Paris Peace Accords 23 Oct. 1991

Sunday, September 13, 2015

អ្នក​វិភាគ​ ថា, ​ការ​បែក​ធ្លាយ ​ឯកសារ ​សម្ងាត់ ​ជា​ការ​បែកបាក់​ ផ្ទៃ​ក្នុង​ បក្ស​ប្រជាជន | Analysts say the release of confidential doc reflects fracture within CPP

អ្នក​វិភាគ​ ថា, ​ការ​បែក​ធ្លាយ ​ឯកសារ ​សម្ងាត់ ​ជា​ការ​បែកបាក់​ ផ្ទៃ​ក្នុង​ បក្ស​ប្រជាជន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ កញ្ញា ២០១៥

បក្ស​ប្រជាជន ៦២០
សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​បក្ស ក្រោយ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​នេះ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Brach Chev

ក្រុម​ អ្នក​វិភាគ​ ហៅ​ ការ​បែក​ធ្លាយ​ ឯកសារ​សម្ងាត់​ របស់​ គណបក្ស​ប្រជាជន​ កម្ពុជា ថា, ជា​សញ្ញា ​នៃ​ការ​បែកបាក់ ​ផ្ទៃក្នុង​បក្ស។  ប៉ុន្តែ​ មន្ត្រី​ជាន់​ខ្ពស់ ​បក្ស​ប្រជាជន​ កម្ពុជា អះអាង​ ថា, ផ្ទៃក្នុង​ បក្ស​ប្រជាជន នៅ​តែ ​រឹង​មាំ​ល្អ។

តើ​ ការ​បែក​ធ្លាយ​ លិខិត​សម្ងាត់​នេះ ប៉ះពាល់​ ប្រជាប្រិយភាព​ គណបក្ស​ប្រជាជន ​កម្ពុជា ដែរ​ទេ?

ការ​បែក​ធ្លាយ​សារ​បង្គាប់បញ្ជា​ដ៏​កម្រ​នេះ  ត្រូវ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​បក្ស​អាច​មាន​ការ​ធ្លុះធ្លាយ។ ជាង​នេះ​ទៅ​ទៀត អ្នក​វិភាគ​ថា នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា មន្ត្រី​ថ្នាក់​ក្រោម​បក្ស​មិន​ពេញ​ចំណាត់​ការ​របស់​ថ្នាក់លើ​នោះ​ទេ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​បង្ហាញ​ឯកសារ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ព្រួយ​បារម្ភ​ចំពោះ​ថ្នាក់ក្រោម​ខ្លួន។ លោក មាស នី បន្ត​ថា នេះ​សញ្ញា​មួយ​ប្រាប់​ឲ្យ​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ​ប្រយ័ត្ន​ ប្រយែង​នឹង​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ព្រោះ​អ្នក​ថ្នាក់ក្រោម បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​បង្គាប់​បញ្ជា៖ «ផ្ទៃ​ក្នុង​ខាង​ក្នុង ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​មាន​ការ​រង្គាល​ចិត្ត ឬ​ថា​មិន​ពេញ​ចិត្ត​ក៏​បាន​ដែរ បាន​ជា​ចាប់​ផ្ដើម​បញ្ចេញ​ព័ត៌មាន​រសើប​មួយ​ចំនួន​ឲ្យ​សាធារណៈ​បាន​ដឹង។»

លិខិត​ដែល​មាន​បោះត្រា​ថា «សម្ងាត់» បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​បក្ស​នៅ​គ្រប់​រាជធានី-​ខេត្ត។ ក្នុង​លិខិត​នោះ លោក សាយ ឈុំ ណែនាំ​ឲ្យ​សមាជិក​គណបក្ស​លោក «យក​ចិត្ត​ទុក​ដាក់​បំផុស​បំផុល​ណែនាំ​ឲ្យ​មជ្ឈដ្ឋាន​នានា ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី និង​ព្រំដែន ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា។»

