Paris Peace Accords 23 Oct. 1991

Sunday, September 13, 2015

ពលរដ្ឋ​ខ្មែរ ​នៅ​អាមេរិក​ ធ្វើ​បាតុកម្ម​ មុខ​ស្ថានទូត ​ខ្មែរ​ ទាមទារ ​ដោះ​លែង ​អ្នក​ទោស​ នយោបាយ | Cambodians in US demonstrate in front of Cambodian Embassy demanding release of political prisoners

ពលរដ្ឋ​ខ្មែរ ​នៅ​អាមេរិក​ ធ្វើ​បាតុកម្ម​ មុខ​ស្ថានទូត ​ខ្មែរ​ ទាមទារ ​ដោះ​លែង ​អ្នក​ទោស​ នយោបាយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ កញ្ញា ២០១៥

សកម្មជន សង្គ្រោះ​ជាតិ ១១​នាក់ ៦២០
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។  RFA/Morm Moniroth


ប្រជាពលរដ្ឋ​ ខ្មែរ ​អាមេរិកាំង បាន​នាំ​គ្នា ​ធ្វើ​បាតុកម្ម មួយ​ កាល​ពី​ព្រឹក​ ថ្ងៃ​សៅរ៍ ទី​១២ ខែ​កញ្ញា នៅ​មុខ​ស្ថានទូត​ ខ្មែរ ​ប្រចាំ​ រដ្ឋធានី​ វ៉ាស៊ីនតោន នៃ​សហរដ្ឋ​ អាមេរិក។  នេះ គឺ​ ជា​បាតុកម្ម​ លើក​ទី​មួយ​ហើយ បន្ទាប់ ​ពី​ឯកអគ្គរាជទូត​ ថ្មី គឺ​ លោក ជុំ ប៊ុនរ៉ុង បាន​ឡើង​មក​ កាន់​តំណែង​នេះ។

បាតុករ​ដែល​មាន​គ្នា​ប្រមាណ​ជិត ១០០​នាក់ បាន​នាំ​គ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​ការពារ​បរិស្ថាន ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ និង​ឲ្យ​គោរព​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ។ ក្រុម​បាតុករ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល ធានា​ឲ្យ​បាន​នូវ​តម្លាភាព​ក្នុង​ការ​រៀបចំ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

បាតុករ​ម្នាក់ គឺ​លោក គង់ សេរី ដែល​នាំ​គ្នា​ប្រមាណ ៤០​នាក់​ពី​រដ្ឋ​កិនេទិកេត (Connecticut) មាន​ប្រសាសន៍​ថា ក្រុម​លោក​មាន​គោល​បំណង​បី​ជា​សំខាន់ ក្នុង​ការ​មក​ធ្វើ​បាតុកម្ម​នេះ៖ «បាតុកម្ម ​នេះ គឺ​ជា​បាតុកម្ម​អហិង្សា។ យើង​អត់​មាន​មក​ជេរ​មក​វាយ​ប្រហារ ឬ​មក​ទិតៀន​បុគ្គល​ណា​ឡើយ។ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​យើង​រៀបចំ​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​ស្រុក​ខ្មែរ​ យើង ពីព្រោះ​យើង​មើល​ឃើញ​ថា លក្ខណៈ​ប្រជាធិបតេយ្យ គឺ​អត់​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់។ ទី​ពីរ យើង​សុំ​ឲ្យ​រដ្ឋាភិបាល​គិត​អំពី​តម្លៃ​របស់​សិទ្ធិ​មនុស្ស ហើយ​និង​ទី​បី យើង​ចង់​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពិគ្រោះ​ពិចារណា​ឡើង​វិញ​អំពី​រឿង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ឃាំង​ទាំង​ អម្បាលម៉ាន។»

ក្រុម​បាតុករ​បាន​នាំ​គ្នា​រៀបចំ​ញត្តិ​មួយ ដើម្បី​ផ្ញើ​តាម​រយៈ​ស្ថានទូត​ទៅ​រដ្ឋាភិបាល​កម្ពុជា តែ​ស្ថានទូត​បិទ​ទ្វារ​មិន​មាន​អ្នក​ចេញ​មក​ទទួល​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក គង់ សេរី គិត​ថា ការ​ដែល​ស្ថានទូត​ចេញ​មក​ទទួល​ញត្តិ ឬ​មិន​មក​ទទួល មិន​ជា​ការ​សំខាន់​ប៉ុន្មាន​ឡើយ៖ «បាទ! គេ​អត់​ទទួល​យើង ដោយសារ​គេ​អត់​ធ្វើ​ការ ប៉ុន្តែ​ចំណុច​សំខាន់​របស់​យើង យើង​អត់​ឲ្យ​តម្លៃ​ទៅ​លើ​គេ​នៅ​ឬ​មិន​នៅ​ទេ។ ថ្ងៃ​នេះ​យើង​ចង់​បញ្ចេញ​មតិ​របស់​យើង​ប្រាប់​ប្រជាជន​ក្នុង​ពិភពលោក​ ទាំងអស់​ថា ខ្មែរ​យើង​នៅ​សហរដ្ឋ​មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ យើង​ចង់​ស្វែងរក​យុត្តិធម៌ និង​រក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឲ្យ​ប្រទេស​យើង ឲ្យ​ប្រជាជន​យើង​នៅ​ក្នុង​ប្រទេស។»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ដឹក​នាំ​បាតុកម្ម​នេះ ថា​នឹង​បញ្ជូន​ញត្តិ​របស់​ពួក​គេ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល និង​តាម​ប្រព័ន្ធ​ប្រៃសនីយ៍។

អ្នក​ដែល​មក​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ ខ្លះ​មក​ពី​រដ្ឋ​រ៉ូតអាយលេនដ៍ (Rhode Island) រដ្ឋ​ម៉ាសាឈូសិត (Massachusetts) រដ្ឋ​កិនេទិកេត (Connecticut) រដ្ឋ​ប៉េនស៊ីវេនីញ៉ា (Pennsylvania) ព្រម​ទាំង​រដ្ឋ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ដូចជា​រដ្ឋ​វឺជីនៀ (Virginia) និង​មែរីឡេនដ៍ (Maryland) ជាដើម៕


No comments:

Post a Comment