Paris Peace Accords 23 Oct. 1991

Thursday, August 27, 2015

មន្ត្រី​ សិទ្ធិ​មនុស្ស​ អំពាវនាវ​ ឲ្យ​ស៊ើប​អង្កេត​ កាស៊ីណូ​ បើក​លេង ​នៅ​ព្រំដែន ស្រុក​ អូរយ៉ាដាវ | Rights officials request investigation into opening of casinos along border of O'Yadaw

មន្ត្រី​ សិទ្ធិ​មនុស្ស​ អំពាវនាវ​ ឲ្យ​ស៊ើប​អង្កេត​ កាស៊ីណូ​ បើក​លេង ​នៅ​ព្រំដែន ស្រុក​ អូរយ៉ាដាវ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ សីហា ២០១៥

ផែនទី​ខេត្ត​រតនគិរី ៦២០
ផែនទី​ខេត្ត​រតនគិរី។  Photo: RFA

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ស៊ើប​អង្កេត​ក្រុមហ៊ុន​កាស៊ីណូ​មួយ​កន្លែង ដែល​បើក​លេង​នៅ​តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​គេ​សង្ស័យ​ថា មិន​បាន​បំពេញ​បែបបទ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ បន​ល្បែង​ស៊ី​សង​នេះ ក៏​មិន​បាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​កាស៊ីណូ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំណត់។

បន​ល្បែង​ស៊ី​សង​មាន​បៀ យ៊ូគី អាប៉ោង មួយ​កន្លែង ឋិត​នៅ​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចាប់​បើក​លេង​ដោយ​ចំហ​ប្រមាណ​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ទីតាំង​នេះ​បាន​បិទ​ឈប់​លេង​ល្បែង​ប្រមាណ​ជាង ១​ឆ្នាំ​កន្លង​ទៅ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា បន​ល្បែង​នេះ​ជ្រក​ក្រោម​លិខិត​អនុញ្ញាត​ជា​គោលការណ៍​ពី​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ក៏ប៉ុន្តែ​មិន​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​កាស៊ីណូ និង​កំណត់​បង់​ពន្ធ​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ឡើយ។ លោក​បន្ត​ទៀត​ថា បន​ល្បែង​នេះ​មាន​ទីតាំង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ជា​កាស៊ីណូ ជាពិសេស​បន​ល្បែង​នេះ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​នៅ​ កន្លែង​នោះ​ទៀត​ផង៖ «យើង​សុំ​អំពាវនាវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ចុះ​ ស៊ើប​អង្កេត​ទីតាំង​ដែល​បើក​លេង​ល្បែង មិន​មែន​ជា​លក្ខណៈ​ផ្លូវ​ការ​ជា​កាស៊ីណូ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ ពាក់ព័ន្ធ​ទេ ជាពិសេស​យើង​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ខេត្ត​រតនគិរី ទៅ​លេង។»

បន​ល្បែង​ដែល​កំពុង​បើក​លេង​នោះ​មាន​ឈ្មោះ​ថា អេ.អេច្ឆ.អេស ឃីង គ្រុប (AHS King Group) ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា សុខ គឹមសាន្ត។ កាល​ពី​ឆ្នាំ​២០១១ បាន​បើក​លេង​រហូត​មក ដោយ​មិន​បាន​សាងសង់​ទីតាំង​ជា​កាស៊ីណូ​ត្រឹមត្រូវ និង​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយក​ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង គ្រុប លោក សុខ គឹមសាន្ត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បើក​លេង​ល្បែង​នេះ​មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពិស្ដារ​ទាក់ទិន​លិខិត​បទដ្ឋាន​បែប​ណា​ខ្លះ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បើក​លេង​ល្បែង​នោះ​ឡើយ៖ «មាន​ច្បាប់​ហើយ​តើ! ច្បាប់​កាស៊ីណូ។ ឥឡូវ​អាជ្ញាប័ណ្ណ​នៅ​ខ្ញុំ អត់​មាន​ខ្មែរ​លេង​ទេ។»

តាម​ការ​ពិនិត្យ​ឃើញ​ជាក់ស្តែង ទីតាំង​លេង​ល្បែង​សង់​ជា​រោង​ប្រក់​ស័ង្កសី​ទំហំ​ប្រមាណ ២០០​ម៉ែត្រ​ការ៉េ ឋិត​នៅ​លើ​ដី​ទួល​ជាប់​ខាង​ស្តាំ​ផ្លូវ​ជាតិ​លេខ ៧៨​អា ពី​ក្រុង​បានលុង ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ។ ទីតាំង​នោះ បើក​លេង​ពី​ម៉ោង ១២ ដល់​ម៉ោង ៥​រសៀល​រៀង​រាល់​ថ្ងៃ។

ទាក់ទិន​ការ​បើក​ធ្វើ​អាជីវកម្ម​បន​ល្បែង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន បាន​នៅ​ឡើយ។ ក៏ប៉ុន្តែ អធិការ​ប៉ូលិស​ស្តីទី​ស្រុក​អូរយ៉ាដាវ លោក ងយ ដន បញ្ជាក់​ថា លោក​បាន​ពិនិត្យ​កន្លែង​លេង​ល្បែង​នោះ និង​ឃើញ​មាន​លិខិត​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី (ស.ជ.ណ) ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា បន​ល្បែង​នេះ​មាន​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ ឬ​យ៉ាង​ណា​ទេ៖ «អា​ហ្នឹង​យើង​ឃើញ​មាន​ក្រដាស​មួយ តែ​ច្បាប់​ហ្នឹង​ទាល់​តែ​សួរ​មេៗ ព្រោះ​គាត់​ថា​យក​ទៅ​ឲ្យ​ចៅហ្វាយ​ខេត្ត​គាត់​ប្រាប់​អ៊ីចឹង។ គាត់​ថា​គាត់​មាន​អា​ពី​មុន​មក​ហ្នឹង ហើយ​គាត់​ធ្វើ​រហូត​មក។»

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង គ្រុប បញ្ឈប់​សកម្មភាព​អាជីវកម្ម​កាស៊ីណូ និង​ចូល​ខ្លួន​ទៅ​បំពេញ​បែបបទ​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម និង​ធ្វើ​ការ​កំណត់​ពន្ធ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ប៉ុន្តែ​មិន​មាន​ប្រភព​ផ្លូវ​ការ​បញ្ជាក់​ថា ក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង គ្រុប បាន​បំពេញ​តាម​លក្ខខណ្ឌ​ក្រសួង​តម្រូវ ឬ​យ៉ាង​ណា។

គោលការណ៍​នៃ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​កាស៊ីណូ ក្រុមហ៊ុន​ស្នើសុំ​ពេល​ទទួល​បាន​សេចក្តី​សម្រេច​ជា​គោលការណ៍​ពី​ស្ដីការ​ គណៈរដ្ឋមន្ត្រី ហើយ​ត្រូវ​តម្កល់​ប្រាក់ ១​លាន​ដុល្លារ​ទៀត​សម្រាប់​ធានា​ការ​សាងសង់។ ពេល​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ត្រូវ​តម្កល់​ប្រាក់​នៅ​ធនាគារ​ជាតិ​ចំនួន ១០​ម៉ឺន​ដុល្លារ និង​បង់​ប្រាក់​ពន្ធ ៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕



No comments:

Post a Comment