Paris Peace Accords 23 Oct. 1991

Monday, September 21, 2015

មន្ត្រី ​រដ្ឋាភិបាល​ ចាត់​ទុក​សម្ដី​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង ​ថា, ​គ្មាន​ លក្ខណៈ ​ពិត​ប្រាកដ | Govt official says statement of opposition MP lacks clarity

មន្ត្រី ​រដ្ឋាភិបាល​ ចាត់​ទុក​សម្ដី​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង ​ថា, ​គ្មាន​ លក្ខណៈ ​ពិត​ប្រាកដ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៥

ផៃ ស៊ីផាន ៦២០
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Morm Moniroth


មន្ត្រី ​រដ្ឋាភិបាល ចាត់​ទុក​សម្ដី ​របស់​ តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ ដែល​និយាយ ​ថា, សហរដ្ឋ​ អាមេរិក នឹង​ប្រើ​ ដំបង ដាក់​រដ្ឋាភិបាល​ កម្ពុជា ប្រសិន ​រដ្ឋាភិបាល​ កម្ពុជា អនុម័ត​ សេចក្តី​ព្រាង​ច្បាប់​ ស្ដីពី​ សហជីព​នោះ គឺ ​គ្មាន​ លក្ខណៈ​ ពិត​ប្រាកដ។

សេចក្តី​ព្រាង​ច្បាប់ ​មួយ​នេះ ជា​រឿយៗ ក្រុម​សង្គម​ស៊ីវិល ​តែងតែ​ រិះគន់​ ថា នឹង​ធ្វើ​ ឲ្យ​ប៉ះពាល់ ​ប្រយោជន៍​ កម្មករ។  រដ្ឋលេខាធិការ​ នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​សហជីព និង​អ្នក​ពាក់​ព័ន្ធ ថែម​ទាំង​មាន​ការ​ចូលរួម​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO)។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា មិន​ជឿ​ថា សហរដ្ឋ​អាមេរិក នឹង​ព្រមាន​កម្ពុជា បើ​សិន​ជា​នៅ​តែ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព ដូច​សម្ដី​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​នោះ​ទេ។
ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី លោក សុន ឆ័យ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា អាមេរិក​នឹង​ប្រើ​ដំបង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​លែង​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​សម្លៀកបំពាក់​របស់​កម្ពុជា ដែល​នាំ​ចូល​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក។

លោក ផៃ ស៊ីផាន ចាត់​ទុក​សម្ដី​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង តែងតែ​ប្រើប្រាស់​ភាសា​ភូតភរ។ លោក​ថា ការ​បន្ធូរបន្ថយ ឬ​មិន​យក​ពន្ធ​លើ​ទំនិញ​កម្ពុជា ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក ចំណាយ​លុយ​តិច ដើម្បី​ទិញ​ទំនិញ​ដែល​មិន​យក​ពន្ធ​នោះ៖ «រឿង​ហ្នឹង​ជា​រឿង ​មិន​ទាន់​ដល់ ព្រោះ​ភាសា​របស់​គណបក្ស​ប្រឆាំង​ជា​ភាសា​ភូតភរ​តើ ហើយ​ច្បាប់​សហជីព​មិន​មែន​ជា​ច្បាប់​បណ្ដេញ មិន​ឲ្យ​ធ្វើ​ការ​ឯណា ជា​ច្បាប់​ការពារ​សហជីព។»

