Paris Peace Accords 23 Oct. 1991

Thursday, August 13, 2015

[Vietnamization] ក្រុម​ប្រឹក្សា​ ឃ្លាំ​មើល​ កម្ពុជា​ មិន​ទទួល​ស្គាល់​ មូលដ្ឋាន ​ផែនទី​ព្រំដែន ​របស់ ​រាជបណ្ឌិត្យសភា

ក្រុម​ប្រឹក្សា​ ឃ្លាំ​មើល​ កម្ពុជា​ មិន​ទទួល​ស្គាល់​ មូលដ្ឋាន ​ផែនទី​ព្រំដែន ​របស់ ​រាជបណ្ឌិត្យសភា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ សីហា ២០១៥

រាជបណ្ឌិត្យសភា​បង្ហាញ​ផែនទី ៦២០
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Tin Zakariya

ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ សីហា ប្រកាស​មិន​ទទួល​ស្គាល់​មូលដ្ឋាន​ផែនទី​ព្រំដែន​របស់​រាជបណ្ឌិត្យសភា​ កម្ពុជា និង​ថ្កោលទោស​ចំពោះ​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​ទាក់ទង​នឹង​ផែនទី​កម្ពុជា។

 
ការ​ប្រកាស​មិន​ទទួល​ស្គាល់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រាជបណ្ឌិត្យសភា​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​បណ្ឌិត សុខ ទូច កំពុង​ប្រមូល​ផែនទី​ពី​ភាគី​នានា ដើម្បី​យក​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ ប្រើប្រាស់។
តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​ពី​ប្រទេស​ន័រវេសន៍ (Norway) ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បញ្ជាក់​ថា ពួក​គេ​បដិសេធ និង​មិន​ទទួល​ស្គាល់​ជា​ដាច់ខាត នូវ​រាល់​ការ​យក​ផែនទី​ទាំងឡាយ​ណា​មក​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ រដ្ឋាភិបាល ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​គ្មាន​វត្តមាន​ផែនទី​ដើម​នៅ​អង្គការ​សហប្រជាជាតិ។
ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លើក​ឡើង​ដែរ​ថា ពួក​គេ​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​អាច​បើក​ឲ្យ​មាន​ការ​ប្រើប្រាស់​ផែនទី​ផ្សេង ដើម្បី​បន្ត​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ពួក​គេ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ថា​ជា​ការ​ធ្វើ​ជាតិ​ប្រហារ និង​ចាត់​ទុក​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម​ធ្វើ​វិសោធនកម្ម​មាត្រា​២ នេះ ថា​ជា​ជន​ក្បត់​ជាតិ​ទៀត​ផង។
មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។
ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា យល់​ឃើញ​ថា គោលដៅ​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រាជបណ្ឌិត្យសភា​កម្ពុជា កំពុង​ដំណើរ​ការ​ធ្វើ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ជំរុញ​ទៅ​រក​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​តម្រូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​បាន​បោះ​បង្គោល​ជាមួយ​ប្រទេស​ វៀតណាម ៨៣​ភាគរយ​រួច​ហើយ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០ ដែល​ផ្ទុយ​ពី​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។
លោក​បណ្ឌិត សុខ ទូច ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ បាន​ឆ្លើយ​តប​ថា ចំពោះ​ការ​រិះគន់​របស់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ពេល​នេះ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ។
យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ដោយសារ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​តែ​អំពី​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ជាមួយ​ប្រទេស​វៀតណាម ដូច្នេះ​លោក​ថា ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​មាត្រា​២ នេះ អាច​ក្តោប​ទាំង​ស្រុង​ទៅ​លើ​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ជាមួយ​ប្រទេស​ទាំងអស់ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា គឺ​ជា​រឿង​ចាំបាច់​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​គ្រាន់​តែ​សួរ​ទៅ​វិញ តើ​ព្រំដែន​ខ្មែរ​ជាប់​នរណា​ខ្លះ ផែនទី​បោន​ប្រើ​បាន​តែ​ជាមួយ​វៀតណាម ទេ ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ចុះ​ជាមួយ​ថៃ ខ្នាត ១/២០០.០០០ ចុះ​សមុទ្រ​ខ្នាត ១/៣០០.០០០»
លោក​បណ្ឌិត សុខ ទូច ក៏​ថ្លែង​ដែរ​ថា ក្រុម​ការងារ​ស្រាវជ្រាវ​ផែនទី​របស់​លោក​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា គឺ​ជា​ក្រុម​ឯករាជ្យ មិន​មែន​ជា​ក្រុម​អាយ៉ង​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​លោក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​រង់ចាំ​ឃ្លាំ​មើល​ការ​អនុវត្ត​នៃ​ក្រុម​ការងារ ​របស់​លោក ជា​ជាង​រង់ចាំ​តែ​ធ្វើ​ការ​ទិតៀន​គ្មាន​ហេតុផល៕



No comments:

Post a Comment