នាយករដ្ឋមន្ត្រី ប្រកាសគាំទ្រ ប៉ូលិស អាំងទែប៉ូល តាមចាប់ខ្លួន លោក ឈូក បណ្ឌិត
RFA / វិទ្យុ អាស៊ី សេរី | ៣ សីហា ២០១៥
អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ដើរចូលសវនាការសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៣។
RFA/Ouk Savborey
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ទី៣ ខែសីហា បានសើរើ សំណុំរឿង អតីត អភិបាលក្រុង បាវិត កំពុងនៅក្រៅឃុំ ដែលតុលាការ ផ្ដន្ទាទោស ក្នុងសំណុំរឿង ព្រហ្មទណ្ឌ បាញ់កម្មករ រោងចក្រ កៅវ៉េ (Kaoway) ខេត្ត ស្វាយរៀង កាលពីឆ្នាំ ២០១២។ សង្គមស៊ីវិល ដែលឃ្លាំមើល ករណីនេះ សាទរ ចំពោះ ការប្រកាស របស់លោក នាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រប៉ូលិសអាំងទែប៉ូល (Interpol) តាមស្វែងរកចាប់ខ្លួន លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនី ៣នាក់ឲ្យរងរបួស ឲ្យមកទទួលទោសតាមច្បាប់។
នេះជាលើកទី១ ហើយ ដែលលោកបានប្រកាសឲ្យមានការចាប់ខ្លួន លោក ឈូក បណ្ឌិត បែបនេះ។ នេះជាការប្រកាសដ៏កម្រមួយក្នុងរយៈពេល ២ឆ្នាំ ក្រោយពីតុលាការផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌដែល លោក ឈូក បណ្ឌិត កំពុងនៅក្រៅឃុំនៅឡើយ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ នៅថ្ងៃទី៣ ខែសីហា ក្រោយពីមានការរិះគន់ពីសាធារណជនថា លោកមិនបានធ្វើអន្តរាគមន៍ក្នុងការចាប់ខ្លួន លោក ឈូក បណ្ឌិត ដូចករណីអតីតពិធីការនីទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា សាសា និងករណីឧកញ៉ា ថោង សារ៉ាត់ ជាដើម៖ «បញ្ជាតាមចាប់ខ្លួនចេះតែតាម ចាប់ខ្លួន អាហ្នឹងវារឿងព្រហ្មទណ្ឌ លោកមិនតាមចាប់ប៉ូលិសខុស។ រឿង ឈូក បណ្ឌិត មិនតាមចាប់ខ្លួនខុស ទើបតែឥឡូវប៉ូលិសអាំងទែប៉ូល ចេញតាមចាប់។»
ក្រោយពីបានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ ក្នុងក្រុងបាវិត ចំនួន ៣នាក់រងបួស ក្នុងពេលកម្មករតវ៉ាទាមទារលក្ខខណ្ឌការងារល្អ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ នៅខែមិថុនា ឆ្នាំ២០១៣ លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងបង្គាប់ឲ្យបង់ប្រាក់សរុប ៣៨លានរៀលដល់ជនរងគ្រោះ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ ក៏ប៉ុន្តែ ជនរងគ្រោះមិនសុខចិត្ត ក៏ប្ដឹងទាស់សាលក្រមនេះ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ តុលាការកំពូលសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង និងសាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក ឈូក បណ្ឌិត ឋិតនៅក្រៅឃុំ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក មឿន តុលា សាទរចំណាត់ការនេះ បើសិនជារដ្ឋាភិបាលចង់ចាប់ ឬជំរុញឲ្យមានការចាប់ខ្លួន លោក ឈូក បណ្ឌិត៖ «រឿង ឈូក បណ្ឌិត នេះ វាជារឿងអយុត្តិធម៌ណាស់សម្រាប់កម្មការិនីទាំង ៣ ផង អយុត្តិធម៌សម្រាប់មន្ត្រីប៉ូលិស លោក ស ចន្ថា នេះផង។»
(ពីស្ដាំ) កម្មការិនី
នុត សាខន កម្មការិនី ប៊ុត ចិន្តា និងកម្មការិនី កែវ នា
មកចូលរួមសវនាការលើសំណុំរឿងអតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង
លោក ឈូក បណ្ឌិត បាញ់កម្មករ នាតុលាការកំពូល រាជធានីភ្នំពេញ
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤។ RFA/Ouk Savborey
កម្មការិនីរងគ្រោះម្នាក់ក្នុងចំណោមអ្នកតវ៉ា កម្មការិនី នុត សាខន និយាយនៅមុខសភាទាំងខ្សឹកខ្សួលថា មុខរបួសពួកគាត់នៅមិនទាន់ជាសះស្បើយនៅឡើយ៖ «មុខរបួសពួកខ្ញុំ រាល់ថ្ងៃនៅ សូម្បីតែធ្វើរាល់ថ្ងៃមិនដែលពេញម៉ោងផង ធ្វើការពេលណាឈឺឈប់។ ពួកខ្ញុំឈឺចាប់ណាស់។ ពួកខ្ញុំ ៣ឆ្នាំហើយ មិនដោះស្រាយឲ្យពួកខ្ញុំទៀត៕»
No comments:
Post a Comment