ជា​ញឹកញាប់​ណាស់​ដែល​កម្មករ​កម្មការិនី ពលរដ្ឋ​ខ្មែរ និង​សហជីព ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​តវ៉ា​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ។ ក្រុម​សហជីព ស្នើ​ឲ្យ​មាន​ការ​កែប្រែ​មាត្រា​ជាង​៣០ ដែល​គេ​យល់​ថា មាន​ចំណុច​អាក្រក់​ខ្លាំង គឺ​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​តឹងតែង​នៃ​ការ​ចុះ​បញ្ជិកា​សហជីព។ ការ​កំណត់​ចំនួន​កម្មករ​ពី ២៥% សម្រាប់​បង្កើត​សហជីព ការ​ពិន័យ​ថ្នាក់​ដឹក​នាំ​សហជីព ការ​រាយការណ៍​ពី​សកម្មភាព​ចំណូល​ចំណាយ​របស់​សហជីព ការ​កំណត់​សមាជិក ៥០% បូក ១ ឡើង​ទៅ ដើម្បី​រៀបចំ​មហា​សន្និបាត​សហជីព ឬ​ធ្វើ​កូដកម្ម ព្រម​ទាំង​ចំណុច​មួយ​ចំនួន​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្រោយ​លោក​បាន​ជួប​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​អនុរដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​មនុស្ស និង​ពលករ។ ក្នុង​បទសម្ភាសន៍​នោះ លោក​ឲ្យ​ដឹង​ថា ប្រសិន​រដ្ឋាភិបាល​កម្ពុជា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ និង​អ្នក​ពាក់ព័ន្ធ អាមេរិក​នឹង​ប្រើ​ដំបង ប្រសិន​រដ្ឋាភិបាល​កម្ពុជា អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ។ លោក​បន្ត​ថា រដ្ឋាភិបាល​អាមេរិក ព្រួយ​ណាស់​ចំពោះ​ច្បាប់​ដែល​អាក្រក់​ធ្វើ​បាប​ពលរដ្ឋ៖ «ដំបង​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក គេ​លុប​ចោល ឬ​ចោល​ការ​បន្ធូរបន្ថយ​ពន្ធ ដោយសារ​រឿង​នេះ​ទាក់ទង​កម្មករ​កាត់​ដេរ។»

មក​ទល់​ពេល​នេះ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​មាន ១៧​ជំពូក និង ៩៦​មាត្រា​ស្ថិត​ក្នុង​ដៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​លើ​អក្ខរាវិរុទ្ធ និង​ផ្ទៀងផ្ទាត់​ចំណុច​ណា​ដែល​គួរ​ដាក់​បញ្ចូល ឬ​ធ្វើ​ការ​កែប្រែ។ ក្រោយ​អន្តរ​ក្រសួង​ពិនិត្យ​រួច​រាល់ នឹង​បញ្ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ខែ​សីហា ឬ​ខែ​កញ្ញា។ ក្រសួង​ការងារ រំពឹង​ថា នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ដៃ​រដ្ឋសភា ដើម្បី​ធ្វើ​ការ​អនុម័ត​យ៉ាង​យូរ​បំផុត​ចុង​ឆ្នាំ​២០១៥។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​តែង​ប្រឆាំង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ ឲ្យ​ដឹង​ថា ទាមទារ​ឲ្យ​ការ​ធ្វើ​ច្បាប់​នេះ​មាន​ការ​ចូលរួម​ពី​សហជីព និង​ភាគី​ពាក់ព័ន្ធ​នានា និង​ទទួល​យក​ការ​ផ្តល់​យោបល់​ក្នុង​ន័យ​ការ​កែលំអ។ លោក អាត់ ធន់ យល់​ថា ប្រសិន​បើ​អាមេរិក រឹត​បន្តឹង​តម្លៃ​ពន្ធ​ទំនិញ ឬ​សម្លៀកបំពាក់​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​រត់​ចេញ​ពី​កម្ពុជា ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ៖ «មិន​ចង់​ ឲ្យ​មាន​ច្បាប់​នេះ ព្រោះ​ថា យើង​មាន​ច្បាប់​ការងារ​អនុសញ្ញា​អន្តរជាតិ រដ្ឋធម្មនុញ្ញ ឬ​ក៏​ប្រកាស​ផ្សេងៗ​ដែល​បង្កើត​សហជីព​បាន​ហើយ។»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ដោយ​បើក​ចំហ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។ លោក​ថា លោក​មិន​ចង់​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា ឡើយ៕



1 comment:

  1. Anonymous11:22 AM

    This dog Phay Siphan should stop barking. Every word he said has always irritated people.

    ReplyDelete