"លោក ហ៊ុន សែន មិនមែន ជាគំរូ នៃការ ផ្លាស់ប្ដូរសង្គម"
RFA / វិទ្យុ អាស៊ី សេរី | ៦ កញ្ញា ២០១៥
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាសាស្ត្រាចារ្យនៃការផ្លាស់ប្ដូរដូចការអះអាងរបស់គាត់នោះ ទេ។
ការប្រើល្បិច និងការប្រកាសនៅបន្តកាន់អំណាចរហូតដល់អាយុជិត ១០០ឆ្នាំរបស់គាត់ ឆ្លុះបញ្ចាំងពីការមិនផ្លាស់ប្ដូរ។ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កម្ពុជាមានបញ្ហាសង្គមជាច្រើនមិនអាចដោះស្រាយចេញ ហើយថែមទាំងប្រែប្រួលទៅរកស្ថានការណ៍អាក្រក់ទៀតផង។
តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានគុណសម្បត្តិគ្រប់គ្រាន់ជាសាស្ត្រាចារ្យគំរូសម្រាប់ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីនៃប្រទេសផ្សេងទៀតបានទេ?
លោក ប៊្រែដ អាដាម ប្រតិកម្មតបលោក ហ៊ុន សែន
មានប្រតិកម្មទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា លោកអាចបង្រៀនប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីនៃប្រទេសផ្សេងៗអំពីការផ្លាស់ប្ដូរនោះ លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុកតំបន់អាស៊ី មានប្រសាសន៍ថា លោកអត់ផ្ទុះសំណើចមិនបាននៅពេលលោកឮដូច្នេះ។
ទោះជាយ៉ាងណា លោកថា ផ្អែកតាមការជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជាគ្រូដ៏ពូកែម្នាក់បង្រៀនមេដឹកនាំជុំវិញពិភពលោកអំពី វិធីសាស្ត្រក្នុងការកាន់អំណាចបានយូរតាមរយៈអំពើពុករលួយ និងការគំរាមកំហែង៖ «ខ្ញុំគិតថា លោក ហ៊ុន សែន គឺជាសាស្ត្រាចារ្យផ្នែករំលោភសិទ្ធិមនុស្ស និងផ្ដាច់ការ។ ខ្ញុំមិនគិតថា មានមេដឹកនាំប្រទេសណាមួយចង់រៀនពីគាត់ទេ ពីព្រោះគាត់បានដឹកនាំប្រទេសពោរពេញទៅដោយការរំលោភសិទ្ធិមនុស្ស មិនមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោក ហ៊ុន សែន និងមន្ត្រីជុំវិញខ្លួនគាត់ប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង។ នៅពេលគាត់លើកឡើងថា គាត់ជាសាស្ត្រាចារនៃការផ្លាស់ប្ដូរនោះ ធ្វើអោយខ្ញុំហួសចិត្តនិយាយលែងចេញ ពីព្រោះលោក ហ៊ុន សែន កាន់អំណាចជាង ៣០ឆ្នាំហើយ នោះហើយជាការមិនផ្លាស់ប្ដូរគណបក្សប្រជាជនកម្ពុជា កាន់អំណាចជាង ៣៦ឆ្នាំហើយ នោះហើយដែលជាការមិនផ្លាស់ប្ដូរ ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា មុខដដែលៗច្រើននាក់ណាស់ដែលកាន់តំណែងជារដ្ឋមន្ត្រីជាង ២០ឆ្នាំហើយ ដោយគ្មានការផ្លាស់ប្ដូរ ហើយលោក ហ៊ុន សែន ខ្លួនឯងប្រកាសថា គាត់នឹងនៅកាន់អំណាចយូរទៅមុខទៀត នោះហើយជាការមិនមានការផ្លាស់ប្ដូរ។ ដើម្បីខ្លួនគាត់ និងគណបក្សប្រជាជនកម្ពុជា បន្តកាន់អំណាចបានយូរទៅមុខ លោក ហ៊ុន សែន ដែលពូកែខាងនយោបាយ បានប្រើល្បិចកលកខ្វក់ក្នុងការបំបែកបំបាក់ គាបសង្កត់ និងបង្ក្រាបមនុស្សដែលប្រឆាំងនឹងគាត់។»
