Paris Peace Accords 23 Oct. 1991

Tuesday, September 29, 2015

សហគមន៍ ​ព្រៃឈើ ​គ្រោង​លើក​គ្នា​ តវ៉ា ​ប្រឆាំង​ អ្នក​ទន្ទ្រាន ​ដី​ព្រៃ​ នៅ​សាលា​ខេត្ត ​កំពង់ឆ្នាំង | Forest community to unite against illegal loggers at Kampong Chhnang city hall

សហគមន៍ ​ព្រៃឈើ ​គ្រោង​លើក​គ្នា​ តវ៉ា ​ប្រឆាំង​ អ្នក​ទន្ទ្រាន ​ដី​ព្រៃ​ នៅ​សាលា​ខេត្ត ​កំពង់ឆ្នាំង

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៨ កញ្ញា ២០១៥

ផែនទី​ខេត្ត​កំពង់ឆ្នាំង ៦២០
ផែនទី​ខេត្ត​កំពង់ឆ្នាំង។  Photo: RFA

តំណាង ​សហគមន៍ ​ភ្នំ​ព្រះធាតុ នៅ​ស្រុក​ សាមគ្គី មានជ័យ ខេត្ត​ កំពង់ឆ្នាំង ព្រមាន ​លើក​គ្នា​ យ៉ាង​តិច ៥០​នាក់ ឡើង​តវ៉ា​ នៅ​ខាង​មុខ​ សាលា​ខេត្ត​នេះ ​ក្នុង​ពេល​ ឆាប់ៗ ដើម្បី​ ឲ្យ​អភិបាល​ខេត្ត ​ចាត់​វិធានការ​ លើ​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ ដែល​ចូល​ទន្ទ្រាន​ កាន់កាប់​ដី​ព្រៃ​ សហគមន៍។

តំណាង និង​ប្រជា​សហគមន៍​ភ្នំ​ព្រះធាតុ ដែល​មាន​សមាជិក​ប្រើប្រាស់​ព្រៃ​សហគមន៍​ចំនួន ៧​ភូមិ នៃ​ឃុំ​ពាម បាន​ផ្ដិត​មេដៃ ៤៩៥​ស្នាម​មេដៃ ភ្ជាប់​នឹង​ពាក្យ​បណ្ដឹង​ដាក់​ជូន​សាលា​ខេត្ត​កំពង់ឆ្នាំង រដ្ឋបាល​ព្រៃឈើ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៥ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ដោះស្រាយ​អ្វី​នៅ​ឡើយ។

ប្រធាន​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះធាតុ លោក ប៊ុន យ៉ូន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា មេភូមិ​ច្រកថ្កូវ លោក សួស សារ៉េម និង​មេ​ឃុំ​ពាម លោក យី ផេង ធ្លាប់​គំរាម​លោក និង​បញ្ជាក់​ថា ដី​ដែល​មន្ត្រី​នគរបាល​ពីរ​នាក់ និង​ជន​មិន​ស្គាល់​មុខ​ផ្សេង​ទៀត​បាន​កាប់​ទន្ទ្រាន​យក​នៅ​ប្លង់​ដី​សហគមន៍​ នោះ គឺ​អ្នក​ទាំង​នោះ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។

លោក​ថា បើ​ស្ថាប័ន​ដែល​គាត់​ដាក់​បណ្ដឹង​ចូល​មិន​ចាត់​ការ​ដក​ហូត​ដី​ដែល​បាន​បាត់​ បង់​ប្រមាណ ១០​ហិកតារ​នោះ​មក​វិញ​ទេ ក្រុម​ពលរដ្ឋ​នឹង​ឡើង​តវ៉ា​នៅ​ពេល​បង្ហើយ​ដៃ​ពី​ការ​ដក​ស្ទូង​ប៉ុន្មាន​ថ្ងៃ ​ខាង​មុខ​ទៀត​នេះ៖ «ដល់​ចុង​ក្រោយ​គាត់ (មេ​ឃុំ) ប្រជាជន អត់​ដឹង​អី​ទេ សម្រេច​លើ​អ្ហែង​ទៅ ឲ្យ​តែ​អ្ហែង​ព្រមព្រៀង​ទៅ​ចប់​ហើយ! ថ្ងៃ​រសៀល​ម៉ោង​ពីរ​គាត់​ស្រែក​មក​ទៀត អញ​ឲ្យ​អ្ហែង ១​ពាន់​ដុល្លារ​ឈប់​មាត់​ទៅ អា​ហ្នឹង​ពាក្យ​មេ​ឃុំ​ និយាយ​ផ្ដាំ​តាម​តា ម៉ៅ អុន។ បើ​មិន​មាន​ដំណោះ​ស្រាយ​ទេ គឺ​ខ្ញុំ​នាំ​ប្រជាពលរដ្ឋ​ទៅ​ដើម្បី​ឲ្យ​អភិបាល​ខេត្ត​ដោះស្រាយ​យក​ដី​នោះ​ មក​វិញ។»

