តំណាងរាស្ត្រ បក្សប្រឆាំង អះអាងថា, រកឃើញ ផែនទី បោនខ្នាត ១/១០០.០០០ នៅអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២៧ សីហា ២០១៥
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោកបានរកឃើញផែនទីរបស់កម្ពុជា ជាប្រភេទផែនទីបោន ខ្នាត ១/១០០.០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ក្នុងឆ្នាំ១៩៥១ ក្នុងបណ្ណាល័យរដ្ឋសភារបស់សហរដ្ឋអាមេរិក (Library of Congress) លោក អ៊ុំ សំអាន ថ្លែងថា ផែនទីដែលលោកទើបបានរកឃើញកាលពីថ្ងៃពុធ មានលក្ខណៈខុសគ្នាពីផែនទីរបស់រដ្ឋាភិបាលកម្ពុជា ដែលមានបោះត្រាវៀតណាម។
លោក អ៊ុំ សំអាន៖ «ផែនទីដែលខ្ញុំបានពីបណ្ណាល័យសហរដ្ឋអាមេរិក ហើយនិងផែនទីរបស់រដ្ឋាភិបាលខុសគ្នាត្រង់ថា ផែនទីដែលខ្ញុំទទួលបានពីបណ្ណាល័យសភារបស់អាមេរិក គឺអត់មានត្រាវៀតណាម អាត់មានការចុះហត្ថលេខារបស់លោក ឌិត មន្ទី និង លីវ វ៉ាន់ឡឺយ ដូចផែនទីរបស់រដ្ឋាភិបាលដែលមានទេ។ អ៊ីចឹងផែនទីដែលរដ្ឋាភិបាលមានហ្នឹង គឺជាផែនទីដែលអមជាមួយសន្ធិសញ្ញាឆ្នាំ១៩៨៥ មាន ២៦ផ្ទាំង។»
លោក អ៊ុំ សំអាន មានប្រសាសន៍ថា ផែនទីដែលលោករកឃើញនេះ មានបោះត្រានៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៦៤។ លោកបន្តថា ផែនទីនេះអាចជាផែនទីដែលសម្តេចព្រះនរោត្តម សីហនុ យកទៅឲ្យប្រទេសមហាអំណាចទាំង៥ ទទួលស្គាល់ និងឲ្យប្រទេសវៀតណាម និងប្រទេសថៃ ទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ផងដែរ។
ទាក់ទងនឹងរឿងផែនទីកម្ពុជានេះ សារព័ត៌មានក្នុងស្រុក ហ្វ្រេស ញូវ (Fresh News) ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បានចុះផ្សាយសម្ដីរបស់លោក ហ៊ុន សែន ថា លោក អ៊ុំ សំអាន ត្រូវបញ្ជាក់ថា ហេតុអ្វីផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ បែរជាទៅនៅក្នុងបណ្ណាល័យអាមេរិក ទៅវិញ។ កាសែតនេះដកស្រង់សម្ដីលោក ហ៊ុន សែន តាមរយៈប្រភពពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រាប់ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ សីហា។
លោក ហ៊ុន សែន ថា នេះជាបញ្ហាធំណាស់រវាងអង្គការពិភពលោកជាមួយរដ្ឋជាសមាជិក។ ប្រសិនរឿងនេះពិតមែនអគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវចេញមុខបំភ្លឺ។ ប្រសិនមិនពិតវិញ លោក អ៊ុំ សំអាន និងគណបក្សសង្គ្រោះជាតិ ជាអ្នកបោកប្រាស់អាជីពខ្នាតអន្តរជាតិ។
