Paris Peace Accords 23 Oct. 1991

Monday, August 3, 2015

[Vietnamization] ពលរដ្ឋ​ ខេត្ត​ក្រចេះ​ ចោទ​ក្រុមហ៊ុន​ វៀតណាម​ ថា​, ឈូស​ឆាយ ​ប៉ះពាល់ ​ដីធ្លី​ អាស្រ័យ​ផល | Kratie villagers accuse Vietnamese company of destroying their farmland

ពលរដ្ឋ​ ខេត្ត​ក្រចេះ​ ចោទ​ក្រុមហ៊ុន​ វៀតណាម​ ថា​, ឈូស​ឆាយ ​ប៉ះពាល់ ​ដីធ្លី​ អាស្រ័យ​ផល

RFA / ​វិទ្យុ ​អាស៊ី សេរី | សីហា ២០១៥

មន្ទីរ​រៀបចំ​ដែនដី ក្រចេះ ៦២០
មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ក្រចេះ។ រូបថត​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។  RFA/Saut Sokprathna

ពលរដ្ឋ​ មាន​ទំនាស់ ​ដីធ្លី​ ចំនួន ២៨​គ្រួសារ រស់នៅ ​ភូមិ ​គ្រញូង​ សែន​ជ័យ​ ខាង​ជើង, ឃុំ​ ឃ្សឹម, ស្រុក ​ស្នួល ចោទ​ក្រុមហ៊ុន​ វៀតណាម ថា​, យក​គ្រឿង ចក្រ​ឈូស​ឆាយ​ ផល​ដំណាំ ​ពួក​គាត់​ ជាច្រើន​ ហិកតារ នៅ​ព្រឹក​ ថ្ងៃ​ទី​២ កក្កដា។  ចំណែក ​តំណាង​ក្រុមហ៊ុន ​វៀតណាម បដិសេធ ​ការ​ចោទ​ប្រកាន់​នេះ ដោយ​សំអាង ​ថា, ក្រុមហ៊ុន​ ឈូស​ឆាយ​ តែ ​ដី​ ដែល​រដ្ឋាភិបាល ​ផ្តល់​អាជ្ញាប័ណ្ណ ​ប៉ុណ្ណោះ។

អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​បរិស្ថាន ប៉ូលិស និង​យោធា​ស្រុក​ស្នួល ប្រមាណ​ជិត ២០​នាក់ ខ្លះ​កាន់​អាវុធ ដឹក​នាំ​ដោយ​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ រួម​ទាំង​តំណាង​ក្រុមហ៊ុន​វៀតណាម ទទួល​បាន​ដី​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា បាន​យក​គ្រឿងចក្រ​ចំនួន ៣​គ្រឿង ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម​អ្នក​ភូមិ ដោយ​សំអាង​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សាយ ដុង កៅស៊ូ ឌុក ដុង (Say dong Kawsaou Douk Dong)។

តំណាង​ពលរដ្ឋ លោក ស៊ូ ផល្លា អះអាង​ថា ពលរដ្ឋ​ចំនួន ២៨​គ្រួសារ មាន​ដីធ្លី​កសិកម្ម​សរុប​ចំនួន ៤៩​ហិកតារ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ទើប​តែ​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​ក្រោយ​អ្នក​ភូមិ​មក​រស់នៅ។ លោក​ថា ក្រុមហ៊ុន​មាន​ចេតនា​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​កសិកម្ម​ពលរដ្ឋ ដើម្បី​បំបិទ​ភស្តុតាង និង​ព្យាយាម​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​នោះ​ចេញ ដោយ​ចោទ​ពលរដ្ឋ​វិញ​ថា មក​រស់នៅ និង​កាប់​ឆ្ការ​ដី​របស់​ក្រុមហ៊ុន​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ ក្រុមហ៊ុន​បាន​ព្យាយាម​ដាក់​បារាស​បិទ​ផ្លូវ​ច្រក​ចេញ​ចូល មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បាន ហើយ​ក៏​មាន​មន្ត្រី​ប៉ូលិស​យាម​ឲ្យ​ក្រុមហ៊ុន​ទៀត​ផង៖ «ដឹក​នាំ​កម្លាំង​ ហ្នឹង​យក​មក​បំផ្លិច​បំផ្លាញ ឈូស​បំផ្លាញ​មិន​បាន​ដាំ​មិន​បាន​អី មិន​ដឹង​បាន​អី​ឲ្យ​ប្រពន្ធ​កូន​ទិញ​អង្ករ​ទិញ​អី​ហូប​ទេ។»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម លោក ឆេន បដិសេធ​ថា ពលរដ្ឋ​ទាំង​នោះ​ទៅ​វិញ​ទេ​ដែល​មក​ទន្ទ្រាន​រំលោភ​យក​ដី​ក្រុមហ៊ុន និង​មក​តាំង​លំនៅ​យ៉ាង​អនាធិបតេយ្យ។ លោក​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​ជា​ពលរដ្ឋ​ចំណាក​ស្រុក មក​រស់នៅ​ក្រោយ​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ វិនិយោគ​ដាំ​កៅស៊ូ​នៅ​តំបន់​នោះ៖ «ខាង​ក្រុមហ៊ុន​ខ្ញុំ​មក​វិនិយោគ​ហើយ បាន​ផ្ដួល​រំលំ​សម្អាត​ដី​អស់​ហើយ បាន​នាំ​គ្នា​មក ហើយ​ដល់​ហើយ​គាត់​ទៅ​ចោទ​ប្រកាន់​ក្រុមហ៊ុន​ទៅ​បំពាន​យក​ដី​គាត់​អី​ណា។»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សាយ ដុង កៅស៊ូ ឌុក ដុង (Say dong Kawsaou Douk Dong) របស់​វៀតណាម វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​ចំនួន ១.៨៥២​ហិកតារ កាល​ពី​ឆ្នាំ​២០១០។