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅឯមជ្ឈមណ្ឌលពិព័រពណ៍ និងសន្និបាតកោះពេជ្រ ក្នុងពិធីជួបជុំពិសាភោជនាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមអ្នកឧកញ៉ា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកបានប្រាប់ទៅអតីតឯកអគ្គរាជទូតសហរដ្ឋអាមេរិក ដែលផុតអាណត្តិ ដែលលោកបានជួបថា លោកអាចធ្វើជាគ្រូបង្រៀនប្រធានាធិបតីសហរដ្ឋអាមេរិកអំពី «ការផ្លាស់ប្ដូរ»។
លោក ហ៊ុន សែន៖ «ថ្ងៃមុនខ្ញុំជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាកចេញពីកម្ពុជា។ នៅពេលដែលគាត់និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើនអំពីអ្វីដែលហៅថា ការផ្លាស់ប្ដូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយអ្នកណា? ឯកឧត្ដមកំពុងនិយាយជាមួយអ្នកណា? ឯកឧត្ដមពិតជាកំពុងនិយាយជាមួយសាស្ត្រាចារ្យម្នាក់ដែលអាចបង្រៀន ឯកឧត្ដម ឬប្រធានាធិបតីប្រទេសឯកឧត្ដម ឬនាយករដ្ឋមន្ត្រីប្រទេសផ្សេងលើបញ្ហាការផ្លាស់ប្ដូរ។»
ចំណុចវិជ្ជមាន និងអវិជ្ជមានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន
ក្នុងរយៈពេល ៣០ឆ្នាំ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការផ្លាស់ប្តូរពិតជាកើតមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ ឧទាហរណ៍៖ ការបញ្ចប់សង្គ្រាមជាមួយខ្មែរក្រហម និងការជួយអោយកម្ពុជា ត្រឡប់ចូលទៅក្នុងឆាកអន្តរជាតិវិញ ក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងបានបង្កលក្ខណៈអោយវិនិយោគិនបរទេសជាច្រើនចូលមកកម្ពុជា ជាដើម។ ប៉ុន្តែសម្រាប់លោក ប្រ៊ែដ អាដាម យល់ឃើញថា ការបញ្ចប់សង្គ្រាមជាមួយខ្មែរក្រហមគឺបណ្ដាលមកកត្តាខាងក្រៅដែល ខ្មែរក្រហមលែងមានបរទេសគាំទ្រ និងខ្មែរក្រហមខ្លួនឯងនឿយណាយលែងចង់ធ្វើសង្គ្រាម ហើយលោក ហ៊ុន សែន គ្រាន់តែឆក់ឱកាសតាមកាលៈទេសៈប្រែប្រួលប៉ុណ្ណោះ។
ចំណែកការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ាន វិញ លោកថា ទោះជាអ្នកណាជានាយករដ្ឋមន្ត្រី ក៏កម្ពុជាអាចចូលបានដែរ។ លោក ប្រ៊ែដ អាដាម បន្តថា ការពិតទៅគឺដោយសារតែលោក ហ៊ុន សែន ទេដែលធ្វើអោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ពន្យារពេលដាក់បញ្ចូល កម្ពុជា ទៅជាសមាជិកនោះ ពីព្រោះការធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ របស់លោក ហ៊ុន សែន ធ្វើអោយអាស៊ានផ្អាកបញ្ចូលកម្ពុជា ជាសមាជិកទៅតាមកាលកំណត់។
ទោះជាយ៉ាងណាក៏ដោយចុះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហាដែលមិនផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនោះមានច្រើន។
ជាត្រួសៗ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ អំណាចតុលាការ និងអង្គនីតិប្បញ្ញត្តិ មានរដ្ឋសភា ព្រឹទ្ធសភា ស្ថិតក្រោមឥទ្ធិពល និងការគាបសង្កត់របស់គណបក្សកាន់អំណាច។ រដ្ឋសភាបានត្រឹមជាស្ថាប័នចាំប្រថាប់ត្រា តុលាការក្លាយជាស្ថាប័នបម្រើអោយផលប្រយោជន៍នយោបាយ។ កងប្រដាប់អាវុធដែលមានកាតព្វកិច្ចបម្រើរដ្ឋ បែរជាប្រកាសស្មោះស្ម័គ្របម្រើបក្ស។ អំពើពុករលួយស្ថិតក្នុងចំណោមប្រទេសពុករលួយខ្ពស់បំផុត។ ការអនុវត្តច្បាប់មានការរើសអើង ហើយអំពើនិទណ្ឌភាពស្ថិតក្នុងស្ថានភាពអាក្រក់ ដែលក្នុងនោះឃាតកបាញ់សម្លាប់អ្នកសារព័ត៌មាន មេដឹកនាំសហជីព អ្នកនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងព្រៃឈើ ព្រះសង្ឃ និងតារាសម្ដែងល្បីៗ រាប់សិបនាក់ គិតពីឆ្នាំ១៩៩៣ មក មិនត្រូវបានចាប់ខ្លួនមកផ្ដន្ទាទោស។ ការគាបសង្កត់សេរីភាពសំដែងមតិកាន់តែមានលក្ខណៈជាប្រព័ន្ធ តាមរយៈធ្វើច្បាប់បំពានលើរដ្ឋធម្មនុញ្ញ និងការប្រើកម្លាំងសន្តិសុខបង្ក្រាបបាតុករអហិង្សា។ កម្មវិធីវិមជ្ឈការ ឬការផ្ទេរ និងផ្ដល់អំណាចអោយអាជ្ញាធរឃុំធ្វើការអភិវឌ្ឍនៅមូលដ្ឋានមិនបាន ជោគជ័យ។
ការកាប់បំផ្លាញព្រៃឈើបំពានច្បាប់ដឹកទៅក្រៅប្រទេសកាន់តែមាន សភាពធ្ងន់ធ្ងរ ឆ្ពោះទៅរកភាពវិនាសសាបសូន្យ។ អ្នកតវ៉ាច្រើនអាចត្រូវចាប់ដាក់គុក ឬបាញ់សម្លាប់។ វិបត្តិដីធ្លីមិនអាចដោះស្រាយបានកើតមានពាសពេញផ្ទៃប្រទេស សូម្បីតែជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា និងបឹងកក់ ក្បែរច្រមុះរដ្ឋាភិបាល ទុកអូសបន្លាយរាប់ឆ្នាំដោះស្រាយមិនចេញ នោះក៏ដោយសារតែម្ចាស់ក្រុមហ៊ុនស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មនុស្សចាស់ដែលគ្មានទីពឹង រដ្ឋគ្មានកម្មវិធីជួយ។ ពលរដ្ឋប្រមាណ ១លាននាក់ចំណាកស្រុកឡើងស្ងាត់ភូមិ ទៅធ្វើការនៅប្រទេសជិតខាងដោយសារគ្មានការងារធ្វើក្នុងប្រទេស។ ខណៈមេដឹកនាំ ឬមន្ត្រីមួយចំនួនមានទ្រព្យសម្បត្តិកប់ពពក កម្ពុជានៅតែសុំ និងខ្ចីលុយគេដើម្បីយកមកចំណាយ និងបំពេញប្រាក់ខែអោយមន្ត្រីរាជការរបស់ខ្លួន ហើយថ្មីៗនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែដឹងថា រដ្ឋាភិបាលរបស់លោកជំពាក់ប្រាក់ខែសាកសពអតីតយុទ្ធជនជាង ១,៥លានដុល្លារ។
