Paris Peace Accords 23 Oct. 1991

Thursday, August 27, 2015

[Vietnamization] លោក ហោ ណាំហុង ព្រមាន​ ថា, ​អ្នក​រិះគន់ ​រឿង​ផែនទី​ នឹង​ភ្លឺ​ភ្នែក​ នៅ​ពេល​ ឆាប់ៗ​នេះ | Hor Namhong threateningly declares that those critical of maps will have their eyes opened soon

លោក ហោ ណាំហុង ព្រមាន​ ថា, ​អ្នក​រិះគន់ ​រឿង​ផែនទី​ នឹង​ភ្លឺ​ភ្នែក​ នៅ​ពេល​ ឆាប់ៗ​នេះ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ សីហា ២០១៥

ហោ ណាំហុង ៦២០
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក ហោ ណាំហុង ព្រមាន ​ក្រុម​អ្នក​រិះគន់ ​រឿង​ផែនទី​ ថា, ពួក​គេ ​នឹង​ភ្លឺ​ភ្នែក​ នៅ​ពេល​ បន្តិច​ទៀត​នេះ ព្រោះ ​រដ្ឋាភិបាល​ បារាំង នឹង​ឆ្លើយ​តប​ មក​រដ្ឋាភិបាល ​កម្ពុជា ជា​ផ្លូវ​ការ​ ថា ឲ្យ​កម្ពុជា ខ្ចី​ផែនទី​ ដែល​រក្សា​ទុក​ នៅ​ប្រទេស ​បារាំង។

ការ​ថ្លែង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា សង​ផែនទី​ប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ​វិញ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា អាយ៉ៃ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​សារព័ត៌មាន​របស់​ក្រុម​អ្នក​រិះគន់​រឿង​ ផែនទី នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត លោក ហោ ណាំហុង ផ្ដាំ​ទៅ​អ្នក​នយោបាយ​ផ្សេង​ទៀត​ឲ្យ​ឈប់​យក​បញ្ហា​ផែនទី​មក​កេង​ចំណេញ​ នយោបាយ៖ «អស់​លោក​នឹង​ភ្លឺ​ភ្នែក​អំពី​អ្វី​ដែល​ខ្លួន​និយាយ​កន្លង​មក ហើយ​ខ្ញុំ​សង្ឃឹម​នៅ​ពេល​ភ្លឺ​ភ្នែក​ហើយ​នោះ ឈប់​យក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម មក​កេង​ចំណេញ​រឿង​នយោបាយ។ បើ​នៅ​មិន​ភ្លឺ​ភ្នែក ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ ស្រេច​តែ​រដ្ឋាភិបាល​ចាត់​ចែង​ទៅ។»

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​សង​ផែនទី​ទៅ​មន្ត្រី​នៃ​អង្គការ​ សហប្រជាជាតិ លោក ហោ ណាំហុង បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រហែល​ជា​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត លោក​និយាយ​ថា កម្ពុជា មិន​អាច​ស្វែង​រក​ផែនទី​តាម​រយៈ​ការ​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​ អន្តរជាតិ (ICJ) នោះ​បាន​ទេ ព្រោះ​ត្រូវ​ចំណាយ​លុយ​ច្រើន និង​ត្រូវ​ប្រើ​រយៈពេល​យូរ។ ចំណែក​ឯ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ម្នាក់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ខាង​មុខ រដ្ឋាភិបាល​បារាំង នឹង​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា ពី​សំណើ​រឿង​សុំ​ខ្ចី​ផែនទី។

ស្រដៀង​គ្នា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​ថា លោក​បាន​ទទួល​ផែនទី​ប្រទេស​បារាំង រួច​ហើយ ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ផ្សេង​ទៀត។

