២២ឆ្នាំ ក្រោយ ការប្រកាស រដ្ឋធម្មនុញ្ញ ច្បាប់កំពូលនេះ នៅតែ គ្មាន ប្រសិទ្ធភាព
រយៈពេល ២២ឆ្នាំ ក្រោយការ ប្រកាស រដ្ឋធម្មនុញ្ញ
ប្រជាពលរដ្ឋ ខ្មែរ បន្ត រងទុក្ខសោក ពីវិបតិ្តដីធ្លី
និងការរឹតត្បិត សិទ្ធិសេរីភាព ដោយសារ រាជរដ្ឋាភិបាល កម្ពុជា
និងអ្នកនយោបាយ ខ្មែរ មិនបានប្រតិបត្តិ ទៅតាមច្បាប់ កំពូល របស់រដ្ឋ។
រូប
ឯកសារ៖ បាតុករម្នាក់មកពីសហគមន៍បឹងកក់កាន់បដារូបជញ្ចីង
ដែលឆ្លុះបញ្ចាំងពីប្រព័ន្ធយុត្តិធម៌
ខណៈពេលដែលគាត់បានចូលរួមជាមួយនឹងអ្នកភូមិផ្សេងទៀតដែលត្រូវបាន
ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងបាតុកម្មមួយនៅមុខក្រសួង
យុត្តិធម៌នៅរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៣។
(AP/ហេង ស៊ីនិត)
VOA / វីអូអេ | ២៨ កញ្ញា ២០១៥
ភ្នំពេញ— រយៈពេល ២២ឆ្នាំ ក្រោយការប្រកាស រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ ខ្មែរ បន្ត រងទុក្ខសោក ពីវិបតិ្តដីធ្លី និងការរឹតត្បិត សិទ្ធិសេរីភាព ដោយសារ រាជរដ្ឋាភិបាល កម្ពុជា និងអ្នកនយោបាយ ខ្មែរ មិនបាន ប្រតិបត្តិទៅ តាមច្បាប់ កំពូល របស់រដ្ឋ នេះទេ។ សកម្មជន សិទ្ធិមនុស្ស, អ្នកវិភាគសង្គម, និងនយោបាយ ខ្មែរ យល់ឃើញ ថា, ការមិន ប្រកាន់ខ្ជាប់ ចំពោះ ការគោរព រដ្ឋម្មនុញ្ញ នេះ បានធ្វើ ឲ្យពលរដ្ឋខ្មែរ ពិបាក រំដោះខ្លួន ចេញពីចំណង ទំនាស់ដីធ្លី។ យ៉ាងណា ក៏ដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា, កម្ពុជា ទទួលបាន នូវវឌ្ឍនភាព សេដ្ឋកិច្ច ក្នុងរយៈពេល ជាង១០ឆ្នាំ មកនេះ។
ថ្ងៃទី២៤ កញ្ញា កន្លងទៅនេះ គឺ ជាថ្ងៃប្រកាស សារជាថ្មី នូវរដ្ឋ ធម្មនុញ្ញ ប្រទេសកម្ពុជា បន្ទាប់ ពីប្រទេស ដែលងើប ពីសង្គ្រាម មួយនេះ ទទួលបាន ការជួយ ជ្រោមជ្រែង ពីសហគមន៍ អន្តរជាតិ ក្នុងការកសាង ប្រទេសឡើងវិញ កាលពីជាង ២០ឆ្នាំ មុន។
ការប្រកាសរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ខែកញ្ញានោះ ត្រូវបានធ្វើឡើងក្រោយការចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ ខែតុលាឆ្នាំ១៩៩១ ដែលនាំទៅដល់ការរៀបចំការបោះឆ្នោតដោយអាជ្ញាធរបណ្តោះអាសន្ននៃ អ.ស.ប.នៅប្រទេសកម្ពុជា (U.N. Transitional Authority in Cambodia) ហៅកាត់ថា អ៊ុនតាក់នៅឆ្នាំ១៩៩៣។
