Paris Peace Accords 23 Oct. 1991

Saturday, September 5, 2015

សាលាឧទ្ធរណ៍​ បដិសេធ​ បណ្ដឹង​ សុំ​នៅ​ក្រៅ​ឃុំ​ របស់​​លោក ហុង សុខហួរ | Appeal court rejects bail request of Hong Sok Huor

សាលាឧទ្ធរណ៍​ បដិសេធ​ បណ្ដឹង​ សុំ​នៅ​ក្រៅ​ឃុំ​ របស់​​លោក ហុង សុខហួរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ កញ្ញា ២០១៥

ហុង សុខហួរ ៦២០
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ។  RFA/Brach Chev

សភា​ ស៊ើបសួរ ​នៃ​សាលាឧទ្ធរណ៍ ​ច្រាន​​ចោល​ ការ​ប្ដឹង​ទាស់​ សុំ​នៅ​ក្រៅ​ឃុំ ​របស់​ក្រុម​មេធាវី​ ការពារ​ក្ដី​ លោក ហុង សុខហួរ,  ហើយ ​តម្កល់ ​សេចក្ដី​សម្រេច ​របស់​ចៅក្រម ​ស៊ើបសួរ ​នៃ​សាលាដំបូង ​រាជធានី​ ភ្នំពេញ ទុក​ជា​បាន​ការ​ ដដែល បន្ទាប់ ​ពី​ប្រើ​ពេល ​ជិត ២​ម៉ោង​ ក្នុង​ការ​ជំនុំជម្រះ​ នោះ។  ចំណែក ​ក្រុម​មេធាវី​ ការពារ​ក្តី ​របស់​ សមាជិក​ ព្រឹទ្ធសភា​ មក​ពី​គណបក្ស សម រង្ស៊ី វិញ ចាត់​ទុក​ ការ​សម្រេច ​របស់​ សាលាឧទ្ធរណ៍​នេះ​ ថា, ជា​ការ​អនុវត្ត​ បំពាន​ច្បាប់។  ក្រុម​មេធាវី​ អះអាង​ ថា, អ្នក​ចេះ​ច្បាប់​ ដែល​អនុវត្ត​ផ្ទុយ ដូច្នេះ ​នឹង​នាំ ​ឲ្យ​មាន​ មហន្តរាយ​ កាន់​តែ ​ធ្ងន់ធ្ងរ​ សម្រាប់​ ប្រទេស​ជាតិ។

ក្រុម​មេធាវី​ ការពារ​ក្ដី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ បញ្ចេញ​ប្រតិកម្ម​ភា្លមៗ​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សភា​ស៊ើបសួរ​នៃ ​សាលាឧទ្ធរណ៍ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នោះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​ក្ដី​ខ្លួន និង​ផ្ទុយ​ពី​ច្បាប់។

