Paris Peace Accords 23 Oct. 1991

Tuesday, September 29, 2015

ជនជាតិ​ដើម​ ភាគ​តិច​ ខែត្រ​ ក្រចេះ​ បារម្ភ​ព្រៃ​ ពី​ការ​កាប់​បំផ្លាញ ​ព្រៃ​សហគមន៍ | Ethnic minotiry in Kratie worried about destruction of community forests

ជនជាតិ​ដើម​ ភាគ​តិច​ ខែត្រ​ ក្រចេះ​ បារម្ភ​ព្រៃ​ ពី​ការ​កាប់​បំផ្លាញ ​ព្រៃ​សហគមន៍

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៨ កញ្ញា ២០១៥

កាប់​ឈើ ក្រចេះ ៣០៥
សកម្មភាព​ប្រជា​សហគមន៍​ស្រុក​ស្នូល ខេត្ត​ក្រចេះ ដុត​បំផ្លាញ​ឈើ​ប្រណិត​របស់​ជនល្មើស ក្នុង​ដែន​ជម្រក​អភិរក្ស​សត្វ​ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៣។  CCHR

ព្រៃ​ឈើ ​នៅ​តំបន់ ​សហគមន៍ ​ព្រៃ​ដៃគូ ឋិត​នៅ​ឃុំ​ អូរគ្រៀង ខែត្រ​ ក្រចេះ វិញ កំពុង​ រង​ការ ​កាប់​ឆ្ការ​ ដើម្បី​ យក​ដី​ យ៉ាង​អនាធិបតេយ្យ​ ដោយ​ពុំ​ ទាន់​មាន ​ការ​ទប់ស្កាត់​ ពី​អាជ្ញាធរ ​ឡើយ។

ប្រជា​សហគមន៍​អះអាង​ថា អ្នក​ដែល​ចូល​ទៅ​កាប់​ទន្ទ្រាន​នោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ចាម និង​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ចូល​ទៅ​រស់​នៅ​ថ្មី បាន​សម្រុក​កាប់​ឆ្ការ​ជា​ច្រើន​ខែ​មក​ហើយ។ ចំណែក​អាជ្ញាធរ​ចាត់​ទុក​សកម្មភាព​កាប់​ឆ្ការ​ព្រៃ​នេះ​ថា ជា​អំពើ​ខុស​ច្បាប់។

អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ព្នង បារម្ភ​ពី​ជោគវាសនា​ព្រៃឈើ​អាស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​ រង​ការ​គំរាមកំហែង។ ក្តី​បារម្ភ​នេះ​កើត​ឡើង​នៅ​បន្ទាប់ពី​សកម្មភាព​កាប់ឆ្ការ​ព្រៃ​ដោយ​ពលរដ្ឋ​ ជនជាតិ​ចាម និង​ពលរដ្ឋ​ចំណាកស្រុក បន្ត​សម្រុក​កាប់ឆ្ការ​ដី​ព្រៃ​សហគមន៍​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ឯកជន​យ៉ាង​អនាធិបតេយ្យ តាំង​ពី​ដើម​ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន។ ចំណែក​សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់​ដោយ​មន្ត្រី​ជំនាញ​ហាក់​មាន​តិចតួច​ណាស់។

សមាជិក​សហគមន៍​ព្រៃ​ដៃគូ លោក ហៀន សំអឿន ចាត់​ទុក​ព្រៃឈើ​សហគមន៍​ដៃគូ ជា​អាយុជីវិត​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​តាំង​ពី​ដើម ដែល​បាន​ផ្ដល់​ប្រយោជន៍​យ៉ាង​មហិមា ដូច​ជា​មាន​ដើម​ឈើ​ផលិត​ជ័រទឹក ឬ​ដើម​ច្បោះ​ជ័រ​ជាង ៥​ម៉ឺន​ដើម ដែល​មាន​លទ្ធភាព​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​តាំង​ពី​ ដូនតា។ ក៏ប៉ុន្តែ​ជា​អកុសល បច្ចុប្បន្ន ដើម​ឈើ​ផលិត​ជ័រទឹក​ទាំង​នោះ​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ពលរដ្ឋ​ជនជាតិ​ ចាម ជា​ច្រើន​ក្រុម និង​ពលរដ្ឋ​ចំណាកស្រុក​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង ១​ក្រុមៗ ជាង ១០​នាក់ ចូល​សម្រុក​កាប់​ឆ្ការ​អស់​ប្រហែល​ជាង ១​ពាន់​ពាន់​ហិកតារ។

លោក ហៀន សំអឿន៖ «ជនជាតិ​ហ្នឹង​គេ​កាប់​លឿន​ជា​អី​ទៀត បី​ថ្ងៃ​មើល​ទៅ​ដាច់​កន្ទុយ​ភ្នែក ល្វឹងល្វើយ​បាត់​ហើយ។ ចូល​លុក​ទាំង​អស់ អស់​ទាំង​ច្បោះ​ជ័រ គេ​ចូល​ទៅ​ឆ្ការ​ក្នុង​ច្បោះ​ជ័រ​ហ្នឹង! គេ​កាង​ដី​នេះ ដី​របស់​គេ។ អ្នក​ចង់​ចូល​ធ្វើ​ការ​ក្នុង​ហ្នឹង​ទាល់តែ​អនុញ្ញាត​ពី​គេ។»