នៅក្រោយការបោះឆ្នោតនាខែឧសភាឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាត្រូវបានអនុម័តដោយសភាជាតិនៅក្នុង ខែកញ្ញាឆ្នាំ១៩៩៣ បន្ទាប់ពីមានការប្រទាញប្រទង់ដណ្តើមអំណាចគ្នារវាងលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ នាគ្រានោះដែលនៅទីបញ្ចប់មានការសម្របសម្រួលគ្នាបង្កើតសហនាយក រដ្ឋមន្ត្រីទី១ និងសហនាយករដ្ឋមន្ត្រីទី២ ដែលជាប្រព័ន្ធបែងចែកអំណាចចម្លែកខុសគេ។ ទីបំផុតប្រព័ន្ធបែងចែកអំណាចចម្លែកនេះត្រូវអន្តរាយដោយរដ្ឋប្រហារ នៅឆ្នាំ១៩៩៧ ដឹកនាំដោយលោក ហ៊ុន សែន ដែលជាសហនាយករដ្ឋមន្ត្រីទី២។
គិតចាប់តាំងពីការប្រកាសរដ្ឋធម្មនុញ្ញនោះមកទល់នឹងពេលនេះ គឺមានរយៈពេល២២ឆ្នាំហើយ តែសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់អន្តរជាតិ ហើយនិងក្រុមអ្នកវិភាគសង្គម និងនយោបាយខ្មែរសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរកំពុងក្លាយជាជនរងគ្រោះដោយសារការរំលោភបំពានរដ្ឋ ធម្មនុញ្ញពីសំណាក់រដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយខ្មែរ។
ការបំពានទាំងនោះ រួមមានការប្រើកម្លាំងគាបសង្កត់ប្រជាពលរដ្ឋឲ្យចេញពីដីធ្លី និងផ្ទះសម្បែងរបស់ពួកគេ និងការបង្កើតច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធតុលាការ និងរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការតស៊ូតវ៉ាបញ្ចេញមតិដោយអហិង្សា។
ចុងក្រោយនេះ សកម្មភាពរបស់អាជ្ញាធរក្នុងការចាប់ និងបញ្ជូនតំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីទៅកាន់តុលាការនៅ តែបន្តកើតមាន។ ជាឧទាហរណ៍ជាក់ស្តែង តំណាងប្រជាពលរដ្ឋពីររូបនៅក្នុងខេត្តកំពតត្រូវបានចាប់បញ្ជូនទៅ កាន់តុលាការ ដោយសារការតវ៉ារបស់ពួកគេ ដែលបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ កាលពីដើមខែកញ្ញានេះ។ ក្រោយមកពួកគេត្រូវបានដោះលែងពីពន្ធនាគារវិញ តែមិនទាន់មានដំណោះស្រាយសម្រាប់វិវាទដីធ្លីរបស់ពួកគេនៅឡើយទេ។
វាគ្មីន
មកពីគណបក្សប្រឆាំង
និងក្រុមសង្គមស៊ីវិលពិភាក្សាអំពី«សេរីភាពកំពុងតែបង្កើត? ខ្លឹមសារ
និងតថភាពនៃរដ្ឋធម្មនុញ្ញកម្ពុជា?»
នៅក្នុងការតស៊ូមតិមួយដែលត្រូវបានរៀបចំឡើងដោយមូលនិធិ
អាល្លឺម៉ង់ Friedrich Naumann កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅ
Meta House។ (Courtesy Photo/Kun Nak's Friedrich Naumann)
លោក អំ សំអាត ប្រធាន បច្ចេកទេស ស៊ើបអង្កេត នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹង ថា, រដ្ឋធម្មនុញ្ញ កម្ពុជា បាននិយាយ ច្បាស់ ពីការធានា កម្មសិទ្ធិដីធ្លី របស់ ប្រជាពលរដ្ឋ ដើម្បី បញ្ចៀស នូវវិវាទ ដែលនាំ ដល់ការ បណ្តេញចេញ និងការចាប់ដាក់ ពន្ធនាគារ នេះ។ លោក បានពន្យល់ ពីការអនុវត្ត ផ្ទុយ ពីច្បាប់ រដ្ឋធម្មនុញ្ញ យ៉ាងដូច្នេះ ថា៖