ការ​ប្រកាស​មិន​ទទួល​ស្គាល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ឃុន លាងម៉េង សម្រេច​តម្កល់​បទ​ចោទ​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក កៅ វណ្ឌី ទុក​បាន​ជា​ការ​ដដែល។ មូលហេតុ​ដែល​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ ក្រុង​ភ្នំពេញ ទុក​ជា​ការ​បាន​នោះ ត្រូវ​បាន​លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្ដី​លោក ហុង សុខហួរ អះអាង​ថា ការ​សម្រេច​ដូច្នេះ​របស់​តុលាការ ដោយសារ​ខាង​តុលាការ​ចង់​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​ឡើង​ជា​ថ្មី ​និង​បង្ការ​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​បន្ត និង​ដើម្បី​កុំ​ឲ្យ​មាន​ភាព​វឹកវរ​កើត​ឡើង​ចេញ​ពី​អំពើ​នេះ​ជា​ថ្មី​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ ម្នាក់ ក្នុង​ចំណោម​មេធាវី​ទាំង​បី​នាក់ ថ្លែង​មុន​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ថា កូន​ក្ដី​របស់​ខ្លួន​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ជាង​នេះ​ទៀត ទង្វើ​ដែល​លោក ហុង សុខហួរ ប្រព្រឹត្ត​នោះ គឺ​ពុំ​មាន​បញ្ញត្ត​ដោយ​ច្បាប់​ឡើយ ក៏ប៉ុន្តែ​លោក ជូង ជូងី ​កត់សំគាល់​ថា ការ​អនុវត្ត​ច្បាប់​សព្វថ្ងៃ​នេះ ប្រៀប​ដូច​កៅស៊ូ​ដែល​គេ​អាច​ទាញ​ភ្ជាប់​ទៅ​រក​បទល្មើស​ណា​មួយ​ក៏​បាន អាស្រ័យ​ការ​យល់​ឃើញ​របស់​អ្នក​ចោទ​ប្រកាន់។ លោក​បន្ត​ថា «លុះត្រា​តែ​ គាត់​ប្រព្រឹត្ត​ល្មើស​ជាក់ស្ដែង ប៉ុន្តែ​អំពើ​របស់​គាត់​វា​មិន​ចូល​លក្ខខណ្ឌ​បទល្មើស​ជាក់ស្ដែង​ទាល់​តែ​ សោះ។ ខ្ញុំ​ផ្ទៀងផ្ទាត់​ទៅ​នឹង​និយម​ន័យ​នៃ​បទល្មើស​ជាក់ស្ដែង អំពើ​ដែល​គាត់​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ បាន​សមត្ថកិច្ច​ចាត់​ការ ហើយ​ទាំង​នគរបាល​យុត្តិធម៌ ទាំង​តំណាង​អយ្យការ ទាំង​ចៅក្រម​ស៊ើប​សន្មត​ដោយ​ខ្លួន​គាត់ ដោយ​គ្មាន​ច្បាប់​សំអាង។»

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។ ក្រោយ​ការ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក កៅ វណ្ឌី សម្រេច​ចោទ​ប្រកាន់​លោក ហុង សុខហួរ ៣​ករណី គឺ ទី​១ ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ទី​២ ចោទ​ប្រកាន់​ឯកសារ​ក្លែង និង​ទី​៣ ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម។

ក្រោយ​ការ​ឃុំ​ខ្លួន អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​រឿង​នយោបាយ។

​កាល​ពី​ខែ​សីហា កន្លង​ទៅ​ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ធ្លាប់​បាន​ថ្លែង​ការពារ​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច និង​ដីកា​ចាប់​ខ្លួន​ពី​តុលាការ ធ្វើ​ឡើង​តាម​នីតិវិធី ដោយ​តុលាការ​មាន​ធាតុផ្សំ​នៃ​បទល្មើស​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់។

ជុំវិញ​រឿង​នេះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) ចាត់​ទុក​ថា ដោយសារ​នេះ​ជា​រឿង​នយោបាយ ហេតុ​នេះ​លោក​ពុំ​មាន​ជំនឿ​សោះ​​ថា ការ​ដោះស្រាយ​តាម​យន្តការ​តុលាការ​នេះ អាច​បញ្ចប់​បាន​ណាស់។ លោក​បន្ត​ថា សំខាន់​គឺ​សំណុំរឿង​របស់​លោក ហុង សុខហួរ នេះ​ត្រូវ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ។ លោក​បន្ត​ថា «អ្វី​ដែល​យើង ​រង់ចាំ គឺ​រង់ចាំ​នៅ​ពេល​ដែល​បណ្ដឹង​សារទុក្ខ​ទៅ​កំពូល ហើយ​អ្វី​ដែល​សង្ឃឹម​បំផុត គឺ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ ដែល​អាច​ដោះស្រាយ​ស្ថានភាព​នយោបាយ បន្ត​ភាព​តានតឹង​នោះ​បាន។»

បើ​ទោះ​ជា​បែប​ណា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ អះអាង​ថា នឹង​ប្ដឹង​សាទុក្ខ​ប្រឆាំង​សេចក្ដី​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នេះ​ទៅ​ តុលាការ​កំពូល​បន្ត​ទៀត៕



No comments:

Post a Comment