Paris Peace Accords 23 Oct. 1991

Saturday, September 5, 2015

[Vietnamization] អ្នក​នយោបាយ ​នៅ​តែ ​ខ្វែង​គំនិត​គ្នា ​ជុំវិញ​ ការ​ផ្ទៀងផ្ទាត់​ ផែនទី | Politicians continue to disagree over map verification

អ្នក​នយោបាយ ​នៅ​តែ ​ខ្វែង​គំនិត​គ្នា ​ជុំវិញ​ ការ​ផ្ទៀងផ្ទាត់​ ផែនទី

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ កញ្ញា ២០១៥

ទៀងផ្ទាត់​ផែនទី​បារាំង ៦២០
ពិធី​ផ្ទៀងផ្ទាត់​ដោយ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៃ​​ផែនទី​ពី​ប្រទេស​បារាំង និង​កម្ពុជា នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Rann Samnang 


គណបក្ស​ប្រឆាំង និង​មន្ត្រី​ រដ្ឋាភិបាល ​នៅ​តែ​ មិន​អាច​បញ្ចប់ ​ការ​ខ្វែង​គំនិត​គ្នា​ ជុំវិញ​ បញ្ហា​ផែនទី ​បង្ហាញ​ព្រំដែន ​រវាង ​កម្ពុជា-​វៀតណាម បើ​ ទោះ​បី​ ជា​មាន​ ការ​ផ្ទៀងផ្ទាត់​ ផែនទី ​របស់​ រដ្ឋាភិបាល​ ជាមួយ ​ផែនទី​ ដែល​ខ្ចី​ ពី​បរទេស​ ជា​ច្រើន​សា​ មក​ហើយ​ក្ដី។


ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ទាមទារ​ឲ្យ​គណបក្ស​នយោបាយ ជាពិសេស​គណបក្ស​ប្រឆាំង ល្មម​ឈប់​កេង​ចំណេញ​នយោបាយ​តាម​រយៈ​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​លេស​របស់​ ខ្លួន​តទៅ​ទៀត។ ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​វិញ នៅ​តែ​អះអាង​ថា នឹង​នៅ​តែ​បន្ត​សកម្មភាព ហើយ​ប្រកាន់​ជំហរ​មិន​កែប្រែ​សម្រាប់​យុទ្ធនាការ​ព្រំដែន​នេះ​ឡើយ។

ទាំង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ភាគី​ខាង​រដ្ឋាភិបាល និង​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យសភា​ម្ខាងៗ បន្ត​សងសឹក​ដាក់​គ្នា និង​រក​ចំណុច​ត្រូវ​រៀង​ខ្លួន ក្រោយ​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​សាធារណរដ្ឋ​បារាំង ផ្ដល់​ឲ្យ​តាម​ការ​ស្នើ​សុំ​ពី​លោក ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ វៀតណាម​នេះ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ប្រកាស​ភ្លាមៗ មិន​អោយ​មាន​​ការ​សួរ​ដេញ​ដោយ​អ្វី​ឡើយ​ក្រោយ​បិទ​បញ្ចប់​ការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ផែនទី​រួច។ ក្នុង​ការ​ថ្លែង​សន្ទរកថា​ចុង​ក្រោយ លោក ហោ ណាំហុង បាន​ដៀមដាម​ឲ្យ​គណបក្ស​ប្រឆាំង​ថា ជា​អ្នក​ដែល​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្រោម​ហេតុផល​ដើម្បី​តែ​ចំណេញ​នយោបាយ​ ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត ប្រមុខ​ការ​បរទេស​កម្ពុជា រូប​នេះ​ទទូច​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ល្មម​ឈប់​ធ្វើ​យុទ្ធនាការ​បែប​ នេះ​ត​ទៅ​ដោយ​ផ្ដោត​តែ​ទៅ​លើ​គោលនយោបាយ​របស់​ខ្លួន​ទៅ​បាន​ហើយ។

ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ផែនទី​នេះ កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា នៅ​វិមាន​សន្តិភាព ក្នុង​ពេល​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ស្នើ​សុំ​ពី​សាធារណរដ្ឋ​ បារាំង។ ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា ស្នើ​សុំ​ពី​បារាំង ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នេះ​មាន​ចំនួន ២៦​ផ្ទាំង ហើយ​ត្រូវ​បាន​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​អះអាង​​ថា ផែនទី​ដែល​កម្ពុជា សុំ​ខ្ចី​ពី​បារាំង នេះ គឺ​ដូច​គ្នា​នឹង​ផែនទី​ដែល​កម្ពុជា កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​វៀតណាម សព្វថ្ងៃ​នេះ​ដែរ។

