របាយការណ៍៖ កម្ពុជា បាត់បង់ ព្រៃឈើ ជាមធ្យម ជាង២.០០០ គីឡូម៉ែត្រ ការ៉េរាល់ឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ២៩ សីហា ២០១៥
អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា ព្រៃឈើនៅកម្ពុជា បានបាត់បង់ក្នុងកម្រិតប្រកាសអាសន្ន ដោយសារតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលមានពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ។ ការរកឃើញរបស់អង្គការអន្តរជាតិមួយនេះ ត្រូវបានសង្គមស៊ីវិលនៅកម្ពុជា សម្ដែងការគាំទ្រ ហើយថា នេះជាការឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងនៅកម្ពុជា។
ក្នុងរបាយការណ៍សិក្សារបស់ខ្លួនដែលផ្សព្វផ្សាយនៅក្នុងខែកក្កដា ឆ្នាំ២០១៥ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រកឃើញថា ការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជា គឺកើតឡើងដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋាភិបាលទៅ កាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។
ការរកឃើញរបស់អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មួយនេះ គឺស្របពេលដែលសកម្មជនការពារធនធានព្រៃឈើ និងធម្មជាតិនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាសហគមន៍នានា កំពុងសម្ដែងការបារម្ភអំពីវិនាសកម្មព្រៃឈើនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន សរុបប្រមាណ ២,៦លានហិកតារ គឺស្មើប្រមាណ ១៤% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយដែលប្រមាណ ៨០% នៃផ្ទៃដីសម្បទាននេះ គឺស្ថិតនៅក្នុងព្រំដែននៃតំបន់ឧទ្យានជាតិ និងតំបន់ការពារផ្សេងៗ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រកឃើញថា ដោយសារតែដីសម្បទានសេដ្ឋកិច្ចបានធ្វើឲ្យកម្ពុជា បាត់បង់ព្រៃឈើជាមធ្យមជាង ២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់ថា ការបាត់បង់ព្រៃឈើដ៏មហិមានៅកម្ពុជា គឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា និងពីការកើតឡើងអំពើពុករលួយនៅក្នុងវិស័យនេះ។ ក្នុងពេលជាមួយគ្នា ហ្វរ៉ែស្ត ធ្រែនស៍ អះអាងថា នៅកម្ពុជា ចំនួនផ្ទៃដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ទៅឲ្យក្រុមហ៊ុន វិនិយោគឯកជនបន្តកើនឡើងជាមធ្យមប្រមាណជាង ២សែន (២០៨.១៤១) ហិកតារ ក្នុង១ឆ្នាំៗ។
បន្ថែមពីលើនេះ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ លើកឡើងថា ការកើនឡើងនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា បន្តកើតឡើងបើទោះជានៅបន្ទាប់ពីកម្ពុជា ចាប់ផ្ដើមទទួលបានថវិកាក្រោមកម្មវិធីការកាត់បន្ថយកម្ដៅទៅលើភព ផែនដីដោយសារការកាប់ព្រៃឈើរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០១១ មកក្តី។ ថវិកាដែលផ្ដល់ឲ្យកម្ពុជា នេះ គឺជាការឆ្លើយតបទៅនឹងការប្ដេជ្ញារបស់កម្ពុជា ក្នុងការគោរពទៅតាមបទដ្ឋានអន្តរជាតិស្ដីពីការការពារព្រៃឈើប្រកប ដោយនិរន្តរភាព។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ បានទេ នៅថ្ងៃទី២៨ ខែសីហា នៅឡើយទេ។
