លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥។ |
តំណាងរាស្ត្រ បក្សប្រឆាំង គ្រោងធ្វើលិខិត ស្តីបន្ទោស រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រឿងជនអន្តោប្រវេសន៍
RFA / វិទ្យុ អាស៊ី សេរី | ៣១ សីហា ២០១៥
ការលើកឡើងនេះ ព្រោះតំណាងរាស្ត្របក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ចំនួន ២លើក ដោយស្នើឲ្យចាត់វិធានការលើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅក្នុង ប្រទេសកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតប ព្រមទាំងមិនបានចាត់វិធានការលើករណីនេះទៀតផង។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា ខាងលោកបានផ្ញើលិខិតទៅខាងក្រសួងមហាផ្ទៃ ចំនួនពីរលើកតាមរយៈប្រធានរដ្ឋសភា ដើម្បីស្នើឲ្យចាត់វិធានការលើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែមិនមានការឆ្លើយតបពីខាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡើយ។ លោកយល់ថា ទង្វើនេះ គឺជារឿងផ្ទុយទៅនឹងច្បាប់ ហើយខាងលោកគ្រោងនឹងចាត់វិធានការលើករណីនេះទៅតាមផ្លូវច្បាប់៖ «គោរព ទៅតាមរដ្ឋធម្មនុញ្ញ ស្របទៅតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ អ្នកតំណាងរាស្ត្រ ៣០រូប នឹងប្រមូលហត្ថលេខាដើម្បីធ្វើញត្តិបន្ទោសទៅរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ។»
លិខិតទាំងពីរលើកនោះ គឺលើកទីមួយ តំណាងរាស្ត្រគណបក្សប្រឆាំង បានផ្ញើទៅកាលពីខែកុម្ភៈ និងលើកទីពីរ កាលពីខែកក្កដា ឆ្នាំ២០១៥។ លោក ម៉ៅ មុនីវណ្ណ លើកឡើងថា ដោយសារបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងច្រើន ពិសេសជនជាតិវៀតណាម កំពុងមានវត្តមាននៅលើប្រទេសកម្ពុជា ទើបខាងលោកស្នើឲ្យចាត់វិធានការលើករណីនេះ។ លោកបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងនោះ គឺធ្វើឲ្យប៉ះពាល់បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ប្រពៃណីវប្បធម៌ និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋខ្មែរ ព្រមទាំងធ្វើឲ្យយុវជនខ្មែរបាត់បង់ឱកាសការងារទៀតផង៕
No comments:
Post a Comment