Paris Peace Accords 23 Oct. 1991

Thursday, September 10, 2015

សហគមន៍ ​ព្នង​ ខេត្ត ​មណ្ឌលគិរី​ បដិសេធ​ មិន​ទទួល​យក ​ដំណោះស្រាយ ​ចែក​ដី | Phnong community of Mondolkiri rejects land distribution

សហគមន៍ ​ព្នង​ ខេត្ត ​មណ្ឌលគិរី​ បដិសេធ​ មិន​ទទួល​យក ​ដំណោះស្រាយ ​ចែក​ដី

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ កញ្ញា ២០១៥

ជនជាតិ​ព្នង មណ្ឌលគិរី ៦២០
ពិធី​សែន​ភូមិ​របស់​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី (Photo: RFA)
 

សហគមន៍ ​ជនជាតិ​ដើម​ ភាគ​តិច ​ព្នង ភូមិ ​ពូលូង, សង្កាត់ ​រមនា, ក្រុង ​សែនមនោរម្យ, ខេត្ត ​មណ្ឌលគិរី ច្រាន​ចោល ​ដំណោះស្រាយ​ ចែក​ដី ​សហគមន៍​ តាម​ការ​ សម្រប​សម្រួល ​របស់​ អាជ្ញាធរ​ ក្រុង ទៅ​ឲ្យ​បុគ្គល​ ជា​មន្ត្រី​ ធ្វើ​ជា​កម្មសិទ្ធិ​ ឯកជន។  ចំណែក ​អាជ្ញាធរ​ ក្រុង​ អះអាង​ថា, ដំណោះស្រាយ ​នេះ​ ឈរ​លើ​គោលការណ៍​ យុត្តិធម៌។

សហគមន៍​ភូមិ​ពូលូង ៤២​គ្រួសារ ចោទ​ប្រកាន់​អភិបាល​រង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ថា​ឃុបឃិត​ជាមួយ​មន្ត្រី​មូលដ្ឋាន​សង្កាត់​រមនា ធ្វើ​លិខិត​កាន់​កាប់​ដី​ខុស​ច្បាប់​រំលោភ​យក​ដី​សហគមន៍។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​សែនមនោរម្យ កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា បាន​សម្រប​សម្រួល​កាត់​ដី ១០​ហិកតារ​ក្នុង​ចំនួន​ដី ២៥​ហិកតារ​ទៅ​ឲ្យ​សហគមន៍ ចំណែក​ដី ១៥​ហិកតារ​ទៀត ប្រគល់​ទៅ​ឲ្យ​អភិបាល​រង​ស្រុក​កោះញែក ដោយសារ​តែ​អាជ្ញាធរ​សង្កាត់​បាន​ចេញ​លិខិត​កាន់​កាប់​ដី​ទៅ​ឲ្យ​អភិបាល​រង​ ស្រុក​ជា​កម្មសិទ្ធិ​ឯកជន។

តំណាង​សហគមន៍ អ្នកស្រី ជីង ម៉ាប់ មាន​ប្រសាសន៍​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​ក្រុង​នោះ មិន​បាន​ផ្តល់​យុត្តិធម៌​ជូន​សហគមន៍ ហើយ​លម្អៀង​ទៅ​លើ​មន្ត្រី​មូលដ្ឋាន។ លើស​ពី​នេះ​ទៀត អ្នកស្រី​អះអាង​ថា លិខិត​កាន់​កាប់​ដី​ដែល​អាជ្ញាធរ​សង្កាត់​ចេញ​ទៅ​ឲ្យ​អភិបាល​រង​ស្រុក គឺ​ទើប​ធ្វើ​កាល​ពី​ដើម​ឆ្នាំ​២០១៥ ចំណែក​ដី​សហគមន៍​មាន​លិខិត​ទទួល​ស្គាល់​ពី​អាជ្ញាធរ​សង្កាត់-ក្រុង តាំង​ពី​ឆ្នាំ​១៩៩៩៖ «លិខិត​កាន់​កាប់​ដី​របស់​គាត់ គាត់​ធ្វើ​ថ្មី​នៅ​ឆ្នាំ​២០១៥ នេះ​ទេ។ ដី​កន្លែង​ហ្នឹង​ពី​មុន​ជា​តំបន់​ចម្ការ​វិល​ជុំ និង​ព្រៃ​ត្រណម​ពួក​ខ្ញុំ ក្នុង​ឆ្នាំ​២០០២ គាត់​ធ្វើ​លិខិត​សុំ​ធ្វើ​ថ្ម​សុំ​ច្បាប់​កិន​ថ្ម​ទេ ប៉ុន្តែ​ឥឡូវ​គាត់​យក​ជា​កម្មសិទ្ធិ។»