ទស្សនៈរបស់លោក បារ៉ាក់ អូបាម៉ា ស្ដីពីការផ្លាស់ប្ដូរ
តើមេដឹកនាំនៃប្រទេសមួយដែលត្រូវគេមើលឃើញថា បានដឹកនាំប្រជាជាតិកើតមានវិបត្តិធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបញ្ហាក្នុងប្រទេសខ្លួនឯងបានបែបនេះ អាចធ្វើអោយមេដឹកនាំនៃប្រទេសដទៃ ដូចជាសហរដ្ឋអាមេរិក ទទួលយកជាគំរូបាន ឬទេ? គ្មាននរណាអាចឆ្លើយនឹងសំណួរនេះជួសមេដឹកនាំសហរដ្ឋអាមេរិកបានទេ។
ទោះជាយ៉ាងណា ថ្លែងនៅក្នុងប្រទេសអេត្យូពី (Ethiopia) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) មានប្រសាសន៍ជាទូទៅថា មានមេដឹកនាំខ្លះមិនចង់អោយមានការផ្លាស់ប្ដូរទេ ចង់តែនៅក្រាញអំណាចជារៀងហូត ដោយគិតថា មានតែខ្លួនឯងទេដែលអាចគ្រប់គ្រងប្រទេសបាន។
លោកថា គេគួរតែបើកឱកាសអោយមានអ្នកដឹកនាំថ្មី ដែលមានឈាមថ្មី និងចក្ខុវិស័យថ្មី ចូលដឹកនាំប្រទេសម្ដង៖ «ខ្ញុំសុំនិយាយដោយស្មោះ ខ្ញុំមិនយល់ចំណុចនេះសោះ! ខ្ញុំកាន់តំណែងអាណត្តិទីពីរ វាជាមហាកិត្តិយសមួយដែលខ្ញុំបានធ្វើជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក។ ខ្ញុំមិនស្រមៃថា អាចនឹងរកកិត្តិយស និងការងារណាប្រសើរជាងនេះទេ។ ខ្ញុំស្រឡាញ់តំណែងខ្ញុំ។ ប៉ុន្តែតាមច្បាប់រដ្ឋធម្មនុញ្ញ ខ្ញុំមិនអាចឈរឈ្មោះបោះឆ្នោតទៀតទេ។ ខ្ញុំគិតថា ខ្ញុំជាប្រធានាធិបតីល្អ បើខ្ញុំឈរឈ្មោះ ខ្ញុំនឹងជាប់ទៀត តែខ្ញុំមិនអាចធ្វើបានឡើយ។»
លោក អូបាម៉ា មានប្រសាសន៍បន្តដូច្នេះ៖ «មាន ការងារច្រើនទៀតណាស់ដែលខ្ញុំអាចជួយជំរុញសហរដ្ឋអាមេរិក អោយជឿនលឿនទៅមុខទៀត តែច្បាប់គឺជាច្បាប់ គ្មាននរណាម្នាក់នៅពីលើច្បាប់បានទេ ទោះជាប្រធានាធិបតីក៏ដោយ។ ខ្ញុំសុំនិយាយដោយស្មោះ ខ្ញុំទន្ទឹងចាំជីវិតរស់នៅមួយក្រោយឈប់ធ្វើប្រធានាធិបតី។ ខ្ញុំនឹងមិនមានកងសន្តិសុខយ៉ាងច្រើននៅជុំវិញខ្លួនគ្រប់ពេលទៀត ទេ។ នេះមានន័យថា ខ្ញុំអាចដើរបានដោយសេរី។ ខ្ញុំអាចបានចំណាយពេលជាមួយគ្រួសារខ្ញុំ។ ខ្ញុំក៏នៅតែអាចរកវិធីនានាដទៃទៀតដើម្បីបម្រើប្រទេសខ្ញុំ។ ខ្ញុំអាចមកលេងទ្វីបអាហ្វ្រិក បានញឹកជាង។ អ្វីដែលខ្ញុំចង់និយាយ គឺថា ហេតុអ្វីមនុស្សខ្លះចង់កាន់អំណាចយូរម្ល៉េះ? ជាពិសេសពេលដែលពួកគេមានលុយច្រើនហូរហៀរ?
