Paris Peace Accords 23 Oct. 1991

Sunday, September 6, 2015

[Vietnamization] សមត្ថកិច្ច​​ ចាប់​បាន ជនសង្ស័យ ​គំរាម​សម្លាប់​ លោក​បណ្ឌិត សុខ ទូច | Security arrested suspect who threatened Dr. Sok Touch

សមត្ថកិច្ច​​ ចាប់​បាន ជនសង្ស័យ ​គំរាម​សម្លាប់​ លោក​បណ្ឌិត សុខ ទូច

RFA / ​វិទ្យុ ​អាស៊ី សេរី | ៦ កញ្ញា ២០១៥

សុខ ទូច ៦២០
ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​ រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Brach Chev


កម្លាំង​សមត្ថកិច្ច​នគរបាល​កម្ពុជា ចាប់​បាន​ជនសង្ស័យ​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច តាម​ហ្វេសប៊ុក (Facebook) ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា អះអាង​ថា ជនសង្ស័យ​បាន​សារភាពថា គេ​ជា​អ្នក​ធ្វើ និង​បង្ហោះ​សារ​គំរាម​សម្លាប់​នោះ​ដោយ​ប្រើ​តាម​ទូរស័ព្ទ​ដៃ។ សមត្ថកិច្ច​ថា បាន​ចាប់​ខ្លួន​ជនសង្ស័យ​នេះ នៅ​តំបន់​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​ពី​គេ​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូល​កម្ពុជា។

ជនសង្ស័យ​ឈ្មោះ ផង់ សីហា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ស្រុក​កំណើត ខេត្ត​ព្រៃវែង ប៉ុន្តែ​គេ​ទៅ​ប្រទេស​ថៃ ធ្វើ​ពលករ​តាំង​ពី​ឆ្នាំ​២០១២។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​តាម​នីតិវិធី ប៉ុន្តែ​លោក​ក៏​ចង់​ដឹង​ដែរ​ថា ជនសង្ស័យ​នោះ​ចង់​សម្លាប់​លោក​នោះ​មក​ពី​ប្រភព​ណា ឬ​ជា​គំនិត​របស់​គេ។
\
លោក​បន្ត​ទៀត ទោះ​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ក្តី ប៉ុន្តែ​លោក​នៅ​ភ័យ​ខ្លាច​ដដែល ព្រោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក មាន​ការ​រិះគន់ ឬ​ក៏​ប្រមាថ​លោក​ច្រើន​ក្នុង​ការងារ​ព្រំដែន​កម្ពុជា-​វៀតណាម៖ «ការ​បារម្ភ​របស់​ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ (ចុះ​វាស់​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម) ព្រោះ​ជា​ប្រវត្តិសាស្ត្រ​ផង និង​ជា​ស្នាដៃ​របស់​អ្នក​ស្រាវជ្រាវ។ បើ​សិន​យើង​នៅ​តែ​ខ្លាច​មនុស្ស​មួយ​ក្រុម​តូច តើ​គំរាម​យើង ឬ​យើង​ធ្វើ​ដើម្បី​ប្រយោជន៍​រួម?»

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក សុខ ទូច ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក ម្នាក់​សរសេរ​គំរាម​សម្លាប់​ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។

​ការ​គំរាម​សម្លាប់​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត ហើយ​លោក សុខ ទូច កំពុង​ធ្វើ​ការងារ​លើ​រឿង​ដែល​មាន​ទាំង​ផ្ទៀងផ្ទាត់​ផែនទី និង​ចុះ​ទៅ​តំបន់​បោះ​បង្គោល​ព្រំដែន។ ក្រៅ​ពី​លោក​បណ្ឌិត សុខ ទូច ក៏​មាន​អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​ បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ដែរ ដែល​ត្រូវ​អ្នក​លេង​ហ្វេសប៊ុក ព្រមាន​សម្លាប់ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ព្រមាន​សម្លាប់​ អ្នកស្រី កុយ ពិសី បាន​នៅ​ឡើយ​ទេ៕


No comments:

Post a Comment