«ប៉ុន្តែ កន្លងមក យើងឃើញថា ការអនុវត្តច្បាប់ហ្នឹង វាមិនទាន់គោរពទៅតាមរដ្ឋធម្មនុញ្ញទេ ជាពិសេសរាជរដ្ឋាភិបាលត្រូវការអភិវឌ្ឍ។ អញ្ចឹងការដោះស្រាយចំពោះប្រជាពលរដ្ឋហ្នឹង វាមិនទាន់បានទទួលនូវសំណងសមរម្យ និងយុត្តិធម៌សម្រាប់ពួកគាត់ ដែលពួកគាត់អាចទទួលយកបានទេ។ អញ្ចឹង យើង បានឃើញ ថា, ប្រជាពលរដ្ឋ មួយចំនួន ត្រូវ បានរង ការបណ្តេញចេញ ដោយបញ្ហា ដីធ្លី។ ប្រជាពលរដ្ឋ មួយចំនួនទៀត ត្រូវ បានគេ ចាប់ដាក់ ក្នុងពន្ធនាគារ ដោយសារ តែ គាត់ ការពារ កម្មសិទ្ធិដីធ្លី របស់ ពួកគាត់។»
មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ កម្ពុជា ចែងថា៖
«ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ការដកហូតកម្មសិទ្ធិអំពីជនណាមួយអាចនឹងធ្វើបាន លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើ និងក្នុងករណីដែលច្បាប់បានបញ្ញតិ្តទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តធម៌។»
របាយការណ៍ ដែលបានចេញផ្សាយដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជា ហៅកាត់ថា NGO Forum ចេញកាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅនេះ បានរកឃើញថា ប្រជាជនជាង១៧០.០០០គ្រួសារទូទាំងប្រទេសបានទទួលរងផលប៉ះពាល់ពី ទំនាស់ដីធ្លីនាឆ្នាំ២០១៤ ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋទាំងនោះវិលទៅរកភាពក្រីក្រឡើងវិញ។
របាយការណ៍នេះឲ្យដឹងទៀតថា បើទោះជាចំនួនវិវាទដីធ្លីក្នុងឆ្នាំ២០១៤មានចំនួនទាបជាងឆ្នាំ កន្លងទៅក៏ដោយ ក៏រាជធានីភ្នំពេញនៅតែជាកន្លែងដែលមានវិវាទដីធ្លីខ្ពស់ជាងគេ ហើយខេត្តរតនគីរីស្ថិតក្នុងលំដាប់ថ្នាក់ទី២។ ក្នុងនោះមូលហេតុចម្បងនៃវិវាទដីធ្លីគឺសម្បទានដីសេដ្ឋកិច្ច ដែលមានទំហំប្រមាណជា៣១% នៃដីទំនាស់ សរុប។
លោក អំ សំអាត យល់ស្របថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះគឺជាឫសគល់មួយផ្នែកធំនៃវិវាទ ដីធ្លី ដោយសាររដ្ឋាភិបាលបានបំពានច្បាប់ភូមិបាលឆ្នាំ២០០១ ដោយបានផ្តល់ជូនដីសម្បទានលើសពីទំហំ១ម៉ឺនហិកតាដល់ក្រុមហ៊ុនមួយ។ លោកថា ច្បាប់ភូមិបាលតម្រូវឲ្យរដ្ឋាភិបាលផ្តល់ដីជូនក្រុមហ៊ុនក្នុងចំនួន អតិបរិមាត្រឹមតែ១ម៉ឺនហិកតាប៉ុណ្ណោះ។
ការបែងចែកដីធ្លីនេះបានបង្កឲ្យមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនិយាយវាយប្រហារគ្នា ដោយមេដឹកនាំគណបក្សកាន់អំណាចចោទថា ក្រុមគណបក្សប្រឆាំងចង់បង្កើតទំនាស់វណ្ណៈ នៅក្នុងការបែងចែកដីធ្លីដែលអាចនាំទៅរកការកើតឡើងនៃសង្គ្រាម ខណៈដែលលោក សម រង្សី មេដឹកនាំគណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលអនាគតរបស់បក្សប្រឆាំងពុំមានចេតនារឹបអូសដីខុសច្បាប់ ពីអ្នកមានផ្តល់ជូនអ្នកក្រនោះឡើយ។