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​សកម្ម​ក្នុង​ការ​ចុះ​ល្បាត គឺ​លោក កៅ ចាន់ថុន អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​អារក្ស ព្រៃ​ជំនឿ និង​ព្រៃ​ឈើ​អាស្រ័យ​ផល​ពី​សំណាក់​ពលរដ្ឋ​ជនជាតិ​ចាម និង​អ្នក​ចំណូល​ថ្មី​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ស្រុក អាជ្ញាធរ​ឃុំ​នៅ​ពី​ក្រោយ​ខ្នង៖ «ដល់​ពេល​ឥឡូវ​ហ្នឹង មើល​ទៅ​វា​ទូលំទូលាយ​ទាំង​បទល្មើស​អារ​ឈើ​អនាធិបតេយ្យ ទាំង​កាប់​ឆ្ការ​យក​ដី​វា​គគ្រឹកគគ្រេង។ ខ្ញុំ​ភ័យ​ព្រួយ​បារម្ភ​ខ្លាច​អស់​ព្រៃ ព្រោះ​ទី​១ វា​មាន​សត្វ​ខ្ទីង។ ខ្ញុំ​មិន​ដឹង​រក​ខាង​ណា​ជួយ​ទេ ចង់​អំពាវនាវ​ឲ្យ​អ្នក​ណា​ធ្វើ​រឿង​ហ្នឹង​ពិត​ប្រាកដ។»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ពី​អភិបាល​ស្រុក​សំបូរ បាន​ទេ នៅ​ថ្ងៃ​ទី​២៧ កញ្ញា។

ប្រជា​សហគមន៍​អះអាង​ថា ព្រៃ​សហគមន៍​ដៃគូ ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ​២០០៩ មាន​ផ្ទៃដី​ចំនួន​ជាង ៣​ពាន់ (៣.១៦៣) ហិកតារ និង​មាន​រចនាសម្ព័ន្ធ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ចម្រុះ ដូចជា អាជ្ញាធរ​ឃុំ​ជា​ប្រធាន​សហគមន៍ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​អនុ​ប្រធាន អាជ្ញាធរ​ភូមិ​ជា​សមាជិក ចំណែក​ក្រុម​ល្បាត​ជា​ប្រជាពលរដ្ឋ។

បន្ថែម​ពីលើ​នេះ ការ​បង្កើត​សហគមន៍​នេះ​ឡើង ដើម្បី​ស្វែង​រក​យន្តការ​អភិរក្ស​ព្រៃ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ តែ​យ៉ាង​ណា​ក៏ដោយ​ចុះ យន្តការ​អភិរក្ស​ព្រៃ​សហគមន៍​នេះ ត្រូវ​បាន​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង ការ​បែក​បាក់​សាមគ្គីភាព ការ​គ្រប់គ្រង​ពុំ​មាន​តម្លាភាព អំពើ​ពុករលួយ និង​ការ​រៀបចំ​ផែនការ​ចុះ​ល្បាត​ពុំ​ច្បាស់លាស់​ជាដើម។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​សហគមន៍​ការពារ​ព្រៃ​ដៃគូ និង​ជា​មេឃុំ​អូរគ្រៀង លោក កែវ ប៊ូរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កញ្ញា ថា ពលរដ្ឋ​ជនជាតិ​ចាម ប្រមាណ​ជាង ៤០០​នាក់ ធ្លាប់​បាន​ធ្វើ​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​អាជ្ញាធរ​ខែត្រ​ពុំ​ទាន់​សម្រេច​ផ្ដល់​នៅ​ឡើយ​ទេ។ ទោះ​យ៉ាងណា​លោក​ថា សកម្មភាព​កាប់​ឆ្ការ​ដី​ព្រៃ​ដើម្បី​យក​ដី​ដោយ​ជនជាតិ​ចាម គឺ​ជា​អំពើ​ល្មើស​ច្បាប់ ហើយ​លោក​ក៏​ធ្លាប់​បាន​ជូនដំណឹង​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែរ។

លោក​ថា អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​បាន​ជូនដំណឹង​ទៅ​អ្នក​ពាក់ព័ន្ធ​កាប់​ឆ្ការ​ព្រៃ ព្រមទាំង​ហាម​មិន​ឲ្យ​ចូល​ព្រៃ​សហគមន៍​ប្រសិន​ពុំ​មាន​ការ​អនុញ្ញាត៖ «មាន ​អនាធិបតេយ្យ​ខ្លះ ហើយ​មាន​ក្រុម​ហ្នឹង​ក្រុម​ថ្មី ប៉ុន្តែ​មុន​ស្រាយ​បួស គឺ​ខ្ញុំ​ឲ្យ​ចេញ​ទាំង​អស់​ហើយ ហាម​ចូល​ទៀត មុន​ពេល​ដែល​គ្មាន​ការ​អនុញ្ញាត។»

​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ៣១២​នាក់ បាន​ផ្ដិត​មេដៃ​ស្នើ​សុំ​ដី​ព្រៃ​សហគមន៍​ដៃគូ ប្រើប្រាស់​ជា​សមូហភាព និង​ស្នើ​ឲ្យ​អាជ្ញាធរ​ខែត្រ​បដិសេធ​សំណើ​របស់​ពលរដ្ឋ​ជនជាតិ​ចាម ជាង ៤០០​គ្រួសារ ដែល​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ព្រៃ​សហគមន៍​គ្រប់គ្រង។

​ឃុំ​អូរគ្រៀង ស្រុក​សំបូរ មាន​សហគមន៍​ព្រៃឈើ​ចំនួន ៣ ដូចជា​ព្រៃ​សហគមន៍​ថ្មទន្លេ មាន​ផ្ទៃដី​ចំនួន​ជាង ២​ពាន់ (២.២២៨) ហិកតារ ព្រៃ​សហគមន៍​ភ្នំ​ព្រិច មាន​ព្រៃ​ដី​ចំនួន​ជាង ៧​ពាន់​ហិកតារ និង​ព្រៃ​សហគមន៍​ដៃគូ មាន​ផ្ទៃដី​ចំនួន​ជាង ៣​ពាន់​ហិកតារ៕




No comments:

Post a Comment