លឺនៅរដ្ឋសភាតាមសំណើរបស់តំណាងរាស្ត្រគណបក្សប្រឆាំងពី ការងាររបស់ខ្លួន ទាក់ទងលទ្ធផលនៃការដោះស្រាយទំនាស់ដីធ្លី។ ការឆ្លើយតបនេះ ក្រោយពេលគណៈកម្មការទី១នៃរដ្ឋសភាទទួលបន្ទុកសិទ្ធិមនុស្ស និងពាក្យបណ្ដឹង ស្នើទៅនាយករដ្ឋមន្ត្រីតាមរយៈប្រធានរដ្ឋសភា ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម មកពន្យល់បន្ថែមពីការអនុវត្តការងាររបស់ខ្លួន។
ប្រសិនបើ គ្មាន ការប្រែប្រួល នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ខាងមុខ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម នឹងដឹកនាំក្រុមការងារប្រាប់ផ្ទាល់មាត់ និងផ្តល់របាយការណ៍ទៅគណៈកម្មការទី១នៃរដ្ឋសភា។ ទោះយ៉ាងនេះក្តី អ្នកតាមដានព្រឹត្តិការណ៍សង្គម ពុំសូវមានជំនឿលើជំនួបនេះនោះទេ ខណៈដែលតំណាងរាស្ត្របក្សប្រឆាំង គ្មានសំឡេងគ្រប់គ្រាន់ដែលអាចស្នើឲ្យដកតំណែងមន្ត្រីរដ្ឋាភិបាលណា មួយនោះ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជៀម សុផលមករា បានឲ្យដឹងថា ការចូលបំភ្លឺនៅរដ្ឋសភាក្រៅពីរដ្ឋមន្ត្រី ក៏មានមន្ត្រីជំនាញអមដំណើរនោះដែរ។ អ្នកនាំពាក្យដដែលបន្តថា ប្រសិនបើនាយករដ្ឋមន្ត្រីចាត់តាំងឲ្យចូលបំភ្លឺ រដ្ឋមន្ត្រីត្រូវតែទៅបំភ្លឺ ហើយលោកថា ការបំភ្លឺនៅសភា គឺជាទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល៖ «សម្រាប់ខ្ញុំយល់ថា នេះជារបៀបរបបការអនុវត្តការងារ ដែលខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ធ្វើការងារជាមួយគ្នា។»
សំណើរបស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ដែលទទួលបានការយល់ព្រមពីប្រធានរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា គណៈកម្មការទី១រដ្ឋសភា ចង់ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពន្យល់ពីករណីទំនាស់ដីធ្លីដែលនៅតែកើតមាននៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ ព្រះសីហនុ និងរាជធានីភ្នំពេញ។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ប្រាប់ថា គណៈកម្មការលោកនឹងសួរសំណួរទាក់ទងការងាររបស់រដ្ឋមន្ត្រីក្រសួងដែនដី ដែលផ្ដោតសំខាន់ការងារដោះស្រាយជម្លោះដីធ្លី។ ក្រៅពីនេះលោថា ក្រុមការងារលោកមានឯកសារមួយចំនួនដែលជាញត្តិពលរដ្ឋ របាយការណ៍នៃការដោះស្រាយកន្លងមករបស់រដ្ឋាភិបាល និងនីតិវិធីនៃការចេញប្លង់ដីកម្មសិទ្ធិ៖ «មុននឹងយើងអញ្ជើញគាត់ យើងមានឯកសារផ្ទៃក្នុង ដែលទាមទារឲ្យការបំភ្លឺបញ្ជាក់បន្ថែម។ ជារឿងធម្មតាទេ នៅពេលរដ្ឋសភាទទួលបានពាក្យបណ្ដឹងរបស់ពលរដ្ឋ សភាត្រូវបញ្ជូនទៅរដ្ឋាភិបាល និងរដ្ឋសភា ត្រូវដឹងដើម្បីប្រជាពលរដ្ឋដឹង។»
ទាក់ទងរឿងនេះដែរ អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការកោះហៅមន្ត្រីរដ្ឋាភិបាលមកឆ្លើយបំភ្លឺនៅរដ្ឋសភាគ្រាន់តែល្អមើល ប៉ុន្តែពុំសូវមានប្រសិទ្ធភាពទេ ព្រោះខ្វះការតាមដានពីគណៈកម្មាធិការសភា ទៅលើការងារមន្ត្រីរដ្ឋាភិបាល។
លោក កែម ឡី បន្ថែមទៀត ការងាររបស់សភាកំពុងតែធ្វើទៅជាគណបក្សប្រឆាំងតាមដានការងារ រដ្ឋាភិបាល មិនមែនជាសភាជាអ្នកតាមដានការងាររដ្ឋាភិបាលនោះទេ៖ «របៀប ធ្វើរាល់ដងជារបៀបរវាង គណបក្សនិងគណបក្ស ដែលជាគណបក្សមួយគ្មានសំឡេងដើម្បីសម្រេច ហើយបើទោះជារកឃើញរដ្ឋាភិបាលធ្វើខុសក៏ដោយ ក៏គ្មានឃើញមានយន្តការដកមន្ត្រីណាទេ។»
ទោះយ៉ាងនេះ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង អះអាងថា ក្រោយការកោះហៅនេះ យ៉ាងហោចណាស់ក៏ធ្វើឲ្យមន្ត្រីរដ្ឋាភិបាល ឬសមត្ថកិច្ចប្រយ័ត្នប្រយែងក្នុងការអនុវត្តការងាររបស់ខ្លួនដែរ៕
No comments:
Post a Comment