លោក
ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលស្តីអំពីការអភិវឌ្ឍដោយចីរភាពកាលពី
ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥
នៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ។ (AP/Mary Altaffer)
ថ្លែងនៅក្នុងពិធីបិទសន្និបាតមួយស្តីពីវិស័យទេសចរណ៍ដែលធ្វើ
ឡើងកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បាននិយាយថា
ការឃោសនានយោបាយរបស់ក្រុមគណបក្សប្រឆាំងអំពីការប៉ុនប៉ងបែងចែក
ដីធ្លីរវាងអ្នកមាន និងក្រនោះគឺជាការរើសអើងវណ្ណៈ។«ម៉្ងៃៗឃើញតែដើរទៅ ទាល់តែបោះឆ្នោតឲ្យគេ បានវាដោះស្រាយនេះ ដោះស្រាយនោះ។ ក៏ខ្ញុំសូមហ៊ាននិយាយ អស់លោកនៅទីនេះ សុទ្ធតែសត្រូវរបស់ពួកគេ។ អញ្ចឹងតើអាហ្នឹងសុខទេ អាហ្នឹង! អស់លោកអ្នកឧកញ៉ាសុទ្ធគេជាសត្រូវវណ្ណៈ។ គេនឹងរឹបអូសអ្ហាអូតែលហ្នឹងឲ្យទៅអ្នកក្រ។»
លោកនាយករដ្ឋមន្ត្រីបន្តថា ការរើសអើងនេះនឹងបង្កឲ្យកើតជាសង្គ្រាម។
«អញ្ចឹង តើ វា សុខទេ? ដែលខ្ញុំ និយាយ វា នឹងកើត សង្គ្រាមនោះ? មិនមែន គ្មាន ហេតុផលទេ ព្រោះ ដោយសារ ចំណុច ពីរ ដែលត្រូវ លើកមក និយាយ។ ចំណុច ទីមួយ គឺ ចាត់ទុក អ្នកមាន ជាសត្រូវ របស់គេ ទៅហើយ។ ចំណុច ទីពីរ យកប្រទេស ជិតខាង ជាសត្រូវ ទៅហើយ។ អញ្ចឹង រឿងអី វា មិនកើត សង្គ្រាម?»
ជាការឆ្លើយតប លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់ទៅកាន់អ្នកគាំទ្ររបស់គណបក្សប្រឆាំងនៅឯស្រុក បាធាយ ខេត្តកំពង់ចាម កាលពីពីរថ្ងៃមុនថា៖
«គណបក្ស សង្គ្រោះជាតិ នឹងដោះស្រាយ បញ្ហា និងផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ និងប្រមូលដី ដែលពួកក្រុមហ៊ុន, ពួកឧកញ៉ា បានលួចប្លន់ ពីប្រជារាស្រ្ត យកទៅ ប្រគល់សង ម្ចាស់ដើម។ ម្ចាស់ពិត គឺ ប្រជារាស្រ្ត ខ្មែរ។»
រូប
ឯកសារ៖ លោក សម រង្ស៊ី នៅក្នុងកម្មវិធីអាហារស្រាយបួស
ជាមួយខ្មែរឥស្លាមជាង១០០នាក់នៅគេហដ្ឋានរបស់លោក នៅភ្នំពេញ
នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)
មេដឹកនាំ គណបក្ស ប្រឆាំងរូបនេះ ថ្លែងថា,
សង្គ្រាម ក៏នឹងពុំ កើតឡើង បានដែរ
ខណៈ ដែលគណបក្ស ប្រឆាំង ពុំ បានយក ប្រជាពលរដ្ឋខ្មែរ ជាសត្រូវនោះ។«ទីមួយ យើង អត់ចាត់ ទុកខ្មែរណា ជាសត្រូវទេ។ នេះ ជាគោលការណ៍ គណបក្ស សង្គ្រោះជាតិ។ ដូច្នេះ បើ យើង អត់មាន ចាត់ទុក នរណា ជាសត្រូវ, យើង អត់មាន សត្រូវ។ បើ អត់មានសត្រូវ ក៏មិន អាចមាន សង្គ្រាមដែរ។ បងប្អូន មិនអញ្ចឹង? ទៅធ្វើសង្គ្រាម ជាមួយ នរណា បើ អត់មាន សត្រូវ?»