«នៅពេលអ្នកដឹកនាំដូរច្បាប់ គ្រាន់តែអោយគាត់នៅកាន់អំណាចបានតទៅទៀត វានឹងធ្វើអោយមានអស្ថិរភាព និងទុក្ខវេទនាដល់ប្រជាជន ដូចដែលយើងឃើញនៅ ប៊ូរុនឌី (Burundi) ហើយជាញឹកញយ វាជាជំហានដំបូងក្នុងការនាំប្រទេសជាតិទៅកាន់ជ្រោះមហន្តរាយ។ ជួនកាលយើងឮអ្នកដឹកនាំណាម្នាក់និយាយថា មានតែគាត់ម្នាក់គត់ដែលអាចដឹកនាំប្រទេសបាន។ បើអ្វីដែលគាត់និយាយនេះពិត នោះគឺគាត់មិនបានកសាងប្រទេសជាតិរបស់គាត់អោយបានត្រឹមត្រូវទេ។
«លោក ណេលសុន មែនដែលឡា (Nelson Mandela) ជាឧទាហរណ៍ ក៏ដូចជា លោក ចច្ច វ៉ាស៊ីតោន (George Washington) ដែរ បានបន្សល់កេរ្តិ៍ឈ្មោះយូរអង្វែង មិនដោយសារតែពីសកម្មភាពគាត់ពេលកាន់អំណាចទេ តែដោយសារតែពួកគាត់ព្រមចុះចេញពីតំណែង រួចផ្ទេរអំណាចដោយសន្តិភាព។ គ្មាននរណាម្នាក់គួរកាន់អំណាចដឹកនាំមួយជីវិតនោះទេ ហើយប្រទេសរបស់លោកអ្នកក៏អាចនឹងប្រសើរជាងនេះ ប្រសិនបើមានឈាមថ្មី គំនិតថ្មី។ ខ្ញុំមានវ័យនៅក្មេងណាស់នៅឡើយ តែខ្ញុំដឹងថា មានមនុស្សដទៃទៀតដែលគេមានថាមពលថ្មី មានចក្ខុវិស័យថ្មី ដែលល្អសម្រាប់ប្រទេសខ្ញុំ ហើយក្នុងករណីខ្លះ វាក៏ល្អសម្រាប់ប្រទេសរបស់លោកអ្នកដែរ។»
ការផ្លាស់ប្ដូរដើម្បីកាន់អំណាចរបស់លោក ហ៊ុន សែន
និយាយអំពីការផ្លាស់ប្ដូរច្បាប់ដើម្បីបន្តក្ដាប់អំណាច កាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនរួញរានឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលលោកយល់ថា ជាការចាំបាច់ ក្នុងនោះរួមមានការសម្លុតគំរាមកំហែងមេដឹកនាំបក្សរបស់ខ្លួន ការគំរាមរំលាយរបបរាជានិយម និងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីធានាថា តំណែងនាយករដ្ឋមន្ត្រីត្រូវតែបានមកលើលោក។
កាលពីខែកក្កដា ឆ្នាំ២០០៤ លោក ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា បន្ទាប់ពីមានការជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០០៣។ ប្រព័ន្ធនយោបាយកម្ពុជា គឺជាប្រព័ន្ធសភានិយម។ ក្នុងន័យនេះ រដ្ឋសភាជាអ្នកបង្កើតរាជរដ្ឋាភិបាល ដូច្នេះថ្នាក់ដឹកនាំរដ្ឋសភាត្រូវកើតមុនគណៈរដ្ឋមន្ត្រី។ ប៉ុន្តែកាលពីខែកក្កដា ឆ្នាំ២០០៤ ដោយភ័យខ្លាចតំណាងរាស្ត្រមិនបោះឆ្នោតអោយលោកធ្វើនាយករដ្ឋមន្ត្រីត ទៅទៀត លោក ហ៊ុន សែន បានបង្ខំអោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបង្កើតអោយមានបញ្ញត្តិថ្មីមួយហៅថា «ច្បាប់រដ្ឋធម្មនុញ្ញបន្ថែម» ដែលតម្រូវអោយមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី សមាជិកគណៈរដ្ឋមន្ត្រី និងប្រធាន អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការក្នុងពេលតែមួយ ឬហៅថា បោះឆ្នោតជាកញ្ចប់។ នោះមានន័យថា កូននិងឪបែរជាតម្រូវអោយកើតក្នុងពេលតែមួយ។