បើ​ទោះ​ជា​បែប​ណា ផែនទី​ដែល​រដ្ឋាភិបាល​បារាំង ផ្ដល់​ឲ្យ​កម្ពុជា ខ្ចី​ដើម្បី​ផ្ទៀងផ្ទាត់​នេះ ត្រូវ​សង្កេត​ឃើញ​ថា មាន ២៥​ផ្ទាំង​ជា​ប្រភេទ​ខ្នាត​បោន ១/១០០.០០០។ ដោយ​ឡែក ១​ផ្ទាំង​ក្នុង​ចំណោម​នោះ គឺ​ជា​ខ្នាត យូ.ធី.អឹម (UTM) ១/៥០.០០០ ដែល​រដ្ឋាភិបាល​បារាំង បញ្ជាក់​ថា ខ្លួន​រក​មិន​បាន​គ្រប់​ចំនួន​ដូច​ការ​ស្នើសុំ​របស់​កម្ពុជា​ទេ។ ហេតុ​នេះ មាន​តែ​ជំនួស ១​ផ្ទាំង ដែល​មាន​ខ្នាត យូ.ធី.អឹម ខ្នាត ១/៥០.០០០។

ភ្លាមៗ​ក្រោយ​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ដែល​ប្រើ​ពេល​ជាង ៤​ម៉ោង លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​ក្នុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​ បន្ទប់​វិមាន​សន្តិភាព​ថា គណបក្ស​ប្រឆាំង​នឹង​មិន​បញ្ឈប់​ត្រឹម​ការ​ផ្ទៀងផ្ទាត់​ផែនទី​នេះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​អះអាង​ថា ក្រោយ​ប្រមូល​ព័ត៌មាន​គ្រប់គ្រាន់​ហើយ គណបក្ស​ប្រឆាំង​នឹង​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ពិត​ប្រាកដ​នៃ​ផែនទី ដែល​មាន​ភាព​ចម្រូងចម្រាស​នេះ។ បើ​ទោះ​ជា​បែប​ណា លោក អ៊ូ ច័ន្ទឫទ្ធិ អះអាង​ថា ការ​ផ្ទៀងផ្ទាត់​ផែនទី​នេះ គឺ​នៅ​មាន​​មន្ទិល​សង្ស័យ​ច្រើន​ទៀត ក៏ប៉ុន្តែ​ដោយ​សារ​ភាគី​ខាង​រដ្ឋាភិបាល​ពុំ​បើក​ឲ្យ​មាន​ការ​សួរ​ដេញ​ដោយ ហេតុ​នេះ​ការ​ផ្ទៀងផ្ទាត់​ផែនទី​នៅ​តែ​ជា​បញ្ហា​ប្រឈម និង​មិន​អាច​រក​ចំណុច​រួម​បាន។

ជុំវិញ​រឿង​នេះ​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​ចំអក​ឲ្យ​គណបក្ស​ ប្រឆាំង​ថា គណបក្ស​នេះ​នៅ​ជំពាក់​ផែនទី ២​ផ្ទាំង​ទៀត​នៅ​ឡើយ​ផង បើ​មាន​សមត្ថភាព​ណាស់​គួរ​ស្វែង​រក​ផែនទី​ដែល​នៅ​ខ្វះ​ផ្ដល់​ឲ្យ​រាជ​ បណ្ឌិត្យសភា ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​សិន​មក។ ប្រើ​សំឡេង​ខ្លាំងៗ ប្រៀប​ដូច​មេទាហាន​បញ្ជា​កងទ័ព​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ លោក សុខ ទូច ថ្លែង​ថា លោក​ស្ទើរ​តែ​អស់​ជំនឿ​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​មិន​អាច​ធ្វើ​បាន​តាម​ការ​ អះអាង​របស់​ខ្លួន។

អ្នក​ដែល​ចូល​រួម​ការ​ផ្ទៀងផ្ទាត់​ផែនទី​លើក​ទី​ពីរ​នេះ គឺ​មិន​ខុស​ពី​ដឹក​គោ​ឲ្យ​មើល​ទូរទស្សន៍​នោះ​ទេ ដោយ​ហេតុ​ថា ការ​ដឹង​ខុស ឬ​ត្រូវ​នៃ​ផែនទី​ទៅ​បាន​គឺ​អាស្រ័យ​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​ រដ្ឋាភិបាល។ ទាំង​មន្ត្រី​មក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ផង​ដែល​ចូល​រួម បាន​ត្រឹម​អង្គុយ​ស្ងៀម​នៅ​លើ​កៅអី ហើយ​រង់ចាំ​ការ​បកស្រាយ​របស់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ប៉ុណ្ណោះ៕


No comments:

Post a Comment