លោក ប៊ុន យ៉ូន បញ្ជាក់​ថា សហគមន៍​ភ្នំ​ព្រះធាតុ ឋិត​នៅ​ឃុំ​ពាម មាន​ផ្ទៃ​ដី​សរុប ៦៨២​ហិកតារ ត្រូវ​ជនល្មើស​លួច​កាប់​ឆ្ការ និង​ដាក់​គ្រឿង​ចក្រ​ឈូស​អស់​ប្រហែល ១០​ហិកតារ នៅ​ចំណុច​ពេជ្រចង្វា។ លោក​ថា ប្រជា​ពលរដ្ឋ​ទាំង ៧​ភូមិ នៃ​ឃុំ​ពាម ប្ដេជ្ញា​ទាមទារ​ដី​សហគមន៍​ដែល​បាត់​បង​មក​វិញ​ឲ្យ​បាន ហើយ​លោក​ជា​តំណាង​នឹង​រក​គ្រប់​វិធីសាស្ត្រ ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់​លើ​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេឃុំ​ពាម និង​មេភូមិ​ច្រកថ្កូវ ដើម្បី​បំភ្លឺ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។ ប៉ុន្តែ​កន្លង​ទៅ មេ​ឃុំ​ពាម លោក យី ផេង បញ្ជាក់​ថា ទីតាំង​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ ពិត​ជា​មាន​អ្នក​ចូល​ទៅ​កាប់​ព្រៃ​ដាំ​ដើម​ស្វាយ​មែន តែ​មន្ត្រី​ប៉ូលិស និង​អ្នក​ខ្លះ​ទៀត​មាន​លិខិត​កាន់កាប់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ តាំង​ពី​ឆ្នាំ​២០០៤ គឺ​មុន​ពេល​ដែល​តំបន់​នោះ បាន​បង្កើត​ទៅ​ជា​ព្រៃ​សហគមន៍​នៅ​ឆ្នាំ​២០១០។

លោក​ថា កាល​ណោះ​ការ​គ្រប់គ្រង​ទឹកដី​រដ្ឋបាល​របស់​ឃុំ​ពាម ជាមួយ​ឃុំ​ជិត​ខាង​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ ស្រប​ពេល​នោះ​ក៏​មាន​ពលរដ្ឋ​ខ្លះ​នៅ​ឃុំ​ជិត​ខាង​បាន​លក់​ដី​នៅ​តំបន់​នោះ។ គ្រា​នោះ​មិន​ដឹង​រឿង​អ្វី​ច្បាស់​លាស់​ឡើយ ព្រោះ​លោក​ទើប​ឡើង​ធ្វើ​ជា​មេឃុំ​ពាម​នៅ​ឆ្នាំ​២០០៩។

តំណាង និង​ប្រជា​សហគមន៍​ភ្នំ​ព្រះធាតុ ចំនួន ១១​នាក់ ធ្លាប់​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ដ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ព្រៃ​សហគមន៍​ជូន​អភិបាល​ខេត្ត លោក ឈួរ ច័ន្ទឌឿន ម្ដង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។ ភ្លាម​នោះ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម បញ្ជាក់​ថា ពាក្យ​បណ្ដឹង​នឹង​ដាក់​ដល់​ដៃ​អភិបាល​ខេត្ត​ពិនិត្យ និង​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ៕


No comments:

Post a Comment