អភិបាល​រង​ស្រុក​កោះញែក លោក ហួត សូនី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ប្ដឹង​ទាមទារ​ដី ២៥​ហិកតារ​ពី​សហគមន៍​ភូមិ​ពូលូង ដោយ​សំអាង​ថា ដី​នោះ​លោក​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ដោយ​បាន​ធ្វើ​ចម្ការ​កាហ្វេ បន្ទាប់​មក​បាន​បើក​ការដ្ឋាន​កិន​ថ្ម​នៅ​លើ​ដី​នោះ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោក​អភិបាល​រង​ស្រុក​មាន​ប្រសាសន៍​ថា លោក​មាន​លិខិត​បទដ្ឋាន​បញ្ជាក់​ថា ដី​នោះ​លោក​បាន​កាន់​កាប់​ជាក់ស្តែង ក៏ប៉ុន្តែ​ដើម្បី​សម្រប​សម្រួល​បញ្ចប់​បញ្ហា​ជាមួយ​សហគមន៍ លោក​បាន​យល់ព្រម​កាត់​ដី ១០​ហិកតារ​ប្រគល់​ឲ្យ​សហគមន៍ ចំណែក​សហគមន៍​ក៏​បាន​ព្រមព្រៀង​ទទួល​យក​ដី ១០​ហិកតារ​នោះ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ក្រុង​រួច​ហើយ ក៏ប៉ុន្តែ​សហគមន៍​បែរ​ជា​ប្រែ​ក្រឡាស់​សម្ដី​បដិសេធ​ការ​សម្រប​សម្រួល​នោះ​ វិញ៖ «មាន​ច្បាប់​ថ្ម​ខ្ញុំ​សុំ​ដល់​ក្រសួង​ឧស្សាហកម្ម ចំណុច​ហ្នឹង​ដី​ក៏​មាន​ច្រើន​ដែរ គាត់​ថា​ដី​ដូនតា​របស់​គាត់ ខ្ញុំ​ក៏​សម្រួល​ឲ្យ​ទៅ។ លក់​អា​នោះ​អស់​ហើយ មក​ធ្វើ​អា​ហ្នឹង​ទៀត ខ្ញុំ​ខ្ជិល​ទំនាស់​ខ្ជិល​ឈ្លោះ​ជូន​គាត់​តើ! ឥឡូវ​គាត់​ថា​ម៉េច​ទៀត ខ្ញុំ​ក៏​មិន​យល់​ដែរ។»

ចំណែក​អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល កត់​សម្គាល់​ថា ទំនាស់​ដីធ្លី​នេះ​លោក​បាន​ព្យាយាម​សម្រប​សម្រួល​ដោយ​ឈរ​លើ​ស្មារតី​ផ្តល់​ យុត្តិធម៌​ដល់​គ្រប់​ភាគី។ លើស​ពី​នេះ​ទៀត សហគមន៍​ក៏​បាន​ព្រមព្រៀង​ទទួល​យក​ដី ១០​ហិកតារ​តាម​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ក្រុង​រួច​ហើយ ដូច្នេះ​ប្រសិន​សហគមន៍​បដិសេធ​វិញ សហគមន៍​ត្រូវ​ធ្វើ​លិខិត​ជូន​មក​អាជ្ញាធរ ដើម្បី​ចាត់​ការ​ដោះស្រាយ​បញ្ហា​នេះ​បន្ត​ទៀត៖ «ខ្ញុំ​នៅ​តែ​មាន​ជំហរ​ មួយ​ថា ឲ្យ​មាន​សមភាព និង​សមធម៌​ទាំងអស់​គ្នា​ទៅ កុំ​ឲ្យ​មាន​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា។ លោក ហួត សូនី ដ្បិតតែ​គាត់​កាន់​កាប់​អាស្រ័យ​ផល​ត្រង់​ហ្នឹង​ក្នុង ២៥​ហិកតារ ដល់​មាន​ការ​សម្រប​សម្រួល​ពី​យើង លោក​ក៏​សុខ​ចិត្ត​កាត់ ១០​ហិកតារ​ជូន​ទៅ​បង​ប្អូន​វិញ តែ​បើ​គាត់​ថា​មិន​ទទួល​យក​របស់​ថ្នាក់​ក្រុង គាត់​អាច​បន្ត។»

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា សហគមន៍​មាន​បុព្វសិទ្ធិ​កាន់​កាប់ និង​អាស្រ័យ​ផល​ដី​ចម្ការ​វិល​ជុំ​សហគមន៍​តាម​ប្រពៃណី​ជនជាតិ​ដើម។ ចំណែក​អភិបាល​រង​ស្រុក មិន​មាន​លិខិត​បទដ្ឋាន​ជាក់លាក់​ណា​មួយ​បញ្ជាក់​ថា ដី​នោះ​លោក​បាន​កាន់​កាប់​ស្រប​ច្បាប់​នោះ​ទេ ជាពិសេស​លោក​មិន​បាន​កាន់​កាប់ ឬ​ដាំ​ដុះ​ដី​នោះ​ជាក់ស្តែង​ឡើយ៖ «តែ​បើ​ លិខិត​កាន់​កាប់​ធ្វើ​ថ្មី​ថ្មោង​នៅ​ឆ្នាំ​២០១៥ នេះ សួរ​ថា​តើ​យើង​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ? សម្ដេច​នាយក​រដ្ឋមន្ត្រី គាត់​ប្រកាស​ហើយ​ប្រកាស​ទៀត​អត់​ឲ្យ​ចេញ​លិខិត​ទទួល​ស្គាល់​ត​ទៅ​ទៀត​ទេ។ អា​ហ្នឹង​ហើយ​វា​ខុស​ទៅ​នឹង​បទដ្ឋាន​គតិយុត្តិ។»

ទោះ​ជា​យ៉ាង​នេះ​ក្តី អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល អះអាង​ថា ប្រសិន​សហគមន៍​បដិសេធ​មិន​ទទួល​យក​ការ​សម្រប​សម្រួល​ទទួល​យក​ដី ១០​ហិកតារ​នោះ​ទេ អាជ្ញាធរ​ក្រុង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ជូន​អាជ្ញាធរ​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត៕



No comments:

Post a Comment