Paris Peace Accords 23 Oct. 1991

Monday, August 17, 2015

[Vietnamization] តុលាការ​ សម្រេច​ បញ្ជូន​លោក ហុង សុខហួរ ទៅ​ឃុំ​ នៅ​ពន្ធនាគារ​ ព្រៃ​ ស ​ចោទ​៣​បទល្មើស | Court decides to send Hong Sok Huor to Prey Sar Prison


តុលាការ​សម្រេច​បញ្ជូន​លោក ហុង សុខហួរ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ចោទ​៣​បទល្មើស

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ សីហា ២០១៥

ហុង សុខហួរ ៦២០
សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ (ពាក់​ក្រវាត់​ក) ទៅ​ឃុំ​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​រង់ចាំ​បន្ត​ការ​សាកសួរ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥។
Photo: RFA
សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ប្រឈម​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ៣​ករណី។


ចំណែក​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រាន់​តែ​ជាន់​ជើង​ដល់​ដី​ខ្មែរ​វិញ ថា​នឹង​រក​មធ្យោបាយ​ត្រជាក់​ដែល​មិន​មែន​ជា​វប្បធម៌​សន្ទនា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង លោក ហុង សុខហួរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត។
ភ្លាមៗ​ក្រោយ​ការ​សាកសួរ​ពេញ​មួយ​ព្រឹក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​រាប់​សិប​នាក់ បាន​បញ្ជូន​ខ្លួន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្រោម​បទ​ចោទ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់។
ការ​សាកសួរ​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ដើម្បី​ផ្ដិត​យក​រូបភាព​នៃ​ការ​បញ្ជូន​ខ្លួន​នេះ​ទេ។
មេធាវី​ការពារ​ក្តី​របស់ លោក ហុង សុខហួរ គឺ​លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា តុលាការ​មិន​បាន​ចោទ​ប្រកាន់​កូន​ក្តី​លោក​ពី​បទ​ក្បត់​ជាតិ​ទេ។ លោក​ថា តុលាការ​បាន​យក​ឯកសារ​ថត​ចម្លង​ស្ដីពី​សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ មក​ចោទ​ប្រកាន់​កូន​ក្តី​លោក។ មេធាវី​បន្ត​ថា ក្រុម​មេធាវី​នឹង​ស្នើសុំ​ឲ្យ លោក ហុង សុខហួរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​តម្កល់​ប្រាក់​ធានា៖ «ខ្ញុំ ​នឹង​ដាក់​ប្រាក់​តម្កល់​នៅ​គាត់ (លោក ហុង សុខហួរ) នៅ​ក្រៅ​ឃុំ ព្រោះ​គាត់​មិន​រត់​ទៅ​ណា​ទេ ប្រសិន​បើ​គាត់​រត់​គាត់​មិន​អាច​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​បាន​ទេ»
ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក សម រង្ស៊ី អះអាង​ថា លោក​នឹង​ប្រើ​មធ្យោបាយ​ត្រជាក់​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង លោក ហុង សុខហួរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ។ នេះ​ជា​ការ​ថ្លែង​លើក​ទី​១ ដែល លោក សម រង្ស៊ី មិន​ប្រើ​វប្បធម៌​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ៖ «ខ្ញុំ​សង្ឃឹម​ថា ស្ថានការណ៍​មាន​ភាព​ធូរ​ស្រាល​បន្តិច​ទៀត​នេះ ខ្ញុំ​នឹង​ខិតខំ​ប្រើ​មធ្យោបាយ​ត្រជាក់​ដើម្បី​ឲ្យ​សភាពការណ៍​វិល​មក​ធម្មតា ​វិញ»
តុលាការ​នឹង​បំពេញ​នីតិវិធី​របស់​ខ្លួន​ជា​បន្ត​ទៀត ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​នៅ​ឡើយ​ទេ​ក្រោយ​ការ​សាកសួរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា។ លោក ហុង សុខហួរ ត្រូវ លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា មាន​ទោស​ក្បត់​ជាតិ ព្រោះ​ក្លែង​ឯកសារ​ជាតិ​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩។
ទោះ​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ មិន​ទាក់ទង​នឹង​រឿង​នយោបាយ​ឡើយ។ លោក សុខ ឥសាន ឆ្លើយ​តប​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ថា ប្រសិន​បើ លោក សម រង្ស៊ី ចង់​បាន​មធ្យោបាយ​ត្រជាក់ ឬ​ការ​ចរចា​នោះ គឺ​ប្រាប់​ទៅ​ថ្នាក់​ក្រោម​របស់​ខ្លួន​ឲ្យ​ត្រជាក់​រហូត​ទៅ គឺ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ៖ «មធ្យោបាយ​ត្រជាក់​ហ្នឹង គាត់​ចង់​សុំ​ទៅ​ការ​ចរចា បើ​ចង់​ឲ្យ​ត្រជាក់ ប្រាប់​ឲ្យ​កូន​គាត់ (លោក សម រង្ស៊ី) ត្រជាក់​ទៅ គឺ​ត្រជាក់​បាត់​ទៅ​ហើយ»
ភរិយា​របស់ លោក ហុង សុខហួរ អ្នកស្រី គន្ធ លំអង និយាយ​ទាំង​ហូរ​ទឹក​ភ្នែក​ក្រោយ​ការ​ចោទ​ប្រកាន់​នេះ​ថា តុលាការ​ធ្វើ​ខុស​នីតិវិធី ខណៈ​ដែល​ប្ដី​អ្នកស្រី​កំពុង​មាន​អភ័យ​ឯកសិទ្ធិ។ អ្នកស្រី គន្ធ លំអង ស្នើ​ឲ្យ លោក ហ៊ុន សែន ធ្វើ​ការងារ​នេះ​គោរព​តាម​ច្បាប់៖ «ចំពោះ​ខ្ញុំ​ទង្វើ​នេះ​គឺ​ឃោរឃៅ​ខុស​នីតិវិធី​ទាំង​ស្រុង ប្ដី​ខ្ញុំ​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ទាំង​ស្រុង»
ប៉ូលិស​ការពារ ហុង សុខហួរ ៦២០
ក្រុម​សមត្ថកិច្ច​ត្រៀម​ ការពារ​ឡាន​ដឹក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Brach Chev