ប៉ុន្តែរដ្ឋាភិបាលបានអះអាងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៣ របស់ខ្លួនថា កាលពីក្នុងនីតិកាលទី៤ កន្លងទៅ រដ្ឋាភិបាលបានរក្សាគម្របព្រៃឈើសរុបប្រមាណ ១០លានហិកតារ ឬស្មើប្រមាណជិត ៦០% នៃផ្ទៃប្រទេស។ លើសពីនេះ រដ្ឋាភិបាលក៏បានបោះបង្គោលព្រំដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ប្រវែង ២.០២០គីឡូម៉ែត្រ និងបានបង្កើតសហគមន៍ព្រៃឈើចំនួន ៤៥៣ ក្នុងខេត្តចំនួន១៩ លើផ្ទៃដីចំនួនជិត ៤សែន (៣៩៩.៨៨០) ហិកតារផងដែរ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបដែលមាន ទំហំប្រមាណជាង ៦៤ម៉ឺន (៦៤៧.០០០) ហិកតារទៀតផង។
យ៉ាងណាក៏ដោយចុះ សង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើអះអាងថា កម្ពុជាកំពុងជួបវិនាសកម្មព្រៃឈើគួរឲ្យព្រួយបារម្ភ។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍នៅថ្ងៃទី២៨ ខែសីហា ថា ការរកឃើញរបស់អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ គឺស្រដៀងទៅនឹងអ្វីដែលអង្គការរបស់លោករកឃើញនៅពេលកន្លងមក។
លោក អ៊ូច ឡេង បន្តថា មូលហេតុធំបំផុតដែលធ្វើឲ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជា នោះគឺការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះឯង។ លោកថា បើទោះជារដ្ឋាភិបាលបានលុបអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពី ក្រុមហ៊ុនខ្លះ ឬមិនផ្ដល់អាជ្ញាប័ណ្ណថ្មីបន្តទៀតក្ដី ប៉ុន្តែសកម្មភាពកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនធំៗមានអំណាចនៅ កម្ពុជា នៅតែបន្តរហូតដល់សព្វថ្ងៃ ដែលមិនទាន់មានស្ថាប័ន ឬសមត្ថកិច្ចណាមួយហ៊ានចេញមុខទប់ស្កាត់ឡើយ។ លោកថា មិនត្រឹមតែប៉ុណ្ណោះទេ កន្លងមកមន្ត្រីរដ្ឋាភិបាលថែមទាំងបានចេញមុខនិយាយការពារសកម្មភាព ស្របច្បាប់របស់ក្រុមហ៊ុនមួយចំនួនទៀតផង តួយ៉ាងដូចជាក្រុមហ៊ុន ទ្រី ភាព ជាដើម។
លោក អ៊ូច ឡេង ថ្លែងថា រដ្ឋាភិបាលគួរទទួលយកការពិត ហើយត្រូវធ្វើកំណែទម្រង់ដើម្បីទប់ស្កាត់វិនាសកម្មព្រៃឈើដែលកំពុង កើតមាននៅកម្ពុជា៖ «កត្តាសំខាន់បំផុតគឺបញ្ហាអំពើពុករលួយ ការឃុបឃិតគ្នាដើម្បីរកស៊ីមានបាន ជាពិសេសរដ្ឋាភិបាល និងមន្ត្រីធំៗ បានជាប់ឆ្នោតដោយសារតែគាត់ទទួលបានការឧបត្ថម្ភពីឧកញ៉ាធំៗ ដើម្បីជួយផ្គត់ផ្គង់គណបក្សប្រជាជនដើម្បីឲ្យមានលទ្ធភាពក្នុងការ ឃោសនាបោះឆ្នោត ពង្រឹងគណបក្សរបស់គាត់កាន់អំណាចតទៅមុខ អ៊ីចឹងហើយបានជារដ្ឋាភិបាលព្យាយាមកាន់ជើងក្រុមហ៊ុនធំៗ ដើម្បីប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនផង ដើម្បីប្រយោជន៍អំណាចនៅក្នុងបក្សរបស់ខ្លួនផង។»
ទាក់ទងនឹងគម្របព្រៃឈើធម្មជាតិសរុបនៅកម្ពុជា វិញ លោក អ៊ូច ឡេង បញ្ជាក់ថា គឺនៅសល់ប្រមាណ ២០% ប៉ុណ្ណោះ នៃផ្ទៃប្រទេសកម្ពុជា សរុប៖ «ដូច ខ្ញុំបាននិយាយអ៊ីចឹង គឺមានប្រមាណ ២០ ទៅ ២៥% ក្នុងឆ្នាំ២០១៤ ឥឡូវប្រហែលសល់ពី ១៨ ទៅ ២០% ប៉ុណ្ណោះ ព្រោះថា គេកាប់មួយខែយ៉ាងហោចណាស់ក៏ ១០ ទៅ ២០គីឡូដីដែរ ដើម្បីយកឈើប្រណិតធំៗ។»