ប្រតិកម្មរបស់អ្នកនយោបាយវ័យចំណាស់ទំាងពីរកើតមានមុន និងក្រោយការប្រារព្ធពិធីនៃការប្រកាសរដ្ឋធម្មនុញ្ញសារជាថ្មីនៅ ថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះ។
ការបែងចែកដីធ្លី និងការជួលដីទៅឲ្យក្រុមហ៊ុនឯកជនដោយមិនបានផ្អែកទៅតាមច្បាប់រដ្ឋ ធម្មនុញ្ញ និងច្បាប់ដែលស្របនឹងធម្មនុញ្ញនេះ ទំនងជាបន្សល់ទុកនូវផលវិបាកស្មុគស្មាញក្នុងការដោះស្រាយវិវាទ ដ៏រ៉ាំរ៉ៃនេះ។ របាយការណ៍របស់អង្គការអន្តរជាតិមួយបានឲ្យដឹងថា ពលរដ្ឋខ្មែររាប់ម៉ឺននាក់កំពុងរងគ្រោះដោយសារការរំលោភបំពានកម្ម សិទ្ធិដីធ្លី។
របាយការណ៍របស់អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីចុងខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៤មកទល់នឹងដំណាច់ខែមិនាឆ្នាំ២០១៥ មានប្រជាពលរដ្ឋខ្មែរមានចំនួន៦០.០០០នាក់ហើយបានក្លាយជាជនរងគ្រោះ ដោយសារគោលនយោបាយរដ្ឋាភិបាលទាក់ទងនឹងការដណ្តើមកាន់កាប់ដីធ្លី។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ថ្លែងថា ច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានការពារសិទ្ធិគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរក្នុងការធ្វើជាម្ចាស់ កម្មសិទ្ធិដីធ្លីរបស់ពួកគេ តែអ្នកនយោបាយខ្មែរមកពីគណបក្សធំៗទាំងពីរពុំបានបង្ហាញឆន្ទៈគោរព ឲ្យខ្ជាប់ខ្ជួនតាមច្បាប់កំពូលរបស់រដ្ឋនេះទេ។
លោកបញ្ជាក់ថា គណបក្សប្រឆាំងនៅប្រកាន់គំនិតថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលនៅឡើយ ដូច្នេះការគោរពរដ្ឋធម្មនុញ្ញមិនត្រូវបានធ្វើឡើងដោយពេញលេញឡើយ នៅគ្រាដែលគណបក្សកាន់អំណាចដឹងច្បាស់ថា ប្រសិនបើលើកតម្កើងច្បាប់រដ្ឋធម្មនុញ្ញ នោះរដ្ឋាភិបាលមិនអាចធ្វើអ្វីបានតាមតែអំពើចិត្តបាននោះទេ។
«ដោយសារអញ្ចឹងហើយ យើងមើលមើ ទាក់ទងរឿងរំលោភដីធ្លី ទាក់ទងរឿងសិទ្ធិដើរហើរ សិទ្ធិសេរីភាពបញ្ចេញមតិ ទាក់ទងរឿងបញ្ហាផ្សេងទៀតហ្នឹង គឺគាត់មិនសូវចង់លើកមក ព្រោះអី បើលើកមក គាត់ត្រូវមានកាតព្វកិច្ចក្នុងការការពារផលប្រយោជន៍និងសិទ្ធិរបស់ ប្រជាពលរដ្ឋហ្នឹង។ ហើយដោយសារអញ្ចឹងហើយបានជាគាត់អត់សូវបានលើកឡើង ដើម្បីគាត់ធ្វើអីស្រេចតែចិត្តបាន។ ហើយដោយសារអញ្ចឹងទៅ រដ្ឋធម្មនុញ្ញយើងមកដល់ជាង២២ឆ្នាំនេះ គឺមិនសូវមានការយកចិត្តទុកដាក់ទេ។ ជាទូទៅ ការយកចិត្តទុកដាក់លើរដ្ឋធម្មនុញ្ញ និងជំរុញឲ្យមានស្មារតីធម្មនុញ្ញនិយម គឺជារឿងមួយល្អសម្រាប់ប្រជាធិបតេយ្យរឹងមាំ ហើយនិងល្អសម្រាប់ប្រទេសកម្ពុជាផងដែរ។»
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាក្រោមដំបូលច្បាប់រដ្ឋធម្មនុញ្ញជាង២០ ឆ្នាំមកនេះ បានថ្លែងពីការរីកចម្រើនក្នុងប្រទេសកម្ពុជាប្រាប់ដល់សន្និសីទ កំពូលរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍក្រោយឆ្នាំ២០១៥ កាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ប្រាប់អង្គសនិ្នសីទកំពូលថា កម្ពុជារក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងសន្តិសុខល្អប្រសើរ ជាហេតុនាំឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម៧,៧ភាគរយក្នុង រយៈពេលជាងពីរទស្សវត្សរ៍មកនេះ៕




No comments:
Post a Comment