លោក ហ៊ុន សែន បញ្ជាក់ថា បើទោះផែនទីនោះជារបស់អង្គការសហប្រជាជាតិ ឬរបស់អាមេរិក ក៏វាជាការពន្លឿនដល់រដ្ឋាភិបាលអាមេរិក ក្នុងការផ្ដល់ផែនទីមកឲ្យកម្ពុជា តាមការស្នើសុំពីនាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រធានាធិបតីសហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនមិនពិត លោក អ៊ុំ សំអាន ត្រូវដោះស្រាយជាមួយរដ្ឋាភិបាលអាមេរិក ព្រោះបានយកឈ្មោះអាមេរិក មកបោកប្រាស់។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន បដិសេធថា លោកមិនបាននិយាយថា ផែនទីដែលសម្ដេចព្រះនរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ បែរជានៅក្នុងបណ្ណាល័យរបស់រដ្ឋសភាសហរដ្ឋអាមេរិកនោះទេ។
លោក អ៊ុំ សំអាន បញ្ជាក់ថា រដ្ឋាភិបាលអាមេរិក អាចមានផែនទីផ្លូវការរបស់កម្ពុជា ក្នុងប័ណ្ណសារជាតិរបស់ខ្លួន៖ «ផែន ទីនេះមិនមែនជាផែនទីក្នុងប័ណ្ណសាររបស់អាមេរិកទេ វាជាផែនទីក្នុងបណ្ណាល័យរដ្ឋសភាសហរដ្ឋអាមេរិក។ អាហ្នឹងអ្នកណាក៏ទៅមើលបានដែរ។ ប៉ុន្តែអាមេរិកគេអាចមានកន្លែងតម្កល់ឯកសារមួយផ្សេងទៀត ដែលអាចយកផែនទីទាំងអស់ហ្នឹងផ្ញើទៅតាមការស្នើសុំខ្ចីផែនទីដើម ពីសហរដ្ឋអាមេរិក អាហ្នឹងរឿងផ្សេង។ ប៉ុន្តែផែនទីនេះ ជាផែនទីក្នុងបណ្ណាល័យសភាសហរដ្ឋអាមេរិកទេ។ ដូច្នេះ ប្រសិនបើអាមេរិកគេឆ្លើយតបថា មានផែនទី គ្មាននោះ វាអត់មានអីពាក់ព័ន្ធគ្នាទេ។ ធម្មតាក្នុងប្រទេសមួយគេមានប័ណ្ណសារដើម្បីតម្កល់ឯកសារជាតិផ្សេង ហើយបណ្ណាល័យនេះគឺសម្រាប់សាធារណជន។»
បណ្ណាល័យរដ្ឋសភាសហរដ្ឋអាមេរិក គឺជាកន្លែងតម្កល់ឯកសារ ឬសៀវភៅប្រវត្តិសាស្ត្រជុំវិញពិភពលោកសម្រាប់សាធារណជនទូទៅ ដែលអាចចូលចម្លង ឬសុំឯកសារទាំងនោះបាន។ ប៉ុន្តែប័ណ្ណសារជាតិរបស់រដ្ឋាភិបាលអាមេរិក មិនអាចអនុញ្ញាតឲ្យមានការចម្លងពីសាធារណជនបានទេ លុះត្រាមានការស្នើសុំជាផ្លូវការពីរដ្ឋាភិបាលនៃប្រទេសណាមួយ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងបណ្ណាល័យរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីរឿងនេះបានទេ កាលពីថ្ងៃព្រហស្បតិ៍។
ជុំវិញបញ្ហាផែនទីនេះ ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច កាលពីថ្ងៃព្រហស្បតិ៍ ក៏បានផ្ញើលិខិតស្នើសុំផែនទីពីលោក អ៊ុំ សំអាន ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយផែនទីដែលក្រុមរបស់លោកទទួលបាន។
លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោកនឹងរៀបចំប្រគល់ផែនទីទាំងនោះទៅតាមការស្នើសុំនេះក្នុងពេលដ៏ ឆាប់ខាងមុខដើម្បីកិច្ចការក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ កម្ពុជា មិនឲ្យមានការបាត់បង់ ឬមានការឈ្លានពានពីប្រទេសជិតខាង៕
No comments:
Post a Comment