ច្បាប់កម្ពុជា មិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយទទួលបានដីសម្បទានសេដ្ឋកិច្ចពី រដ្ឋាភិបាលលើសពី ១ម៉ឺនហិកតារនោះទេ។ ប៉ុន្តែក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា កាលពីចុងឆ្នាំ២០១៣ រកឃើញថា ក្រុមហ៊ុនរបស់លោក ទ្រី ភាព ទទួលបានដីសម្បទានសរុបរហូតដល់ជិត ៧ម៉ឺន (៦៨.០៨៨) ហិកតារ ហើយដែលបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តចំនួន ១០នៅកម្ពុជា ដូចជាខេត្តកោះកុង ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពង់ធំ កំពង់ស្ពឺ សៀមរាប និងឧត្តរមានជ័យ។
ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រកឃើញដែរថា សកម្មភាពអាជីវកម្មចម្បងបំផុតរបស់ក្រុមហ៊ុន ទ្រី ភាព គឺការកាប់ និងដឹកជញ្ជូនឈើប្រណិត ឈើមានតម្លៃ ដូចជា គ្រញូង បេង កកោះ នាងនួន ធ្នង់ គគីរ គ្រើល និងឈើប្រណិតៗដទៃទៀតពីកម្ពុជា ដើម្បីនាំចេញទៅប្រទេសក្រៅតាមរយៈប្រទេសវៀតណាម។
បន្ថែមពីលើនេះ ក្រុមហ៊ុន ទ្រី ភាព មានភាគហ៊ុនជាមួយក្រុមហ៊ុនវៀតណាម ជាច្រើន ដូចជាក្រុមហ៊ុន វីណាខមមីនកូ (Vinacominco) ក្រុមហ៊ុនកៅស៊ូវៀតណាម វី.អ.ជី (VRG) ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ក្រុមហ៊ុន ហេង ប្រាឌើ (Heng Brother) ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) ក្រុមហ៊ុន ហ័ងអាញ់ អូរយ៉ាដាវ (Hoang Anh Oydav) ក្រុមហ៊ុន ហ័ងអាញ់ ម៉ាយ៉ាង (Hoang Anh Mang Yang) និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។ លើសពីនេះទៀត ក្រុមហ៊ុន ទ្រី ភាព ក៏ទទួលបានសិទ្ធិទិញឈើផ្ដាច់មុខពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នានានៅក្នុងប្រទេសកម្ពុជា ផងដែរ។
ជាងនេះទៅទៀត ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រកឃើញថា លោក ទ្រី ភាព បានបង់ប្រាក់ទៅឲ្យគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រចាំក្នុង ១ខែ ១លានដុល្លារជាថ្លៃដឹកឈើចេញពីស្រុកខ្មែរទៅប្រទេសវៀតណាម និងប្រទេសចិន។
ចំណែកអង្គការឃ្លាំមើលពិភពលោក (Global Witness) បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្រុមហ៊ុន ទ្រី ភាព បាននាំឈើចេញតាមច្រកកំពង់ផែក្រុងព្រះសីហនុ ទៅបរទេសប្រមាណ ៩០០ម៉ែត្រគូបជារៀងរាល់ថ្ងៃ។ ប្រមាណ ៨៥% នៃឈើទាំងអស់នោះ គឺនាំចេញទៅកាន់ប្រទេសចិន ហើយដែលនាំចំណូលដល់ក្រុមហ៊ុនរាប់លានដុល្លារ។
Global Witness អះអាងថា ក្រុមហ៊ុន ទ្រី ភាព និងបណ្ដាញរបស់ក្រុមហ៊ុននេះ កំពុងបង្កវិនាសកម្មព្រៃឈើនៅកម្ពុជា និងបំផ្លាញជីវភាពរស់នៅរបស់ប្រជាសហគមន៍ជនជាតិដើម។ យ៉ាងណាក៏ដោយ Global Witness លើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាលមិនត្រឹមតែមិនបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាព នោះទេ តែពួកគេបែរជាជួយការពារក្រុមហ៊ុន ទ្រី ភាព នេះទៅវិញ៕
No comments:
Post a Comment