លោក​បណ្ឌិត សុខ ទូច ថ្លែង​បញ្ជាក់​បន្ថែម​ថា ផែនទី​លោក​ខ្ចី​បាន​នោះ​ជា​ផែនទី​ថត​ចម្លង​ចំនួន ២៦​ផ្ទាំង ខ្នាត ១/១០០.០០០ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​ដូច​គ្នា​នឹង​ផែនទី​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​សព្វថ្ងៃ៖ «ផែនទី ​ហ្នឹង (ផែនទី​ប្រទេស​បារាំង) យើង​បាន​យូរ​ហើយ ខ្ញុំ​ជឿជាក់​ផែនទី​ហ្នឹង​ដូច​គ្នា​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​ទេ ពីព្រោះ​គេ​បញ្ជូន​មក​ផ្លូវ​ការ​សិន។»

កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​លិខិត​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​នោះ​រួម​មាន បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ជា​ការ​ឆ្លើយ​តប នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក ដេវីដ ខាម៉ឺរូន (David Cameron) ថ្លែង​នៅ​ក្នុង​លិខិត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ថា ផែនទី​ដែល​កម្ពុជា ស្នើ​សុំ​ខ្ចី​នោះ មិន​ត្រូវ​បាន​រក​ឃើញ​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ ក្នុង​ចំណោម​ផែនទី​ទាំង​បី​ដែល​បោះ​ពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន មាន​នៅ​ក្នុង​បណ្ណាល័យ ប្រ៊ីតធីស (British Library) ដែល​មាន​ប្រយោជន៍​សម្រាប់​ការងារ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​ កម្ពុជា។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ស្វាគមន៍ ប្រសិន​រដ្ឋាភិបាល​បារាំង ឆ្លើយ​តប​សំណើ​របស់​រដ្ឋាភិបាល​រឿង​ផែន​ទី​នេះ។ ឆ្លើយ​តប​នឹង​សម្ដី​របស់ លោក ហោ ណាំហុង ថា​អ្នក​នយោបាយ​គួរ​បញ្ឈប់​យក​រឿង​ផែនទី​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ លោក យឹម សុវណ្ណ ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​អ្វីៗ​គឺ​ដើម្បី​ប្រយោជន៍​ជាតិ ពីព្រោះ​ប្រទេស​កម្ពុជា មិន​មែន​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯង​ទេ៖ «ប្រទេស ​កម្ពុជា មិន​មែន​ជា​របស់​អ្នក​ណា​តែ​ម្នាក់​ទេ គឺ​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​អ្វី​ក៏ដោយ ដែល​ទាក់ទង​បូរណភាព​ទឹក​ដី ជា​បញ្ហា​របស់​ខ្មែរ​ទាំងអស់​គ្នា។»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ប្រធាន​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង អះអាង​នៅ​ក្នុង​ពិធី​ប្រគល់​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី ថា ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ គឺ​ដូច​គ្នា​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ ជា​ផែនទី​ស្ដីពី​អាមេរិក ទម្លាក់​គ្រាប់​នៅ​កម្ពុជា ដែល​កម្ពុជា យក​ទៅ​ប្ដឹង​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤។

ក្នុង​ករណី​រដ្ឋាភិបាល​មាន​ផែនទី​ត្រឹមត្រូវ​គ្រប់គ្រាន់​ក្រោយ​ការ​ ផ្ទៀងផ្ទាត់ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថា​រឿង​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត គឺ​ពិនិត្យ​មើល​ការ​បោះ​បង្គោល និង​ត្រូវ​ត្រួត​ពិនិត្យ​មើល​ថា តើ​ប្រទេស​ក្បែរ​ខាង​កម្ពុជា គោរព​តាម​កិច្ច​ព្រមព្រៀង​បង្គោល​ព្រំដែន​នោះ​ដែរ ឬ​ទេ?

ទាក់ទង​រឿង​ផែនទី​នេះ​ដែរ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ប្រគល់​ផែនទី​កម្ពុជា ដែល​អាមេរិក​មាន ដោយ​បញ្ជាក់​ថា ផែនទី​នោះ​អាមេរិក​ធ្លាប់​បង្ហាញ​ម្តង​រួច​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ព្រមាន​ថា នឹង​ចាត់​វិធានការ​លើ​ជន​ណា​ដែល​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៕


No comments:

Post a Comment