មក​ទល់​ថ្ងៃ​ទី​១៦ សីហា នេះ ព្រឹទ្ធសភា​មិន​ទាន់​កោះ​ប្រជុំ​ថា តើ​ត្រូវ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ លោក ហុង សុខហួរ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ? តែ​ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា ករណី លោក ហុង សុខហួរ នេះ តុលាការ​អាច​ទម្លាក់​ការ​ចោទ​ប្រកាន់​បាន ប្រសិន​បើ លោក ហុង សុខហួរ ដឹង​ពី​កំហុស​របស់​ខ្លួន សុំ​ទោស​ជា​សាធារណៈ និង​គ្មាន​ចេតនា​ក្នុង​ការ​ក្លែង​បន្លំ​ឯកសារ​នោះ។
លោក សម រង្ស៊ី ចង់​ឃើញ​លទ្ធផល​ចុង​ក្រោយ គឺ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចាប់​ខ្លួន នឹង​ត្រូវ​បាន​ដោះ​លែង។ លោក សម រង្ស៊ី ក្រៅ​ពី​ប្រាប់​ថា លោក​បាន​ទាក់ទង​ជាមួយ លោក ហ៊ុន សែន រឿង​នេះ​តាំង​ពី​នៅ​ក្រៅ​ប្រទេស ក៏​លោក​មាន​គម្រោង និង​គំនិត​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ជាមួយ លោក ហ៊ុន សែន បន្ថែម​ទៀត៕




No comments:

Post a Comment