អភិបាល​រង​ស្រុក​ស្នួល ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក សាន ណាស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ សីហា ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នៅ​ឡើយ​ទេ។ យ៉ាង​ណា លោក​ថា ពលរដ្ឋ​ទាំង​នោះ​មក​រស់នៅ​លើ​ដី​ដែល​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វិនិយោគ ហើយ​ពលរដ្ឋ​ក៏​នាំ​គ្នា​មក​តាំង​លំនៅ​ជា​បន្តបន្ទាប់​លើ​ដី​ក្រុមហ៊ុន​នៅ​ តំបន់​នោះ។ លោក​ថា រដ្ឋាភិបាល​ធ្លាប់​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៧៥០​ហិកតារ ត្រង់​តំបន់​ត្រពាំងឈូក ឃុំ​ឃ្សឹម ស្រុក​ស្នួល រួម​ជាមួយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ផ្សេង​ទៀត តែ​ពលរដ្ឋ​ទាំង​នេះ​បាន​បដិសេធ​មិន​ទទួល​យក និង​ប្រកាស​ដាច់ខាត​មិន​ព្រម​ចាក​ចេញ​នោះ​ទេ៖ «ព្យាយាម​ដើម្បី​សម្រប​ សម្រួល​ដោះស្រាយ​រក​ដំណោះស្រាយ​ណា​មួយ​ឲ្យ​សមស្រប ជាមួយ​ពួក​គាត់​ចឹង អាច​ដោះស្រាយ​ជា​គោល​នយោបាយ ទី​១ គាត់​ភាគ​ច្រើន​គឺ​គាត់​អត់​ព្រម។»

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​ក្រចេះ លោក ឌិន ខន្នី លើក​ឡើង​ថា អាជ្ញាធរ និង​ក្រុមហ៊ុន យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម​អ្នក​ភូមិ ស្រប​ពេល​ដែល​ដី​មិន​ទាន់​ដោះស្រាយ ថា​ជា​ករណី​ខុស​នីតិវិធី និង​រំលោភ​សិទ្ធិ​រស់នៅ​ពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​រក​ឃើញ​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​មាន​ចំនួន ២​គ្រួសារ មក​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៩០ ប្រកប​របរ​ដង​ជ័រ​ទឹក ចំណែក​ពលរដ្ឋ​ផ្សេង​ទៀត​បាន​មក​តាំង​លំនៅ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​ ២០០៧ មុន​ពេល​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ ដោយ​យោង​លើ​គោល​នយោបាយ​ប្រមុខ​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​កាត់​ផល​ប៉ះពាល់​ចេញ៖ «អាជ្ញាធរ​ស្រុក​ស្នួល គាត់​បាន​ធ្វើ​ការ​សន្យា​នៅ​លើ​ដី​ប្រជាពលរដ្ឋ​ហើយ ថា​ដោះស្រាយ​កាត់​ដី​ឲ្យ​ពលរដ្ឋ ខ្ញុំ​សុំ​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ក្រុមហ៊ុន ធ្វើ​ម៉េច​កាត់​ដី​ឲ្យ​ពលរដ្ឋ​ឲ្យ​ទាន់​វេលា ឲ្យ​ពួក​គាត់​បាន​ដាំ​ដុះ។»

អ្នក​ភូមិ​អះអាង​ថា ពលរដ្ឋ​ចំនួន ១៨​គ្រួសារ កាល​ពី​ឆ្នាំ​២០១៤ និង​ដើម​ឆ្នាំ​២០១៥ ធ្លាប់​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋសភា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទាក់ទិន​បញ្ហា​ដីធ្លី​នេះ​បាន តែ​រហូត​មក​ដល់​បច្ចុប្បន្ន នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​លទ្ធផល​ស្ដីពី​ដំណោះស្រាយ​នៅ​ឡើយ​ទេ៕



No comments:

Post a Comment