គ.ជ.ប. ផ្សព្វផ្សាយ តារាងឈ្មោះ ឃុំសង្កាត់ និងភូមិ សម្រាប់ ចុះឈ្មោះ បោះឆ្នោត សាកល្បង
RFA / វិទ្យុ អាស៊ី សេរី | ៣១ សីហា ២០១៥
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃទី៣១ សីហា ថា ការចុះឈ្មោះសាកល្បងនេះ នឹងធ្វើនៅតាមឃុំសង្កាត់ចំនួន២៥ ដោយក្នុងនោះឃុំសង្កាត់ខ្លះជ្រើសរើសយក ១ភូមិ ឃុំ សង្កាត់ ខ្លះជ្រើសរើសយក ២ភូមិ និងឃុំសង្កាត់ ខ្លះទៀតជ្រើសរើសយក ៣ភូមិ ដែលជាកន្លែងចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ។ លោក ហង្ស ពុទ្ធា បន្តថា គោលបំណងនៃការផ្សព្វផ្សាយនៅពេលនេះ គឺលោកចង់ឲ្យមានការចូលរួមរបស់អ្នកសង្កេតការណ៍ ហើយការចុះឈ្មោះសាកល្បងនេះ គឺដើម្បីសាកល្បងនូវបច្ចេកវិទ្យាថ្មី រកពីចំណុចសកម្ម និងអសកម្ម។ ទន្ទឹមនឹងគ្នានេះ ក៏នឹងត្រូវដឹងថា តើការសាកល្បងតាមបែបបច្ចេកវិទ្យាថ្មីជាមួយអាជ្ញាធរ ប្រព្រឹត្តទៅយ៉ាងណា? រីឯឥរិយាបថ និងការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ជួបបញ្ហាអ្វីខ្លះ?
លោក ហង្ស ពុទ្ធា៖ «បន្ទាប់ពីការធ្វើសាកល្បងនេះហើយ គ.ជ.ប កែសម្រួល ហើយយកទៅចែងក្នុងនីតិវិធីនៃការចុះឈ្មោះ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។ ពីមុនមក យើងឮសូរតែធ្វើនីតិវិធីអត់ទាន់ស្ថាពរទេ យើងដាក់ជូនភាគីជប៉ុន និងសហគមន៍អឺរ៉ុប ផ្ដល់អនុសាសន៍ដាក់ជូនស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម គណបក្សនយោបាយ មានក្រសួងមហាផ្ទៃ ជាដើម លោកបានផ្ដល់អនុសាសន៍ហើយ។ គ.ជ.ប រង់ចាំការធ្វើសាកល្បងនេះ ដើម្បីបំពេញបន្ថែមទៅលើនីតិវិធី។»
ការចុះឈ្មោះបោះឆ្នោតជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។ រយៈពេលចុះឈ្មោះមានចំនួន ៣ខែ ហើយ ២ខែសម្រាប់រក្សាទុកពេលវេលាប្ដឹងផ្ដល់ និងដោះស្រាយបណ្ដឹង។ គ.ជ.ប បានប៉ាន់ប្រមាណថា មានពលរដ្ឋជិត ១០លាននាក់ដែលគ្រប់អាយុ និងមានសិទ្ធិចុះឈ្មោះបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ហើយការបោះឆ្នោតជាតិអាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខ៕
No comments:
Post a Comment