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវែស (Norway) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លិខិត​គណបក្ស​កាន់​អំណាច​ចុះ​ថ្ងៃ​ទី​ ៩ ខែ​កញ្ញា ដែល​មាន​បោះត្រា​ថា ជា​ឯកសារ «សម្ងាត់» ចាត់​តាំង​អោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​លំដាប់​ថ្នាក់​ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី​និង​ព្រំដែន។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី និយាយ​ថា ស្ថានការណ៍​នៅ​ពេល​នេះ​បង្ហាញ​ថា ការ​ស្មោះត្រង់​របស់​មន្ត្រី​ថ្នាក់​ក្រោម​គណបក្ស​ចំពោះ​ថ្នាក់​លើ​មាន​ការ​ ប្រែប្រួល។ លោក កែម ឡី ថា ករណី​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​បក្ស និង​ជា​បញ្ហា​ទៅ​ថ្ងៃ​មុខ៖ «យើង ​ឃើញ​ព័ត៌មាន​ផ្ទៃ​ក្នុង​ចាប់​ផ្ដើម​ចេញ​មក ចឹង​មាន​ន័យ​ថា ប្រព័ន្ធ​គ្រប់គ្រង​របស់​គាត់ (គណបក្ស​ប្រជាជន​កម្ពុជា) ធ្លុះធ្លាយ​ហើយ។»

ឯកសារ​ណែនាំ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី-​ខេត្ត ឲ្យ​បំផុស​មជ្ឈដ្ឋាន​នានា ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី និង​ព្រំដែន។ លិខិត​នេះ​ជា​លិខិត​ផ្ទៃក្នុង​ទី​២ ដែល​បាន​បែក​ធ្លាយ។ ឯកសារ​ទី​១ ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម កាល​ពី​ខែ​មិថុនា ក្នុង​អំឡុង​លោក ជា ស៊ីម ទទួល​មរណភាព គណបក្ស​ប្រជាជន​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី ដោយ​ក្នុង​នោះ​បេក្ខភាព​ប្រធាន​បក្ស គឺ​លោក ហ៊ុន សែន តែ​ម្នាក់ និង​បេក្ខភាព​អនុ​ប្រធាន​បក្ស គឺ​លោក សាយ ឈុំ និង​លោក ស ខេង។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បកស្រាយ​ថា ការ​បង្ហាញ​ឯកសារ​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា  គឺ​បញ្ជាក់​ថា គណបក្ស​លោក​បើក​សិទ្ធិ​សេរីភាព​ទូលំទូលាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ធ្វើ​ការងារ​ជា​ធ្លុង​មួយ ហើយ​ការ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​បែកបាក់​ផ្ទៃក្នុង ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ៖ «គេ​លើក​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បក្ខពួក​សម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន ប៉ុន្តែ​ទីបំផុត​មាន​ឯណា? គណបក្ស​ប្រជាជន​នៅ​តែ​ធ្លុង​មួយ​ដដែល។»

​ដោយ​ឡែក សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ និយាយ​ថា នេះ​ជា​រឿង​ធម្មតា​ទេ​នៅ​ក្នុង​គណបក្ស​នយោបាយ​ធំ​មួយ​តែង​តែ​បែក​ធ្លាយ​ ឯកសារ​ខ្លះៗ​ហើយ ព្រោះ​នេះ​ជា​សារ​បង្ហាញ​មាន​អ្នក​មិន​ពេញ​ចំពោះ​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ បក្ស។ លោក​សាស្ត្រាចារ្យ​មាន​ជំនឿ​ថា ការ​បែក​ធ្លាយ​ឯកសារ​មិន​អាច​ចោទ​ជា​បញ្ហា​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ៖ «មិន​មាន​ការ​រង្គោះរង្គើ​ធំ​ដុំ​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត។»

អ្នក​នាំ​ពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា កន្លង​មក​ឯកសារ​ផ្ទៃក្នុង​បក្ស​ដែល​ហាមឃាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ ការ​អនុញ្ញាត​នោះ គឺ​កិច្ច​ប្រជុំ​មហា​សន្និបាត​បក្ស។  លោក​បញ្ជាក់​ថា ទាក់ទង​សារ​ជូនពរ​ក្បាល​ម៉ាស៊ីន​បក្ស​ពេល​ឡើង​តួនាទី ឬ​ថ្ងៃ​កំណើត​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ចេញ​លិខិត​បង្គាប់​បញ្ជា​ឡើយ៕


No comments:

Post a Comment