ទោះជាយ៉ាងណា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺត្រូវការព្រះហស្តលេខារបស់ព្រះមហាក្សត្រ ឬហត្ថលេខារបស់ប្រមុខរដ្ឋស្ដីទី។ សម្ដេចព្រះ នរោត្តម សីហនុ គ្រានោះព្រះអង្គគង់នៅក្រៅប្រទេស មិនព្រមឡាយព្រះហស្តលេខា។ ចំណែកលោក ជា ស៊ីម ប្រធានព្រឹទ្ធសភាដែលមានវត្តមាននៅក្នុងប្រទេស ជាប្រមុខរដ្ឋស្ដីទី ក៏មិនព្រមចុះហត្ថលេខាទៀត។ ទាល់ច្រកការប្រើកម្លាំងបាយក៏ចាប់ផ្ដើម ដោយលោក ហុក ឡង់ឌី អគ្គស្នងការនគរបាលជាតិ បានទៅចាប់បង្ខំលោក ជា ស៊ីម ប្រធានបក្សប្រជាជនកម្ពុជា អោយចាកចេញពីប្រទេសទៅសម្រាកព្យាបាលជំងឺនៅទីក្រុងបាងកក ដើម្បីយកលេសបើកឱកាសប្រើប្រាស់លោក ញឹក ប៊ុនឆៃ ដែលជាអនុប្រធានព្រឹទ្ធសភា អោយក្លាយជាប្រមុខរដ្ឋស្ដីទីអាចចុះហត្ថលេខាលើ «ច្បាប់រដ្ឋធម្មនុញ្ញបន្ថែម» នោះ។
បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ចុះហត្ថលេខាលើ «ច្បាប់រដ្ឋធម្មនុញ្ញបន្ថែម» ការបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណៈរដ្ឋមន្ត្រី និងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាក្នុងពេលតែមួយក៏បានធ្វើឡើងភ្លាមៗ ហើយលោក ហ៊ុន ហ៊ុន ក៏បានធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
ការកែប្រែរដ្ឋធម្មនុញ្ញនៅពេលនោះ បានរងការរិះគន់ខ្លាំងពីអ្នកវិភាគនយោបាយនៅកម្ពុជា។ លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត សុខ ទូច តែងហៅវិសោធនកម្ម «ច្បាប់រដ្ឋធម្មនុញ្ញបន្ថែម» នោះថា វាជាការ «ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
បើតាមលោក ប្រ៊ែដ អាដាម នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក្នុងចំណោមអ្នកនយោបាយខ្មែរ លោក ហ៊ុន សែន គឺជាអ្នកនយោបាយដែលមានទេពកោសល្យដ៏ពូកែម្នាក់។ លោកថា លោក ហ៊ុន សែន ពូកែប្រើឧបាយកល្បបំបែកបំបាក់ដើម្បីគ្រប់គ្រង។
គណបក្សនយោបាយដែលធ្លាប់មានឈ្មោះល្បីៗ ក្នុងនោះមានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបង្កើតឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា របស់លោកតា សឺន សាន សុទ្ធតែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំបែកខ្ទេចដូចផេះ។
ទោះជាយ៉ាងក៏ដោយចុះ ត្រឡប់មកនិយាយអំពីការមិនផ្លាស់ប្ដូរវិញ ក្រៅតែពីមាននាយករដ្ឋមន្ត្រីមុខដដែលជាង ៣០ឆ្នាំនេះ កម្ពុជាក៏មានរដ្ឋមន្ត្រីមុខដដែលៗជាច្រើននាក់ ដែលមិនផ្លាស់ប្ដូររសោះជាង ២ទសវត្សកន្លងមកនេះ។ ប្រហែលជាកម្ពុជា នៅមានមេដឹកនាំមុខដដែលៗ មិនមានឈាមថ្មី គំនិតថ្មី ចក្ខុវិស័យថ្មីនេះហើយ ទើបវិបត្តិសង្គមជាច្រើនក៏មិនផ្លាស់ប្ដូរទៅរកភាពល្អប្រសើរដែរ៕
Hun Sen is a strong within Cambodia, but to the outside world he is just an ignorant laughing stock.
ReplyDeleteKI and Khmerization's administrators have sold their Air heads to Ah Kwack, Ah Kwen and Ah Yuon already.
ReplyDeleteAh Kwack is a strongman for Khmer gangsters.