រាជបណ្ឌិត្យ សភា អញ្ជើញ តំណាងបក្ស ទាំងពីរ និងសាធារណជន ឲ្យចូលរួម ផ្ទៀងផ្ទាត់ ផែនទី
RFA / វិទ្យុ អាស៊ី សេរី | ១២ សីហា ២០១៥

លោក បណ្ឌិត សុខ ទូច (រូបស្ដាំ)
ប្រធានក្រុមអ្នកស្រាវជ្រាវបញ្ហាព្រំដែន
និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
និងក្រុមការងារ
បង្ហាញពីការផ្ទៀងផ្ទាត់ផែនទីដែលបានពីភាគីពាក់ព័ន្ធ
ដល់ក្រុមអ្នកសារព័ត៌មាន នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១
ខែសីហា ឆ្នាំ២០១៥។ RFA/Tin Zakariya
ក្រុមអ្នកស្រាវជ្រាវ ពីបញ្ហាព្រំដែន នៃរាជបណ្ឌិត្យ សភា កម្ពុជា នឹងអញ្ជើញ តំណាង គណបក្ស ជាប់ឆ្នោត ទាំងពីរ និងសាធារណជន ទាំងអស់ ឲ្យចូលរួម ក្នុងការពិនិត្យ ផែនទី ដែលខ្លួន ប្រមូលបាន ពីគ្រប់ភាគី ចំនួន ២៦ផ្ទាំង យកមក ផ្ទៀងផ្ទាត់ ម្ដងទៀត នៅថ្ងៃសុក្រ ទី១៤ សីហា ខាងមុខ។
ការគ្រោងផ្ទៀងផ្ទាត់ផែនទីជាថ្មីម្ដងទៀតនេះ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវនេះ បានពិនិត្យ ផ្ទៀងផ្ទាត់ផែនទីកាលពីថ្ងៃទី១១សីហា ជូនអ្នកសារព័ត៌មាននានា ឃើញថាផែនទីដែលខ្លួនទទួលបាននោះដូចគ្នា គឺជាផែនទីបោះពុម្ពនៅឆ្នាំ១៩៥២ និងមានលេខ ដាប់ប៊យូ (W) ២២០។
ប្រធានក្រុមអ្នកស្រាវជ្រាវបញ្ហាព្រំដែន លោក បណ្ឌិត សុខ ទូច និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៤ សីហា ថា ក្រុមលោកនឹងពិនិត្យផ្ទៀងផ្ទាត់ផែនទី ដែលក្រុមលោកទទួលបាន រួមមានផែនទីទទួលបានពីបណ្ណាល័យប្រទេសបារាំង ពីបណ្ណាល័យសភាសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ គណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលកម្ពុជា។
លោក បណ្ឌិត សុខ ទូច ពន្យល់ថា គោលបំណងធំរបស់ក្រុមអ្នកស្រាវជ្រាវរបស់លោក គឺ ចង់ឲ្យគណបក្សជាប់ឆ្នោតទាំងពីរមានការ ឯកភាពគ្នាជាមុន អំពីផែនទី បន្ទាប់មកក្រុមរបស់លោក នឹងចុះទៅពិនិត្យមើលព្រំដែនជាក់ស្ដែង។ ក្រោយពីការចុះពិនិត្យតំបន់ព្រំដែនរួច ក្រុមអ្នកស្រាវជ្រាវ នឹងធ្វើរបាយការណ៍ដែលរកឃើញពីស្ថានភាពជាក់ស្ដែងនៅតាមព្រំដែននោះ ដាក់ជូនសភា និងរដ្ឋាភិបាល៕
No comments:
Post a Comment