គណបក្សសង្គ្រោះជាតិនឹងប្រគល់ផែនទីឲ្យរាជបណ្ឌិត្យសភានៅថ្ងៃច័ន្ទ
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងនៅថ្ងៃទី៧ សីហា ថា គណបក្សប្រឆាំងមួយនេះនឹងប្រគល់ផែនទីទាំងអស់ដែលខ្លួនមាន ទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។ ការប្រកាសរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សម្ដែងការស្វាគមន៍។
គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចហើយដើម្បីចូលរួមក្នុងការសិក្សា និងពិនិត្យជាមួយភាគីពាក់ព័ន្ធទាំងអស់ នូវផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ដើម្បីបោះបង្គោលខណ្ឌសីមា ព្រំដែនជាមួយប្រទេសវៀតណាម។
ការប្រកាសរបស់គណបក្សសង្គ្រោះជាតិ បែបនេះ គឺស្របពេលដែលអង្គការសហប្រជាជាតិ យល់ព្រមឲ្យកម្ពុជា ខ្ចីផែនទីមួយចំនួនដើម្បីយកមកសិក្សា បើទោះជាផែនទីទាំងនោះមិនមែនជាផែនទីបោនខ្នាត ១/១០០.០០០ ដែលកម្ពុជា បានស្នើសុំខ្ចីក៏ដោយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹងថា ក្រៅតែពីប្រគល់ផែនទីដែលខ្លួនមានទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា បក្សប្រឆាំងក៏នឹងថ្វាយផែនទីទាំងអស់ទៅព្រះមហាក្សត្រ ទៅរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។ យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់ថា ផែនទីដែលបក្សប្រឆាំងមាន មិនមែនជាផែនទីក្រដាសនោះទេ តែវាជាផែនទីថតចម្លងឌីជីថល (Digital)។ លោក អ៊ូ ច័ន្ទឫទ្ធិ សម្ដែងការសាទរដែលអង្គការសហប្រជាជាតិ បានផ្តល់ផែនទីមួយចំនួនឲ្យកម្ពុជា ខ្ចី បើទោះជាលោកហាក់សោកស្ដាយ ដោយសារផែនទីដែលអង្គការសហប្រជាជាតិ ឲ្យខ្ចីនោះ មិនមែនជាផែនទីដែលកម្ពុជា បានសុំខ្ចីក៏ដោយ។ យ៉ាងណាក៏ដោយ លោកថា បក្សប្រឆាំងនឹងចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យមើលផែនទីទាំងអស់គ្នា៖ «យើងនឹងត្រៀមខ្លួនចូល ពិនិត្យដូចសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែរ ដែលរៀបចំមានគណៈកម្មការទទួល ប្រគល់ ហើយនិងពិនិត្យផែនទីនេះ ខ្ញុំគិតថា ជាគ្រឿងផ្សំមួយដែលភាគីទាំងអស់ចូលរួមតាមដានពិនិត្យមើលផែនទី។»
ទាក់ទងនឹងរឿងផែនទីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ សីហា បានផ្ញើលិខិតថ្លែងអំណរគុណអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដែលបានអនុញ្ញាតឲ្យកម្ពុជា ខ្ចីផែនទីមួយចំនួនមកធ្វើការពិនិត្យ។ ក្នុងពេលជាមួយគ្នា លោក ហ៊ុន សែន ក៏បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលមានរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ជាប្រធាន ដើម្បីបំពេញភារកិច្ចក្នុងការទទួល និងប្រគល់ផែនទីពីអង្គការសហប្រជាជាតិ។ រដ្ឋាភិបាល ក៏បានប្រគល់ផែនទីរបស់ខ្លួនទៅឲ្យលោកបណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា រួចហើយដែរ កាលពីថ្ងៃទី៦ សីហា។
លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានព្រមានដែរថា លោកនឹងមិនលើកលែងឲ្យក្រុមណាមួយដែលអះអាងថា ខ្លួនមានផែនទី រួចមិនព្រមបង្ហាញ ឬមិនព្រមចូលរួមពិនិត្យមើលផែនទីទាំងអស់គ្នា តែនៅទីបញ្ចប់ បែរជានាំគ្នាដើរស្រែករិះគន់ទៅលើរដ្ឋាភិបាលនោះឡើយ។
ចំពោះការប្រកាសរបស់បក្សប្រឆាំងនៅពេលនេះវិញ ត្រូវបានលោកបណ្ឌិត សុខ ទូច សម្ដែងការសាទរ។ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ក្រុមការងាររបស់លោក ស្វាគមន៍រាល់ការផ្តល់ផែនទីពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកថា បើទោះជាផែនទីនោះជាប្រភេទផែនទីក្រដាស ឬឌីជីថលក្តី។ មួយវិញទៀត លោកបញ្ជាក់ថា បើផែនទីដែលគេផ្តល់ឲ្យជាផែនទីឌីជីថល ក្រុមការងារលោកនឹងស្វែងរកប្រភពដើមនៃផែនទីនោះដោយខ្លួនឯង ព្រោះលោកថា នៅពេលវាស់វែងលើដីជាក់ស្តែង គេមិនអាចយកផែនទីឌីជីថល ដើម្បីធ្វើការវាស់វែងបាននោះទេ៖ «ខាងខ្ញុំទទួលទាំងអស់ ដើម្បីសិក្សាស្រាវជ្រាវ ដើម្បីជាការឯកភាពជាតិ ខ្ញុំរីករាយណាស់ដែលគណបក្សសង្គ្រោះជាតិ ផ្តល់ឲ្យ ព្រោះយើងទទួលបានពីគ្រប់ប្រភពអស់ហើយ នៅសល់តែគណបក្សសង្គ្រោះជាតិ មួយទៀតប៉ុណ្ណោះ។»
គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង បានប្រគល់ផែនទីជាទម្រង់ឌីជីថលចំនួន ៤៩ផ្ទាំង ទៅឲ្យក្រុមការងាររបស់លោកបណ្ឌិត សុខ ទូច។ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ស៊ាន ប៉េងសែ ឲ្យដឹងតាមទូរស័ព្ទពីប្រទេសបារាំង នៅថ្ងៃទី៧ សីហា ថា លោកនៅមានផែនទីចំនួន ៩ផ្ទាំងទៀត ដែលក្រុមលោកអាចនឹងប្រគល់ឲ្យរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពេលខាងមុខ។ លោក ស៊ាន ប៉េងសែ ឲ្យដឹងដែរថា ក្រុមការងារលោកនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗ ដើម្បីសម្រេចថា តើនឹងមកចូលរួម ឬមិនចូលរួមសិក្សាពិនិត្យមើលផែនទីទាំងអស់គ្នានោះ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច មិនទាន់អាចបញ្ជាក់ពីពេលវេលានៃការជួបជុំគ្នា ដើម្បីធ្វើការពិនិត្យផែនទីបាននៅឡើយទេ៕
No comments:
Post a Comment